ជនបរទេស​ដែល​សម្រុក​ចេញ​ពី​អគារ​អនឡាញ​នាំគ្នា​ទៅ​ស្ថានទូត​ធ្វើ​ឯកសារ​ទៅ​ប្រទេស​កំណើត

0
50
ទិដ្ឋភាព​ជនជាតិ​ចិន​ឈរ​តម្រង់​ជួរ​នៅ​មុខ​ស្ថានទូត​របស់​ខ្លួន​នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី១៩ ខែ​មករា ឆ្នាំ​២០២៦។ រូប៖ ខេមបូចា
ទិដ្ឋភាព​ជនជាតិ​ចិន​ឈរ​តម្រង់​ជួរ​នៅ​មុខ​ស្ថានទូត​របស់​ខ្លួន​នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី១៩ ខែ​មករា ឆ្នាំ​២០២៦។ រូប៖ ខេមបូចា

ជនជាតិ​ឥណ្ឌូណេស៊ី (Indonesia) និង​ជនជាតិ​ចិន (Chinese) រាប់​សិប​នាក់​ដែល​បាន​រត់​ចេញពី​អគារ​ឆបោក​តាម​អនឡាញ​បាន​នាំគ្នា​សម្រុក​ទៅ​ស្ថានទូត​នៃ​ប្រទេស​របស់​ពួកគេ​ក្នុង​គោលបំណង​រៀបចំ​ឯកសារ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​។ អ្នកឃ្លាំមើល​យល់ថា ការ​ចាកចេញ​របស់​ជនបរទេស​ទាំងនេះ​ដោយសារតែ​ពួកគេ​ភ័យខ្លាច​នឹង​អំពើ​ឧក្រិដ្ឋកម្ម ប៉ុន្តែ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​កម្ពុជា​ជាពិសេស​លើ​វិស័យ​ទេសចរណ៍។

ស្ថានទូត​ឥណ្ឌូណេស៊ី និង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​កំពុង​ពន្លឿន​នីតិវិធី​បញ្ជូន​ពលរដ្ឋ​របស់​ខ្លួន​ដែល​រងគ្រោះ​ដោយ​អំពើ​ឆបោក​តាម​អន​ឡាញ​រាប់រយ​នាក់​ទៅ​ប្រទេស​កំណើត​វិញ។

ជនជាតិ​ឥណ្ឌូណេស៊ី និង​ចិន​រាប់​រយ​នាក់​បាន​នាំគ្នា​ឈរ​តម្រង់​ជួរ​ដៃ​កាន់​វ៉ាលី​នៅ​ខាងមុខ​ស្ថានទូត​ខ្លួន​កាល​ពី​ថ្ងៃទី​១៩ ខែ​មករា ដើម្បី​ធ្វើ​ឯកសារ​ទៅ​ប្រទេស​កំណើត​វិញ​បន្ទាប់ពី​ពួកគេ​នាំគ្នា​រត់គេច​ចេញពី​ការ​បង្ក្រាប​របស់​សមត្ថ​កិច្ច​នៅ​តាម​ទីតាំង​អគារ​ឆបោក​តាម​អនឡាញ។

ឯកអគ្គរដ្ឋទូត​ឥណ្ឌូណេស៊ី​ប្រចាំ​កម្ពុជា​លោក សាន់​តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឱ្យដឹង​តាមរយៈ​វីដេអូ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​របស់​លោក​ថា ចាប់តាំងពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៨ ខែមករា មាន​ជនជាតិ​ឥណ្ឌូណេស៊ី​ជាង ៤​រយ​នាក់ (៤៤០) បាន​មកដល់​ស្ថានទូត​ក្រោយ​ពី​បណ្ដាញ​ឧក្រិដ្ឋជន​បាន​ដោះលែង​ពួកគេ​ចេញពី​អគារ​ឆបោក​តាម​អន​ឡាញ​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​នៃ​ប្រទេស​កម្ពុជា​។ លោក​បញ្ជាក់​ថា ពលរដ្ឋ​ឥណ្ឌូណេស៊ី​ទាំងនោះ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​រាប់​ខែ​ឆ្នាំ ហើយ​អ្នក​ខ្លះទៀត​ត្រូវ​បាន​ថៅកែ​ចិន​ដកហូត​លិខិតឆ្លងដែន។

ក្រៅពី​ជនជាតិ​ឥណ្ឌូណេស៊ី​ក៏​មាន​ជនជាតិ​ចិន​រាប់​រយ​នាក់​នាំគ្នា​សម្រុក​ទៅ​ស្ថានទូត​របស់​ខ្លួន ក្នុង​គោលបំណង​រៀបចំ​ឯកសារ​ទៅ​ប្រទេស​ចិន​វិញ​ដែរ​។ ស្ថានទូត​ចិន​បាន​ប្រកាស​អំពី​ការ​សម្របសម្រួល​នីតិវិធី និង​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​បង្ក្រាប​ឆបោក​តាម​អនឡាញ​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ធានា​សុវត្ថិភាព​ជនជាតិ​ចិន​ដែល​រស់​នៅ​លើ​ទឹកដី​កម្ពុជា។

កន្លងទៅ​សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន និង​ជួយសង្គ្រោះ​បរទេស​ចម្រុះ​ជាតិ​សាសន៍​ផ្សេងទៀត​ចេញពី​អគារ​ឆបោក​តាម​អនឡាញ​ដែរ​ក្នុង​នោះ​ដូចជា ជនជាតិ​វៀតណាម (Vietnam) ឥណ្ឌា (India) បង់ក្លាដេស (Bangladesh) ថៃ (Thailand) កូរ៉េ (Korea) ជប៉ុន (Japan) ម៉ាឡេស៊ី (Malaysia) ហ្វីលីពីន (Philippines) ឡាវ (Laos) នីហ្សេរីយ៉ា (Nigeria) និង​មីយ៉ាន់ម៉ា (Myanmar) ជាដើម។

ការ​ចលាចល​នៃ​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​នាំគ្នា​សម្រុក​ចេញពី​អគារ​នៅ​តាម​តំបន់​ផ្សេងៗ​ជា​បន្តបន្ទាប់ កើតឡើង​ក្រោយពេល​ឧក្រិដ្ឋជន ចេន ហ្ស៊ី និង​មេខ្លោង​នៃ​អំពើ​ឆបោក​តាម​អនឡាញ​គឺ​អតីត​អ្នកឧកញ៉ា លី គួង ត្រូវ​បាន​ចាប់ខ្លួន និង​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​អំពើ​លាងលុយកខ្វក់។

ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) អ្នកស្រី មូរ សុខហួរ លើកឡើង​ថា ជនបរទេស​ដែល​នាំគ្នា​សម្រុក​ទៅ​ស្ថានទូត​របស់​ខ្លួន​នោះ​ដោយសារតែ​ពួកគេ​ភ័យខ្លាច​នឹង​អំពើ​ឧក្រិដ្ឋកម្ម និង​គ្មាន​ជំនឿ​ទទួល​បាន​ការ​ការពារ​សុវត្ថិភាព​ពី​សំណាក់​រដ្ឋាភិបាល​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន​។ អ្នកស្រី​ថា រូបភាព​នៃ​ជនបរទេស​ទាំងនេះ​ក៏​ឆ្លុះបញ្ចាំង​ពី​សង្គម​កម្ពុជា​គ្មាន​សុវត្ថិភាព និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច ជាពិសេស​វិស័យ​ទេសចរណ៍​កម្ពុជា​ធ្ងន់ធ្ងរ។

អ្នកស្រី មូរ សុខហួរ៖ «ប្រទេស​កម្ពុជា គឺជា​ប្រទេស​ដែល​អត់​មានច្បាប់​ជនបរទេស​ដែល​ជា​ជនរងគ្រោះ​ដោយសារ scam online (​ឆបោក​តាម​អនឡាញ​) នេះ​អាច​រំពឹង​បាន ហ្នឹង​ទី​១! ទី​២scam online (​ឆបោក​តាម​អនឡាញ​) នេះ​មិនមែន​ជា​អ្វី​ដែល​កើត​ដោយ​ឯងៗ​ទេ នេះ​គឺជា​ការរៀបចំ​មួយ​ដែល​មាន​ការ​ការពារ​គឺ​រដ្ឋាភិបាល​ខ្លួនឯង ពីព្រោះ​scam online (​ឆបោក​តាម​អនឡាញ​) ដែល​កើតឡើង​រហូតដល់​ទំហំ​ប៉ុន​នេះ​មិនអាច​ថា ក្រសួងមហាផ្ទៃ ក្រសួង​ពាក់ព័ន្ធ រហូត​ទៅ​នាយករដ្ឋមន្ត្រី​មិនដឹង​ទេ ព្រោះ​អ្នកដឹកនាំ​គឺពាក់ព័ន្ធ​បាន​ផលប្រយោជន៍​ពី scam online (​ឆបោក​តាម​អនឡាញ​) ដល់​ចុងក្រោយ​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ធំដុំ​ណាស់​ដល់​ប្រទេសជាតិ​យើង»។

ទូរទស្សន៍​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​រង​នៃ​ក្រសួងមហាផ្ទៃ​លោក ទូច សុឃៈ ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃទី​២០ ខែ​មករា។

អ្នកស្រី មូរ សុខហួរ លើកឡើង​ថា សេដ្ឋកិច្ច និង​កេរ្តិ៍ឈ្មោះ​កម្ពុជា​កំពុង​ខ្ទេចខ្ទាំ និង​រង​ភាព​អាម៉ាស់​នៅ​លើ​ឆាក​អន្តរជាតិ​ដោយសារតែ​អំពើ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ដែល​ជា​ដើមចម​សំខាន់​គឺ​កើត​ចេញ​ពី​ការដឹកនាំ​បែប​ផ្ដាច់ការ​គ្រួសារ​បក្ខពួក​និយម​របស់​គ្រួសារ​ត្រកូល ហ៊ុន ដែល​បាន​សម្លាប់​ប្រជាធិបតេយ្យ បំបិទ​សំឡេង​អ្នក​រិះគន់ និង​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ​។ អ្នកស្រី​ថា នៅពេល​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន បំបិទ​សំឡេង​ស្ថាប័ន​ឯករាជ្យ ពួកគេ​ក៏​មាន​ឱកាស​បង្កើត​ទំនាក់ទំនង​ជាមួយ​ឧក្រិដ្ឋជន​ឱ្យ​រកស៊ី​អំពើ​ខ្មៅ​ងងឹត ដើម្បី​ចិញ្ចឹម​អំណាច​របស់​ខ្លួន ប៉ុន្តែ​អ្នក​ដែល​រងគ្រោះ​គឺជា​ពលរដ្ឋ​ខ្មែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ