លោក ហ៊ុន សែន អាច​តែងតាំង និង​ដក​តំណែង​មន្ត្រី​តាម​អំពើ​ចិត្ត «ធ្វើ​ឲ្យ​ព្រះមហាក្សត្រ​ពន្យារពេល​គង់​នៅ​ចិន»

0
5
ប្រធានព្រឺទ្ធសភា លោក ហ៊ុន សែន (ស្ដាំ) ទទួល​អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម លោក តូ ឡឹម (To Lam) នៅក្នុងព្រះបរមរាជវាំង កាលពី​ថ្ងៃទី៦ ខែមករា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
ប្រធានព្រឺទ្ធសភា លោក ហ៊ុន សែន (ស្ដាំ) ទទួល​អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម លោក តូ ឡឹម (To Lam) នៅក្នុងព្រះបរមរាជវាំង កាលពី​ថ្ងៃទី៦ ខែមករា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

ក្រុម​អ្នកឃ្លាំមើល​សង្គម​លើកឡើង​ថា ក្នុង​តំណែង​ជា​ប្រមុខ​រដ្ឋស្តីទី លោក ហ៊ុន សែន អាច​ចុះហត្ថលេខា​លើ​ព្រះរាជក្រឹត្យ​តែងតាំង និង​ដក​តំណែង​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​ស្ថាប័ន​កំពូលៗ នៅក្នុង​រាជរដ្ឋាភិបាល តាម​អំពើ​ចិត្ត​ជាមួយ​នាយករដ្ឋមន្ត្រី​កូន គឺ​លោក ហ៊ុន ម៉ាណែត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី និង​សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ពន្យារពេល​បន្ត​គង់​ប្រថាប់​នៅ​ទីក្រុង​ប៉េកាំង​មួយ​រយៈ​ទៀត ដោយសារ​មិន​ចង់​ជាប់​ពាក់ព័ន្ធ​នឹង​ទង្វើ​ក្បត់ជាតិ។

នៅ​ប្រទេស​កម្ពុជា ការដោះដូរ ការ​ដកតំណែង និង​ការតែងតាំង​មន្ត្រីជាន់ខ្ពស់​គ្រប់​ជាន់ថ្នាក់ រួម​ទាំង​នាយករដ្ឋមន្ត្រី គឺ​ស្ថិត​នៅ​លើ​លោក ហ៊ុន សែន ក្នុងនាម​ជា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រមុខ​រដ្ឋស្តីទី នៅ​ពេល​ដែល​អវត្តមាន​របស់​ព្រះមហាក្សត្រ​គង់នៅ​ក្នុង​ប្រទេស ដែល​នេះ​បញ្ជាក់​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា អំណាច​ដឹកនាំ​ប្រទេស​គឺ​ស្ថិត​នៅ​លើ​គ្រួសារ​ត្រកូល​ហ៊ុន ជាហេតុ​ធ្វើ​ឲ្យ​មន្ត្រី​ងើបមុខ​មិន​រួច មិន​ហ៊ាន​សម្រេច​កិច្ចការ​តូច​ធំ ក្រៅ​តែ​រង់ចាំ​បញ្ជា​ពី​គ្រួសារ​ហ៊ុន។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រ​ទេ​អូស្ត្រាលី​លោក សឹង សែន​ករុណា បាន​ឲ្យ​ដឹង​ថា នៅ​ប្រទេស​កម្ពុជា ការសម្រេចចិត្ត​គ្រប់បែបយ៉ាង គឺ​ស្ថិត​នៅ​លើ​លោក ហ៊ុន សែន ជាពិសេស​នៅ​ពេល​នេះ​លោក ហ៊ុន សែន មានអំណាច​ពេញដៃ​ក្នុងនាម​ជា ប្រមុខ​រដ្ឋស្តីទី​ដែល​លោក​ថា លោក ហ៊ុន សែន អាច​ធ្វើ​អ្វីៗ​គ្រប់យ៉ាង។

លោក សឹង សែនករុណា បន្ថែម​ទៀត​ថា លោក ហ៊ុន សែន​បាន​រៀប​ប្រទាក់ក្រឡា​រួចជាស្រេច​មុននឹង​លោក​ប្រគល់​អំណាច​អោយ​នៅ​កូនប្រុស​របស់​លោក​ធ្វើជា​អ្នក​យក​រដ្ឋមន្ត្រី ពីព្រោះ​សិទ្ធិ​សម្រេច​អ្វីៗ​ទាំងអស់​គឺ​ស្ថិត​នៅ​លើ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​នៅ​លើ​ប្រមុខ​រដ្ឋ​ស្តីទី។

លោក សឹង សែនករុណា៖ «ប្រធាន​ព្រឹទ្ធសភា​ជា​ឪពុក នាយករដ្ឋមន្ត្រី​ជា​កូន ឧបនាយករដ្ឋមន្ត្រី​មួយ​រូប​ទៀត​ជា​កូន ហើយ​មានកូន​បន្ត​បន្ទាប់​ទៀត​កាន់​តួនាទី​ផ្សេងៗ​អីចឹង​ទៅ អីចឹង​វា​ជា​ការ​បង្ហាញ​នូវ​គ្រួសារនិយម បក្សពួកនិយម»។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​រូប​នេះ បន្ថែម​ថា ក្រៅ​តែ​ពី​ក្តោប​ក្តាប់​អំណាច​នៅក្នុង​ស្ថាប័នរដ្ឋ​កំពូលៗ គ្រួសារ​ហ៊ុន ក៏​គ្រប់គ្រង​ជំនួញ​យ៉ាង​ណែន​នៅក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។ លោក​ថា បើ​តាម​របាយការណ៍​របស់​អង្គការ ឃ្លាំមើល​ពិភពលោក គ្លូបល វីនេស (Global Witness) កន្លងមក​បង្ហាញថា​គ្រួសារ​ហ៊ុន គ្រប់គ្រង​ជាង​១០០​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​ដើមទុន​ចុះបញ្ជី​ជាង ២០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​នេះ​ជាហេតុ​ធ្វើ​ឲ្យ​ប្រទេស​មិនអាច​រីកចម្រើន​បាន ពីព្រោះ​អ្វីៗ​ទាំងអស់​គឺជា​របស់​ត្រកូល​ហ៊ុន។

ការ​លើកឡើង​របស់​ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​រូប​នេះ គឺ​បន្ទាប់ពី​ក្រសួងព្រះបរមរាជវាំង​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី ៣១ ខែមីនា នេះ បាន​ឱ្យ​ដឹង​ថា តាម​ការពិនិត្យ​ដោយ​យកចិត្តទុកដាក់ ល្អិតល្អន់​ជាទីបំផុត​ពី​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​រដ្ឋធានី​ប៉េកាំង ក្នុង​ប្រទេស​ចិន គឺ​ការពិនិត្យ​ព្រះរាជ​សុខភាព​ថ្វាយ​ព្រះករុណា​ព្រះមហាក្សត្រ​កម្ពុជា និង​ហ្លួង​ម៉ែ នៅ​ពុំ​ទាន់​បាន​ចប់​សព្វគ្រប់​នៅឡើយ ដោយ​នៅ​មាន​បញ្ហា​សុខភាព​មួយចំនួន​។ ក្រុម​គ្រូពេទ្យ​ចិន​តម្រូវ​ឱ្យ​ព្រះអង្គ​ទាំង​ទ្វេ​គង់​ប្រថាប់​បន្ត​មួយ​រយៈ​ទៀត ដើម្បី​ត្រូវ​តាមដាន​ពិនិត្យ និង​ព្យាបាល​ព្រះរាជ​សុខភាព​ជា​បន្ត​ទៀត ដែល​ពុំ​អាច​យាង​និវត្តន៍​មកកាន់​មាតុប្រទេស​នៅ​ពេល​នេះ​បាន​ទេ។

ព្រះករុណា​ព្រះមហាក្សត្រ និង​ហ្លួង​ម៉ែ បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៦ ដោយ​ស្តេច​យាង​ទៅកាន់​រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន ដើម្បី​ពិនិត្យ​ព្រះរាជ​សុខភាព​។ ក្នុង​ពេល​ព្រះករុណា​ព្រះមហាក្សត្រ ស្ដេចយាង​គង់​ពិនិត្យ និង​ព្យាបាល​ព្រះរាជ​សុខភាព​នៅ​មន្ទីរពេទ្យ​ក្នុង​ប្រទេស​ចិន បាន​ប្រគល់​ភារកិច្ច​ដល់​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ទទួល​ជួយ​ក្នុងនាម ជា​ប្រមុខ​រដ្ឋស្តីទី​នៃ​កម្ពុជា ចាប់​តាំងពី​ពេល​នោះ​មក។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ​កម្ពុជា ២៣ តុលា លោក គឹម សុខ បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា ការ​ពន្យារពេល​របស់​ករុណា​ព្រះមហាក្សត្រ​កម្ពុជា និង​ហ្លួង​ម៉ែ បន្ត​គង់នៅ​ប្រទេស​ចិន​គឺជា​បរិបទ​ថ្មី​មួយ​ដែល​ទ្រង់​មើលឃើញ​ពី​ការប្រែប្រួល​នយោបាយ ដូច្នេះ​ទ្រង់​មិន​ចង់​ជាប់​ពាក់ព័ន្ធ​នឹង​ទង្វើ​ក្បត់ជាតិ​នោះ​ទេ ជា​ពិសេស​ទាក់ទង​ទៅ​នឹង​ការបាត់បង់​ទឹកដី​ទៅ​ឲ្យ​ប្រទេស​ថៃ។

លោក គឹម សុខ៖ «ខ្ញុំ​មើលឃើញ​ថា ការ​ពន្យារ​ពេល​បន្ត​គង់នៅ​ប្រទេស​ចិន​របស់​ព្រះករុណា ព្រះមហាក្សត្រ​មិន​ពាក់ព័ន្ធ​ការពិនិត្យ​ព្រះរាជ​សុខភាព​របស់​ព្រះអង្គ​ទេ ក៏ប៉ុន្តែ​រឿង​ដែល​ខ្ញុំ​បារម្ភ​បំផុត​អាច​ដោយសារតែ​ព្រះអង្គ​គេច​ពី​ការ​គំរាមកំហែង​របស់​លោក ហ៊ុន សែន ឲ្យ​ព្រះអង្គ​យល់ព្រម​នូវ​កិច្ចព្រមព្រៀង​ថ្មី​ណាមួយ​រវាង​ថៃ​និង​រដ្ឋាភិបាល​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន»។

ក្នុងនាម​ជា​ប្រមុខ​រដ្ឋស្តីទី លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​ព្រះរាជក្រឹត្យ​មួយ ដែល​ទូរទស្សន៍​អាស៊ីសេរី ទទួល​បាន​កាលពី​ថ្ងៃទី​១៧ ខែមីនា ដោយ​សម្រេច​តែងតាំង​ឧត្តមសេនីយ៍​ឯក ចៅ ភិរិទ្ធ ជា​អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ តាម​សំណើ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

ឧត្តមសេនីយ៍​ឯក ចៅ ភិរិទ្ធ គឺជា​កូនប្រុស​ច្បង​របស់​នាយ​ឧត្ដមសេនីយ៍ ចៅ ភិរុណ ដែល​បច្ចុប្បន្ន​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​អតីត​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស ក្រសួងការពារជាតិ​។ លោក ចៅ ភិរុណ និង​សមាជិក​ក្រុម​គ្រួសារ​របស់​លោក​ទាំង​ប្រពន្ធ​និង​កូនៗ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២១ ត្រូវ​បាន​សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្ម​ជុំវិញ​ការប្រព្រឹត្ត​អំពើពុករលួយ​ពាក់ព័ន្ធ​នឹង​គម្រោង​សាងសង់ និង​កែ​លម្អ​កំពង់ផែ​កងទ័ពជើងទឹក​រាម​នៅ​ក្រុងព្រះសីហនុ​។ ការ​ដាក់​ទណ្ឌកម្ម​នេះ រួម​មានការ​បង្កក​ទ្រព្យសម្បត្តិ​ដែល​ពួកគេ​អាច​មាននៅ​សហរដ្ឋអាមេរិក និង​ការ​រឹតត្បិត​ទិដ្ឋាការ​មិន​ឱ្យ​ជាន់​ដី​សហរដ្ឋអាមេរិក​ជាដើម។

ក្រុម​អ្នកឃ្លាំមើល​សង្គម​ថា កា​តែងតាំង​នេះ គឺ​លោក ហ៊ុន សែន មិនបាន​គិតគូរ​ដល់ កងទ័ព​ដែល​នៅ​សេសសល់​ពី​សម័យ​តស៊ូ និង​ជា​កូនចៅ​របស់​ប្រជារាស្ត្រ​ក្រីក្រ ដែល​ចេញមុខ​ច្បាំង​ការពារ​ទឹកដី​ជាមួយនឹង​យោធា​ថៃ ដោយ​មិន​ខ្លាច​សត្រូវ ទោះបីជា​គ្មាន​អាវុធ​ទំនើប​ក៏ដោយ​។ ចំណែក​កូនចៅ​របស់​អ្នកធំៗ ពួកគេ គ្មាន​វត្ត​មាននៅ​សមរភូមិ​មុខ​ឡើយ ប៉ុន្តែ​ពួកគេ បែរជា​អង្គុយ​ចាំ​ទទួល​តំណែង​សំខាន់ៗ​យ៉ាង​ស្រួល​។​

ប្រទេស​កម្ពុជា ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​ត្រកូល​”​ហ៊ុន​”​ជាង ៤​ទសវត្ស​មកនេះ បាន​បង្កើត​ឲ្យ​មាន​អំពើពុករលួយ​និង​គ្រួសារនិយម បក្ខពួក​និយម នៅ​គ្រប់​ក្រសួង​ស្ថាប័ន​របស់​រដ្ឋ​ទាំងអស់ គឺ​គិតតែ​ពី​កសាង​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន និង​ពង្រឹង​អំណាច​គ្រួសារ​ដោយ​លើក​បន្តុប​កូនចៅ​និង​សាច់ញាតិ​របស់​ខ្លួន​ឲ្យ​កាន់​តួនាទី​សំខាន់ៗ​នៅក្នុង​ជួរ​រដ្ឋាភិបាល៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ