

អាជ្ញាធរថៃបានចាប់ខ្លួនពលករខ្មែរជាបន្តបន្ទាប់ ដោយអះអាងថា ពួកគេបានឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ។ ចំណែកពលករអះអាងថា មូលហេតុដែលពួកគាត់បានឆ្លងដែនខុសច្បាប់ទាំងប្រថុយទៅប្រទេសថៃបែបនេះ គឺដោយសារនៅក្នុងស្រុកគ្មានការងារធ្វើ និងត្រូវថៅកែបោកប្រាស់ ដែលធ្វើឱ្យពួកគាត់ជួបបញ្ហាខ្វះខាត រហូតស្ទើរតែដាច់បាយម្ដងម្កាល។
បើទោះបីជារដ្ឋាភិបាលកម្ពុជា បានធានាផ្ដល់ទីកន្លែងការងារសម្រាប់ពលករដែលត្រឡប់ពីប្រទេសថៃយ៉ាងណាក្ដី ក៏ការងារទាំងនោះ មិនអាចធ្វើឱ្យពលរដ្ឋ អាចរស់ស្រួលនោះឡើយ រហូតមានពលរដ្ឋខ្លះ បានឆ្លងដែនខុសច្បាប់ទាំងប្រថុយប្រថានទៅប្រទេសថៃវិញ ហើយត្រូវអាជ្ញាធរថៃចាប់ខ្លួន បានជាបន្តបន្ទាប់។
កងទ័ពជើងទឹកថៃ បានប្រកាសកាលពីថ្ងៃទី១១ ខែមករា ថាកងកម្លាំងការពារព្រំដែនខេត្តចន្ទបុរី និងត្រាត(CBPC) បានចាប់ខ្លួនពលករខ្មែរ ចំនួន ៣០នាក់ ក្នុងនោះមានស្ត្រី ១០នាក់ និងកុមារចំនួន ១០នាក់ ខណៈពួកគេកំពុងឆ្លងដែនចូលក្នុងទឹកដីថៃដោយខុសច្បាប់ នៅស្រុកពោងណាមរ៉ន (Pong Nam Ron) ខេត្តចន្ទបុរី (Chanthaburi)។
កងទ័ពជើងទឹកថៃ បានអះអាងថា ក្នុងកំឡុងពេលសាកសួរ ក្រុមពលករខ្មែរបានប្រាប់ថា មូលហេតុដែលពួកគាត់លួចឆ្លងដែនខុសច្បាប់បែបនេះ គឺដោយសារកត្តាជីវភាពខ្វះខាត ក្នុងការរស់នៅ នៅឯស្រុកកំណើត ដែលបណ្ដាលមកពីបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ និងឱកាសការងារមានភាពចង្អៀត។ កងទ័ពជើងទឹកថៃ បានបញ្ជាក់ថា បន្ទាប់ពីការសាកសួរ និងឃុំខ្លួនយោធាថៃបានផ្ដល់ការថែទាំ ដោយផ្គត់ផ្គង់អាហារ ទឹក និងការថែទាំសុខភាព ដល់ពលករខ្មែរ ស្របតាមគោលការណ៍មនុស្សធម៌ មុននឹងបន្តនីតិវិធីតាមផ្លូវច្បាប់។
ដោយឡែកនៅខេត្តស្រះកែវ (Sa Kaeo) វិញ កាលពីថ្ងៃទី៩ ខែមករា ទាហានថៃ បានស្ទាក់ចាប់ឡានរបស់មេខ្យល់មួយគ្រឿង ដែលដឹកពលករខ្មែរចំណាកស្រុកខុសច្បាប់ចំនួន ៣៧នាក់ ក្នុងនោះមានស្ត្រីចំនួន ២០នាក់។ ក្រុមមេខ្យល់បានញាត់ក្រុមពលករខ្មែរ នៅក្នុងកន្លៀតអេប៉ុងដឹកតាមរថយន្ត ហើយនៅពេលត្រូវអាជ្ញាធរស្ទាក់ដើម្បីឆែកឆេរ ពួកគេបានរត់ចោលរថយន្ត និងគេចខ្លួនចូលទៅក្នុងចម្ការអំពៅមួយកន្លែង។ អាជ្ញាធរថៃបានឃុំខ្លួនពលករខ្មែរ និងចោទប្រកាន់ពីបទ «ឆ្លងដែន និងរស់នៅក្នុងទឹកដីថៃដោយគ្មានការអនុញ្ញាត»។
ការឆ្លងដែនរបស់ពលករខ្មែរ ទៅកាន់ប្រទេសថៃបានចាប់ផ្ដើមមានសន្ទុះឡើងវិញ ក្រោយកម្ពុជា និងថៃ បានចុះកិច្ចព្រមព្រៀងឈប់បាញ់គ្នាបណ្ដោះអាសន្ន។
ពលករខ្មែរ លោកស្រី ស៊ុន ចិន្តា ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១២ ខែមករា ថា ដោយសារឱកាសការងារនៅក្នុងស្រុក មានចំនួនតិច ហើយភាគច្រើនខុសពីជំនាញរបស់ពលករ និងការកេងប្រវ័ញ្ចពីថៅកែ បានធ្វើឱ្យគ្រួសារលោកស្រី ត្រូវលួចឆ្លងដែនចូលក្នុងទឹកដីថៃដោយខុសច្បាប់ ដើម្បីស្វែងរកការងារធ្វើ។
លោកស្រី ស៊ុន ចិន្តា៖ «កូនខ្ញុំឡើងមកថៃដែរហ្នឹង ព្រោះធ្វើការរោងចក្រ វាពិបាក មានតែរត់មកវិញតាមផ្លូវកាត់។ ខ្ញុំគិតថានឹងសន្សំលុយមួយឆ្នាំទៀតសិន ដើម្បីទៅផ្ទះវិញដាំបន្លែលក់។ បើទៅធ្វើខ្ញុំគេនៅស្រុកខ្មែរ មិនដឹងថា ទៅធ្វើអ្វីនោះទេ»។
តាមការអះអាងរបស់ពលករឱ្យដឹងថា ដើម្បីឆ្លងដែនចូលទៅកាន់ទឹកដីថៃ ពលករត្រូវចំណាយលុយក្នុងម្នាក់ៗ ចាប់ពី ៤០០ ទៅ៥០០ដុល្លារ ឱ្យទៅមេខ្យល់សម្រាប់នាំឆ្លងដែន ដោយសារអាជ្ញាធរថៃ បានរឹតបន្តឹងច្រកចេញចូលធ្វើឱ្យការលួចឆ្លងដែនមានភាពលំបាកជាងមុន។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទង អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេនៅថ្ងៃទី១២ ខែមករា។
ក្រសួងការងារបានឱ្យដឹងនៅថ្ងៃទី៩ ខែមករា ថា ឱកាសការងារចំនួនជាង ៨ម៉ឺនកន្លែង នៅតាមបណ្ដារាជធានី-ខេត្ត ត្រូវបានត្រៀមសម្រាប់ប្រជាពលរដ្ឋ និងពលករ មកពីប្រទេសថៃ ដែលកំពុងរកការងារធ្វើ។ ក្រសួងការងារបញ្ជាក់ថា គិតមកដល់ពេលនេះ មានពលករចំនួនជាង ៣០ម៉ឺននាក់ហើយ បានទទួលការងារតាមរយៈយន្តការរបស់ក្រសួង និងរាប់ម៉ឺននាក់ផ្សេងទៀត បានទទួលការងារធ្វើនៅតាមការដ្ឋានសំណង់ សិប្បកម្ម និងភោជនីយដ្ឋានជាដើម។
ទោះជាយ៉ាងណា ពលករខ្មែរមួយចំនួន បានអះអាងថា ពួកគាត់នៅតែមិនអាចរកការងារធ្វើនៅក្នុងស្រុកបាននៅឡើយ ខណៈការងារមួយចំនួនខុសនឹងជំនាញ ខ្លះទៀត ត្អូញត្អែរថា កម្រៃពលកម្មការងារនៅក្នុងស្រុក មានចំនួនតិចតួច ដែលធ្វើឱ្យពួកគាត់ជួបបញ្ហាជីវភាព និងខ្លះទៀត ត្រូវថៅកែមិនបើកប្រាក់ឈ្នួលឱ្យជាដើម។
ទន្ទឹមគ្នានេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានចេញរបាយការណ៍មួយ កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ដោយបានលើកឡើងអំពីភាពបរាជ័យរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្រួលដល់ពលករចំណាកស្រុករាប់សែននាក់ ដែលកំពុងជាប់បំណុលមីក្រូហិរញ្ញវត្ថុ បន្ទាប់ពីពួកគេត្រឡប់ពីប្រទេសថៃវិញ ដោយសារជម្លោះព្រំដែន។ របាយការណ៍ បានបញ្ជាក់ថា វិបត្តិបំណុលទាំងនេះ បានញាំញីជីវភាពរបស់ពលករ ធ្វើឱ្យពួកគេប្រឈមនឹងភាពអត់ឃ្លាន ដោយសារគ្មានការងារធ្វើ។

ជុំវិញរឿងនេះ មន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករចំណាកស្រុកប្រចាំប្រទេសថៃ នៃអង្គការសង់ត្រាល់ លោក លឹង សុផុន ឱ្យដឹងថា ចាប់តាំងពីដើមឆ្នាំ២០២៦ នេះ ពលករខ្មែរ បានលួចឆ្លងដែនខុសច្បាប់ មកប្រទេសថៃ មានចំនួនជាង ១០០នាក់។ លោកបន្តថា ពលករខ្មែរមិនគួរឆ្លងដែនទៅកាន់ប្រទេសថៃ ក្នុងស្ថានភាពបែបនេះទេ ព្រោះអាចបណ្ដាលឱ្យមានហានិភ័យខ្ពស់ ខណៈរដ្ឋាភិបាលថៃ មិនទាន់អនុលោមទទួលពលរដ្ឋខ្មែរនៅឡើយ។
លោក លឹង សុផុន៖ «ណាមួយទៀត មកដល់ប្រទេសថៃ យើងក៏លំបាកក្នុងការធ្វើឯកសារឱ្យត្រឹមត្រូវតាមច្បាប់ការងារ។ អ៊ីចឹងហើយប្រសិនបើមានបញ្ហា យើងពិបាកក្នុងការដោះស្រាយ។ ហើយណាមួយវាមានបញ្ហាប្រឈមច្រើនទៀត ដូចជាពិបាករកការងារធ្វើ និងពិបាកក្នុងការរកកន្លែងស្នាក់នៅ»។
ក្រសួងការងារថៃ បានប្រកាសកាលពីចុងខែធ្នូ ឆ្នាំ២០២៥ ថា ពលករខ្មែរ អាចរស់នៅ និងធ្វើការបានរយៈពេល ១ឆ្នាំបន្ថែមទៀត រហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៧។ ក្រសួងការងារថៃ បន្តថា ចំពោះពលករខ្មែរ ដែលមិនស្របច្បាប់ នឹងទទួលបានការអនុញ្ញាតឱ្យស្នាក់នៅ និងធ្វើការរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ចំណែកពលករខ្មែរ ដែលបានបន្តអាជ្ញាប័ណ្ណការងារ ឬអាជ្ញាប័ណ្ណចាស់ ដែលផុតកំណត់នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ និងទទួលបានការអនុញ្ញាតឱ្យស្នាក់នៅ និងធ្វើការងាររហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៧ ហើយអាចបន្តបាន ២ឆ្នាំទៀត ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៩៕









