

សមាជិកគណបក្សភ្លើងទៀនម្នាក់ទៀតហើយ ត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញ ចាប់ឃុំខ្លួន ក្រោយគាត់បង្ហោះសារពាក់ព័ន្ធនឹងបញ្ហាព្រំដែន។ប្រពន្ធរបស់ជំទប់ទី២នៃគណបក្សភ្លើងទៀន លោក រ័ត្ន សុធី ទាមទារឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដោះលែងប្ដីលោកស្រីឲ្យមានសេរីភាពវិញ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនគាត់នៅខេត្តបាត់ដំបង ដោយគ្មានដីកា កាលពីថ្ងៃទី១២ ខែមករា ហើយបញ្ជូនទៅឃុំខ្លួនភ្លាមៗ នៅពន្ធនាគារព្រៃសក្នុងរាជធានីភ្នំពេញ ដោយចោទប្រកាន់ពីបទ«រួមគំនិតក្បត់»។ សង្គមស៊ីវិល និងគណបក្សប្រឆាំង ហៅចំណាត់ការនេះ ថា មិនត្រឹមតែធ្វើឲ្យប៉ះពាល់សិទ្ធិសម្ដែងមតិរបស់ពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែជាការបំផ្លាញការរួបរួមជាតិតែម្ដង។
លោក ហ៊ុន ម៉ាណែត តែងតែទន្ទេញមេសូត្រឲ្យខ្មែររួបរួមគ្នា ប៉ុន្តែរដ្ឋាភិបាលរបស់លោកក៏ចេះតែបន្តចាប់ខ្លួនក្រុមនយោបាយប្រឆាំង ហើយករណីចាប់ខ្លួនខ្លះ ធ្វើឡើងដោយគ្មានការបង្ហាញដីកា ដូចជា ករណីចាប់ខ្លួន លោក រ័ត្ន សុធី ដែលជាជំទប់ទី២នៃគណបក្សភ្លើងទៀននៅឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ជាដើម។
ប្រពន្ធលោក រ័ត្ន សុធី គឺលោកស្រី ឃឹម សុខុម ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៥ ខែមករាថា គិតមកដល់ពេលនេះ លោកស្រី មិនទាន់ទទួលបានដំណឹងប្ដីនៅឡើយទេ ចាប់តាំងពីថ្ងៃដែលសមត្ថកិច្ចចាប់ខ្លួនលោក រ័ត្ន សុធី នៅក្នុងឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី១២ ខែមករា រួចក៏បញ្ជូនទៅរាជធានីភ្នំពេញ។ លោកស្រីថា សមត្ថកិច្ចប្រមាណ ១០នាក់ចុះទៅព័ទ្ធផ្ទះ ដើម្បីចាប់ខ្លួនប្ដីលោកស្រី ប៉ុន្តែមិនបានបង្ហាញដីកា និងឲ្យដឹងអំពីមូលហេតុនៃការចាប់ខ្លួនឡើយ ដោយគ្រាន់តែប្រាប់ថា តាមបញ្ជារបស់ថ្នាក់លើ។
លោកស្រី ឃឹម សុខុម៖ «ខ្ញុំអត់យល់ទេ ខ្ញុំក៏គិតអីអត់ចេញដែរ តែខ្ញុំសូមសំណូមពរឲ្យរដ្ឋាភិបាល សូមឲ្យដោះលែងប្ដីខ្ញុំមកវិញមក ព្រោះអីជាគោលជំហរមួយដ៏រឹងមាំដល់ពេលអត់ប្ដីខ្ញុំទៅ ខ្ញុំក៏ឈឺ ហើយសេដ្ឋកិច្ចខ្ញុំក៏ធ្លាក់ ខ្ញុំមិនដឹងទីពឹងអីទៀតទេ។ អ៊ីចឹងខ្ញុំសូមសំណូមពរឲ្យរដ្ឋាភិបាលដោះលែងប្ដីខ្ញុំមក ព្រោះអីប្ដីរបស់ខ្ញុំអត់បានធ្វើទង្វើដូចគេចោទប្រកាន់ទេ»។
អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិ មនុស្សអាដហុក (ADHOC) លោក យិន ម៉េងលី ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៥ ខែមករា ថា ជំទប់ទី២ នៃគណបក្សភ្លើងទៀន លោក រ័ត្ន សុធី ត្រូវសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស ដោយចោទប្រកាន់ពីបទ «រួមគំនិតក្បត់»។
លោកលើកឡើងថា ដោយសាររឿងព្រំដែនបច្ចុប្បន្ន ជាបញ្ហារសើបដូច្នេះរដ្ឋាភិបាលគួរតែកំណត់ឲ្យច្បាស់ ថា តើបញ្ហាព្រំដែនណាខ្លះ អនុញ្ញាតឲ្យពលរដ្ឋនិយាយឬបង្ហាញទស្សនៈ ដើម្បីចៀសវាងកុំឲ្យតែពលរដ្ឋនិយាយពីបញ្ហាព្រំដែនតែប៉ុន្មានម៉ាត់ ក៏ធ្វើឲ្យពួកគាត់ប្រឈមការលំបាកក្នុងការអនុវត្តសិទ្ធិសេរីភាព ដែលជាការជះឥទ្ធិពលមិនល្អ ដល់គោលការណ៍ផ្សះផ្សាបង្រួបបង្រួមជាតិ។
លោក យិន ម៉េងលី បានហៅការអំពាវនាវបង្រួបបង្រួមជាតិរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ថា អាចជាសារប្រជាភិថុតិ ពីព្រោះនិយាយពីការបង្រួបបង្រួមជាតិ ហើយស្របជាមួយគ្នានេះ អាជ្ញាធររដ្ឋាភិបាលចាប់ខ្លួនសកម្មជនប្រឆាំង ទាក់ទងនឹងការសម្ដែងមតិទៅវិញ។
លោក យិន ម៉េងលី៖ «ដើម្បីបង្ហាញថា រដ្ឋាភិបាលពិតជាចង់ឲ្យមានការបង្រួបបង្រួមជាតិមែន គឺរដ្ឋាភិបាលគប្បីបញ្ឈប់ការចាប់ខ្លួនអ្នកដែលមានមតិផ្ទុយ ហើយធ្វើការ ដោះលែង អ្នកដែលមានមតិទាំងអស់ ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ នេះបានបង្ហាញពី ឆន្ទៈដ៏មុះមុត ដើម្បីបង្ហាញការបង្រួបបង្រួមជាតិ ដើម្បីប្រទេសជាតិរបស់យើង»។
អ្នកឃ្លាំមើលកត់សម្គាល់ថា ពេលលោក ហ៊ុន សែន នៅជានាយករដ្ឋមន្ត្រី បទ «ក្បត់ជាតិ» ត្រូវបានចោទប្រកាន់តែទៅលើអ្នកដឹកនាំនយោបាយប្រឆាំង ដែលជាគូប្រជែងអំណាច រីឯសកម្មជននយោបាយ រួមទាំងសកម្មជនដែលធ្វើកិច្ចការសង្គម សិទ្ធិមនុស្ស សហជីពការងារ បញ្ហាដីធ្លី និង បរិស្ថានជាដើម ច្រើនតែត្រូវប្រឈមនឹងបទចោទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋអាទិ៍» ឬបទ«ញុះញង់បង្កអសន្តិសុខក្នុងសង្គម»។ ប៉ុន្តែ ពួកគាត់ថា បន្ទាប់ពីលោក ហ៊ុន ម៉ាណែត ឡើងជានាយករដ្ឋមន្ត្រី ដោយគ្មានការបោះឆ្នោតត្រឹមត្រូវកាលពីឆ្នាំ២០២៣ ពលរដ្ឋខ្មែរនិងសកម្មជន ដែលគ្រាន់តែសម្ដែងមតិ អំពីបញ្ហាជាតិ ក៏ត្រូវអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត និងតុលាការ ចោទប្រកាន់កាន់តែធ្ងន់ធ្ងរ ដល់បទ «រួមគំនិតក្បត់» និង បទ «ក្បត់ជាតិ» ។
អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ លើកឡើងថា ក្នុងខែមករាឆ្នាំ២០២៦នេះ សកម្មជនគណបក្សភ្លើងទៀនចំនួន ២នាក់ហើយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។ លោកថា ការចាប់ខ្លួនជំទប់ទី២នៃគណបក្សភ្លើងទៀត នៅខេត្តបាត់ដំបង អាចពាក់ព័ន្ធនឹងការសម្ដែងមតិលើបណ្ដាញសង្គម ទាក់ទងនឹងបញ្ហាព្រំដែន។ អគ្គលេខាធិការគណបក្សភ្លើងទៀនរូបនេះ បានហៅការចាប់ខ្លួនលោក រ័ត្ន សុធី ថាជាការធ្វើឲ្យប៉ះពាល់ដល់ការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ រឹតត្បិតសិទ្ធិនយោបាយរបស់សកម្មបក្សប្រឆាំង និងធ្វើឲ្យរាំងស្ទះដំណើរការប្រជាធិបតេយ្យ ដែលលោកថា ជាការបង្កើតនូវរូបភាពអវិជ្ជមានសម្រាប់ប្រទេសកម្ពុជា។
លោក លី សុធារ៉ាយុត្តិ ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី១៥ ខែមករាថា អ្នកដែល សមត្ថកិច្ចចាប់ខ្លួន សុទ្ធតែសកម្មជន ដែលសកម្ម និងមានកេរ្តិ៍ឈ្មោះលេចធ្លោ របស់គណបក្សប្រឆាំងនៅមូលដ្ឋាន ដែលមានសេចក្ដីក្លាហាន និងសមត្ថភាព ប្រកួតប្រជែងកម្រិតនយោបាយមូលដ្ឋាន តទល់នឹងគណបក្សកាន់អំណាច។ លោកសោកស្ដាយ ដែលលោក ហ៊ុន ម៉ាណែត និយាយអំពីការរួបរួមតែមាត់ ប៉ុន្តែអាជ្ញាធររបស់លោកនាយរដ្ឋមន្ត្រី នៅតែបន្តចាប់សកម្មជនបក្សប្រឆាំង ទោះបី ជា ក្នុងកាលៈទេសៈដ៏លំបាករបស់ប្រទេសជាតិក៏ដោយ។
លោក លី សុធារ៉ាយុត្តិ៖ «ការរួបរួមគ្នាសាមគ្គីគ្នាខ្មែរ និងខ្មែរគ្រប់និន្នាការនយោបាយទាំងអស់ ដោយមិនរើសអើងនយោបាយ ជារឿងសំខាន់ និងចាំបាច់ និងមានតម្លៃណាស់ នៅក្នុងកាលៈទេសៈនេះ ដើម្បីពង្រឹងស្មារតីនៃការសាមគ្គីជាតិ ឯកភាពជាតិ ហើយរួមគ្នាដោះស្រាយបញ្ហាធំៗរបស់ជាតិ។ ដើម្បីបង្ហាញយើងទាំងអស់មិនប្រកាន់និន្នាការនយោបាយ យើងត្រូវរួបរួមសាមគ្គីគ្នា យើងមិនមែនត្រូវការតែមាត់ទេ។ ការនិយាយហើយ ទង្វើឲ្យវាស៊ីសង្វាក់គ្នា។ ជាក់ស្ដែងយើងឃើញ ថា ប្រមុខរដ្ឋាភិបាលបាន និយាយពីការបង្រួបបង្រួម ប៉ុន្តែនៅតែបន្តការចាប់ខ្លួន សកម្មជនបក្សប្រឆាំង ដែលមានមតិមិនស្របលើបញ្ហាណានៅក្នុងសង្គម។ ការធ្វើបែបហ្នឹង វាអត់ស្រប អត់ស៊ីនឹងអ្វីដែលបាននិយាយថា ការរួបរួមគ្នា ការសាមគ្គីគ្នាគឺជាការចាំបាច់ទេ»។
ស្របពេលដែលរដ្ឋាភិបាលក្រុងភ្នំពេញ នៃលោក ហ៊ុន ម៉ាណែត ទន្ទេញតែពាក្យសន្តិភាព និង ការរួបរួមសាមគ្គីជាតិដដែលៗនោះ អ្នកនយោបាយប្រឆាំង និងសកម្មជនដែលអនុវត្តសិទ្ធិធ្វើកិច្ចការនយោបាយ សកម្មភាពសង្គម សិទ្ធិមនុស្ស បញ្ហាដីធ្លី បរិស្ថាន និងការងារសហជីព រហូតដល់ពលរដ្ឋសាមញ្ញផង សរុបជិត ១០០នាក់ កំពុងជាប់ពន្ធធនាគារនៅឡើយ ។ អ្នកនយោបាយប្រឆាំង និង សកម្មជនទាំងនោះ ត្រូវបានអាជ្ញាធររដ្ឋាភិបាល និង តុលាការក្រោមឥទ្ធិពលក្រុមគ្រួសារត្រកូលហ៊ុន ចាប់ដាក់ពន្ធនាគារ ពាក់ព័ន្ធនឹងការសម្ដែងមតិ និង សកម្មភាពការពារផលប្រយោជន៍ជាតិ ដែល សហគមន៍អន្តរជាតិ ហៅពួកគាត់ថា ជាអ្នកទោសមនសិការ ឬ អ្នកទោសនយោបាយ ព្រោះមិនទាក់ទងនឹងបទឧក្រិដ្ឋកម្មតាមផ្លូវច្បាប់ណាមួយទេ៕









