អ្នកឃ្លាំមើល​ថា ប្រធាន​អាស៊ាន​ថ្មី​គឺ​ហ្វីលីពីន មិន​អាច​ដោះស្រាយ​វិវាទ​ព្រំដែន​កម្ពុជា​ និង​ថៃ បាន​ឡើយ ដរាបណា​ថៃ​នៅ​តែ​ប្រើ​លេស​ការពារ​ខ្លួន

0
44
កិច្ចប្រជុំពិសេស រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៥
កិច្ចប្រជុំពិសេស រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៥

អ្នកឃ្លាំមើល​លើក​ឡើង​ថា ប្រធាន​អាស៊ាន​ប្ដូរ​វេន​ថ្មី​ គឺប្រទេស​ហ្វីលីពីន(Philippines) នឹង​មិន​អាចដោះស្រាយ​បញ្ចប់​សង្គ្រាម​ព្រំដែន​កម្ពុជា និងថៃ បាន​ឡើយ​ ដរាប​ណា​ថៃ នៅ​តែ​ប្រើ​លេស​ការពារ​ខ្លួន​ ខណៈ​យោធា​ថៃ​កំពុង​មាន​ប្រៀប​លើ​សមរភូមិ​ និង​បាន​ចូលឈ្លានពាន​ក្នុង​ទឹក​ដី​កម្ពុជា​ កាន់តែជ្រៅ​។ ពួកគាត់ថា ក្នុង​កាលៈទេសៈ​នេះ កម្ពុជា​គួរ​តែ​ពង្រឹង​គោលជំហរ​តតាំង​ជាមួយភាគីថៃ ទាំងនៅលើផ្នែក​យោធា​ ការទូត និង​ប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ ដើម្បី​ដាក់​សម្ពាធ​ឱ្យយោធាថៃបញ្ឈប់​សកម្មភាព​ឈ្លានពាន​មកលើកម្ពុជា។

បញ្ហា​សង្គ្រាម​តាម​បណ្ដោយ​ព្រំដែន​រវាងកម្ពុជា និងថៃ នឹង​ក្លាយ​ជា​មរតក​បញ្ហា​មួយ កំពុង​រង់ចាំ​ហ្វីលីពីន(Philippines) ដែលជា​អនាគត​ប្រធាន​អាស៊ាន​ប្ដូរ​វេន នៅឆ្នាំ ២០២៦ ខាងមុខ ខណៈ​ហ្វីលីពីន​ បានប្រកាស​ពីការត្រៀមខ្លួនរួចជាស្រេច ដើម្បី​ធ្វើ​ជា​អាជ្ញា​កណ្ដាល។

សមាជិក​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​ឯករាជ្យ ២៣តុលា លោក ម៉ែន សុថាវរិន្ទ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅថ្ងៃទី២៣ ខែធ្នូ ថា ការឡើង​មកកាន់តំណែងជាប្រធានអាស៊ានប្ដូរវេន​របស់​ប្រទេស​ហ្វីលីពីន​ នឹង​មិន​អាចធ្វើឱ្យ​ជម្លោះ​រឿង​ព្រំដែន​រវាង​កម្ពុជា និង​ថៃ មានការប្រែប្រួលនោះទេ ដោយសារតែកន្លងមក ភាគីថៃ បានបំពាន និង​បដិសេធ​ចំពោះ​កិច្ចអន្តរាគមន៍​របស់​ប្រទេស​មហាអំណាច​ ដូចជា សហរដ្ឋអាមេរិក​ ប្រទេស​ចិន និង​ប្រធានអាស៊ាន​បច្ចុប្បន្ន​ គឺ​ម៉ាឡេស៊ី​ រួច​ទៅ​ហើយ។

លោក ម៉ែន សុថាវរិន្ទ៖ «តាមខ្ញុំមើលទៅ ទោះបីជាប្រទេសចិន សហរដ្ឋអាមេរិក និងម៉ាឡេស៊ី ក៏មិនអាចធ្វើបានដែរ ប្រសិនបើលោក ហ៊ុន សែន មិនកម្ចាត់បទឧក្រិដ្ឋតាមអនឡាញ និងរៀបចំកម្ពុជា ឱ្យទៅជាប្រទេសមានសេរីពហុបក្ស ឡើងវិញ និងដោះលែងអ្នកទោសនយោបាយ និងអ្នកទោសមនសិការ»

ក្នុងអំឡុងពេល​កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន​ ដែលកោះប្រជុំដោយប្រធានអាស៊ានបច្ចុប្បន្ន គឺ ម៉ាឡេស៊ី កាលពីថ្ងៃទី២២ ខែធ្នូ ក្រសួងការបរទេស ហ្វីលីពីន បានលើកឡើងថា ហ្វីលីពីន បានត្រៀមលក្ខណៈ ធ្វើជាអ្នក​សម្របសម្រួល​ជម្លោះ​រវាងកម្ពុជា និងថៃ នៅពេលបានកាន់តំណែងជាប្រធានអាស៊ាន នៅដើមឆ្នាំ២០២៦ខាងមុខ ប្រសិនបើភាគីទាំងពីរ សម្រេច​ចិត្ត​ប្រើប្រាស់​យន្តការ​របស់​អាស៊ាន។

ចំណែកប្រធានអាស៊ានបច្ចុប្បន្ន គឺនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហីម(Anwar Ibrahim)វិញ បាន​លើក​ឡើង​បែប​លេង​សើច​ថា «ធូរ​ទ្រូង​ហើយ» ក៏ប៉ុន្តែ ជាមួយគ្នានេះ លោកក៏បាន​បង្ហាញ​ទំនុក​ចិត្ត​លើ​ការ​ដឹកនាំ​របស់​ហ្វីលីពីន ក្នុង​នាម​ជា​ប្រធាន​ប្ដូរវេន​បន្ទាប់ផងដែរ។

ជុំវិញ​រឿង​នេះ នាយក​វិទ្យាស្ថាន​តស៊ូមតិ និង​គោលនយោបាយ (API)លោក ឡាំ សុជាតិ យល់​ឃើញ​ថា​ ជម្លោះ​ព្រំដែន​រវាង​កម្ពុជា-ថៃ នឹង​មាន​ភាព​ធូរស្រាល ​ក្រោយ​បរិបទ​នយោបាយ​នៅ​ក្នុង​ប្រទេស​ថៃ មាន​ការផ្លាស់ប្ដូរ​បន្ទាប់ពី​មាន​ការបោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ថ្មី។

លោក ឡាំ សុជាតិ៖ «មិនមានរដ្ឋាភិបាលស្របច្បាប់ណា ដែលដាក់គោលការណ៍បន្តសង្គ្រាមនោះទេ ព្រោះវាផ្ទុយពីគោលការណ៍អាស៊ាន និងគោលការណ៍ច្បាប់ពិភពលោក។ ក៏ប៉ុន្តែមានតែរដ្ឋាភិបាលបណ្ដោះអាសន្ន ឬក៏យោធាដែលស្រលាញ់សង្គ្រាម ឬក៏អនុវត្តខុសពីការសន្យានៅក្នុងកិច្ចព្រមព្រៀងហ្នឹង គឺមានតែរយៈពេលខ្លីទេ និងមិនមានការគាំទ្រជាយូរអង្វែងឡើយ»

ហ្វីលីពីន​ នឹង​ត្រូវ​ចូល​កាន់​តួនាទី​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​ចាប់​ពី​ដើម​ឆ្នាំ២០២៦ ដោយ​ជំនួស​វេន​ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា ដែល​កំពុង​មាន​សង្គ្រាម​ស៊ីវិល និង​វិបត្តិ​ផ្ទៃក្នុង ជា​ហេតុ​ធ្វើ​ឱ្យ​តួនាទី​មួយនេះ​ បាន​រំលង​ មីយ៉ាន់ម៉ា ទៅ​ហ្វីលីពីន ដែល​នៅលំដាប់បន្ទាប់។

ទោះជា​យ៉ាងណា​ ក្រៅពីបញ្ហា​សង្គ្រាម​ព្រំដែន​រវាង​កម្ពុជា និងថៃ ការចូលមកកាន់តំណែងជាប្រធានអាស៊ាន របស់ហ្វីលីពីន ខាងមុខនេះ បាននាំមកជាមួយនូវបញ្ហាចាស់ មកជាមួយផងដែរ មានដូចជា វិបត្តិនយោបាយក្រោយការបោះឆ្នោត របស់ហ្វីលីពីន ខ្លួនឯងផ្ទាល់ បញ្ហាសង្គ្រាមស៊ីវិលនៅប្រទេសភូមា និងជម្លោះដែនសមុទ្រចិនខាងត្បូងជាដើម។

ទាក់ទិនរឿងវិវាទព្រំដែនកម្ពុជា-ថៃ នេះដែរ ក្រសួងការបរទេសកម្ពុជា បានបង្ហាញលទ្ធផល នៃកិច្ចប្រជុំពិសេស របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្ដីពីបច្ចុប្បន្នភាពស្ថានការណ៍កម្ពុជា-ថៃ នៅទីក្រុង កូឡាឡាំពួរ កាលពីថ្ងៃទី២២ ខែធ្នូ ថា កម្ពុជាបានបញ្ជាក់ពីគោលជំហរគោរពបទឈប់បាញ់ ដែលភាគីថៃបានឯកភាពគ្នា ដោយកម្ពុជាបានជៀសវាង មិនផ្ទុះអាវុធរយៈពេល ២៤ម៉ោង ក្រោយ​ទទួល​រងការវាយប្រហារពីសំណាក់យោធាថៃ កាលពីថ្ងៃទី៧ ខែធ្នូ។

កម្ពុជា​បាន​ស្នើ​ដល់​សហរដ្ឋអាមេរិក​ និង​ម៉ាឡេស៊ី​ ឱ្យ​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ រួម​ទាំង​សមត្ថភាព​ផ្កាយរណប​ ដើម្បី​ផ្ទៀងផ្ទាត់​ នូវ​ការ​អនុលោម​តាម​បទ​ឈប់បាញ់​។

ក៏ប៉ុន្តែ ក្នុងកិច្ចប្រជុំនេះ ភាគីថៃបានបន្តចោទប្រកាន់មកលើកម្ពុជា និង​បាន​ដាក់​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​ ឱ្យ​កម្ពុជា​បញ្ឈប់​ការ​បាញ់​ប្រហារ​ជាមុន និង​ចូលរួម​សហការ​ដើម្បី​បោស​សម្អាត​មីន​នៅ​តាម​ព្រំដែន​ ខណៈ​ភាគី​ថៃ​ខ្លួនឯង​ កំពុង​វាយប្រហារ​ និង​ចូលឈ្លានពាន​កាន់តែជ្រៅ​ នៅ​ក្នុង​ដែន​អធិបតេយ្យ​កម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ