លោក រ៉ុង ឈុន ចាត់ទុក​ការ​សម្រេច​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ​ជា​អចិន្ត្រៃយ៍​របស់​សាលាឧទ្ធរណ៍​ថា ជា​រឿង​អយុត្តិធម៌

0
29
ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន នាទីស្នាក់ការគណបក្ស កាលពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន នាទីស្នាក់ការគណបក្ស កាលពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ ចាត់ទុក​ការសម្រេច​កម្កល់​សាលក្រម របស់​សាលាឧទ្ធរណ៍​ដកហូត​សិទ្ធិ​មិន​ឲ្យ​លោក​ធ្វើ​នយោបាយ​ជា​អចិន្ត្រៃយ៍ ជា​រឿង​អយុត្តិធម៌ និង​រិតត្បិត​សិទ្ធិ​សេរីភាព​ផ្នែក​នយោបាយ​។ ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់ពី​សាលាឧទ្ធរណ៍​ភ្នំពេញ សម្រេច​បន្ថែម​ការ​ផ្តន្ទាទោស​ទៅលើ​លោក រ៉ុង ឈុន ដោយ​បាន​ដកហូត​សិទ្ធិ​នយោបាយ​ជា​អចិន្ត្រៃយ៍ តាម​បញ្ញត្តិ​មាត្រា​៤៩៨ នៃ​ក្រមព្រហ្មទណ្ឌ។

ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃទី​១ ខែមេសា ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន បាន​ចាត់ទុក​ការ​ផ្តន្ទាទោស​បន្ថែម​របស់​សាលាឧទ្ធរណ៍​ក្រុងភ្នំពេញ ទៅលើ​រូប​លោក​ថា ជា​រឿង​អយុត្តិធម៌ និង​ជា​ការ​រិតត្បិត​សិទ្ធិ​សេរីភាព​ផ្នែក​នយោបាយ​។ លើស​ពី​នោះ​លោក​ថា ការសម្រេច​របស់​តុលាការ គឺជា​រឿង​នយោបាយ ធ្វើតាម​តម្រូវ​ចិត្ត​របស់​អ្នក​មាន​អំណាច មិនមែន​ជា​ការអនុវត្ត​ច្បាប់​នោះ​ឡើយ។

លោក រ៉ុង ឈុន បាន​ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​គួរតែ​ធ្វើ​វិសោធនកម្ម​ច្បាប់ ដើម្បី​កែសម្រួល​បទ​ចោទ «ញុះញង់» ពីព្រោះ​លោ​កថាបទ​ចោទ​មួយ​នេះ តែងតែ​ធ្វើទុក្ខបុកម្នេញ​ទៅលើ ពលរដ្ឋ​ស្លូតត្រង់ អ្នកនយោបាយ​ប្រឆាំង សកម្មជន​សង្គម ដែល​ពួកគាត់​គ្រាន់តែ​ប្រើប្រាស់​សិទ្ធិ និង​រិះគន់​កែ​លម្អ​រដ្ឋាភិបាល ឬ​អ្នកកាន់អំណាច​បច្ចុប្បន្ន​។ លោក​ថា ការ​ផ្ដន្ទាទោស​បន្ថែម​ទៅលើ​រូបលោក គ្មាន​ផល​ចំណេញ​ដល់​ប្រទេសជាតិ និង​ពលរដ្ឋ​នោះ​ទេ ផ្ទុយទៅវិញ ធ្វើ​ឲ្យ​កម្ពុជា​មាន​កេរ្តិ៍​ឈ្មោះ​អាក្រក់ នៅ​លើ​ឆាក​អន្តរជាតិ នឹង​រង​ការរិះគន់​ពី​មតិ​ជាតិ និង​អន្តរជាតិ​ប៉ុណ្ណោះ។

លោក រ៉ុង ឈុន៖ «បើសិន​មាន​ផល​ចំណេញ​អ្វី​ដល់​សង្គម​ដោយសារតែ​ចាប់ និង​មាន​វិធានការ​មក​លើ​រូប​ខ្ញុំ ខ្ញុំ​មិន​ធ្វើ​សន្និសីទ​កាសែត​នោះ​ទេ ប៉ុន្តែ​វា​មិន​មាន​ផល​ចំណេញ​អ្វី​ដល់​ប្រទេសជាតិ ហើយ​យើង​ដឹង​ហើយ ប្រព័ន្ធ​ច្បាប់​នៅ​ស្រុក​យើង គ្មាន​យុត្តិធម៌​សម្រាប់​អ្នកប្រឆាំង​នោះ​ទេ និយាយ​ឲ្យ​ត្រង់​ទៅ គេ​គ្រាន់តែ​ជួយ ដើម្បី​ធ្វើ​យ៉ាងម៉េច​ផាត់​ពណ៌​ជា​លក្ខណៈ​ស្រប​ទៅ​តាម​ការ​ចង់​បាន​របស់​អ្នក​មាន​អំណាច»។

គណបក្ស​កម្លាំង​ជាតិ សោយ​ស្ដាយ និង​ថា ការ​ដាក់ទោស​បន្ថែម​នេះ មិន​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​សេចក្ដី​ប្រកាស​ជា​សាកល​ស្ដីពី​សិទ្ធិមនុស្ស របស់​អង្គការសហប្រជាជាតិ និង​ជា​ការ​គំរាមកំហែង​នយោបាយ​ធ្ងន់ធ្ងរ និង​ផ្ទុយ​ពី​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល​កន្លង​ទៅ​ទៀត​ផង។

ជុំវិញ​រឿង​នេះ ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក សេង ឌីណា ដើម្បី​សុំ​ការ​បកស្រាយ​បាន​ទេ នៅ​ថ្ងៃទី១ ខែ​មេសា។

ទោះជា​យ៉ាងណា កាលពី​ថ្ងៃទី​៣១ ខែ​មីនា សាលាឧទ្ធរណ៍​ភ្នំពេញ​បានសម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ផ្ដន្ទាទោស​លោក រ៉ុង ឈុន ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៤​ឆ្នាំ ពិន័យ​ជា​ប្រាក់​៤​លាន​រៀន និង​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ ពាក់ព័ន្ធ​ការចោទប្រកាន់​ពី​បទ «​មិន​រាងចាល​» ក្នុង​សំណុំរឿង «​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» កាលពី​ខែ​ឧសភា ឆ្នាំ ២០២៥ ដោយសារ​លោក​បាន​ធ្វើ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម។ បន្ថែម​ពី​នោះ​សាលាឧទ្ធរណ៍​ភ្នំពេញ​ក៏បាន​ផ្ដន្ទាទោស​លោក រ៉ុង ឈុន ដោយ​ដកហូត​សិទ្ធិ​នយោបាយ​ជា​អចិន្ត្រៃយ៍ តាម​បញ្ញត្តិ​មាត្រា​៤៩៨​នៃ​ក្រមព្រហ្មទណ្ឌ។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី សុខា យល់ឃើញ​ថា ការ​ផ្ដន្ទាទោស​បន្ថែម​ទៅ​លើ​លោក រ៉ុង ឈុន បង្ហាញ​ឲ្យ​ឃើញ​ថា សិទ្ធិ​សេរីភាព​ផ្នែក​នយោបាយ​នៅ​កម្ពុជា កាន់តែ​រួម​តូច​ទៅៗ ហើយ​មិន​ធ្វើ​ឲ្យ​កម្ពុជា​មានមុខមាត់​ល្អ​នៅ​លើ​ឆាក​អន្តរជាតិ​នោះ​ឡើយ​។ លោក​ជំរុញ​ឲ្យ​អ្នក​នយោបាយ​ទាំងអស់​ស្វែងរក​ដំណោះស្រាយ ដើម្បី​ពង្រឹង​សាមគ្គី​ជាតិ​ឡើងវិញ។

លោក នី សុខា៖ «ដូច្នេះ​នេះ​ជា​ការ​បង្ហាញ​ឃើញថា យើង​មិនបាន​មាន​ឆន្ទៈ​នូវ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​ធូរស្រាល​នោះ​ទេ ផ្ទុយទៅវិញ​ហាក់បី​កាន់តែ​បង្ហាញ​ពី​សញ្ញា​បង្កើន​នៃ​ការ​ទៅលើ​ស្ថានភាព​សេរីភាព​ខាង​នយោបាយ​ថែមទៀត​ផង»។

តុលាការក្រុង​ភ្នំពេញ ធ្លាប់​បាន​ផ្ដន្ទាទោស​ឲ្យ​លោក រ៉ុង ឈុន ជាប់ពន្ធនាគារ​២​ឆ្នាំ កាលពី​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ ក្រោម​បទ​«​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​»​។ បន្ទាប់ពី​លោក​បាន​ចុះ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន និង​បាន​ជួប​ប្រជាកសិករ​ដែល​អះអាង​ថា បាន​បាត់បង់​ដីស្រែ​ទៅ​ប្រទេស​វៀតណាម នៅ​ស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ។ លោក​ក៏​ធ្លាប់​ជាប់​ពន្ធនាគា​រពាក់​ព័ន្ធ​រឿង​ព្រំដែន​មុន​ម្ដង​រួចហើយ​ដែរ កាលពី​ខែ​តុលា ឆ្នាំ​២០០៥ តែ​លោក​ជាប់ពន្ធនាគារ​បាន​ជាង​៣​ខែ ត្រូវ​បាន​រដ្ឋាភិបាល​ដោះលែង​វិញ ក្រោយពេល​មាន​ប្រតិកម្ម​ពី​ប្រជាពលរដ្ឋ អង្គការ​ជាតិ និង​អន្តរជាតិ។

បើ​ទោះជា​លោក រ៉ុង ឈុន រង​ការចោទប្រកាន់​ជា​បន្តបន្ទាប់​ក្ដី តែ​ឆន្ទៈ​របស់​លោក​នៅ​ដដែល។ លោក​ក៏បាន​ផ្ដាំផ្ញើ​ទៅ​អ្នកគាំទ្រ​គណបក្ស​កម្លាំង​ជាតិ កុំឱ្យ​បាក់​ទឹកចិត្ត ហើយ​ត្រូវ​រឹងមាំ ដើម្បី​ឆ្ពោះទៅ​គោលដៅ​គឺ​ការបោះឆ្នោត​នៅ​ឆ្នាំ​២០២៧ និង​ឆ្នាំ​២០២៨​ខាងមុខ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ