
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងជាឪពុកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រងការរិះគន់ជាថ្មីទៀត ថាជាមេដឹកនាំដែលរវល់តែនឹងបណ្ដាញសង្គម និង រឿងអត់ចំណេញដល់ជាតិ បើទោះជាប្រទេសជាតិកំពុងតែញាំញីដោយអំពើឈ្លានពានទឹកដី ពីយោធាថៃក្ដី។ ការរិះគន់នេះ ធ្វើឡើងក្រោយពី លោក ហ៊ុន សែន បានបង្ហោះសារ និងរូបភាព រៀបរាប់អំពីរឿងរ៉ាវស្នេហាឯកជនរបស់ស្ត្រីម្នាក់ ដែលមានប្ដី២ ហើយ លោកបានស្ដីបន្ទោសថា កំពុងតែបំផ្លាញប្រពៃណីស្ត្រីខ្មែរ។
អ្នកឃ្លាំមើល និងពលរដ្ឋលើកឡើងថា វាពុំមែនជារឿងថ្មីនោះទេ ដែលប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន តែងតែ ឈឺឆ្អាល រឿងឯកជន ជាពិសេសពាក់ព័ន្ធ រឿងរ៉ាវលើគ្រែ និង ផ្លូវភេទរបស់អ្នកដទៃ។ ពួកគាត់ថាបើទោះបីជា ករណីនេះ លោក ហ៊ុន សែន ដឹងច្បាស់ថា គ្មានផលចំណេញ ដល់ប្រទេសជាតិក្ដី ក៏លោកនៅតែបន្តធ្វើ ព្រោះនេះ ជារបៀបធ្វើនយោបាយរបស់បក្សកាន់អំណាច ដើម្បីបង្វែរការចាប់អារម្មណ៍របស់មហាជនមកលើភាពកម្សោយរបស់រដ្ឋាភិបាលត្រកូល«ហ៊ុន» ដែលអសមត្ថភាពក្នុងការការពារដែនអធិបតេយ្យជាតិ បញ្ហាពលរដ្ឋគ្មានការងារធ្វើ និងវិបត្តិប្រេងឥន្ធនៈឡើងថ្លៃជាដើម។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២៤ ខែមីនាថា ការដែលពលរដ្ឋយកប្ដីប្រពន្ធ ២ ឬ៣ ពុំមែនជាទោសកំហុស ដែលលោក ហ៊ុន សែន ត្រូវយកមកវែកញែក នៅលើបណ្ដាញសង្គមនោះទេ។ ប៉ុន្តែ លោកថា ធាតុពិតនៃសាររបស់លោក ហ៊ុន សែន គឺគ្រាន់ចង់ឱ្យមហាជនចាប់អារម្មណ៍ ដើម្បីបង្វែរស្ថានការណ៍ក្នុងស្រុក ជាពិសេសបញ្ហា លោក ហ៊ុន ម៉ាណែត អសមត្ថភាព មិនអាចទាមទារទឹកដីដែលបាត់បង់ពីថៃមកវិញ បញ្ហាជនភៀសសឹក គ្មានទីជម្រកច្បាស់លាស់ និងវិបត្តិពលរដ្ឋអត់ការងារធ្វើជាដើម។
លោក ម៉ែន ណាត៖ «គំនិតហ៊ុន សែន គាត់ចូលចិត្តធ្វើតែអ៊ីចឹងតាំងពីដើមមក។ មនុស្សគាត់មិនមែនជាមនុស្សដែលមានការយល់ដឹងស៊ីជម្រៅទៅលើការដឹកនាំប្រទេសឱ្យរីកចម្រើនរុងរឿងម៉េចទេ។ ចេះតែគ្រប់គ្រងគេតាមរយៈអំពើហិង្សា និងធ្វើទុក្ខបុកម្នេញដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកប្រជាធិបតេយ្យ។ សូម្បីតែស្រុកកើតសង្គ្រាមអ៊ីចឹងហើយ ក៏លោកហ៊ុន សែន បញ្ជាឱ្យមនុស្សចាប់អ្នករិះគន់ព្រំដែនមួយចំនួនដាក់គុក»។
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន នៅថ្ងៃទី២៤ ខែមីនា បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកនិយាយពីជីវិតស្នេហាឯកជនរបស់ស្ត្រីម្នាក់ដែលអះអាងថា មានប្ដីពីរក្នុងពេលតែមួយ។ លោកថែមទាំងសរសេរឌឺដងថាក្រៅតែពី រស់នៅជាមួយគ្នា ជិះរថយន្តជាមួយគ្នា ហូបបាយជាមួយគ្នា និងធ្វើការជាមួយគ្នា តើពួកគេអាចមានជីវិតលើគ្រែរួមគ្នាឬក៏អត់។
លោកក៏បានបង្ហាញមាត្រា៤៥ នៃច្បាប់ស្ដីពីអាពាហ៍ពិពាហ៍ដែលចែងថា «អាពាហ៍ពិពាហ៍ត្រូវធ្វើតាមលក្ខខណ្ឌដែលមានចែងនៅក្នុងច្បាប់ និងតាមគោលការណ៍ស្ម័គ្រចិត្តប្ដីមួយប្រពន្ធមួយ»។
ទោះយ៉ាងណា លោក ហ៊ុន សែន ចោទជាសំណួរថា តើស្ត្រីម្នាក់នេះយកប្ដី២នាក់ពិតប្រាកដ ឬគ្រាន់តែ ជាការសម្ដែងដើម្បីទាក់ទាញអ្នកមើល។ លោកបន្តថា ប្រសិនបើស្ត្រីម្នាក់នេះ យកប្ដី២នាក់មែន ការរស់នៅជាមួយគ្នា គឺនឹងចែកវេនគ្នារួមភេទ។ លោកថា នេះជា ជាស្ត្រីដ៏មហិមា និងជាស្ត្រីដែលបំផ្លាញប្រពៃណីស្ត្រីខ្មែរខ្លាំងបំផុត ក្នុងសម័យទំនើបក្រោយ របប ប៉ុល ពត។
ក្រោយពីមានការបង្ហោះសារទាំងនេះរួច ឃើញមានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបានចូលទៅបញ្ចេញមតិលើហ្វេសប៊ុក របស់លោក ដោយអ្នកខ្លះ គាំទ្រចំពោះសាររបស់លោក ហ៊ុន សែន ជារបៀបលើកជើង និងសរសើរថា ជារឿងដែលត្រឹមត្រូវ។ ចំណែកអ្នកខ្លះទៀតថា ក្នុងនាមជាអ្នកដឹកនាំម្នាក់ មិនគួរយករឿងបែបនេះមកវែកញែកនោះឡើយ ព្រោះគ្មានផលចំណេញដល់ប្រទេសជាតិនោះទេ។
គណនីហ្វេសប៊ុកម្នាក់ឈ្មោះហាវ វ៉ែ (Hau Weii) បានសរសេរបែបស្រទន់ថាសូមគោរពដល់សម្ដេចជាទីគោរព ខ្ញុំគ្រាន់តែយល់ឃើញ ការពិតរឿងនេះជា រឿងផ្ទះគេ មិនសមយកមកវែកញែកទាល់តែសោះ។ ចំណែក គណនីហ្វេសប៊ុកម្នាក់ទៀត ឈ្មោះ ទេព ភក្រ បានរៀបរាប់ថា រឿងនេះមិនឃើញល្បី ដូចរឿងកូនអភិបាលស្រុកកងមាសម្នាក់ បានបើកឡានបុកក្មេងបណ្ដាលឱ្យស្លាប់ ហើយស្រែកថា បង់លុយឱ្យ២ម៉ឺនដុល្លារ នោះ ទើបជារឿងល្បីពេញប្រទេស។ លោកស្នើថា «សូមសម្ដេចបិតាសន្តិភាពជួយមើលនឹងយកមកផុសផង ព្រោះសម្ដេចមានឥទ្ធិពលណាស់»។
ជុំវិញរឿងនេះដែរ ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន យល់ឃើញថា លោក ហ៊ុន សែន គួរតែចំណាយពេលគិតរកវិធីទាមទារទឹកដី ដែលថៃបានរំលោភយកមកវិញ ហើយត្រូវរកដំណោះស្រាយ ជូនពលរដ្ឋ ដែលកំពុងតែប្រឈមបញ្ហាសេដ្ឋកិច្ច គ្មានចំណូលផ្គត់ផ្គង់គ្រួសារ និងបញ្ហាប្រេងឥន្ធនៈឡើងថ្លៃ នោះទើបជារឿងប្រសើរ ជាជាងខ្វល់រឿងឯកជនរបស់អ្នកដទៃ។
លោក រ៉ុង ឈុន៖ «ចំពោះខ្ញុំ គួរតែយើងយកចិត្តទុកដាក់សុខទុក្ខរបស់ប្រជាពលរដ្ឋជាពិសេស ដែលយកចិត្តទុកដាក់បំផុតនោះ បញ្ហាសៀមឈ្លានពាន។ ទី២ដែលយើងត្រូវយកចិត្តទុកដាក់គឺតម្លៃប្រេងឥន្ធនៈមានការហក់ឡើងខ្ពស់នៅកម្ពុជាយើង។នេះជាកង្វល់ដែលប្រជាពលរដ្ឋខ្វាយខ្វល់ ហើយគាត់ចង់បានដំណោះស្រាយជុំវិញប្រេងឥន្ធនៈឱ្យមានការចុះទាប»។
បើទោះជាលោក ហ៊ុន សែន ចូលចិត្តឆ្កឹះឆ្កៀលរឿងស្នេហាឯកជនរបស់អ្នកដទៃក្តី រូបលោកផ្ទាល់ និងកូនប្រុសពៅរបស់លោក គឺលោក ហ៊ុន ម៉ានី កន្លងមក ក៏ធ្លាប់ទទួលរងនូវការសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងស្នេហាលួចលាក់ និងបានប្រព្រឹត្តអំពើហិង្សាផ្លូវភេទថែមទៀតផង។
គេនៅចាំបានថា កាលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៩៩ នាដការីរបាំព្រះរាជទ្រព្យ ដ៏ល្បីល្បាញមួយរូបគឺ អ្នកស្រី ពិសិដ្ឋ ពិលីកា បានស្លាប់ បន្ទាប់ពីឃាតករបានបាញ់នៅគ្រាដែលអ្នកស្រី កំពុងចូលហាងលក់កង់មួយនៅក្បែរផ្សារអូរឫស្សី ក្រុងភ្នំពេញ។ បីខែក្រោយមកទស្សនាវដ្ដីបារាំងមួយ ឈ្មោះអេចប្រេស (L’Express) បានចុះផ្សាយ ដោយផ្អែកលើភស្តុតាងមួយចំនួនថា គឺភរិយារបស់លោក ហ៊ុន សែន គឺលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន តែម្ដងជាអ្នកនៅពីក្រោយការបញ្ជាឱ្យបាញ់សម្លាប់ អ្នកស្រី ពិសិដ្ឋ ពិលីកា ដោយសារភ្លើងប្រច័ណ្ឌស្នេហាត្រីកោណ ជាមួយនឹង លោក ហ៊ុន សែន។
រីឯលោក ហ៊ុន ម៉ានី វិញ កាលពីថ្ងៃទី១៤ ខែកុម្ភៈ២០១៨ ជនអនាមិក ឬហៅថា ហែគឃើរ (Hacker) បានលួចចូលគ្រប់គ្រងគណនីហ្វេសប៊ុក របស់លោក ហ៊ុន ម៉ានី ហើយបានបង្ហាញជាសាធារណៈតាមបណ្ដាញសង្គមហ្វេសប៊ុក នូវរឿងអាស្រូវស្នេហាហិង្សាផ្លូវភេទរបស់លោក ហ៊ុន ម៉ានី ដែលធ្វើឲ្យនារីមួយចំនួនរងគ្រោះរហូតដល់ចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។
ក្នុងហេតុការណ៍នោះ លោក ហ៊ុន ម៉ានី បានឲ្យលុយតារាស្រីម្នាក់ឈ្មោះ ដួង ហ្សូរីដា ចំនួន ៤ពាន់ដុល្លារដើម្បីព្យាបាលជំងឺឈឺក និងដើម្បីឲ្យតារាស្រីរូបនេះធ្វើជាឈ្មួញកណ្ដាលក្នុងការរកតារាស្រីៗ ដែលនៅក្រមុំព្រហ្មចារី ឱ្យមកកំដរលោក ហ៊ុន ម៉ានី។ ក្នុងនោះ មានកញ្ញាម្នាក់ឈ្មោះ អាយីង (Ying MY)។ កញ្ញា អាយីង បានព្យាយាមសម្លាប់ខ្លួនដោយសារតែលោក ហ៊ុន ម៉ានី ឈប់ស្រលាញ់ និងមិនព្រមទទួលស្គាល់កូនក្នុងផ្ទៃរបស់នាង។ នាងបាននិយាយនៅក្នុងសារឆ្លើយឆ្លងជាមួយលោក ហ៊ុន ម៉ានី ថា បើនាងស្លាប់ទៅ នោះនាងនឹងតាមចងកម្មចងពៀរចិត្តតិរច្ឆានរបស់ លោក ហ៊ុន ម៉ានី អស់មួយជីវិត។
ក្រោយមក បើទោះបីជារឿងនេះត្រូវបានគេយកមកចែកចាយ ព្រោងព្រាតលើបណ្ដាញសង្គមក្ដី លោក ហ៊ុន សែន មិនដែលលើកមកនិយាយជាសាធារណៈនោះឡើយ។ ចំណែករឿងរបស់ស្ត្រីម្នាក់ដែលស្នេហារបស់គាត់មិនបានបង្កឱ្យមានការរំលោភសិទ្ធិមនុស្ស ឬបញ្ហាដល់សង្គមជាតិធ្ងន់ធ្ងរផងនោះ លោក ហ៊ុន សែន បែរជាយកទៅបង្ហោះឱ្យកក្រើកពេញបណ្ដាញសង្គមទៅវិញ។ អ្នកឃ្លាំមើលរិះគន់ថា ថ្វីត្បិតថាសាររបស់ លោក ហ៊ុន សែន បង្ហោះឱ្យសាធារណជនចាប់អារម្មណ៍ដើម្បីបង្វែរស្ថានការណ៍នយោបាយក្នុងប្រទេសក្ដី ក៏សាររបស់លោកអាចទៅបំបែកបំបាក់គ្រួសាររបស់គេឱ្យលែងលះគ្នាក៏អាចថាបានដោយសារតែឥទ្ធិពលអំណាចរបស់លោក៕










