អ្នកឃ្លាំមើល​ថា សារ​លោក ហ៊ុន ម៉ាណែត មិន​អាច​ស្អំ​ចិត្ត​មហាជន​រឿង​កូន​អ្នកធំ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​សម្លាប់​មនុស្ស ៦​នាក់​បាន​ឡើយ

0
36
ទិដ្ឋភាពបុណ្យសព​ពលរដ្ឋ​រងគ្រោះដោយសារកូនប្រុស​អ្នកមានអំណាចជិះបុក កាលពីថ្ងៃទី២៧ មីនា ២០២៦។ រូប៖ បណ្ដាញសង្គម
ទិដ្ឋភាពបុណ្យសព​ពលរដ្ឋ​រងគ្រោះដោយសារកូនប្រុស​អ្នកមានអំណាចជិះបុក កាលពីថ្ងៃទី២៧ មីនា ២០២៦។ រូប៖ បណ្ដាញសង្គម

អ្នកឃ្លាំមើល​លើកឡើង​ថា សារ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនអាច​ស្ដារ​ជំនឿ​សាធារណជន​លើ​ការអនុវត្ត​ច្បាប់​ស្មើភាព​គ្នា​ក្នុងករណី​កូនប្រុស​មេ​ប៉ូលិស​ផ្កាយ​១ ម្នាក់​បើកឡាន​ទំនើប​បុក​រះ​បណ្ដាល​ឱ្យ​មនុស្ស ៦​នាក់​ស្លាប់​នៅ​បាត់ដំបង​បាន​ឡើយ​។ ផ្ទុយទៅវិញ មហាជន​កាន់តែ​អស់ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌ ព្រោះ​ច្បាប់​ត្រូវ​បាន​អ្នក​មានអំណាច​ជាន់ឈ្លី​តាម​ការប្រព្រឹត្ត​ពុករលួយ និង​បក្ខពួក​និយម​។ ប្រតិកម្ម​នេះ កើតឡើង​បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​តាម​ចាប់​ជន​បង្ក​យក​មក​ផ្ដន្ទាទោស​តាមច្បាប់ ក្រោយ​មហាជន​រិះគន់​ការអនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ។

ការ​ផ្ទុះ​កំហឹង​របស់​សាធារណជន​នៅ​តាម​បណ្ដាញ​សង្គម​នៅតែ​បន្ត​កើនឡើង​ក្ដៅ​គគុក​លើ​កូនចៅ​អ្នក​មាន​អំណាច​ដែល​អាង​ខ្សែ អាងខ្នង បើកបរ​ឡាន​ទំនើប​ប្រមាថ​អាយុជីវិត​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​។ ទន្ទឹម​នឹង​ការ​ផ្ទុះ​កំហឹង​នេះ មហាជន​ក៏​ព្រួយបារម្ភ​ចំពោះ​ការអនុវត្ត​ច្បាប់​ស្ដង់ដារ​ពីរ​លើ​កូនប្រុស​ស្នងការ​រង​នគរបាល​ខេត្តបន្ទាយមានជ័យ​លោក ស៊ីវ សុជាតិ គឺ​ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ដែល​ជា​ជន​បង្ក​បើកបរ​ឡាន​បុក​រះ​បណ្ដាល​ឱ្យ​មនុស្ស ៦​នាក់​ក្នុង​នោះ​រួម​ទាំង​ទារក​ក្នុង​ផ្ទៃ​ម្ដាយ​ម្នាក់​ផង​បាន​ស្លាប់​ក្នុង​ថ្លុកឈាម​នៅក្នុង​ខេត្តបាត់ដំបង។

អ្នកឃ្លាំមើល​យល់​ថា សារ​អំពាវនាវ និង​កំហឹង​របស់​មហាជន​នា​ពេល​នេះ​គឺ​ដោយសារតែ​ពួកគាត់​លែង​មាន​ជំនឿ​លើ​ការអនុវត្ត​ច្បាប់​ទៀតហើយ​ព្រោះតែ​ប្រព័ន្ធ​យុត្តិធម៌​គ្មាន​ភាពស្មើគ្នា និង​ត្រូវ​បាន​អ្នក​មាន​អំណាច​ជាន់ឈ្លី​តាមរបៀប​ការ​ឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ និង​បក្ខពួក​និយម។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ច្បាប់​នៅ​កម្ពុជា​សព្វថ្ងៃ​ហាក់​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ធ្វើជា​ឧបករណ៍​នយោបាយ បង្ក្រាប​ពលរដ្ឋ​ក្រីក្រ​ស្លូតត្រង់ ឬ​ជា​កន្លែង​ដោះដូរ​ផលប្រយោជន៍​នៃ​ក្រុមអ្នក​មាន​អំណាច​តែប៉ុណ្ណោះ​។ លោក​បន្ថែម​ថា ករណី​សោកនាដកម្ម​ពលរដ្ឋ​ជាច្រើន​ករណី​ដែល​បាន​ស្លាប់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នា​ពេល​កន្លងមក​គឺ​អ្នក​អនុវត្ត​ច្បាប់​តែង​យឺតយ៉ាវ និង​ស្ទាក់ស្ទើរ​ក្នុង​ការ​ចាត់វិធានការ ឬ​រង់ចាំ​ទាល់​តែ​មាន​បញ្ជា​ពី​អ្នក​មាន​អំណាច​កំពូល។

លោក សេង វណ្ណលី លើកឡើង​ទៀត​ថា សារ​របស់​លោក​នាយរដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ប្រកាស​ប្ដេជ្ញាចិត្ត​ចាប់​ជន​បង្ក​បើកឡាន​ទំនើប​បុក​ពលរដ្ឋ ៦​នាក់​បណ្ដាល​ឱ្យ​ស្លាប់​នៅ​ខេត្តបាត់ដំបង​នា​ពេល​នេះ​គ្រាន់តែ​ធ្វើឡើង​ដើម្បី​រំងាប់​ចិត្ត​ខឹង​សម្បារ​នៃ​ក្រុម​គ្រួសារ​រងគ្រោះ និង​មហាជន​តែប៉ុណ្ណោះ​ប៉ុន្តែ​ការអនុវត្ត​ច្បាប់​ស្ដង់ដារ​ពីរ​នៅតែ​បន្ត​ដដែល។

ប្រតិកម្ម​របស់​អ្នកឃ្លាំមើល​រូប​នេះ​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ថ្ងៃទី​៣១ ខែ​មីនា បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ និង​អគ្គស្នងការ​នគរបាល​ជាតិ​លោក ស ថេត ត្រូវតែ​ស្រាវជ្រាវ​រកឱ្យ​​ឃើញ​អ្នក​ដែល​បើកឡាន​បុក​រះ​មនុស្ស ៦​នាក់​ស្លាប់​យក​មក​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់ និង​ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​។ លោក​អះអាង​តាម​ហ្វេកប៊ុក​ថា អ្នក​ដែល​បើកបរ​មិន​គោរព​ច្បាប់​ជាពិសេស​ស្ថិត​ក្រោម​ស្ថានភាព​ស្រវឹង​បង្ក​ឱ្យ​អ្នកដទៃ​ស្លាប់​នឹង​ត្រូវ​ទទួលខុស​ទោស​តាមផ្លូវ​ច្បាប់​តឹងរ៉ឹង​បំផុត​ដោយ​គ្មាន​ការ​លើកលែង​ឡើយ។

ទន្ទឹមគ្នា​នេះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស សុខា បាន​បញ្ជា​ឱ្យ​ស្នងការ​រង​នគរបាល​ខេត្តបន្ទាយមានជ័យ​គឺ​លោក ស៊ីវ សុជាតិ សហការ​ជាមួយ​សមត្ថកិច្ច នាំ​ខ្លួន​កូនប្រុស ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ដែល​ជា​ជន​បង្ក​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។ លោក ស សុខា ក៏បាន​ដាក់​បញ្ជា​ឱ្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដាក់ឈ្មោះ​ជន​បង្ក​ក្នុង​បញ្ជីខ្មៅ​មិន​ឱ្យ​ចាក​ចេញពី​ប្រទេស​ផង។

ការ​ចេញ​សារ​ធានា​របស់​ក្រុម​ប្រមុខ​ដឹកនាំ​របប​ក្រុងភ្នំពេញ​ទាំងនេះ​ក្រោយ​ពេល​ដែល​មហាជន​ផ្ទុះ​ការរិះគន់​កាន់តែ​ខ្លាំង​ឡើង​នៅ​តាម​បណ្ដាញ​សង្គម​ចំពោះ​ការ​យឺតយ៉ាវ​តាម​ចាប់ខ្លួន​ជន​បង្ក​ដែល​ជា​កូន​អ្នកធំ​មានអំណាច​យក​មក​អនុទោស​តាមផ្លូវ​ច្បាប់។

ជន​បង្ក​ឈ្មោះ ស៊ីវ ជ័យសិដ្ឋ មាន​អាយុ ២០​ឆ្នាំ​គឺជា​កូនប្រុស​ស្នងការ​រង​នគរបាល​ខេត្តបន្ទាយមានជ័យ​គឺ​លោក ស៊ីវ សុជាតិ មាន​រថយន្ត​សេរី​ទំនើប​ម៉ាក (MERCEDES BENZ AMG GT53) ក្នុង​តម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ​បើកបរ​ក្នុង​ល្បឿន​លឿន​បុក​រះ​ពីក្រោយ​ម៉ូតូ​ពីរ​គ្រឿង​ពេញទំហឹង​នៅ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​កាលពី​យប់​ថ្ងៃទី​២៧ ខែមីនា​។ គ្រោះថ្នាក់​នេះ​បណ្ដាល​ឱ្យ​មនុស្ស ៦​នាក់​ក្នុង​នោះ​រួម​ទាំង​កូន​ក្នុង​ផ្ទៃ​ម្ដាយ​ម្នាក់​ផង​បាន​ស្លាប់​យ៉ាង​អាណោចអាធម៌ រីឯ​ជន​បង្ក​បាន​រត់គេច​ខ្លួន​ភ្លាមៗ​តាម​រថយន្ត​សេរី​ទំនើប​មួយទៀត​រហូត​មក​ពេលនេះ​សមត្ថកិច្ច​មិនទាន់​ចាប់​ខ្លួន​បាន​នៅឡើយ។

ទាក់ទង​នឹង​រឿង​នេះ ឪពុក​ជន​បង្ក​ដែល​ជា​មេ​ប៉ូលិស​ពាក់​ផ្កាយ​១​គឺ​លោក ស៊ីវ សុជាតិ ចេញមុខ​ការពារ​កូនប្រុស​របស់​ខ្លួន​ថា ករណី​កូនប្រុស​របស់​ខ្លួន​រង​ការចោទប្រកាន់​បើកឡាន​បុក​រះ​ពលរដ្ឋ ៦​នាក់​បណ្ដាល​ឱ្យ​បាត់បង់​ជីវិត​នោះ​មិន​មាន​ការ​បញ្ជាក់​ច្បាស់លាស់​នៅឡើយ​។ សារព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​ថា​ស្នងការ​រង​នគរបាល​ខេត្តបន្ទាយមានជ័យ​លោក ស៊ីវ សុជាតិ បាន​បញ្ជាក់​ថា នៅ​យប់​កើត​ហេតុ​ថ្ងៃទី​២៧ ខែមីនា លោក​ដឹង​ត្រឹម​ថា ប្រពន្ធ និង​កូនប្រុស​ធ្វើដំណើរ​ពី​ភ្នំពេញ​មកកាន់​ខេត្តបន្ទាយមានជ័យ​តាម​រថយន្ត​ពីរ​ផ្សេងគ្នា​ហើយ​នៅពេល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​លោក​ក៏​ពុំ​បានដឹង​ភ្លាមៗ​នោះ​ទេ។

ទន្ទឹម​នឹង​សមត្ថកិច្ច​តាម​ចាប់ខ្លួន​កូនប្រុស​ដែល​ជា​ជន​បង្ក លោក ស៊ីវ សុជាតិ ក៏​ចាប់ផ្ដើម​ល្បីឈ្មោះ​ចំពោះ​ការរិះគន់​ខាង​រកស៊ី​បែប​ខុសច្បាប់ និង​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​កម្ពុជា​ដោយ​គេចពន្ធ​។ ឪពុក​ជន​បង្ក​លោក ស៊ីវ សុជាតិ គឺជា​ស្នង​នគរបាល​រង​ទទួលបន្ទុក​ផែនការ​ងារ​ភស្តុភារ និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ចុះ​ជួយ ឃុំ​គយម៉ែង ខេត្តបន្ទាយមានជ័យ និង​ជាទី​ប្រឹក្សា​របស់​លោក ហ៊ុន សែន ថែម​ទៀត​ផង​។ ចំណែក ភរិយា​របស់​លោក ស៊ីវ សុជាតិ និង​ត្រូវជា​ម្តាយ​របស់​លោក ស៊ីវ ជ័យ​សិដ្ឋ គឺ​អ្នកស្រី ខា អ៊ាង គឺជា​ម្ចាស់​អាជីវកម្ម ទៀ ណាំហាក់ និង​ជា​សមាជិកគ្រួសារ (CEO Master Club) និង​ជា​អនុប្រធាន​សភាពាណិជ្ជកម្ម​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​។ មេ​ប៉ូលិស​ផ្ដា​យ​១ រូប​នេះ ក៏​រង​ការ​ចោទ​ប្រកាន់​ថា ជា​អ្នក​កាង​ទំនិញ​ខុសច្បាប់ និង​ទំនិញ​គេចពន្ធ​ដែល​ឈ្មួញ​នាំចូល​ពី​បរទេស​ចូល​កម្ពុជា​ទៀត​ផង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ