

ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ដាក់ពាក្យស្នើសុំសូមសាលាឧទ្ធរណ៍ពន្យារពេលចូលសវនាការនៅថ្ងៃទី៣១ ខែមីនា លើសំណុំរឿង “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” ដោយសារមេធាវីរបស់លោកជាប់រវល់។ ទោះជាយ៉ាងណា លោកសង្ឃឹមថា តុលាការនឹងផ្តល់យុត្តិធម៌ដល់លោកប្រសិនបើតុលាការគិតគួរដល់ផលប្រយោជន៍ជាតិជាធំ។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២៤ មីនា ថា លោកពុំមានការព្រួយបារម្ភអ្វីនោះទេនៅក្នុងសំណុំរឿងរបស់លោក ប៉ុន្តែការស្នើសុំពន្យារពេលចូលសវនាការនេះ ដោយសារតែមេធាវីរបស់លោកជាប់រវល់ ដូច្នេះលោកមិនអាចឡើងសវនាការដោយគ្មានមេធាវីបានឡើយ។
លោក រ៉ុង ឈុន អះអាងថា សំណុំរឿងនេះ ទាំងអង្គការជាតិ និងអន្តរជាតិ បានមើលឃើញយ៉ាងច្បាស់រួចទៅហើយថា ជាការរឹតត្បិតសិទ្ធិសេរីភាពមូលដ្ឋាន និងសិទ្ធិសេរីភាពលំហនយោបាយ ច្រើនជាងការអនុវត្តច្បាប់។ ប៉ុន្តែលោកថា ប្រើសិនបើតុលាការ តម្កល់ផលប្រយោជន៍ជាតិជាធំ នោះតុលាការនឹងផ្តល់យុត្តិធម៌ដល់រូបលោក ដើម្បីឲ្យលោកមានសិទ្ធិសេរីភាពពេញលេញធ្វើសកម្មភាពនយោបាយ។
លោក រ៉ុង ឈុន៖ «បើតុលាការឈរទៅលើវិជ្ជាជីវៈ ហើយឯករាជ្យ តម្កល់ផលប្រយោជន៍ជាតិជាធំ អាហ្នឹងខ្ញុំនឹងទទួលបាននូវយុត្តិធម៌ ទទួលបាននូវសេរីភាពឡើងវិញ ហើយយើងដឹងហើយ តុលាការក៏ត្រូវគិតថា អំពីផលចំណេញនិងផលខាត ថាតើសម្រេចទោសហ្នឹង ថាតើវាមានផលចំណេញអី ដែលចោទប្រកាន់»។
ការស្នើសុំពន្យារពេលចូលសវនាការ របស់ទីប្រឹក្សាគណបក្សកម្លាំងជាតិ រូបនេះ បន្ទាប់ពីសាលាឧទ្ធរណ៍ភ្នំពេញ បានចេញដីកាកោះហៅ បង្គាប់ឱ្យ លោក រ៉ុង ឈុន ចូលទៅសាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ២:០០ រសៀល នៅសាលសវនាការទី១ ជាកំណត់ ដើម្បីជំនុំជម្រះ ពីបទ “ញុះញង់បង្ក ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម (ការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម)” ។
ទាក់ទងទៅនឹងសំណុំរឿងនេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក សឹង សែនករុណា បានឲ្យដឹងថា កម្ពុជាកំពុងតែដើរផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យដោយបង្កើតឱ្យមានបរិយាកាសនយោបាយអាប់អួនៅមុនការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២៧ និងបោះឆ្នោតជាតិឆ្នាំ២០២៨ ដែលរងនូវការរិះគន់ពីសហគមន៍អន្តរជាតិ។
លោក សឹង សែនករុណា បន្ថែមថា ដើម្បីបង្កើតបរិយាកាសនយោបាយល្អប្រសើរឡើងវិញ តុលាការត្រូវតែធ្វើការទៅលើសំណុំរឿងរបស់លោក រ៉ុង ឈុន ដោយឈរលើឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការសម្រេចចិត្ត។ តុលាការមិនត្រូវធ្វើការទៅតាមអារម្មណ៍ រឺក៏តាមការបង្គាប់បញ្ជា របស់អ្នកនយោបាយនោះទេ។
លោក សឹង សែនករុណា៖ «អីចឹងការចាត់វិធានការទៅលើលោករ៉ុង ឈុន ក្នុងសំណុំរឿងរបស់លោកនេះគឺមិនត្រឹមត្រូវនោះទេ ហើយយើងឃើញថារងការរិះគន់អំពីសហគមន៍អន្តរជាតិជាច្រើន អីចឹងដើម្បីបញ្ចប់នូវការចោទប្រកាន់ រឺក៏ដាក់សម្ពាធផ្សេងៗពីសហគមន៍អន្តរជាតិ តុលាការគួរតែពិនិត្យអំពីសំណុំរឿងរបស់លោក រ៉ុង ឈុន គួរតែមានការទម្លាក់ចោលនូវបទចោទប្រកាន់ ហើយផ្តល់នូវសិទ្ធិសេរីភាពពេញលេញទៅដល់ រ៉ុង ឈុន»។
កាលពីឆ្នាំ២០២១ នៅក្នុងសំណុំរឿងចាស់ពីបទ ញុះញង់នេះ សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសឱ្យលោក រ៉ុង ឈុន ជាប់ពន្ធនាគារ រយៈពេល២ឆ្នាំម្ដង និងបង្គាប់ឱ្យ សងសំណងទៅគណៈកម្មការព្រំដែនជិត១០ម៉ឺនដុល្លារ។ ការសម្រេចនេះ ដោយសារលោកចុះទៅខេត្តត្បូងឃ្មុំ ហើយរិះគន់ពីបញ្ហាព្រំដែន។ ក្រោយមកនៅខែឧសភា ឆ្នាំ២០២៥ សាលាដំបូងរាជធានីភ្នំពេញក៏បានសម្រេចផ្ដន្ទាទោសលោក រ៉ុង ឈុនឲ្យជាប់ក្នុងពន្ធនាគាររយៈពេល៤ឆ្នាំ និងពិន័យជាប្រាក់ ៤លានរៀលពីបទមិនរាងចាល និងដកហូតសិទ្ធិធ្វើនយោបាយជាស្ថាពរ គឺគ្មានសិទ្ធិបោះឆ្នោត និងគ្មានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតអស់មួយជីវិត។
អ្នកឃ្លាំមើលអះអាងថា តាមរយៈករណី លោក រ៉ុង ឈុន គេសង្កេតឃើញមានមតិរិះគន់ពី សហគមន៍ជាតិ និងអន្តរជាតិ ពាក់ព័ន្ធនឹងការរឹតត្បិតសិទ្ធិសេរីភាពធ្វើនយោបាយ សិទ្ធិបញ្ចេញមតិ និងការបិទផ្លូវអ្នកនយោបាយដែលមានទស្សនៈប្រឆាំងទៅនឹងបក្សកាន់អំណាច៕









