
សង្គមស៊ីវិល និងពលរដ្ឋស្នើឱ្យរដ្ឋាភិបាលគួរតែផ្ដល់ប័ណ្ណក្រីក្រ ជូនដល់ជនភៀសសឹក ខណៈដែល ពួកគាត់កំពុងតែប្រឈមជីវភាពខ្វះខាត បាត់បង់ផ្ទះសម្បែង និងគ្មានចំណូល សម្រាប់ផ្គត់ផ្គង់គ្រួសារ ដែលតម្រូវឱ្យមានប្រាក់ឧបត្ថម្ភខ្លះ ពីរដ្ឋតាមរយៈគោលនយោបាយប័ណ្ណសមធម៌។ ពួកគាត់ថា ការផ្ដល់នូវប័ណ្ណសមធម៌ អាចកាត់បន្ថយ លើការចំណាយថ្លៃព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យរដ្ឋ និងអាចបានប្រាក់ឧបត្ថម្ភ ប្រចាំខែ គ្រាន់ទុកចំណាយលើការហូបចុកប្រចាំថ្ងៃ របស់ជនភៀសសឹក។
បើទោះជាប្រទេសជាតិកំពុងរងការ ញាំញី ព្រោះទង្វើឈ្លានពាន និងបំផ្លិចបំផ្លាញផ្ទះសម្បែងអ្នកភូមិខ្មែរអស់រាប់ពាន់ខ្នង ពីសំណាក់យោធាថៃក្ដី រដ្ឋាភិបាលកម្ពុជា នៅមិនទាន់ចេញសាច់ប្រាក់ឧបត្ថម្ភ ដល់ជនភៀសសឹក ឱ្យបានសមរម្យនៅឡើយ ខណៈ ពួកគាត់ប្រឹងត្រដរ រស់នៅទាំងវេទនានៅតាមជំរំ ដោយពឹងអាស្រ័យតែទៅលើ អំណោយបន្តិចបន្តូចពី សប្បុរសជន។ ជនភៀសសឹកថា មកទល់ពេលនេះរដ្ឋាភិបាល ធ្លាប់ផ្ដល់ថវិកាដល់ជនភៀសសឹកបានតែម្ដងគត់ គឺក្នុង១គ្រួសារ បាន ៣ម៉ឺនរៀល។
មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់» បានលើកឡើង ពីក្ដីព្រួយបារម្ភ ជុំវិញស្ថានភាពជនភៀសសឹក នៅក្នុងសប្ដាហ៍នេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ជនភៀសសឹកខ្លះ ព្រួយបារម្ភជាខ្លាំង ចំពោះស្ថានភាពរស់នៅ និងជីវភាពគ្រួសារដោយសារតែបាត់បង់ផ្ទះសម្បែង ដីស្រែចម្ការ ធ្វើកសិកម្ម បាត់បង់ការងារ មុខរបរចិញ្ចឹមជីវិតទាំងស្រុង ហើយត្រូវស្នាក់នៅក្នុងជំរំភៀសសឹក ដោយពឹងផ្អែកទាំងស្រុងតែលើជំនួយសប្បុរសនានា។
ទន្ទឹមគ្នានោះ ជនភៀសសឹកកំពុងប្រឈមបញ្ហាខ្វះស្បៀង និងបារម្ភថ្ងៃអនាគត មិនមានដីស្រែចម្ការ សម្រាប់ដាំដុះបង្កបង្កើនផល ព្រមទាំងគ្មាន ទីជម្រកសមរម្យ សម្រាប់សមាជិកគ្រួសារ ព្រោះការរស់នៅក្រោមតង់កៅស៊ូ ក្នុងជំរំប្រឈមបញ្ហាសុខភាពគ្រប់ពេលវេលា ខណៈអាកាសធាតុឡើងក្ដៅខ្លាំង នៅរដូវប្រាំង ហើយ ២ ទៅ៣ខែខាងមុខទៀតនឹង ដល់រដូវភ្លៀង ដែលធ្វើឱ្យពួកគាត់ កាន់តែលំបាក។ ជាក្ដីបារម្ភទៀតនោះនៅពេល មានឈឺថ្កាត់ ម្ដងៗ ពួកគាត់ត្រូវទៅព្យាបាល នៅមន្ទីរពេទ្យ ហើយ ត្រូវចេញថ្លៃ ព្យាបាលដោយខ្លួនឯង ថ្វីត្បិតថា នៅតាមជំរំមានការិយាល័យពេទ្យស្ម័គ្រចិត្ត ចាំព្យាបាលឥតគិតថ្លៃក្ដី ការព្យាបាលនោះ បានត្រឹមតែប្រភេទជំងឺ ផ្ដាសាយ ឬ ការសង្គ្រោះបឋមប៉ុណ្ណោះ។
បន្ថែមពីនោះ អង្គការសង់ត្រាល់ រៀបរាប់ថា ជនភៀសសឹកភាគច្រើន រស់នៅក្នុងសភាពមិនប្រាកដប្រជា ព្រោះ មិនទាន់ហ៊ាន ចេញទៅរកការងារធ្វើ នៅតាមខេត្តនានាបាន ព្រោះបារម្ភក្រែង ថ្ងៃណាមួយ រដ្ឋាភិបាល មានដំណោះស្រាយ ឧបត្ថម្ភដីធ្លី ឬផ្ទះ ដល់ជនភៀសសឹក ហើយចំពេលពួកគាត់មិន រស់នៅក្នុងជំរំភៀសសឹក គឺប្រាកដណាស់ អាជ្ញាធរធ្លាប់អះអាងថា នឹងពុំទទួលបានដំណោះស្រាយ ឬអំណោយ ពីរដ្ឋាភិបាលនោះទេ។
នាយកប្រតិបត្តិអង្គការសង់ត្រាល់ លោក មឿន តុលា លើកឡើងថា ក្នុងពេលជាបន្ទាន់ រដ្ឋាភិបាលគួរដាក់ បញ្ចូលពលរដ្ឋដែលជាជនភៀសសឹក ឱ្យទទួលបាន ប្រព័ន្ធសន្តិសុខសង្គម ឬ ជំនួយសង្គម ដូចជា ប័ណ្ណក្រីក្រ ដើម្បីឱ្យពួកគាត់ អាចទទួលបានជំនួយជាសាច់ប្រាក់ សេវាថែទាំសុខភាព និងសេវាសង្គម ផ្សេងៗ ដោយឥតគិតថ្លៃ។ ក្រៅពីនេះ លោកថា រដ្ឋាភិបាលក៏គួរតែផ្ដល់ដីលំនៅឋានថ្មី ជូនពួកគាត់ ក៏ដូចជាដីកសិកម្មសម្រាប់ស្ដារជីវភាពឡើងវិញ។
លោក មឿន តុលា៖ «ចំណុចទី២ខ្ញុំគិតថា មិនគួរទុកពួកគាត់ឱ្យ រស់នៅក្នុងស្ថានភាពមិនច្បាស់លាស់ អ៊ីចឹងទេ។ យល់ល្អរដ្ឋគួររកដី ហើយចែកពួកគាត់ ជនភៀសសឹក។ មិនមែនតែដីផ្ទះទេ គឺទាំងចម្ការ ដីស្រែ ដើម្បីឱ្យពួកគាត់ អាចប្រកបមុខរបរចិញ្ចឹមជីវិត និងស្ដារជីវភាពគាត់ឡើងវិញ។ នេះជាហេតុផលដែលខ្ញុំស្នើឱ្យដាក់ចូលពួកគាត់ក្នុងប្រព័ន្ធគាំពារសង្គម និងកម្មវិធីជំនួយសង្គមរបស់រដ្ឋ»។
ជាមួយគ្នានោះ ជនភៀសសឹកម្នាក់ ដែលរស់នៅក្នុង តំបន់ភូមិជោគជ័យ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ លោក ព្រំ ចិត្ត លើកឡើងថា ការផ្ដល់ប័ណ្ណក្រីក្រដល់ជនភៀសសឹកគឺជារឿងចាំបាច់បំផុត ព្រោះថា បច្ចុប្បន្ន ជនភៀសសឹក ស្ទើរតែ ទាំងអស់ ដែលមកពីតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ ជាង ១ពានគ្រួសារ សុទ្ធសឹងតែ ជាពលរដ្ឋដែលមានជីវភាពខ្វះខាត ខណៈដែលឥឡូវនេះ ដីធ្លី និងផ្ទះសម្បែង ក៏គ្មាន ដូច្នេះលោកថា រដ្ឋាភិបាលគួរតែ ផ្ដល់ជូននូវប័ណ្ណសមធម៌ គ្រាន់អាចទទួលបានប្រាក់ឧបត្ថម្ភខ្លះនិង ងាយស្រួល សម្រាប់ព្យាបាល ជំងឺដោយឥតគិតថ្លៃ។
លោក ព្រំ ចិត្ត៖ «ប័ណ្ណក្រីក្រនៅលើកនេះក្នុង១ខែគេបើកបាន ៣ម៉ឺន ៤ពាន់រៀល ក្នុង១គ្រួសារ។ សម្រាប់អ្នកដែលអត់មានប័ណ្ណក្រីក្រ វាមានផលលំបាកមែនហើយ ទៅពេទ្យអ៊ីចឹង គេគិតលុយ។ បើយើងមានប័ណ្ណក្រីក្រ យើងអត់មានបានអស់សេវាកម្មអ្វីនោះទេ គឺគេគិត ពីខាង ប័ណ្ណហ្នឹងទាំងម្ដង សម្រាប់គ្នាអត់ប័ណ្ណ មានផលលំបាក»។
ការលើកឡើងនេះ ក្រោយពីជនភៀសសឹក ជាច្រើនដែលរស់នៅតាមជំរំក្នុងខេត្តជាប់ព្រំដែន ព្រំដែនថៃ បានបន្តរស់នៅក្នុងជំរំ ជាង២ខែមកហើយ នៅមិនទាន់អាចត្រឡប់ទៅផ្ទះសម្បែងវិញបានហើយ ពួកគាត់ ក៏ពុំទាន់ទទួលបានប្រាក់ឧបត្ថម្ភណាមួយ ពីរដ្ឋាភិបាលឱ្យបានសមរម្យនោះឡើយ។ សព្វថ្ងៃនេះ ពួកគាត់ រស់នៅដោយ ពឹងអាស្រ័យ តែទៅលើ អំណោយ ពីសប្បុរសជនយូរៗ មានម្ដង និងចាយវាយ ថវិកាដែលនៅខ្លះ កាលពីមិនទាន់ផ្ទុះសង្គ្រាម។
រីឯជំនួយពីរដ្ឋាភិបាលពលរដ្ឋ អះអាងថា ធ្លាប់ទទួលបានជា ថវិកាចំនួន ១លើកគត់ អំឡុងពេល យោធាថៃ និងកម្ពុជា កំពុងតែប្រយុទ្ធគ្នាខ្លាំងនៅតាមព្រំដែន ហើយថវិកាបានត្រឹមតែ ២ ទៅ៣ម៉ឺន រៀលប៉ុណ្ណោះ ក្នុង១គ្រួសារ។ ទោះជាយ៉ាងណា សម្រាប់ពលរដ្ឋដែលមានប័ណ្ណក្រីក្រស្រាប់ ពួកគាត់អាចទទួលបានប្រាក់ឧបត្ថម្ភ ប្រចាំខែ ចន្លោះ ពី ៣ ទៅ៦ម៉ឺនរៀល ទៅតាមចំនួន សមាជិកគ្រួសារ ច្រើន ឬតិច ហើយ ទន្ទឹមគ្នានោះ ពេលឈឺស្កាត់ ម្ដងៗ ពួកគាត់អាច ទៅព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យរដ្ឋ ដែលនៅក្បែរៗនោះ ដោយឥតថ្លៃ។
ទូរទស្សន៍ អាស៊ីសេរីពុំអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី ដើម្បីបញ្ជាក់បន្ថែម ជុំវិញនេះបានទេនៅថ្ងៃទី១៣ ខែមករា។
ទាក់ទិនរឿងនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង លើកឡើងថា រដ្ឋាភិបាលគួរតែគិតគូរពីទុក្ខលំបាករបស់ជនភៀសសឹកឱ្យបានដិតដល់ជាពិសេស ត្រូវរៀបចំ ទីជម្រក អាហារហូបចុក ទឹកស្អាត និងបង្គន់អនាម័យឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានោះ លោកថា ការផ្ដល់ប័ណ្ណសមធម៌ ឬសេវាគាំពារ សង្គមផ្សេង ក៏ជារឿងដ៏ចាំបាច់ ដើម្បីធ្វើយ៉ាងណា ជួយកាត់បន្ថយ ទុក្ខលំបាក ជូនជនភៀសសឹក បានមួយគ្រាៗផងដែរ។
លោក យង់ គិមអេង៖ «កុំឱ្យគាត់មានផលប៉ះពាល់ខាងផ្លូវចិត្តហ្នឹងធ្ងន់ធ្ងរ។ នេះជារឿងសំខាន់ដែលខ្ញុំថា ភាគីពាក់ព័ន្ធ និងរដ្ឋាភិបាលគួរតែពន្លឿនការដោះស្រាយ ជូនពួកគាត់ហើយ គិតគូរអំពី ការស្នាក់នៅ ហូបចុក និងបញ្ហាសុខភាព អនាម័យរបស់ពួកគាត់គ្រប់បែបយ៉ាង»។
ប័ណ្ណសមធម៌ ឬប័ណ្ណក្រីក្រ គឺជាយន្តការផ្លូវការរបស់រដ្ឋាភិបាល ដើម្បីកំណត់អត្តសញ្ញាណ និងផ្ដល់ជំនួយសង្គមដល់គ្រួសារក្រីក្រ ដែលមានជីវភាពខ្វះខាតខ្លាំង និងល្មម។ ទន្ទឹមគ្នានោះ អ្នកដែលទទួលបានប័ណ្ណសមធម៌ នឹងទទួលបានសេវាថែទាំសុខភាព ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យរដ្ឋ និងប្រាក់ ឧបត្ថម្ភប្រចាំខែ តាមរយៈកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ។
បើទោះជាបែបនេះក្ដី ការផ្ដល់ប័ណ្ណសមធម៌នេះ ធ្លាប់ត្រូវបានប្រជាពលរដ្ឋ និងមន្ត្រីបក្សប្រឆាំង រិះគន់ថា ផ្ដល់ជូនពលរដ្ឋ ធ្វើឡើង ដោយខ្វះ តម្លាភាព ខណៈគ្រួសារ ខ្លះមានទំនាក់ទំនង ល្អជាមួយអាជ្ញាធរមូលដ្ឋាន គឺតែងតែទទួលបាន ប័ណ្ណសមធម៌នេះ បន្តពី មួយឆ្នាំ ទៅមួយឆ្នាំ បើទោះជាជីវភាព ពួកគាត់មានដល់ទៅផ្ទះធំៗ និង ឡានទំនើបៗ ក្ដី ចំណែក ពលរដ្ឋខ្លះ ក្ររហូត រកតែ អង្កច្រកឆ្នាំង គ្មាន គឺ ពុំទទួល បានប័ណ្ណសមធម៌នោះឡើយ ព្រោះតែមែនជា ខ្សែស្រឡាយបក្ខពួក ជាមួយអាជ្ញាធរភូមិឃុំ ហើយ អ្នកខ្លះទៀត ត្រូវបានរើសអើងមិនផ្ដល់ប័ណ្ណសមធម៌ឱ្យ ព្រោះតែមាននិន្នាការគាំទ្រគណបក្សប្រឆាំង៕










