តុលាការ​មិន​ព្រម​ដោះលែង​ពលរដ្ឋ​មាន​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន​វៀតណាម​ឱ្យ​នៅ​ក្រៅ​ឃុំ​តាម​ការ​សន្យា

0
54
រូបភាព​ពលរដ្ឋ​រស់នៅ​ឃុំ​កោះខ្ញែរ ស្រុក​សំបូរ ខេត្ត​ក្រចេះ នាំគ្នា​ឡើង​មក​ឃ្លាំមើល លោក ភេន ឡៃ នៅមុខ​សាលាដំបូង​ខេត្តក្រចេះ ការ​ពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២៦​។ រូបភាព​ពលរដ្ឋ​ផ្ដល់​ឲ្យ
រូបភាព​ពលរដ្ឋ​រស់នៅ​ឃុំ​កោះខ្ញែរ ស្រុក​សំបូរ ខេត្ត​ក្រចេះ នាំគ្នា​ឡើង​មក​ឃ្លាំមើល លោក ភេន ឡៃ នៅមុខ​សាលាដំបូង​ខេត្តក្រចេះ ការ​ពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២៦​។ រូបភាព​ពលរដ្ឋ​ផ្ដល់​ឲ្យ

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ស្រុក​សំបូរ ខេត្តក្រចេះ​ថា សាលាឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ មិន​ព្រម​ដោះលែង​ឲ្យ​លោក ភេន ឡៃ រស់នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​តាម​ការសន្យា​នោះ​ឡើយ ។ ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ខេត្តក្រចេះ ចាត់ទុក​ការ​បន្ត​ឃុំខ្លួន លោក ភេន ឡៃ គឺជា​ការ​គំរាមកំហែង ទៅដល់​ពលរដ្ឋ​ដ៏​ទៃ ដែល​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម។

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ឃុំ​កោះ​ខ្ញែរ ស្រុក​សំបូរ ខេត្តក្រចេះ អះអាង​ថា សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ នៅក្នុង​សវនាការ​បណ្ដឹងសុំ​នៅ​ក្រៅ​ឃុំ​របស់ លោក ភេន ឡៃ កាលពី​ថ្ងៃទី​១៩ ខែមីនា បាន​សន្យា​ថា នឹង​ដោះលែង លោក ភេន ឡៃ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន នៅ​ថ្ងៃទី​២៥ ខែមីនា ប៉ុន្តែ​រហូតមកដល់​ថ្ងៃទី​២៦ ខែមីនា​នេះ សាលាឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ មិន​ព្រម​ដោះលែង​តាម​ការសន្យា​នោះ​ឡើយ។

តំណាង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី លោកស្រី អែល រ៉ូស្សា អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២៦ ខែមីនា​ថា ការ​បន្ត​ឃុំខ្លួន​បែបនេះ គឺជា​ការ​បំបាក់ស្មារតី និង​គំរាមកំហែង​ទៅលើ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ដ៏ទៃ​ទៀត កុំ​ឲ្យ​ចេញ​តវ៉ា ឬ​ទាមទារ​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម។

លោកស្រី អែល រ៉ូស្សា៖ «គិតថា​អាជ្ញាធរ​ពន្យារ​ពេល​ហើយ​មក​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​ថា ច្បាស់លាស់​អស់ហើយ ដល់ពេល​ពន្យារ​ពេល​អត់​ប្រាប់​ដែរ ខ្ញុំ​មិនដឹង​ដែរ​ដល់ពេល​អញ្ចឹង ខ្ញុំ​សោកស្ដាយ​ណាស់​ដែល​មន្ត្រី​សន្យា​ជាមួយ​ប្រជាពលរដ្ឋ ខ្ញុំ​ចូល​ទៅ​សាលាឧទ្ធរណ៍​ផ្ទាល់ បែរជា​គាត់​និយាយ​មក​អត់​ពិតប្រាកដ​ជាមួយ​ប្រជាពលរដ្ឋ»។

លោក ភេន ឡៃ ត្រូវ​បាន​មន្ត្រី​បរិស្ថាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៩ ខែ​មករា និង​ត្រូវ​បាន​តុលាការខេត្ត​ក្រចេះ​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ថ្ងៃ​បន្ទាប់​ដោយ​ចោទ​ពី​បទ​កាប់​រុករាន​ទន្ទ្រាន​ដី​ព្រៃ​ដោយ​ខុសច្បាប់ ក្រោយ​តំណាង​ពលរដ្ឋ​រូប​នេះ បាន​ដឹកនាំ​ពលរដ្ឋ​ក្នុង​សហគមន៍​តវ៉ា​រក​ដំណោះស្រាយ​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម។

អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា ប្រសិនបើ​ករណីនេះ ពាក់ព័ន្ធ​ជាមួយនឹង​បញ្ហា​ដីធ្លី ជាមួយ​ក្រុមហ៊ុន អាជ្ញាធរ​គួរតែ​ដោះលែង​តំណាង​ពលរដ្ឋ និង​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​មួយ​នេះ មិន​គួរ​ចាប់ចង និង​ធ្វើបាប​ពលរដ្ឋ​ខ្លួនឯង​បែបនេះ​ឡើយ។

លោក យិន ម៉េងលី៖ «បទល្មើស​ដែល​ចោទប្រកាន់​ទៅលើ​រូប​គាត់​មិនមែន​ជា​បទល្មើស​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ មិនមែន​ជា​បទល្មើស​ឧក្រិដ្ឋ​នោះ​ទេ គ្រាន់តែ​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​រឿង​ជម្លោះដីធ្លី ប្រសិនបើ​ថា​គាត់​រំលោភ​យក​ដី​របស់​រដ្ឋ ឲ្យ​គាត់​ប្រគល់​ដី​របស់​រដ្ឋ​ឲ្យ​ទៅ​រដ្ឋ​វិញ​ទៅ វា​ល្អ​ជាង ពីព្រោះ​បើ​យើង​នៅតែ​បន្ត​ឃុំខ្លួន​គាត់ ដោយសារតែ​ជម្លោះដីធ្លី​ក៏​វា​មិនល្អ​ដែរ»។

កាលពី​ឆ្នាំ​២០២៤ សាលាដំបូង​ខេត្តក្រចេះ បាន​កោះហៅ​លោក ភេន ឡៃ និង​តំណាង​ពលរដ្ឋ​ចំនួន ៥​នាក់​ផ្សេងទៀត​ឲ្យ​ចូល​បំភ្លឺ ពាក់ព័ន្ធ​នឹង​ការរំលោភ​កាន់កាប់​ទ្រព្យសម្បត្តិ​រដ្ឋ​ដោយ​ខុសច្បាប់ និង​បាន​ប្រើប្រាស់​អំពើ​ហិង្សា​ទៅលើ​អ្នកកាន់កាប់​អចលវត្ថុ​ដោយ​សុចរិត​។ ការប្រើប្រាស់​វិធានការ​ច្បាប់​នេះ​គឺ​ក្រោយពី​លោក​ដឹកនាំ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី ចេញ​តវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ ជួយ​រក​ដំណោះស្រាយ​ឲ្យ​បាន​សមរម្យ​ដល់​ពលរដ្ឋ និង​កាត់​ឆ្វៀល​ដីធ្លី ផ្ទះសម្បែង និង​ស្រែចម្ការ​របស់​ពលរដ្ឋ​ចេញពី​បរិវេណ ក្រុមហ៊ុន​វៀតណាម កាម៉ាដេនូ វេនឈ័រ និង​ក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង បន្ទាប់ពី​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​បំផ្លាញ​ផលដំណាំ ផ្ទះសម្បែង និង​ហ៊ុមព័ទ្ធ​យក​ដីស្រែ​ចម្ការ​របស់​ព​ល​រដ្ឋ​ជាង​៣០០​គ្រួសារ​។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​មិនបាន​ស្វែងរក​ដំណោះស្រាយ​ឲ្យ​ពលរដ្ឋ​នោះ​ឡើយ ក្រៅពី​ចាប់ចង​ពលរដ្ឋ​ខ្លួន​ដាក់​ពន្ធនាគារ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ