

អ្នកឃ្លាំមើលសង្គមថា ការអំពាវនាវរបស់សាលារាជធានីភ្នំពេញឱ្យប្រជាពលរដ្ឋចូលរួមបរិច្ចាគដល់កងទ័ពជួរមុខក្នុងឱកាសបុណ្យចូលឆ្នាំនាពេលខាងមុខ គឺបង្ហាញថា រដ្ឋាភិបាលកំពុងខ្វះខាត់ថវិកាជួយដល់កងទ័ព និងក៏ជាល្បិចស្ទាបស្ទង់អំពីជំហររបស់ពលរដ្ឋចំពោះការគាំទ្រលើរដ្ឋាភិបាលជុំវិញសង្គ្រាមកម្ពុជា-ថៃ បន្ទាប់ពីឪពុកនាយករដ្ឋមន្ត្រី គឺលោក ហ៊ុន សែន និង លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានធ្វើឲ្យបាត់ទឹកដីខ្មែរចំនួន ៤៥ទីតាំងនៅក្នុងខេត្តចំនួនបី ក្នុងសង្គ្រាមជាមួយថៃ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក សឹង សែនករុណា បានឲ្យដឹងថា ការប្រកាសស្វែងរកជំនួយពីប្រជាពលរដ្ឋដើម្បីគំទ្រដល់កងទ័ពជួរមុខ គឺបង្ហាញថា រដ្ឋាភិបាលកំពុងតែខ្វះខាតថវិកាក្នុងការជួយទៅដល់កងទ័ពជួរមុខ។
លោក សឹង សែនករុណា លើកឡើងថា ការប្រកាសជាសាធារណៈបែបនេះគឺបង្ហាញយ៉ាងច្បាស់ថា លោកហ៊ុន ម៉ាណែត ពុំមានលទ្ធភាពដឹកនាំប្រទេសនោះទេ ពីព្រោះក្នុងរយៈពេលដែលលោកកាន់តំណែងជានាយករដ្ឋមន្ត្រីជាងពីរឆ្នាំមកនេះបានធ្វើឲ្យបាត់ទឹកដីជាច្រើនកន្លែងដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រកម្ពុជា និងធ្វើឲ្យប្រទេសថៃមើលងាយកម្ពុជាយ៉ាងធ្ងន់ធ្ងរ។ លោកថា ប្រសិនបើរដ្ឋាភិបាលត្រូវការថវិកា អាចសរសេរជាលិខិតផ្លូវការទៅដល់ក្រុមហ៊ុន និងឧកញ៉ាគ្រាក់ៗដែលកេងប្រវ័ញ្ចទ្រព្យសម្បត្តិជាតិដើម្បីឲ្យពួកគេបរិច្ចាគជួយដល់កងទ័ព ជាជាងពឹងតែទៅលើពលរដ្ឋស្លូតត្រង់។
លោក សឹង សែនករុណា៖ «បាទ! វាអាចជាផ្នែកមួយចង់ដឹងថា តើទឹកចិត្តរបស់ប្រជាពលរដ្ឋនៅរក្សាក្នុងការចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការការពារជាតិ ការពារព្រំដែនដែលកើតមានឡើងក្នុងសង្គ្រាមរវាងខ្មែរថៃ នេះក៏ជារឿងដែលអាចធ្វើទៅបានដែរ»។
លោក សឹង សែនករុណា បន្ថែមថា ពាក់ព័ទ្ធរឿងខ្វះខាតថវិកានេះ រដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធទាំងអស់ រួមទាំងតុលាការគួរតែបើកការស៊ើបអង្កេតទៅលើឧកញ៉ានិងមន្ត្រីជាន់ខ្ពស់នានាដែលមានបាន ខុសប្រក្រតី ប្រព្រឹត្តអំពើពុករលួយ បំផ្លាញជាតិ ដើម្បីអនុវត្តច្បាប់រឹបអូសយកទ្រព្យសម្បត្តិទាំងនោះមកដាក់ចូលរដ្ឋ ហើយរដ្ឋយកថវិកាទាំងនោះទៅផ្គត់ផ្គង់ដល់កងទ័ព។
ការអះអាងរបស់ប្រធានអង្គការប្រជាធិបតេយ្យខ្មែររូបនេះ បន្ទាប់ពីសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមីនា បានចេញលិខិតអំពាវនាវមួយ ដោយស្នើឱ្យសប្បុរសជន ចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ ឬសម្ភារប្រើប្រាស់ផ្សេងៗ តាមលទ្ធភាព ដើម្បីរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្ររយៈពេលវែងនៅតាមបន្ទាត់ព្រំដែនជួរមុខ ក្នុងបុព្វហេតុការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាន និងការអភិវឌ្ឍន៍តាមបន្ទាត់ព្រំដែន។
សាលារាជធានីភ្នំពេញ អះអាងថា អំណោយទាំងនេះនឹងត្រូវផ្តល់ជូនដល់កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ វរនគរបាលការពារព្រំដែនលេខ៧៩៣ ដែលកំពុងឈរជើងការពារនៅខ្សែក្រវាត់ព្រំដែន ប្រចាំទិសប្រាសាទព្រះវិហារ និងកងពលតូចអន្តរាគមន៍លេខ១២៨ ដែលកំពុងឈរជើងការពារនៅតំបន់អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា ការធ្វើបែបនេះគឺដើម្បីជាការលើកទឹកចិត្ត និងផ្សារភ្ជាប់នូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ រវាងសមរភូមិជួរក្រោយ និងវីរយុទ្ធជនតាមបន្ទាត់ព្រំដែនជួរមុខ។
ជុំវិញបញ្ហានេះ អ្នកតាមដានសង្គមលើកឡើងថា ការអំពាវនាវរបស់សាលារាជធានីភ្នំពេញឱ្យពលរដ្ឋចូលរួមបរិច្ចាគដើម្បីឧបត្ថម្ភដល់កងទ័ពដែលកំពុងការពារព្រំដែន គឺជារឿងល្អ ប៉ុន្តែការរៃអង្គាសនេះ គ្រាន់តែល្អមើលប៉ុណ្ណោះ ពីព្រោះនេះគឺជាល្បិចដើម្បីចង់ដឹងទឹកចិត្តរបស់ពលរដ្ឋនៅគាំទ្រគណបក្សប្រជាជនកម្ពុជាកម្រិតណា។
ចាប់តាំងពីមានបទឈប់បាញ់ដែលបានចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក គណបក្សប្រឆាំង បានរកឃើញថា ក្នុងសង្គ្រាម២១ថ្ងៃកន្លងទៅ កងទ័ពថៃនៅតែបន្តចូលមករាយបន្លាលួស ដាក់ទូរកុងតឺន័រ ទន្ទ្រានយកទឹកដីខ្មែរជារៀងរាល់ថ្ងៃ ដែលធ្វើឱ្យទឹកដីខ្មែរថៃដណ្តើមកាន់កាប់បានកើនឡើងរហូតដល់៤៥ទីតាំង ដែលបណ្តាលឱ្យប្រជាជនខ្មែរជាង ១១ម៉ឺននាក់ បាត់បង់ដីធ្លី ទ្រព្យសម្បត្តិ និងផ្ទះសម្បែង ជាច្រើនកន្លែង។ រីឯរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត មិនបានប្រើកម្លាំងទប់ស្កាត់ទៅនឹងការបន្តឈ្លានពានទឹកដីពីសំណាក់ភាគីថៃនោះទេ គឺបានត្រឹមតែអង្គុយធ្វើការថ្កោលទោសថៃ តែប៉ុណ្ណោះ៕








