អ្នកឃ្លាំមើល​ព្រមាន​ថា ដែន​សមុទ្រ​កម្ពុជា​នឹង​ត្រូវ​ឈ្លានពាន​ក្រោយ​ថៃ​លុបចោល MOU ឆ្នាំ​២០០១

0
21
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) និង​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត និង​លោក អ៊ុំ សំអាន
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) និង​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត និង​លោក អ៊ុំ សំអាន

អ្នកឃ្លាំមើល​ព្រមាន​ថា កម្ពុជា​អាច​នឹង​ត្រូវ​ប្រទេស​ថៃ រំលោភបំពាន​យក​ដែនសមុទ្រ រាប់​ម៉ឺន​គីឡូម៉ែត្រ​ការ៉េ រួម​ទាំង​រ៉ែ​ប្រេង និង​ឧស្ម័ន​ដែល​មាន​តម្លៃ​មហាសាល​ថែមទៀត។ ការ​ព្រមាន​នេះ ធ្វើឡើង​បន្ទាប់ពី មេដឹកនាំ​ថៃ បាន​ត្រៀម​លុបចោល​អនុស្សរណៈ នៃ​ការយោគយល់​គ្នា ឆ្នាំ​២០០១ ជាមួយ​កម្ពុជា ស្ដីពី​ព្រំដែន​សមុទ្រ ដែល​អនុស្សរណៈ​នេះ ត្រូវ​បាន​ប្រើប្រាស់​ជា គោលការណ៍​ច្បាប់​អន្តរជាតិ។

ក្រោយពី​ធ្វើសង្គ្រាម​ឈ្លានពាន​ព្រំដែន​គោក ពេលនេះ​សញ្ញា​នៃ​សកម្មភាព​ឈ្លានពាន​ដែនសមុទ្រ របស់​ប្រទេស​ថៃ មក​លើ​កម្ពុជា កំពុង​លេច​ចេញ​ជា​បណ្ដើរៗ​ហើយ បន្ទាប់​ពី​មេដឹកនាំ​ថៃ ត្រៀម​លុបចោល​អនុស្សរណៈ នៃ​ការយោគយល់​គ្នា ជាមួយ​កម្ពុជា។

ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា ក្រោយ​លុបចោល MOU ឆ្នាំ​២០០១ ជាមួយ​កម្ពុជា​ហើយ ថៃ​នឹង​ច្បាម​យក​កោះ​គជ់ និង​ដែនសមុទ្រ ដែល​ភាគី​ទាំងពីរ​អះអាង​ថា «​ត្រួតស៊ីគ្នា​» ទំហំ ២​ម៉ឺន ៦​ពាន់ គីឡូម៉ែត្រ​ការ៉េ ផ្ដាច់មុខ រួម​ទាំង​ប្រេង និង​ឧស្ម័ន​ធម្មជាតិ ដែល​មាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ។

លោក អ៊ុំ សំអាន៖ «បើ​តាម​ច្បាប់​សមុទ្រ ឬក៏ UNCLOS ឆ្នាំ​១៩៨២ គឺ​ដែនសមុទ្រ​ដែល​ត្រួតស៊ីគ្នា ចំនួន ២៦.០០០ គីឡូម៉ែត្រ​ការ៉េ​ហ្នឹង ស្ថិត​នៅ​ក្នុង​តំបន់​ត​ភ្ជាប់​របស់​កម្ពុជា ស្ថិត​នៅ​ក្នុង​តំបន់​ផ្ដាច់មុខ​របស់​កម្ពុជា ហើយ​ស្ថិត​នៅ​ក្នុង​ដែនដី​សមុទ្រ​របស់​កម្ពុ​ជា​។ ដូច្នេះ​បើ​យើង​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តជាតិ ICJ ប្រាកដជា​បាន​ដែនសមុទ្រ​ទំហំ ២៦.០០០ គីឡូម៉ែត្រ​ការ៉េ ទាំងស្រុង ១០០​ភាគរយ ដោយ​មិនចាំបាច់​បែងចែក​ជាមួយ​ថៃ​នោះទេ»។

កាលពី​ថ្ងៃទី​១០ ខែ​កុម្ភៈ នាយករដ្ឋមន្ត្រី​ចាំផ្ទះ​របស់​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) បាន​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ឱ្យ​ក្រសួងការបរទេស និង​ក្រសួងការពារជាតិ​ថៃ ត្រៀម​លុបចោល​អនុស្សរណៈ នៃ​ការយោគយល់​គ្នា ឬ MOU ឆ្នាំ​២០០១ ជាមួយ​កម្ពុជា នៅ​ពេល​គណបក្ស​ភូមិ​ចែ​ថៃ របស់​លោក បង្កើត​គណៈរដ្ឋមន្ត្រី​ថ្មី បន្ទាប់ពី​ឈ្នះ​ការ​បោះឆ្នោត​កន្លង​ទៅ​។ លោក អានុទីន អះអាង​ថា MOU ដែល​មាន​អាយុកាល ២៥​ឆ្នាំ​មួយ​នេះ គ្មាន​ការ​វិវឌ្ឍ​ទៅមុខ និង​គ្មាន​ប្រយោជន៍​សម្រាប់​ប្រទេស​ថៃ​នោះ​ឡើយ។

កន្លងមក លោក អានុទីន បាន​លើក​យក​គម្រោង​លុបចោល MOU ឆ្នាំ​២០០១ នេះ មក​ធ្វើជា​ការឃោសនា​រក​ប្រជាប្រិយភាព នៅមុន​ការបោះឆ្នោត​រួចមក​ហើយ ជាពិសេស​ក្រោយពេល​ចលនា​ជាតិនិយម​របស់​ពលរដ្ឋ​ថៃ បាន​ងើបឡើង បន្ទាប់ពី​កម្ពុជា និង​ថៃ​មាន​ជម្លោះ ក្នុង​រឿង​ដែនសមុទ្រ​តំបន់​កោះគជ់ និង​ព្រំដែន​គោក។

MOU ឆ្នាំ​២០០១ គឺ​ជា​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង កម្ពុជា និង​ថៃ នៅ​លើ​ដែនសមុទ្រ ដែល​ភាគី​ទាំងពីរ បាន​អះអាង​ថា «​ត្រួតស៊ីគ្នា​» និង​បាន​ចុះហត្ថលេខា​រួមគ្នា​នៅក្នុង​ឆ្នាំ​២០០១ ដើម្បី​ផ្ដល់​ជា​ក្របខ័ណ្ឌ​ចរចា រវាង​ប្រទេស​ជិត​ខាង​ទាំងពីរ។

អនុស្សរណៈ​នេះ បាន​បង្កើត​ក្រុមការងារ​បច្ចេកទេស​រួម​មួយ (Joint Technical/Expert Group on Maritime Cooperation) ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​អភិវឌ្ឍ​ធនធាន​ក្នុង​តំបន់​សមុទ្រ ដែល​មាន​ទំនាស់ (Overlapping Claim Area – OCA) និង​ជា​វិធីសាស្ត្រ​បណ្ដោះអាសន្ន ដែល​អនុញ្ញាត​ឱ្យ​កម្ពុជា និង​ថៃ អាច​ប្រើប្រាស់ និង​គ្រប់គ្រង​ធនធាន​ក្នុង​ដែនទឹក​រួមគ្នា ទោះបីជា​ព្រំដែន​សមុទ្រ​របស់​ប្រទេស​ទាំងពីរ មិនទាន់​បាន​កំណត់​ច្បាស់​លាស់​ក៏ដោយ។

លោក អ៊ុំ សំអាន យល់​ថា គម្រោង​លុបចោល MOU ឆ្នាំ​២០០១ របស់​ភាគី​ថៃ គឺជា​ជំហាន​ទី​១ សម្រាប់​ការ​បើក​ច្រក ឱ្យ​កងទ័ពជើងទឹក​ថៃ ចូល​មក​ឈ្លានពាន និង​កាន់កាប់​តំបន់​ដែនសមុទ្រ​របស់​កម្ពុជា ដោយ​ប្រទេស​ថៃ បាន​សំអាង​លើ​កិច្ចព្រមព្រៀង ថៃ​-​វៀតណាម ឆ្នាំ​១៩៩៧​។ លោក​បន្ត​ថា កិច្ចព្រមព្រៀង ថៃ​-​វៀតណាម នេះ បាន​កើត​ឡើង​ដោយសារ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា របស់​លោក ហ៊ុន សែន បាន​ចុះ​កិច្ចព្រមព្រៀង ស្ដីពី​តំបន់​ទឹក​ប្រវត្តិសាស្ត្រ ដោយ​ខុសច្បាប់ ជាមួយ​វៀតណាម កាលពី​ឆ្នាំ​១៩៨២ ដែល​ធ្វើ​ឱ្យ​កម្ពុជា បាត់បង់​កោះត្រល់ ចង្កោម​កោះ​ក្រចកសេះ និង​បាត់បង់​ដែនសមុទ្រ​ខ្មែរ ទៅកាន់​ប្រទេស​ថៃ និង​វៀតណាម ចំនួន ៦​ម៉ឺន​គីឡូ​ម៉ែត្រការ៉េ។

ក្រៅពី​ចង់​ហែក​ចោល MOU ឆ្នាំ​២០០១ លោក អានុទីន ក៏​ធ្លាប់​ស្នើ​ឱ្យធ្វើ​ប្រជាមតិ​ដើម្បី​លុបចោល MOU ឆ្នាំ​២០០០ ស្ដីពី​ព្រំដែន​គោក ដែល​ភាគី​កម្ពុជា និង​ថៃ បាន​ឯកភាព​គ្នា កំណត់ព្រំដែន​តាម​ផែនទី​បារាំង​-​សៀម ឆ្នាំ​១៩០៧ ផង​ដែរ។

ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង​រដ្ឋលេខាធិការ​ក្រសួងការបរទេស អ្នកស្រី អ៊ាត សោភា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃទី​១១ ខែ​កុម្ភៈ នេះ។

ជុំវិញ​រឿង​នេះ ប្រធាន​អ្នកឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បារម្ភ​ថា ថៃ​នឹង​ចូល​កាន់កាប់​ដែនសមុទ្រ​កម្ពុជា ក្រោយ​ហែក​ចោល MOU ឆ្នាំ​២០០១ ជាមួយ​កម្ពុជា ដោយសារ​ប្រទេស​ថៃ បាន​មើលឃើញ​អំពី​ភាព​អន់​ខ្សោយ​របស់​កម្ពុជា ទៅលើ​វិស័យ​ការពារ​ជាតិ ជាពិសេស​កងទ័ពជើងទឹក និង​វិស័យ​ការ​ទូត ដែល​មាន​ភាព​ទន់ជ្រាយ ខណៈ​សណ្ដាប់ធ្នាប់​ពិភពលោក កំពុង​ក្រឡាប់ចាក់ ដោយសារ​វិបត្តិ​សង្គ្រាម។

លោក ម៉ែន ណាត៖ «ថៃ​ដូច​នឹង​ដំរីចុះប្រេង​។ ឈ្លានពាន​នរណា​បាន គឺ​ឈ្លានពាន​ដោយ​មិន​ខ្វល់​ពី​ច្បាប់​ជាតិ និង​អន្តរជាតិ​នោះ​ទេ​។ អ៊ីចឹង​ខ្ញុំ​យល់​ថា ស្ថានភាព​របស់​ថៃ​នៅ​ពេល​នេះ កំពុង​រៀបចំ​ផែនការ​ឈ្លានពាន​ទាំង​ដែន​គោក និង​ដែនទឹក​បន្ថែម​ទៀត​មក​លើ​កម្ពុជា​ហ្នឹង»។

លោក ម៉ែន ណាត លើកឡើង​ថា កម្ពុជា​មិនបាច់​ជំទាស់​នឹង​គម្រោង​ហែក​ចោល MOU ឆ្នាំ​២០០១ របស់​ថៃ​នោះ​ឡើយ ក៏ប៉ុន្តែ​លោក ហ៊ុន ម៉ាណែត ត្រូវ​ត្រៀម​ឯកសារ​ប្ដឹង​ថៃ ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) និង​តុលាការ​មជ្ឈត្តការ​អចិន្ត្រៃយ៍ (PCA) ប្រសិនបើ​ថៃ ចូល​ឈ្លានពាន​ដែនសមុទ្រ​កម្ពុជា ហើយ​ការ​ប្ដឹង​នេះ ក៏​ជា​ការ​បើកផ្លូវ​សម្រាប់​កម្ពុជា ប្ដឹង​ទាមទារ​ដែន​សមុទ្រ ដែល​វៀតណាម​បាន​គ្រប់គ្រង​ចំនួន ៣​ម៉ឺន​គីឡូ​ម៉ែត្រការ៉េ ក្រោយ​ការ​ចុះ​កិច្ចព្រមព្រៀង​ដោយ​ខុសច្បាប់ ជាមួយ​អតីត​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ផង​ដែរ។

អ្នកឃ្លាំមើល លើកឡើង​ថា ប្រសិនបើ​លោក ហ៊ុន ម៉ាណែត មិន​ប្រញាប់​រក​វិធី​ទប់​ទល់នឹង​មហិច្ឆតា​ឈ្លានពាន​របស់​ថៃ​នោះ​ទេ លោក​នឹង​ជាប់​ឈ្មោះ​ល្បី​ក្នុង​ប្រវត្តិសាស្ត្រ ថា​ជា​មេដឹកនាំ​ដែល​អន់ ដឹកនាំ​ប្រទេស​ត្រឹមតែ​ជាង ២​ឆ្នាំ ធ្វើ​ឱ្យ​បាត់បង់​ទឹកដី ទាំង​ដែន​គោក និង​ដែនសមុទ្រ ដូច​ឪពុក​របស់​លោក​ដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ