អាជ្ញាធរ​មូលដ្ឋាន​និង​តំណាង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ខេត្តក្រចេះ ចូល​ឆ្លើយ​បំភ្លឺ​តាម​ការ​កោះហៅ​របស់​តុលាការ

0
45
ទិដ្ឋភាពអាជ្ញាធរមូលដ្ឋាន និងតំណាងពលរដ្ឋរងគ្រោះដីធ្លី នៅខេត្តក្រចេះ ចូលឆ្លើយបំភ្លឺតាមការកោះហៅរបស់តុលាការខេត្ត​ក្រចេះ កាលពីចុងខែ​មករា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ទិដ្ឋភាពអាជ្ញាធរមូលដ្ឋាន និងតំណាងពលរដ្ឋរងគ្រោះដីធ្លី នៅខេត្តក្រចេះ ចូលឆ្លើយបំភ្លឺតាមការកោះហៅរបស់តុលាការខេត្ត​ក្រចេះ កាលពីចុងខែ​មករា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

អាជ្ញាធរ​មូលដ្ឋាន និង​តំណាង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី នៅ​ស្រុក​សំបូរ ខេត្តក្រចេះ នាំគ្នា​ចូល​ឆ្លើយ​បំភ្លឺ​តាម​ការ​កោះហៅ​របស់​តុលាការ ក្រោយ​អាជ្ញាធរ​បាន​ចាប់​តំណាង​របស់​ពួកគាត់​ម្នាក់​ដាក់​ពន្ធនាគារ ដោយ​ចោទ​ពី​បទ​កាប់​រុករាន​ទន្ទ្រាន​ដី​ព្រៃ​ខុសច្បាប់​។ ពលរដ្ឋ​រងគ្រោះ​អះអាង​ថា ពួកគាត់​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ប្រមុខ​រដ្ឋាភិបាល​នឹង​នាំគ្នា​ឡើង​ទៅ​រាជធានី​ភ្នំពេញ​ម្ដងទៀត។

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ខេត្តក្រចេះ អះអាង​ថា តំណាង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ចំនួន​៥​នាក់ និង​អាជ្ញាធរ​ឃុំ បាន​ចូល​ឆ្លើយ​បំភ្លឺ​តាម​ការ​កោះហៅ​របស់​តុលាការខេត្ត​ក្រចេះ​រួចហើយ កាលពី​ថ្ងៃទី​២៩ ខែ​មករា ដែល​ក្រុមហ៊ុន​បាន​ប្ដឹង​តំណាង​ពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​រំលោភ​កាន់កាប់​ទ្រព្យសម្បត្តិ​រដ្ឋ​ដោយ​ខុសច្បាប់ និង​បាន​ប្រើប្រាស់​អំពើ​ហិង្សា​ទៅលើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត។ តំណាង​ពលរដ្ឋ​ចំនួន​៥​នាក់​នោះ រួមមាន លោក អ៊ុន សុខុំ លោក ប្រុក ភារម្យ លោក ឌុច សាគី លោក ស៊ឹង ករុណា លោកស្រី អែល រ៉ូស្សា និង​អាជ្ញាធរ​ឃុំ​កោះ​ខ្ញែរ ស្រុក​សំបូរ ខេត្តក្រចេះ។

តំណាង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី លោកស្រី អែល រ៉ូស្សា អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​៣០ ខែ​មករា​ថា តុលាការ​បាន​សួរដេញដោល​ភាគី​ទាំងពីរ​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី ហើយ​ចៅក្រម​ហាក់​បាន​ព្យាយាម​ដាក់បន្ទុក​ទៅលើ​តំណាង​ពលរដ្ឋ​ទាំង​៥​រូប ដោយ​ចោទ​ថា ពលរដ្ឋ​បាន​រំលោភ​កាន់កាប់​ទ្រព្យសម្បត្តិ​រដ្ឋ​។ លោកស្រី​បន្ថែម​ថា អាជ្ញាធរ​ឃុំ​ក៏បាន​បញ្ជាក់​ប្រាប់​ចៅក្រម​ថា តំណាង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ទាំង​៥​នាក់ និង​លោក ភេ​ន ឡៃ មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នេះ​ឡើយ ដោយ​ពួកគាត់​អាស្រ័យ​ផល​នៅ​លើ​ដី​យូរណាស់​មក​ហើយ។

លោកស្រី អែល រ៉ូស្សា៖ «​គេ​ចោទប្រកាន់​យើង​ខ្លាំង​ខ្លា​ដែរ ប៉ុន្តែ​ខ្ញុំ​គិតថា ប្រជាពលរដ្ឋ​ជា​របស់​រដ្ឋ បើ​ប្រជាពលរដ្ឋ​រស់នៅ​លើ​ដី​របស់​រដ្ឋ​អត់​បាន សួរ​ថា ពួក​ខ្ញុំ​ប្រជាពលរដ្ឋ​បែប​ម៉េច ចំណែក​ប្រជាពលរដ្ឋ​ដូច​ខ្ញុំ​នេះ ហេតុអ្វី​បានជា​រស់នៅ​លើ​ដី​រដ្ឋ​អត់​បាន វា​មូល​ហេតុអ្វី»។

លោកស្រី អែល រ៉ូស្សា អះអាង​ទៀត​ថា ពលរដ្ឋ​ហាក់​គ្មាន​ជំនឿ​ថា តុលាការ​ខេត្តក្រចេះ នឹង​សម្រេច​ឲ្យ​ពលរដ្ឋ​ឈ្នះក្ដី​លើក​នេះ​នោះ​ទេ ពីព្រោះ​ភាគី​ក្រុមហ៊ុន​បាន​បង្ហើប​ថា ពួកគេ​នឹង​រក​ល្បិច​ដើម្បី​ធ្វើ​យ៉ាងណា ដណ្ដើមយក​ដីស្រែ​ចម្ការ​ទាំង​នោះ​មក​គ្រប់គ្រង​។ ប៉ុន្តែ​លោកស្រី​ថា ពលរដ្ឋ​នឹង​នាំគ្នា​ឡើង​ទៅ​រាជធានី​ភ្នំពេញ​ម្ដងទៀត ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ប្រមុខ​រដ្ឋាភិបាល។

ជុំវិញ​រឿង​នេះ ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង អ្នកនាំពាក្យ​សាលាដំបូង​ខេត្តក្រចេះ លោក ទីវ វុធធេន ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃទី​៣០ ខែ​​​​មករា។ ចំណែក​តំណាង​ក្រុមហ៊ុន​ទាំងពីរ​ក៏​ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

នៅមុន​ពេល​កោះហៅ​តំណាង​ពលរដ្ឋ​ទាំង​៥​រូប​នេះ តុលាការ​ខេត្តក្រចេះ ក៏បាន​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន តំណាង​ពលរដ្ឋ​ម្នាក់ គឺ​លោក ភេន ឡៃ កាលពី​ថ្ងៃទី១១ ខែមករា​កន្លងទៅ ក្រោយ​មន្ត្រី​បរិស្ថាន​ចាប់ខ្លួន និង​ចោទប្រកាន់ ពី​បទ​កាប់​រុករាន​ទន្ទ្រាន​ដី​ព្រៃ​ដោយ​ខុសច្បាប់​។ ប៉ុន្តែ​ពលរដ្ឋ​ចាត់ទុក​ការ​ឃុំខ្លួន​នេះ ជា​ការ​គំរាមកំហែង និង​ចង់​ច្បាម​យក​ដីស្រែ​ចម្ការ​របស់​ពួកគាត់ ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក យិន ម៉េងលី យល់​ឃើញ​ថា អាជ្ញាធរ​គួរតែ​ស្វែងរក​ដំណោះស្រាយ ដោយ​កាត់​ឆ្វៀល​ដីធ្លី​ទាំងនោះ​ឲ្យ​ពលរដ្ឋ​បាន​អាស្រ័យ​ផល​វិញ មិន​គួរ​អូស​បន្លាយ​យកឈ្នះ​ចាញ់​ទៅលើ​ពលរដ្ឋ​របស់​ខ្លួន​នោះ​ទេ។ លោក​បន្ថែម​ថា នៅ​ពេល​ដែល​ពលរដ្ឋ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ថ្នាក់​ជាតិ មានន័យថា ពលរដ្ឋ​គ្មាន​ជំនឿន​ទៅលើ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ទៀត​នោះ​ទេ ក្នុង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការ​ស្វែងរក​ដំណោះស្រាយ​មាន​តម្លាភាព និង​យុត្តិធម៌​ដល់​ពួកគាត់។

លោក យិន ម៉េងលី៖ «ក្រសួង​ពាក់ព័ន្ធ​ធ្វើការ​កាត់​ឆ្វៀល​ឲ្យ​ពួកគាត់ ចុះ​ពិនិត្យ​ជាក់ស្ដែង​ថា​តើ​ពួកគាត់​មាន​ដំណាំ​អ្វីខ្លះ កាត់​ឆ្វៀល​ឲ្យ​ពួកគាត់​ទៅ ដើម្បី​បញ្ចប់​បញ្ហា ហើយ​យើង​ធ្វើការ​បោះបង្គោល​ព្រំដែន​ទៅ ហើយ​រឿង​នេះ​វា​ចប់​ហើយ ហើយ​វា​ក៏​ជា​មុខមាត់​របស់​ក្រសួង និង​រដ្ឋាភិបាល​ដែរ ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី ដែល​មាន​ពលរដ្ឋ​ស្រែកយំ​របស់​ពលរដ្ឋ ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​នេះ»។

ក្រុមហ៊ុន​វៀតណាម កាម៉ាដេនូ វេនឈ័រ និង​ក្រុមហ៊ុន អិន ខេ អេហ្គ្រី (NK Agri) ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល ជិត​១​ម៉ឺន​៧​ពាន់ (១៦,៥២៧)​ហិកតារ កាលពី​ឆ្នាំ​២០០៩ ដើម្បី​ដាំ​ដំណាំ​អំពៅ ប៉ុន្តែ​បាន​ក្ស័យ​ធន់​នៅ​ឆ្នាំ​២០១៧។ ប៉ុន្តែ​នៅ​ឆ្នាំ​២០២១​ក្រុមហ៊ុន​វៀតណាម កាម៉ាដេនូ វេនឈ័រ (ខេមបូឌា) (Kamdhenu Ventures Cambodia Limited (KVCL) ) និង​ក្រុមហ៊ុន​កសិកម្ម យុវជន ស្វាយរៀង បាន​សហការ​គ្នា​ដំណើរការ​វិនិយោគ​ឡើងវិញ ដើម្បី​ផលិត​ស្ករអំពៅ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​និង​វៀតណាម ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល​ជាង​៧​ពាន់ (៧.៤៥០) ហិកតារ ។ ខណៈ​ក្រុមហ៊ុន​ទាំងពីរ​នេះ បាន​ឈូស​ឆាយ​បំផ្លាញ​ផលដំណាំ ដុត​ផ្ទះសម្បែង និង​ហ៊ុមព័ទ្ធ​យក​ដីស្រែ​ចម្ការ​របស់​ព​ល​រដ្ឋ​នៅ​ឃុំ​កោះ​ខ្ញែរ ស្រុក​សំបូរ ខេត្តក្រចេះ ជាង​៣០០​គ្រួសារ​ថែមទៀត​ផង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ