

នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) លើកឡើងថា ជម្លោះព្រំដែនរវាងកម្ពុជា និងថៃមិនជាប់ពាក់ព័ន្ធនឹងអនុស្សរណៈយោគយល់គ្នា ឆ្នាំ២០០០ ដែលតម្រូវឱ្យភាគីទាំងពីរ កំណត់បង្គោលព្រំដែន តាមសន្ធិសញ្ញា បារាំង-សៀម ឆ្នាំ១៩០៧ នោះឡើយ។ មន្ត្រីបក្សប្រឆាំងរបស់កម្ពុជាថា ថៃកំពុងរកលេស ដើម្បីបន្តកាន់កាប់ទឹកដីរបស់កម្ពុជានៅតាមព្រំដែន។
បន្ទាប់ពីទទួលបានផលចំណេញ ពីសង្គ្រាមឈ្លានពាន ដោយចូលកាន់កាប់ទឹកដីកម្ពុជានៅតំបន់ព្រំដែនមក ពេលនេះភាគីថៃ ហាក់កំពុងតែរកវិធី ហែកចោលអនុស្សរណៈយោគយល់គ្នា ជាមួយកម្ពុជា ឬ MOU 43។
នាយករដ្ឋមន្ត្រីថៃ ចាំផ្ទះ លោក អានុទីន ចាន់វីរៈគុល បានប្រាប់អ្នកសារព័ត៌មាន ក្នុងពេលចុះទៅតំបន់ព្រំដែនខេត្តស្រះកែវ កាលពីថ្ងៃទី២៦ ខែមករា ថា អនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ រវាងកម្ពុជា និងថៃ ស្ដីពីការកំណត់បង្គោលព្រំដែន រវាងប្រទេសទាំងពីរនោះ កំពុងមានការវិវឌ្ឍ ដោយលោកអះអាងថា កិច្ចព្រមព្រៀងនេះ មិនមែនជាមូលហេតុ ដែលបង្កឱ្យមានសង្គ្រាមតាមព្រំដែននោះឡើយ។
លោក អានុទីន អះអាងក្នុងសម្ដី បែបរដិបរដុបថា អនុស្សរណៈយោគយល់គ្នា រវាងកម្ពុជា និងថៃ ឆ្នាំ២០០០ នេះ នឹងនៅតែអនុវត្តក្នុងតំបន់ដែលគ្មានជម្លោះ ខណៈនៅតំបន់ផ្សេងទៀត ប្រទេសថៃ នឹងប្រើប្រាស់តាមផែនទីមាត្រដ្ឋាន ១/៥០.០០០ ដែលជាផែនទីថៃគូរដោយខ្លួនឯង ក្នុងការកំណត់ព្រំដែនរវាងកម្ពុជា និងថៃ។
អនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ ដែលហៅកាត់ថា MOU 43 គឺជាកិច្ចព្រមព្រៀង ដែលកំណត់ពីការវាស់វែង ខណ្ឌសីមាព្រំដែនគោករវាងកម្ពុជា និងថៃ ដោយសំអាងលើ ឯកសារដែលជាមរតករបស់អាណានិគមបារាំង រួមមានសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ និងការបង្កើត និងតែងតាំងគណៈកម្មការចម្រុះព្រំដែន ដើម្បីដោះស្រាយបញ្ហារឿងព្រំដែន ដែលមានភាពមិនដាច់ស្រេច តាមយន្តការទ្វេភាគី។
កម្ពុជា និងថៃបានតម្កល់ MOU 43 នេះ នៅអគ្គលេខាធិការដ្ឋានអង្គការសហប្រជាជាតិ និងបានផ្សព្វផ្សាយជាសាធារណៈ នៅក្នុងកម្រងសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិ។ ក៏ប៉ុន្តែ កាលពីខែកញ្ញា ឆ្នាំ២០២៥ រដ្ឋាភិបាលរបស់លោក អានុទីន បានលើកឡើងពីគម្រោងស្នើឱ្យមានការបោះឆ្នោតប្រជាមតិ ដើម្បីលុបចោល MOU ឆ្នាំ២០០០ និងឆ្នាំ២០០១ ម្ដងរួចមកហើយ។
មន្ត្រីរដ្ឋាភិបាល និងអ្នកនយោបាយថៃ មួយចំនួនចោទថា MUO ឆ្នាំ២០០០ នេះ គឺជាកិច្ចព្រមព្រៀងខុសច្បាប់ ដែលរដ្ឋាភិបាលថៃ ជំនាន់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) និងរដ្ឋាភិបាលកម្ពុជា របស់អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានបង្កើតឡើង ដោយគ្មានការអនុម័តពីស្ថាប័នរដ្ឋសភា។ ទន្ទឹមគ្នានេះ ពួកគេបានចោទថា សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ បានធ្វើឡើង ក្នុងពេលអាណានិគមបារាំង កំពុងមានអំណាច និងបានដាក់សម្ពាធមកលើប្រទេសសៀម ឱ្យព្រមទទួលយក។
ជុំវិញរឿងនេះ ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិ ព្រំដែន និងអន្តោប្រវេសន៍នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន លើកឡើងថា ប្រទេសថៃ កំពុងតែកេងចំណេញលើអនុស្សរណៈយោគយល់គ្នា ឆ្នាំ២០០០ ដោយសារយោធាថៃ បានចូលកាន់កាប់តំបន់នៅព្រំដែនរបស់កម្ពុជា លើសពីតំបន់ ដែលពួកគេធ្លាប់ទាមទារទៅហើយ។ លោកបន្តថា បើរដ្ឋាភិបាលកម្ពុជា នៅតែអែអង់ក្នុងការប្ដឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ នោះកម្ពុជា នឹងបាត់បង់ទឹកដីនៅតាមតំបន់ព្រំដែន ជាអចិន្ត្រៃយ៍ ទៅកាន់ប្រទេសថៃ។
លោក អ៊ុំ សំអាន៖ «ដូច្នេះជម្រើសរបស់លោក ហ៊ុន សែន ហ៊ុន ម៉ាណែត មានតែ២ទេ គឺទី១ គឺយល់ព្រមទៅតាមផែនទីខ្នាត ១លើ៥០ពាន់របស់ថៃ ទៅតាមទីតាំងដែលថៃគ្រប់គ្រងចំនួន៤១ទីតាំងហ្នឹង កាត់យកទៅឱ្យថៃ ដើម្បីដូរយកសន្តិភាព។ ចំណុចទី២ គឺទុករហូត អត់ព្រមបោះបង្គោលព្រំដែន បណ្ដោយឱ្យគេគ្រប់គ្រងយូរៗទៅ កើតជារបស់គេ ដូចកោះគជ់ និងកោះត្រល់ ហើយមកដល់ក្មេងជំនាន់ក្រោយ ទឹកដីទាំងនោះ នឹងកាត់ទៅឱ្យគេ»។
ពាក់ព័ន្ធរឿងនេះដែរ ប្រធានក្រុមអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានថ្លែងកាលពីថ្ងៃទី២៦ ខែមករា ថា គិតចាប់តាំងពីកម្ពុជាទទួលរងសង្គ្រាមឈ្លានពានពីប្រទេសថៃ អំឡុងពេល ៦ខែចុងក្រោយនេះ ក្រសួង និងស្ថាប័ននានារបស់រដ្ឋាភិបាលបានធ្វើកំណត់ទូតតវ៉ា សេចក្ដីថ្លែងការណ៍ ញត្តិថ្កោលទោស និងលិខិតបកស្រាយ សរុបចំនួនជិត ៧០០លើកមកហើយ។
ទោះជាយ៉ាងណា មហាជនបានរិះគន់ថា ទោះបីជារដ្ឋាភិបាលខំស្រែកថ្កោលទោសថៃ ១០០ឆ្នាំទៀត ក៏មិនអាចយកទឹកដីត្រឡប់មកវិញបានឡើយ។ ពួកគាត់ថា ក្រៅពីវិធីការទូត ដែលមានភាពទន់ជ្រាយបែបនេះ រដ្ឋាភិបាលគួរតែប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ដើម្បីដាក់សម្ពាធទៅលើភាគីថៃ។
ខណៈរដ្ឋាភិបាលកម្ពុជាកំពុងស្រែកតវ៉ាតែម្នាក់ឯងនោះ យោធាថៃ បានបន្តរាយបន្លាលួស តម្រៀបទូកុងទឺន័រ និងឈូសបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងភូមិម្ករ របស់ពលរដ្ឋខ្មែរស្ទើររៀងរាល់ថ្ងៃ។
លោក អ៊ុំ សំអាន បានអះអាងថា តំបន់ព្រំដែនខ្មែរ ដែលយោធាថៃ កំពុងកាន់កាប់ មានចំនួនសរុប ៤១ទីតាំង។ បច្ចុប្បន្ន តំបន់ទាំងនោះត្រូវយោធាថៃ កសាងសំណង់ ផ្លូវថ្នល់ និងប្ដូរឈ្មោះជាភាសាថៃ រួចអស់ខ្លះទៅហើយ ដូចជានៅតំបន់អានសេះ ភ្នំទ្រព្យ ប្រាសាទតាក្របី ភូមិជោគជ័យ ព្រៃចាន់ និងតំបន់បឹងត្រកួន ខណៈតំបន់ខ្លះ ថៃកំពុងឈូសឆាយកសាងផ្លូវ និងតាំងសព្វាវុធធុនធ្ងន់ និងតំបន់ខ្លះទៀត យោធាថៃបានព្យាយាមរាយបន្លាលួសព័ទ្ធយកបន្ថែម ដូចជានៅតំបន់ច្រកជាំស្រងាំ និងអូរស្មាច់ជាដើម។
ក្រុមមេដឹកនាំយោធាថៃ បានព្រមានពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើសង្គ្រាមជាលើកទី៣ ប្រសិនបើកម្ពុជា ហ៊ានដណ្ដើមយក ៤១ទីតាំង ដែលយោធាថៃកំពុងគ្រប់គ្រងនោះ ត្រឡប់ទៅវិញ៕









