អ្នក​តាមដាន​សង្គម​កម្ពុជា​ថា យោធា​ថៃ​មាន​បំណង​ឈ្លានពាន​ទឹកដី​បន្ថែម​ទៀត

0
83
ទិដ្ឋភាពប្រាសាទតាក្របី​របស់​កម្ពជា ដែល​យោធាថៃ​កំពុង​កាន់កាប់ ក្រោយ​សម្រេចបាន​មហិច្ចតាឈ្លានពានកម្ពុជា។ រូប៖ បណ្ដាញសង្គម
ទិដ្ឋភាពប្រាសាទតាក្របី​របស់​កម្ពជា ដែល​យោធាថៃ​កំពុង​កាន់កាប់ ក្រោយ​សម្រេចបាន​មហិច្ចតាឈ្លានពានកម្ពុជា។ រូប៖ បណ្ដាញសង្គម

អ្នក​តាមដាន​សង្គម​កម្ពុជា​និង​មន្ត្រី​បក្ស​ប្រឆាំង​ថា ជំហរ​រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​ថៃ នៅ​តែ​មាន​បំណង​ប្រើប្រាស់​កម្លាំង​កងទ័ព​គំរាម​មក​លើ​រដ្ឋាភិបាល​កម្ពុជា​កុំ​ឲ្យ​តដៃ ដើម្បី​ឈ្លានពាន​ទឹកដី​បន្ថែម​ទៀត​តាម​ការ​ចង់បាន​របស់​គេ។ ទោះជា​យ៉ាងណា ពួកគាត់​យល់​ថា រដ្ឋាភិបាល​លោក​ហ៊ុន ម៉ាណែត ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ច្បាប់​អន្តរជាតិ​ដើម្បី​បង្ហាញថា​កម្ពុជា​មិន​ត្រូវការ​សង្គ្រាម ហើយក៏​មិន​បោះបង់​អធិបតេយ្យភាព​របស់​ខ្លួន​ដែរ។

អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​លោក សេង វណ្ណលី បាន​ឲ្យ​ដឹង​ថា យុទ្ធសាស្ត្រ​នយោបាយ​ផ្ទៃក្នុង​របស់​ភាគី​ថៃ​គឺ​តែងតែ​យក​បញ្ហា​ព្រំដែន មក​ប្រើប្រាស់​ដើម្បី​ទាញ​យក​ចំណេញ​ផ្នែក​នយោបាយ និង​អំណាច ដោយសារ​ចរន្ត​ជាតិនិយម​ជ្រុល​នៅក្នុង​ប្រទេស​ថៃ​បន្ត​មាន​ឥទ្ធិពល​ខ្លាំង។

លោក សេង វណ្ណលី បន្ថែម​ទៀត​ថា ការ​គំរាម​កម្ពុជា​តាមរយៈ​កម្លាំង​ទ័ព គឺជា​ការ​ផ្ញើ​សារ​នយោបាយ​របស់​រដ្ឋាភិបាល​ថ្មី​ថៃ ទៅកាន់​ពួក​ជ្រុលនិយម​ថា ពួកគេ​គឺជា​អ្នកការពារ​ទឹកដី​ដ៏​រឹងមាំ​បំផុត ទោះបីជា​គេ​ដឹង​ថា​ទង្វើ​បែបនេះ​នឹង​ប៉ះពាល់​ទៅដល់​ទំនាក់ទំនង​ល្អ​ប្រទេសជិតខាង​ក៏ដោយ ដូច្នេះ​កម្ពុជា​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ច្បាប់​អន្តរជាតិ ដើម្បី​បញ្ជាក់​ទៅកាន់​សហគមន៍​អន្តរជាតិ​និង​អាស៊ាន​ថា​កម្ពុជា​គ្មាន​បំណង បង្ក​សង្គ្រាម ប៉ុន្តែ​ក៏​មិន​បោះបង់​អធិបតេយ្យភាព​របស់​ខ្លួន​ដែរ។

អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី។ រូប៖ ហ្វេសប៊ុកលោក សេង វណ្ណលី

អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​រូប​នេះ បន្ថែម​ទៀត​ថា ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​គំរាម​របស់​ថៃ​តាមរយៈ​កម្លាំងយោធា​នេះ តម្រូវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន ម៉ាណែត ត្រូវ​ពន្លឿន​ការ​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ដើម្បី​ឲ្យ​យន្តការ​អន្តរជាតិ​ដោះស្រាយ ដែល​នឹង​ធ្វើ​ឲ្យ​ការ​ដុត​កម្តៅ​របស់​ភាគី​ថៃ​ក្លាយជា​ការខាតបង់​ផ្នែក​ការទូត​របស់​ពួកគេ។

លោក សេង វណ្ណលី៖ «អ្វី​ដែល​ថៃ​ចង់បាន​ពិតប្រាកដ​តាមរយៈ​ការបង្កើត​បរិយាកាស​តានតឹង​នេះ​គឺ​ការគ្រប់គ្រង​ទាំងស្រុង​នៅ​តំបន់​ត្រួតស៊ីគ្នា​នៅ​ដែនសមុទ្រ​ដែល​សម្បូរ​ទៅ​ដោយ​ធនធាន​ប្រេង​កាត និង​ឧស្ម័ន​ធម្មជាតិ​ដ៏​មហាសាល»។

ការ​លើកឡើង​របស់​អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​រូប​នេះ បន្ទាប់​ពី​សារព័ត៌មាន​នានា​របស់ ថៃ បាន​ចុះផ្សាយ ដោយ​ដកស្រង់​សម្ដី​ប្រធាន​ចារកម្ម​កងទ័ព​ថៃ លោក ធីរ៉ាណាន់ ណាន់ថាខ្វាង (Thiranan Nuntakhwang) ថា ការ​ផ្ទុះអាវុធ​ជុំ​ទី​៣ ជាមួយ​កម្ពុជា​អាច​នឹង​កើត​មាន​ឡើង ដោយសារ​កម្ពុជា​បាន​ទិញ​អាវុធ​ទ្រង់ទ្រាយ​ធំ​ពី​អឺរ៉ុប​ខាងកើត និង​ជំរុញ​ឲ្យ​មានការ​តាមដាន​យ៉ាង​ដិតដល់​ក្នុង​រយៈពេល​ពី​៤ ទៅ ៥​ខែ​ទៀត​នៅ​ក្រោយ​រដូវវស្សា។ បន្ថែម​ពី​នេះ រដ្ឋាភិបាល​ថៃ ក៏​កំពុង​ដំណើរការ​នីតិវិធី​ដើម្បី​លុបចោល​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ឆ្នាំ ២០០០ ឬ MOU 43 ស្ដីពី​ការ​បោះបង្គោល​ព្រំដែន​គោក​ជាមួយ​កម្ពុជា ដោយ​សំអាង​ថា សន្ធិសញ្ញា​នេះ គ្មាន​ភាព​ស្របច្បាប់ និង​គ្មាន​ការ​វិវឌ្ឍ។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ​កម្ពុជា ២៣ តុលា លោក គឹម សុខ បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា ឧបាយកល​របស់​ថៃ គឺ​បង្ខំ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត កុំ​រំខាន​ទៅដល់​កម្លាំង​ថៃ​ដែល​កំពុង​គ្រប់គ្រង​ទឹកដី​កម្ពុជា ហើយ​ថៃ​ក៏​ព្យាយាម​បង្ខំ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត កុំ​តដៃ នៅ​ពេល​ដែល​កំលាំង​ថៃ​រុលចូល​កាន់តែ​ជ្រៅ​ទន្ទ្រាន​ទឹកដី​កម្ពុជា​បន្ថែម​ទៀត។

លោក គឹម សុខ៖ «ការ​បង្ខំ​ប​បែបនេះ​របស់​ថៃ​ស្មើ​នឹង​ការប្រកាស​ជំហរ​របស់​រដ្ឋាភិបាល​ថ្មី​នៃ​ប្រទេស​ថៃ ថា​ថៃ​នឹង​វាយ​ទៀត ប្រសិនបើ​មានការ​រំខាន​ណាមួយ​ចំពោះ​ទង្វើ​ឈ្លានពាន​របស់​ថៃ​ដែល​កំពុងតែ​កាន់កាប់​ទឹកដី​នៃ​ប្រទេស​កម្ពុជា សញ្ញា​នៃ​ការព្រមាន​ច្បាស់​របស់​ថៃ​គឺ​ការប្រកាស​លុបចោល​MOU។ ការលុបចោល MOU នេះ​ថៃ​ចង់​ប្រាប់​ថា ថៃ​លែង​និយាយ​ទ្វេភាគី​ជាមួយ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ទៀត​ហើយ ហើយ​បើ​មាន​ជម្លោះ​គឺ​ដោះស្រាយ​គ្នា​ដោយ​សង្គ្រាម នេះ​គឺជា​ជំហរ​របស់​ថៃ»។

ទោះជា​យ៉ាងណា អ្នកឃ្លាំមើល​បារម្ភ​ថា ស្ថិត​ក្នុង​ស្ថានភាព ដែល​ថៃ​កំពុង​មាន​ប្រៀប​ខាង​កម្លាំង​ទ័ព និង​ចូល​កាន់កាប់​ទឹកដី​កម្ពុជា នៅ​តាម​ព្រំដែន​បែបនេះ កម្ពុជា​នឹង​មិន​អាច​ចរចា​ទ្វេភាគី​ជាមួយ​ថៃ ដោយ​ស្មើមុខស្មើមាត់​បាន​នោះ​ឡើយ។ ផ្ទុយទៅវិញ ថៃ​អាច​នឹង​បើក​ការឈ្លានពាន​មក​លើ​ដែនទឹក​របស់​កម្ពុជា​បន្ថែម​ទៀត ដើម្បី​គ្រប់គ្រង​តំបន់​រ៉ែ​ប្រេងកាត និង​ឧស្ម័ន​ធម្មជាតិ​ផ្ដាច់មុខ នៅ​តំបន់​ឈូង​សមុទ្រ​ដែល​ត្រួតស៊ីគ្នា។

ចាប់តាំងពី​មាន​បទ​ឈប់​បាញ់​ដែល​បាន​ចូល​ជា​ធរមាន កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៥​មក កងទ័ព​ថៃ​នៅតែ​បន្ត​ចូល​មក​រាយ​បន្លា​លួស ដាក់​ទូរ​កុងតឺន័រ ទន្ទ្រាន​យក​ទឹកដី​ខ្មែរ​ជា​រៀងរាល់ថ្ងៃ ដែល​ធ្វើ​ឱ្យ​ទឹកដី​ខ្មែរ​ថៃ​ដណ្តើម​កាន់កាប់​បាន​កើនឡើង​រហូតដល់​៤៥​ទីតាំង​។ រីឯ​រដ្ឋាភិបាល លោក ហ៊ុន ម៉ា​ណែ​ត មិនបាន​ប្រើ​កម្លាំង​ទប់ស្កាត់​ទៅ​នឹង​ការ​បន្ត​ឈ្លានពាន​ទឹកដី​ពី​សំណាក់​ភាគី​ថៃ​នោះ​ទេ ក្រៅតែ​ពី​អង្គុយ​បង្គាប់​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន ធ្វើការ​ថ្កោលទោស​ថៃ​តែប៉ុណ្ណោះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ