លោក ហ៊ុន ម៉ាណែត «មិន​យល់​ពី​ការ​លំបាក​របស់​ពលរដ្ឋ» ទើប​បន្ត​ចាប់​ខ្លួន​ពលរដ្ឋ​រិះគន់​រឿង​ព្រំដែន

0
19
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (មុខ​គេ) ថ្លែង​ពេល​ចុះ​ជួប​ពលរដ្ឋ​ភៀស​សឹក​នៅ​ខេត្ត​​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី៣១ មករា ២០២៦។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (មុខ​គេ) ថ្លែង​ពេល​ចុះ​ជួប​ពលរដ្ឋ​ភៀស​សឹក​នៅ​ខេត្ត​​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី៣១ មករា ២០២៦។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត

អ្នកឃ្លាំមើល​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិន​បាន​យល់​ពី​ការ​លំបាក​របស់​ពលរដ្ឋ​នោះ​ទេ ក្រោយ​ពី​យោធា​ថៃ​បាន​រំលោភ​យក​ទឹកដី និង​ជេរប្រមាថ​គ្រប់បែបយ៉ាង ទើប​លោក​បន្ត​ចាប់​ពលរដ្ឋ ដែល​ហ៊ាន​រិះគន់​រឿង​ព្រំដែន​ដាក់គុក ។ ការ​លើកឡើង​នេះ ក្រោយ​ពី​លោក ហ៊ុន ម៉ាណែត បាន​អះអាង​ថា ការ​ឈឺចាប់ របស់​ពលរដ្ឋ​រឿង​ព្រំដែន គឺជា​ការឈឺចាប់​របស់​ប្រជាជាតិ​ទាំងមូល។

ក្រោយពី​សង្គ្រាម​ឈ្លានពាន​របស់​ថៃ ចំនួន​២​លើក​មក លោកនាយក​រដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ព្យាយាម​និយាយ​ផ្អែមល្ហែម មកកាន់​ពលរដ្ឋ ហាក់ដូចជា​ការ​គិតគូរ​សម្បើម​ណាស់ អំពី​ទុក្ខ​លំបាក​របស់​ពលរដ្ឋ។ ក៏ប៉ុន្តែ អ្នកឃ្លាំមើល​ថា នៅ​ពីក្រោយ​សម្ដី​ផ្អែមល្ហែម​នោះ ពលរដ្ឋ​ជាច្រើន​ដែល​បង្ហាញ​ពី​ការឈឺចាប់​រឿង​ព្រំដែន​ដែរ​នោះ ត្រូវ​បាន​ចាប់​ដាក់គុក​ស្ទើរ​រាល់ថ្ងៃ។

អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី ប្រាប់​ទូរទស្សន៍ អាស៊ីសេរី​នៅ​ថ្ងៃទី​០៥ ខែកុម្ភៈ​ថា សម្ដី​ផ្អែមល្ហែម របស់ លោក ហ៊ុន ម៉ាណែត គ្រាន់តែ​ជា​ចិត្តសាស្ត្រ​នយោបាយ ដើម្បី​បោកប្រាស់ ពលរដ្ឋ​កុំឱ្យ​ខឹង​នឹង​រដ្ឋាភិបាល ដែល​អសមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​។ ទន្ទឹមគ្នា​នោះ លោក​ថា ការ​ចាប់ខ្លួន​ពលរដ្ឋ ដែល​រិះគន់​រឿង​ព្រំដែន និង​អ្នកសារព័ត៌មាន​ដែល​បើក​កកាយ រឿង​ឧក្រិដ្ឋកម្ម ឆបោក​តាម អនឡាញ​ដាក់គុក​នោះ​ទៀតសោត គឺ​កាន់តែ​បង្ហាញ​ច្បាស់​ថា សម្ដី​របស់​លោក ហ៊ុន ម៉ាណែត បង្កប់​ទៅ​ដោយ​សារ​ដ៏​គ្រោះថ្នាក់​សម្រាប់​ពលរដ្ឋ។

លោក សេង វណ្ណលី៖ «ការ​អនុញ្ញាត​ឱ្យ​មាន​ការ​រិះគន់​ក្នុង​ន័យ​ស្ថាបនា ដោយ​គ្មាន​ការភ័យខ្លាច​ពី​ការ​ចាប់ខ្លួន នឹង​ជួយ​ឱ្យ​រដ្ឋាភិបាល​មើលឃើញ​ពី​ចំណុចខ្សោយ​របស់ ខ្លួន និង​អាច​កែតម្រូវ​ឱ្យ​បាន​ទាន់​ពេល​វេលា។ ការ​កសាង​ទំនុកចិត្ត​មិនមែន ជា​ការ​បង្ខំ​ឱ្យ​ជឿ​តាមរយៈ​ការឃោសនា​នោះ​ទេ ប៉ុន្តែ​វា​កើត​ចេញ​ពី​ការ​ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​អារម្មណ៍​សុវត្ថិភាព នៅពេល​និយាយ​ការពិត និង​ការ​ឃើញថា​ច្បាប់​ត្រូវ​បាន​អនុវត្ត​ដោយ​ស្មើភាព​គ្នា មិន​ថា​មន្ត្រី​មានអំណាច ឬ​ពលរដ្ឋ​សាមញ្ញ​នោះ​ទេ»។

ប្រតិកម្ម​នេះ​ធ្វើឡើង​ក្រោយពី សកម្មជន​នយោបាយ និង​ពលរដ្ឋ ជិត​២០​នាក់​ហើយ គិត​ត្រឹម​ខែ មករា ឆ្នាំ​២០២៦ ត្រូវ​បាន​សមត្ថកិច្ច ចាប់​ដាក់គុក បន្ទាប់ពី​បាន​បញ្ចេញមតិ រិះគន់ ជុំវិញ​បញ្ហា​ព្រំដែន កម្ពុជា​-​ថៃ ។ ជាក់ស្ដែង នៅ​ថ្ងៃទី​២ ខែកុម្ភៈ គ្រូបង្រៀន​ម្នាក់ នៅ​ខេត្ត​កណ្ដាល លោក នូ ភារម្យ ត្រូវ​បាន​ចាប់ខ្លួន​បន្ទាប់ពី​បង្ហោះ វីដេអូ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក បញ្ចេញមតិ រឿង​ជម្លោះព្រំដែន កម្ពុជា​-​ថៃ​។ បើ​តាម​អង្គការ​លីកាដូ​ថា លោក នូ ភារម្យ អាច​ប្រឈម​នឹង​ជាប់ទោស​ពន្ធនាគារ រហូត​ដល់ ២​ឆ្នាំ ប្រសិនបើ​ត្រូវ​បាន​ផ្ដន្ទាទោស។

រីឯ នៅ​ថ្ងៃទី​៤ ខែ​កុម្ភៈ ចាងហ្វាង​សារព័ត៌មាន​អនឡាញ HVNN TV Online លោក ហែម វណ្ណា ក៏​ត្រូវ​បាន​ចាប់ខ្លួន​ដាក់គុក ដោយ​ចោទ​ពី​បទ «​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​បទ លួច​ស្ដាប់ឮ ថត​ពាក្យ​សម្ងាត់​ឯកជន​» បន្ទាប់ពី​លោក បាន​ចុះផ្សាយ​ព័ត៌មាន ពាក់ព័ន្ធ ជនជាតិ​បរទេស ៤ ទៅ​៥​នាក់ រង​នូវ​អំពើ​ហិង្សា ពី​សំណាក់ មនុស្ស​មួយ​ក្រុម ដែល​គេ​ស្គាល់​ថា ជា​អ្នក​បម្រើការ​នៅក្នុង​បរិវេណ​អាគារ​បិទ​ខ្ទប់​មួយ​កន្លែង នៅ​ខាងក្រោយ​បន្ទាយ​ប៉ូលិស នា​ក្រុង​ប៉ោយប៉ែត​”។

ការ​ចាប់​ខ្លួន​នេះ ធ្វើឡើង​ក្រោយពី លោក ហ៊ុន ម៉ាណែត ធ្លាប់​អំពាវនាវ​ឱ្យ​ពលរដ្ឋ​គ្រប់​និន្នាការ​ចូលរួម​សាមគ្គី​គ្នា ដើម្បី​ប្រឆាំង​ឧក្រិដ្ឋកម្ម ឆបោក តាម​អនឡាញ ក៏ប៉ុន្តែ​ការចូលរួម​របស់​អ្នកសារព័ត៌មាន បែរ​ជា ត្រូវ​រង​នូវ​ទោស​ទណ្ឌ​ទៅវិញ។

រីឯ ពលរដ្ឋ ដែល​កំពុង​រស់នៅ​ក្នុង​ជំរំ​ភៀស​សឹក មកពី​តំបន់​បឹង​ត្រកួន​ខេត្តបន្ទាយមានជ័យ លោក លី គឹមសាល លើកឡើង​ថា ថ្វី​ត្បិត ថា​រដ្ឋាភិបាល ចាត់ទុក​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​ជា​ទុក្ខ របស់​ជាតិ​ទាំងមូល​ក្ដី សម្រាប់​លោក បើ​ទោះ​ជា​កំពុង​ជួប​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង ក៏​មិន​ហ៊ាន និយាយ​ការពិត​បង្ហោះ​លើ​បណ្ដាញ​សង្គម ឱ្យ​បាន​ទូលំទូលាយ​នោះ​ដែរ ព្រោះ​ខ្លាច​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន។

លោក លី គឹមសាល៖ «មិន​មាន​នរណា​ហ៊ាន​និយាយ​ទេ​បង​អើយ។ ពេល​និយាយ​ច្បាស់​ចំ​ពេក​ទៅ ក៏​វា​ពិបាក​ខ្លាច ។ កាលណា​និយាយ​ច្រើនពេក គេ​ថា​យើង​គាំទ្រ​បក្ស​នេះ បក្ស​នោះ»។

នៅ​ថ្ងៃទី​៣១ ខែ​មករា លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ជម្លោះព្រំដែន​ជាមួយ​ថៃ​នេះ លោក​កំពុងតែ​ប្រឹងប្រែង​រក​ដំណោះស្រាយ តាមរយៈ​យន្តការ​ការទូត និង​ការចរចា​ទ្វេភាគី ដោយ​លោក​ថា រដ្ឋាភិបាល មិន​ទុក​ពលរដ្ឋ​ណាមួយ​ចោល​នោះ​ទេ ព្រោះ​ការ​លំបាក​របស់​ពលរដ្ឋ​គឺជា​ការ​លំបាក របស់​ជាតិខ្មែរ ទាំងមូល ចាប់តាំង​ពី​ព្រះមហាក្សត្រ​ដល់​ពលរដ្ឋ។

លោក ហ៊ុន ម៉ាណែត៖ «គោលដៅ​សំខាន់ ពេលនេះ​ជា​ពេល​លំបាក របស់​ជាតិ​របស់​យើង របស់​បងប្អូន​ផ្ទាល់​តែម្ដង​។ ប៉ុន្តែ​ការ​លំបាក របស់​បងប្អូន អ៊ំ​ពូ​មីង​នៅ​ទីនេះ គឺជា​ការ​លំបាក​របស់​ជាតិខ្មែរ​យើង​ទាំងមូល​។ តាំងពី​ព្រះមហាក្សត្រ រហូតដល់​ប្រជាពលរដ្ឋ​យើង។ មាន​អារម្មណ៍​ឈឺ​អារម្មណ៍ អាណិត អារម្មណ៍​អាណិត ទៅដល់ ប្រទេសជាតិ​យើង​ទាំងមូល»។

បើ​ទោះជា​មានការ​អះអាង​បែបនេះ​ក្ដី គេ​សង្កេត​ឃើញ​ថា អំឡុង​ពេល​ដែល​ប្រជាពលរដ្ឋ​ជាង​១១​ម៉ឺន​នាក់ កំពុងតែ​កើត ទុក្ខ​ព្រោះ បាត់បង់​ដីធ្លី និង​ផ្ទះសម្បែង ខណៈ​គ្រួសារ​កងទ័ព​រាប់​សិប​នាក់​កំពុងតែ​កាន់ទុក្ខ ដោយសារតែ បាន​ពលី​ជីវិត​ក្នុង​សមរភូមិ​សង្គ្រាម​២១​ថ្ងៃ គេ​បែរជា​ឃើញ​មន្ត្រី​របស់​រដ្ឋាភិបាល​ជាច្រើន រួម​នឹង ប្រពន្ធ​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន គឺ អ្នកស្រី ប៊ុនរ៉ានី និង ប្រពន្ធ​លោក ហ៊ុន ម៉ាណែត គឺ​អ្នកស្រី ពេជ្រ ចន្ទ​មុនី បាន​ទៅ​ចូលរួម​ពិធី​មង្គលការ ដ៏​អធិកអធម របស់​កូនស្រី អភិបាលខេត្ត​ប៉ៃលិន គឺ​អ្នកស្រី បាន ស្រីមុំ យ៉ាង​ហ៊ឹកហ៊ាក់។

ពិធី​មង្គលការ​នេះ បាន​ធ្វើ​ឡើង នៅ​ថ្ងៃទី​២៨ ខែមករា ហើយ​បាន​រៀបចំ​យ៉ាង​ប្រណិត រួម​ដោយ​ការ​តុបតែង លម្អ ដោយ​ផ្កា​ស្រស់ និង​ពណ៌​មាស ចែងចាំង​ហាក់ដូចជា ភូមិគ្រឹះ ដែល​មាន​តម្លៃ រាប់​លាន​ដុល្លារ។ ពិធី​នេះ ធ្វើឡើង​ហាក់ គ្មាន​ការ​អៀនខ្មាស ស្របពេល​ប្រទេសជាតិ​កំពុង​តែ​មាន​សង្គ្រាម​ឈ្លានពាន​។ រីឯ លោក ហ៊ុន សែន ឯណេះ​វិញ មួយថ្ងៃៗ លោក​ហាក់​មិន​ខ្វល់​សោះ ពី​ទុក្ខ​លំបាក របស់​ពលរដ្ឋ​តាម​ព្រំដែន​។ លោក​គិតតែ​ពី បង្ហោះ​បទ​ច្រៀង ដែល​រៀបរាប់​សរសើរ ពី​គ្រួសារ​ត្រកូល​«​ហ៊ុន​» និង​អាឡោះអាល័យ​រឿងរ៉ាវ​គ្រួសារ​ក្នុង​គ្រា​អតីតកាល។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី សុខា លើកឡើង​ថា ស្រប​ពេល​ប្រទេស​ជាតិ កំពុង​មាន​បញ្ហា​សត្រូវ​ឈ្លានពាន រដ្ឋាភិបាល​គួរតែ​ចំណាយពេល​គិតគូរ រឿង​ជាតិ​ឱ្យ​បាន​ច្រើន និង​ស្វែងរក​ដំណោះស្រាយ ជូន​ពលរដ្ឋ​ឱ្យ​បាន​ទាន់ពេល។ លោក​ថា ជា​រឿង​ដែល​គួរ​ឱ្យ​សោកស្ដាយ ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ សកម្មជន​បក្ស​ប្រឆាំង និង​ពលរដ្ឋ មួយចំនួន​ត្រូវ​បាន​ចាប់​ដាក់គុក​ទាំង​អយុត្តិធម៌ ក្រោយពី ពួកគាត់​បញ្ចេញមតិ​រិះគន់​រឿង​ព្រំដែន។

លោក នី សុខា៖ «ក្នុងនាម​ជា​សង្គម​ស៊ីវិល យើង​មានការ​ព្រួយបារម្ភ​។ យើង​នៅតែ​គិតថា​អ្វី​ដែល​ជា​សកម្មភាព នៃ​ការ​ចាប់ខ្លួន​នេះ អាច​ជា​ការ​រុញច្រាន ឱ្យ​មាន​នូវ​ការ​បន្ត​សកម្មភាព ប្រេះឆា ក៏ដូចជា​បែកបាក់​នូវ​ផ្ទៃក្នុង​ជាតិ បន្ត​ទៅ​ថ្ងៃមុន​ទៀត។ យើង​មិន​អាច​រក​នូវ​វិធី​ផ្សះផ្សា រក​វិធី​ក្នុង​ការ​សាមគ្គី​ជាតិ ឯកភាព​ជាតិ ដូច​អ្វី​ដែល​លើកឡើង​របស់​រដ្ឋាភិបាល»។

ទោះជា​យ៉ាងណា នៅ​ថ្ងៃទី​៤ ខែ​មករា លោក ហ៊ុន ម៉ាណែត តាមរយៈ​ក្រសួងការបរទេស​កម្ពុជា បាន​ផ្ញើ​លិខិត​ទៅកាន់​ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emanuel Macron) ដើម្បី​អរគុណ​អំពី​ឆន្ទៈ​របស់​ប្រទេស​បារាំង ដែល​បាន​ត្រៀមខ្លួន​ផ្ដល់​នូវ​ឯកសារ​ប្រវត្តិសាស្ត្រ និង​បច្ចេកទេស​ពាក់ព័ន្ធ​នឹង ព្រំដែន​អន្តរជាតិ រវាង​ប្រទេស​កម្ពុជា និង​ថៃ។ ទន្ទឹមគ្នា​នោះ លោក​បាន​ស្នើ​សុំ​ជា​ផ្លូវការ ឱ្យ​ប្រទេស​បារាំង ពិចារណា ផ្ដល់​ការ​គាំទ្រ​បច្ចេកទេស​ជំនាញ និង​ការ​ប្រឹក្សា​ផ្ដល់​យោបល់​ពាក់ព័ន្ធ ឯកសារ​នានា​រឿង​ព្រំដែន ឱ្យមក​កម្ពុជា​ក្នុង​ករណី​កម្ពុជា​ត្រូវ។

អ្នកឃ្លាំមើល​ថា កម្ពុជា​គួរតែ​ពន្លឿន​ការ​ប្ដឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ ហើយ​ត្រូវ​ពង្រីង​កិច្ច​ការទូត ឱ្យ​សកម្ម និង​ម៉ឺងម៉ាត់ ព្រោះថា កម្ពុជា​មិន​គួរ​ដើរតួ​ជា ប្រទេស​ទន់ខ្សោយ​រហូត​ដល់​ប្រទេសជិតខាង ប្រមាថ​មើលងាយ ពលរដ្ឋ និង​កងទ័ព​ជូរ​មុខ សព្វបែបយ៉ាង​បែប​នេះ​ទេ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​កាន់តែ​ឈឺចាប់ និង​លែង​មាន​ជំនឿ​ចិត្ត​លើ​រដ្ឋាភិបាល។ ទន្ទឹមគ្នា​នោះ ពួកគាត់​ទទូច​ឱ្យ​រដ្ឋាភិបាល​គួរតែ​លុបបំបាត់​«​ទម្លាប់​យក​ខ្មែរ​គ្នាឯង ជា​សត្រូវ» ដែល​ធ្វើ​ឱ្យ​ប្រទេសជាតិ កាន់តែ​បន្ត​ហិនហោច៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ