

សាលាឧទ្ធរណ៍ភ្នំពេញ តម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលផ្ដន្ទាទោសលោក រ៉ុង ឈុន ដាក់ពន្ធនាគារ រយៈពេល ៤ ឆ្នាំ និងដកសិទ្ធិធ្វើ នយោបាយពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត និង ការបញ្ចេញមតិរឿងព្រំដែនកម្ពុជា-វៀតណាម កាលពីឆ្នាំ២០២៥។
ចៅក្រមជំនុំជម្រះនៃសាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី៣១ ខែមេសា បានប្រកាសសាលដីកា ផ្ដន្ទាទោស ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន ដាក់ពន្ធនាគារ ចំនួន ៤ឆ្នាំ និងពិន័យប្រាក់ ៤លានរៀល ស្មើ ១ ពាន់ដុល្លារ។ ក្រៅពីកាត់ឲ្យជាប់ពន្ធនាគារ តុលាការ បានដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរ ឈ្មោះឲ្យគេបោះឆ្នោតរបស់លោក រ៉ុង ឈុន ជាអចិន្ត្រៃយ៍។
ក្រៅពីសំណុំរឿងខាងលើនេះ តុលាការក្រុងភ្នំពេញ កាលពីឆ្នាំ២០២១បានកាត់ឲ្យ លោក រ៉ុង ឈុន មានទោសចំនួន ២ឆ្នាំ ពីបទ«ញុះញង់បង្កឱ្យមាន ភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធនឹងបញ្ហាប្រជាពលរដ្ឋ បាត់បង់ដីធ្លីនៅ ព្រំដែន ក្នុងខេត្តត្បូងឃ្មុំ។ ប៉ុន្តែនៅខែវិច្ឆិកា ឆ្នាំ ២០២១ដដែល តុលាការជាន់ខ្ពស់ សម្រេច ឲ្យលោកជាប់ពន្ធនាគារ ចំនួន ១៥ ខែ ហើយត្រូវបានដោះលែង ខណៈទោសនៅសល់ត្រូវព្យួរ។
សំណុំរឿងនេះ តុលាការក៏បានបង្គាប់ឱ្យលោក រ៉ុង ឈុន និងសកម្មជនពីរនាក់ទៀត រួមគ្នាសងសំណងការខូចខាត ចំនួន ៤០០លានរៀល ឬស្មើប្រមាណ ១០ម៉ឺនដុល្លារ ទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ពាក់ព័ន្ធនឹងសេចក្ដី ថ្លែងការណ៍អំពីបញ្ហារបស់កសិករខ្មែរ ដែលបានបាត់បង់ដីធ្លីនៅតំបន់ព្រំដែន ក្នុងខេត្តត្បូងឃ្មុំ ទៅឱ្យប្រទេសវៀតណាម។
អ្នកឃ្លាំមើល លើកឡើងថា ក្រុមគ្រួសារត្រកូលហ៊ុន បានប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីកម្ចាត់គូប្រជែងនយោបាយ ដូចជា ករណីបន្តធ្វើទុក្ខបុកម្នេញ លោក រ៉ុង ឈុន ជាដើម៕









