
ឪពុកលោក សន តារា គឺលោក សុខ ស៊ុនណារ៉េត ទទូចឲ្យសាលាឧទ្ធរណ៍ភ្នំពេញ ទម្លាក់ចោទប្រកាន់ និងដោះលែងលោកឲ្យមានសេរីភាពវិញ ដោយលោកអះអាងថា លោកជាមនុស្សស្អាតស្អំ និងមិនបានរក្សាទុកគ្រឿងញៀន ដូចតុលាការ ថ្នាក់ក្រោមចោទប្រកាន់នោះទេ។ សង្គមស៊ីវិល ចាត់ទុកករណីនេះថា ជាល្បិចធ្វើទុក្ខបុកម្នេញសេរីភាពនយោបាយ។
ក្នុងសម្លៀកបំពាក់ពណ៌ស្លាទុំ ឈរនៅរង្វង់ក្រចកសេះ លោក សុខ ស៊ុនណារ៉េត បានប្រាប់ចៅក្រមសាលាឧទ្ធរណ៍ អំឡុងពេលសវនាការ នៅថ្ងៃទី១៩ ខែមករាថា លោកមិនបានប្រព្រឹត្តបទល្មើស ដូចការចោទប្រកាន់របស់សាលាដំបូងខេត្តកំពង់ស្ពឺឡើយ។ លោកស្នើឲ្យចៅក្រមសាលាឧទ្ធរណ៍ ផ្ដល់យុត្តិធម៌ដល់រូបលោក។
កូនប្រុសលោក សុខ ស៊ុនណារ៉េត គឺលោក ស៊ន សារ៉ាត់ ប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់សវនាការថា ឪពុករបស់លោកនៅតែរក្សាជំហរមិនទទួលស្គាល់បទចោទប្រកាន់ ដែលសាលាដំបូងខេត្តកំពង់ស្ពឺ បានដាក់បន្ទុកឡើយ។ លោកបញ្ជាក់ថា នៅក្នុងបន្ទប់សវនាការនៅព្រឹកនេះ ឪពុករបស់លោកបានស្នើឲ្យប្រធានក្រុមប្រឹក្សាជំនុំជម្រះទម្លាក់ចោលបទប្រកាន់ ហើយដោះលែងឲ្យគាត់មានសេរីភាពឡើងវិញ។
ប៉ុន្តែលោក ស៊ន សារ៉ាត់ អះអាងថា ព្រះរាជអាជ្ញាលោក ជុំ សែនសទ្ធា បែរជាស្នើឲ្យចៅក្រមបន្ថែមទោសពិន័យលើឪពុករបស់លោក ដោយថាសេចក្ដីសម្រេចរបស់សាលាដំបូងខេត្តកំពង់ស្ពឺ មិនបានដាក់ទោសពិន័យនោះទេ។ លោក ស៊ន សារ៉ាត់ សម្ដែងការសោកស្ដាយចំពោះព្រះរាជអាជ្ញា ដែលស្នើឲ្យចៅក្រមដាក់ពិន័យលើឪពុករបស់លោក បន្ថែមលើទោសជាប់ពន្ធនាគារច្រើនឆ្នាំទៅហើយនោះ។
លោក ស៊ន សារ៉ាត់៖ «ខ្ញុំយល់ថា វាជារឿងអយុត្តិធម៌មួយបន្ថែមទៀត ខណៈដែលឪពុករបស់ខ្ញុំបានច្រានចោលសេចក្ដីសម្រេចទៅនឹងដាក់ពន្ធនាគារហើយ មិនកើតទុក្ខមិនសុខចិត្តហើយ ប៉ុន្តែបែរជាមកសាលាឧទ្ធរណ៍ គេបែរជាមកបន្ថែមពិន័យអី បន្ថែមទៀតអ៊ីចឹង»។
លោក ស៊ន សារ៉ាត់ ថា សុខភាពផ្លូវចិត្តឪពុកលោក នៅរឹងមាំ ប៉ុន្តែសុខភាពរាងកាយទ្រុឌទ្រោមខ្លាំង។ លោកសំណូមពរឲ្យសាលាឧទ្ធរណ៍ភ្នំពេញផ្ទៀងផ្ទាត់ និងពិចារណាអង្គហេតុឡើងវិញ ហើយផ្ដល់យុត្តិធម៌ឲ្យឪពុករបស់លោក និងស្នើជាថ្មីទៀត ដល់លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត ឲ្យយោគយល់ និងអនុគ្រោះដល់ឪពុករបស់លោក ដែលមានជំងឺប្រចាំកាយ មានវ័យជរា និង ធ្លាប់បានបម្រើជាតិ ក្នុងនាមជាកងទ័ពជាង ៣០ឆ្នាំមកហើយ។
លោក ស៊ន សារ៉ាត់៖ «នៅក្នុងបន្ទប់ពន្ធនាគារចង្អៀត ហើយសុទ្ធតែក្មេងៗ ចាស់តែ គាត់ទេ នៅក្នុងបន្ទប់ហ្នឹង។ គាត់ឧស្សាហ៍ក្អក គឺក្អកអត់បាត់ជារៀងរាល់ថ្ងៃ ហើយលេបថ្នាំអីក៏អត់បាត់ដែរ ហើយឥឡូវឡើងរមាស់ពេញខ្លួន»។
ក្រោយពីបញ្ចប់សវនាការ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ លោក អ៊ិត សុធា សម្រេចប្រកាសសាលាដីកាសំណុំរឿងលោក សុខ ស៊ុនណារ៉េត នៅថ្ងៃទី២៩ ខែមករា ខាងមុខនេះ។
លោក សុខ ស៊ុនណារ៉េត ត្រូវបានតុលាការខេត្តកំពង់ស្ពឺ កាត់ឱ្យមានទោសជាប់ពន្ធនាគារ ៤ឆ្នាំ ក្រោមបទចោទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ដែលលោកតែងតែបដិសេធការចោទប្រកាន់នេះ។ លោកត្រូវបានបញ្ជូនទៅឃុំឃាំងនៅពន្ធនាគារខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក សុខ ស៊ុនណារ៉េត ត្រូវបានមន្ត្រីកងរាជអាវុធហត្ថចាប់ខ្លួន ក្រោយពីលោក ហ៊ុន សែន ព្រមានដកតំណែង និងបណ្ដេញចេញពីក្របខណ្ឌការងាររដ្ឋ ប្រសិនបើលោក ស៊ន តារា ជាកូន ដែលកំពុងរស់នៅប្រទេសបារាំង បន្តរិះគន់អំពើផ្ដាច់ការ និងរំលោភសិទ្ធិមនុស្សរបស់លោក ហ៊ុន សែន និង ក្រុមគ្រួសារត្រកូលហ៊ុន។ លោក សុខ ស៊ុនណារ៉េត គឺជាអតីតមន្ត្រីយោធាសឹករង ខេត្តកំពង់ស្ពឺ និងបានចូលនិវត្តន៍នៅឆ្នាំ២០២២។
មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក គឹម ពិសិដ្ឋ ចាត់ទុកករណីនេះ ថា ជាការធ្វើទុក្ខបុកម្នេញលើគ្រួសាររបស់លោក សុខ ស៊ុនណារ៉េត ពីព្រោះមុនពេលសមត្ថកិច្ចចាប់ខ្លួន កូនប្រុសរបស់លោក គឺលោក ស៊ន តារា បានធ្វើសកម្មក្នុងការបញ្ចេញមតិ ពាក់ព័ន្ធនឹងអំពើអយុត្តិធម៌សង្គម និងបញ្ហានយោបាយ។
លោក គឹម ពិសិដ្ឋ៖ «យើងសន្មតថា ជាការធ្វើការរឹតត្បិត ជាការរំខានទៅដល់ក្រុមគ្រួសារ លោក សុខ ស៊ុនណារ៉េត អ្នកមានមតិផ្ទុយ ទៅដល់ហ៊ានរិះគន់ផងដែរ»។
អ្នកឃ្លាំកត់សម្គាល់ថា ពុំមានអ្នកទោសមនសិការ ឬ អ្នកទោសក្រោមទម្រង់រឹតត្បិតសេរីភាពរូបណា ត្រូវបានផ្ដល់យុត្តិធម៌ និងដោះលែងឲ្យមានសេរីភាពនោះទេ នៅក្រោមកណ្ដាប់ដៃដែករបស់រដ្ឋាភិបាលក្រុមគ្រួសារត្រកូលហ៊ុន។ សកម្មជនមួយចំនួន ត្រូវតុលាការឲ្យនៅក្រៅឃុំ ដោយសារតែពួកគេខ្លះសុំទោសលោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត ឬព្រមចុះចូលគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ។ រីឯអ្នកទោសមនសិការ ដែលមិនព្រមសុំទោស និងបដិសេធចូលរួមគណបក្សប្រជាជនកម្ពុជា ត្រូវតុលាការសម្រេចដាក់ពន្ធនាគារគ្រប់ពេលកំណត់ទោស ដោយគ្មានការលើកលែង។
ជាក់ស្ដែង ថ្ងៃទី១៩ ខែមករានេះ ប្រធានតំបន់មួយរូបនៃសមាគមន៍ប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) គឺលោក ជា ចាន់ថា ត្រូវបានដោះលែងចេញពីពន្ធនាគារ ក្រោយពីលោកបានជាប់ក្នុងពន្ធនាគារ គ្រប់រយៈពេល ១៨ខែ តាមការផ្ដន្ទាទោសរបស់តុលាការ។ លោកត្រូវបានតុលាការកាត់ឲ្យមានទោស បន្ទាប់ពីធ្វើសកម្មភាពរបស់លោកជួយពលរដ្ឋក្រីក្រ។
យ៉ាងណា ប្រធានសមាគមនេះ លោក វន់ ពៅ សរសេរនៅហ្វេសប៊ុករបស់លោកថា ដោយគិតថេរវេលានៃការចាប់ខ្លួនគាត់ រហូតមកដល់ពេលនេះ មានរយៈពេល១៨ខែ ៣ថ្ងៃ ឯណោះ ដែលលោក ជា ចាន់ថា ជាប់ពន្ធនាគារ។
អ្នកឃ្លាំមើលលើកឡើងថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ធ្លាក់ក្នុងវិបត្តិកាន់តែអាក្រក់ឡើង កាលណារដ្ឋាភិបាលក្រុមគ្រួសារហ៊ុន នៅតែបន្តដឹកនាំប្រទេស។ ពួកគេថា ឧក្រិដ្ឋកម្មនយោបាយ «ងើប១វៃ១»របស់លោក ហ៊ុន សែន មិនត្រឹមតែកម្ចាត់ដោយបំពានលើក្រុមអ្នកនយោបាយប្រឆាំង និង សកម្មជនគ្រប់វិស័យប៉ុណ្ណោះទេ ប៉ុន្តែឈានដល់ធ្វើយុទ្ធនាការបំផ្លាញក្រុមគ្រួសារសាច់ញាតិ ដែលមិនពាក់ព័ន្ធទៀត ដូចជាករណីលោក សុខ ស៊ុនណារ៉េត ដែលជាឪពុកលោក ស៊ន តារា ជាដើម៕










