

ទាហានខ្មែរឈរជើងនៅតំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ទាហានថៃបានធ្វើសកម្មភាពរាយបន្លាលួស និងជីកប្រឡាយ ក្នុងទឹកដីខ្មែរជាច្រើនទីតាំង នៅតំបន់អូរស្មាច់ ចាប់តាំងពីតំបន់ទីប្រជុំជន កាស៊ីណូ រហូតដល់តំបន់ស្រែចម្ការរបស់ពលរដ្ឋខ្មែរ។ ទាហានខ្មែរចោទថា ការណ៍ដែលទាហានថៃ អាចធ្វើសកម្មភាពឈ្លានពានបានយ៉ាងរលូនបែបនេះ គឺបណ្ដាលមកពីថ្នាក់លើ បានដាក់បញ្ជាឱ្យកងទ័ពរក្សាភាពស្ងៀមស្ងាត់ និងអត់ធ្មត់។
ទាហានខ្មែរម្នាក់ ឈរជើងនៅតំបន់អូរស្មាច់ អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ និងសំឡេងថា គិតមកដល់ពេលនេះ ទាហានថៃបានរាយបន្លាលួសព័ទ្ធយកតំបន់កាស៊ីណូនៅក្នុងទឹកដីខ្មែរ បានទាំងស្រុងហើយ ដោយពួកគេបានប្រើប្រាស់អេស្កាវ៉ាទ័រកាយកម្ទេចសសរគ្រឹះ និងអាគារមួយចំនួន។ លោកបន្តថា ទីតាំងដែលទាហានថៃ ចូលរាយបន្លាលួសព័ទ្ធយកនោះ មានចម្ងាយពីប៉ុស្តិ៍ប្រចាំការនៅច្រកព្រំដែនប្រហែលជាង ៤០០ម៉ែត្រ ខណៈតំបន់មួយចំនួនទៀត ទាហានថៃបានចូលរាយបន្លាលួស និងជីកប្រឡាយចូលក្នុងទឹកដីកម្ពុជារហូតដល់ទៅជាង ៦០០ម៉ែត្រ ដូចជាតំបន់អូរខ្លាឃ្មុំ ជាដើម។
ប្រភពពីទាហានខ្មែរផ្សេងទៀត បានអះអាងដូចគ្នាថា ទាហានថៃបានធ្វើសកម្មភាពឈ្លានពានទឹកដីកម្ពុជា នៅតំបន់អូរស្មាច់អស់រយៈពេលជាច្រើនខែមកហើយ ដោយពួកគេបានដាក់ពង្រាយកម្លាំងនៅតាមអាគារកាស៊ីណូ និងទីតាំងមួយចំនួន ហើយនៅពេលមានទាហាន ឬប្រជាពលរដ្ឋខ្មែរដើរឆ្លងកាត់ ទាហានថៃនឹងស្រែកគំរាម រហូតដល់មានការបាញ់ប្រហារពីលើអាគារជាច្រើនគ្រាប់ មកលើកងកម្លាំង និងប្រជាពលរដ្ឋខ្មែរទៀតផង។
ទាហានខ្មែរអះអាងទៀតថា កន្លងមកពួកគេបានរាយការណ៍ករណីផ្ទុះអាវុធ និងឈ្លានពានរបស់យោធាថៃនេះ ទៅកាន់ថ្នាក់លើជាច្រើនលើក ក៏ប៉ុន្តែថ្នាក់លើបានបញ្ជាឱ្យកងកម្លាំងរក្សាភាពស្ងៀមស្ងាត់ និងការអត់ធ្មត់ ដែលធ្វើឱ្យទាហានខ្លះបានអនុវត្តបទបញ្ជានេះទាំងមិនពេញចិត្ត និងបានត្រឹមតែឈរមើលសកម្មភាពឈ្លានពានរបស់ទាហានថៃ នៅក្នុងទឹកដីខ្លួនឯង។
ទាហានខ្មែរអះអាងថា ទោះបីជាស្ថានភាពនៅតំបន់អូរស្មាច់ មានភាពផុយស្រួយយ៉ាងណាក្ដី ក៏អាជ្ញាធរក្នុងតំបន់នេះ បានបិទខ្ទប់ព័ត៌មានមិនឱ្យមានការផ្សព្វផ្សាយចេញទៅក្រៅនោះឡើយ។ ជាងនេះទៅទៀត ក្នុងអំឡុងពេលទាហានថៃធ្វើសកម្មភាពឈ្លានពានក្នុងទឹកដីកម្ពុជានោះ គ្មានថ្នាក់ដឹកនាំ ឬតំណាងរាស្ត្រណាម្នាក់ ចុះមកត្រួតពិនិត្យដោយផ្ទាល់នៅទីតាំងទាំងនោះឡើយ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា និងអភិបាលខេត្តឧត្តរមានជ័យ លោក មាន ចាន់យ៉ាដា ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៣ ខែមីនា។
ជុំវិញរឿងនេះ ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន លើកឡើងថា ទាហានថៃបានចូលកាន់កាប់តំបន់អូរស្មាច់ ដោយខុសច្បាប់ ព្រោះតំបន់នេះស្ថិតក្នុងបូរណភាពទឹកដីកម្ពុជា ដោយយោងតាមផែនទីខ្នាត ១/២០០.០០០ ដែលជាផែនទីឧបសម្ពន្ធភ្ជាប់សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ដែលទទួលស្គាល់ជាអន្តរជាតិ។
លោក អ៊ុំ សំអាន៖ «បើទាហានខ្មែរយើង មិនទទួលបានបទបញ្ជាដើម្បីទប់ស្កាត់សកម្មភាពឈ្លានពានរបស់ទាហានថៃ នៅក្នុងទឹកដីកម្ពុជានោះទេ នឹងធ្វើឱ្យទាហានថៃឈ្លានពានមកលើកម្ពុជាបន្ថែមទៀត តាមរយៈការដាក់រាយបន្លាលួស តម្រៀបទូកុងតឺន័រ និងអភិវឌ្ឍនៅលើដីខ្មែរយើង ដែលធ្វើឱ្យយើងបាត់បង់ទឹកដីជាង ៤៥ទីតាំងហើយ នៅបន្តបាត់បន្ថែមទៀត នៅពេលកម្ពុជារក្សាភាពស្ងៀមស្ងាត់»។
ពាក់ព័ន្ធនឹងសកម្មភាពរបស់ទាហានថៃ នៅតំបន់អូរស្មាច់ នេះដែរ កាលពីថ្ងៃទី១២ ខែមីនា ទាហានថៃ បានដឹកនាំអ្នកសារព័ត៌មានបរទេសចំនួន ៣៧នាក់ មកពីស្ថាប័នចំនួន១៨ ចុះទៅយកព័ត៌មាននៅច្រកទ្វារព្រំដែនអូរស្មាច់។ នៅពីមុខផ្ទាំងប៉ាណូ ដែលបង្ហាញពីទីតាំងអាគារកាស៊ីណូ ក្នុងតំបន់អូរស្មាច់ ទាហានថៃបានធ្វើការអត្ថាធិប្បាយប្រាប់ក្រុមអ្នកសារព័ត៌មានអន្តរជាតិថា អាគារកាស៊ីណូទាំងនេះ ត្រូវបានគេប្រើប្រាស់ជាមជ្ឈមណ្ឌលឆបោកឆ្លងដែនដ៏ធំ មុននឹងត្រូវបានទាហានខ្មែរប្រើប្រាស់ជាមូលដ្ឋានប្រតិបត្តិការយោធា ដើម្បីប្រឆាំងនឹងកងទ័ពថៃ។
ទោះជាយ៉ាងណា ក្រសួងការបរទេសថៃ ដែលបានចេញសេចក្ដីថ្លែងការណ៍អំពីរឿងនេះ មិនបានរំលេចឈ្មោះទីតាំងកាស៊ីណូទាំងនោះ ថានៅក្នុងតំបន់អូរស្មាច់របស់កម្ពុជានោះឡើយ៕









