

មន្ត្រីគណបក្សប្រឆាំងជំរុញឱ្យរដ្ឋាភិបាលស៊ើបអង្កេតលើករណីស្នងការខេត្តបន្ទាយមានជ័យម្នាក់ ដែលបានចោទប្រកាន់កងកម្លាំងថ្នាក់ក្រោមចំនួន ២០នាក់ ថា រត់ចោលសមរភូមិ ក្នុងកំលុងផ្ទុះសង្គ្រាមនៅតាមព្រំដែនជាមួយថៃ។ មន្ត្រីបក្សប្រឆាំងថា ករណីនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីអំពើពុករលួយ និងភាពកម្សោយ នៅក្នុងវិស័យការពារជាតិរបស់កម្ពុជា។
នេះគឺជាករណីលើកទី១ ហើយដែលកងកម្លាំងប្រដាប់អាវុធ ឈរជើងការពារព្រំដែន បានប្ដឹងថ្នាក់លើរបស់ខ្លួន ក្រោយពីទទួលរងការចោទប្រកាន់ថា បានរត់ចោលជួរ ដោយព្រមានបញ្ឈរជើង និងបញ្ចប់មុខតំណែង។
នគរបាលការពារព្រំដែនម្នាក់ ដែលអះអាងថា ជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ គឺលោក សាន សុវណ្ណរី បានសរសេរនៅលើបណ្ដាញសង្គម កាលពីថ្ងៃទី២២ ខែមករា ដោយអះអាងថា លោក និងយុទ្ធមិត្តរួមអាវុធ ចំនួន២០នាក់ បានទទួលរងការចោទប្រកាន់ មួលបង្កាច់ ញុះញង់ឱ្យមានការរើសអើង និងគំរាមកំហែងវៃខ្នោះ ពីសំណាក់ស្នងការខេត្ត គឺលោក សិទ្ធិ ឡោះ ដោយចោទពួកលោកថា បានរត់ចោលសមរភូមិ ក្នុងពេលផ្ទុះសង្គ្រាមជាលើកទី២ រវាងខ្មែរ-ថៃ។
ក្រៅពីនេះ លោកអះអាងទៀតថា លោក សិទ្ធិ ឡោះ បានធ្វើរបាយការណ៍ទៅកាន់អគ្គស្នងការនគរបាលជាតិ ឱ្យបញ្ឈរជើង និងបញ្ចប់មុខតំណែងរបស់ពួកលោក និងបញ្ជាឱ្យមន្ត្រីក្រោមឱវាទ មិនឱ្យមកសួរសុខទុក្ខ នៅពេលពួកលោកសម្រាកព្យាបាល បន្ទាប់ពីរងរបួសរាងកាយ និងពុលផ្សែងពុលទៀតផង។
លោក សាន សុវណ្ណរី បានអះអាងថា ក្នុងសង្គ្រាមតាមព្រំដែនជាមួយថៃ លោកបានដឹកនាំកម្លាំងទៅសមរភូមិ ក្នុងភូមិសាស្ត្រ ភូមិជោគជ័យ រយៈពេល៦យប់ ៧ថ្ងៃ ទាំងដែលមិនទទួលបានការពន្យល់ អំពីយុទ្ធសាស្ត្រ និងភូមិសាស្ត្រ ពីថ្នាក់លើនោះឡើយ។ លោកចោទថា ការដឹកនាំរបៀបនេះ គឺជាការរុញកម្លាំងនគរបាល ឱ្យទៅស្លាប់នៅលើសមរភូមិ ដែលកត្តានេះ បានបញ្ជាក់ពីការដឹកនាំ ដោយគ្មានការទទួលខុសត្រូវចំពោះអាយុជីវិតកម្លាំងថ្នាក់ក្រោម ប៉ុន្តែបែរជាដាក់កំហុស និងបំបាក់ទឹកចិត្តដល់កងកម្លាំងជួរមុខទៅវិញ។
ក្នុងសំណេរ ដែលភ្ជាប់ជាមួយរូបថតក្នុងឯកសណ្ឋានប្រយុទ្ធ លោក សាន សុវណ្ណរី បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ជួយអន្តរាគមន៍ និង រកយុត្តិធម៌ឱ្យអង្គភាពរបស់លោក។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទង ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក សិទ្ធិ ឡោះ និងស្នងការរង គឺលោក សាន សុវណ្ណរី ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី២២ ខែមករា។
ទាក់ទិនរឿងនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ប្រាប់ទូរទស្សន៍អាស៊ីសេរី យ៉ាងខ្លីថា ក្រសួងកំពុងស៊ើបអង្កេតក្នុងរឿងនេះ ដោយសង្ឃឹមថា និងមិនមានករណីនេះកើតឡើងនោះឡើយ។
បើតាមប្រភពពីមន្ត្រីម្នាក់នៅខេត្តបន្ទាយមានជ័យ ដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ និងសំឡេង បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី ថា បញ្ហានេះ ទំនងកើតចេញពីទំនាស់ផលប្រយោជន៍ និងការប្រកាន់បក្ខពួកនិយម ដោយលោកបានអះអាងថា កាលពីចុងឆ្នាំ២០២៥ លោក សិទ្ធិ ឡោះ ត្រូវមន្ត្រីថ្នាក់ក្រោម ប្ដឹងទៅក្រសួងមហាផ្ទៃ ឱ្យដកលោកចេញពីតួនាទី ដោយចោទថា លោកបានដឹកនាំបង្កឱ្យមានអំពើពុករលួយ ខណៈលោក សាន វណ្ណរី វិញ លោកបានយកតួនាទីជាមន្ត្រីនគរបាល ទៅពង្រីកក្រុមហ៊ុនផ្ទះល្វែងរបស់លោក នៅក្នុងក្រុងបាត់ដំបង។
ជុំវិញរឿងនេះ ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិ ព្រំដែន និងអន្តោប្រវេសន៍នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន ជំរុញឱ្យក្រសួងមហាផ្ទៃ ស៊ើបអង្កេតករណីនេះ ដោយហេតុថា ករណីនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីអំពើពុករលួយ និងភាពកម្សោយ នៅក្នុងវិស័យការពារជាតិរបស់កម្ពុជា។
លោក អ៊ុំ សំអាន៖ «នៅក្នុងអង្គភាពជាមួយគ្នាហ្នឹង មានទំនាស់ជាមួយគ្នាក៏អាចថា បាន ក៏ប៉ុន្តែត្រូវមានការស៊ើបអង្កេតសិន ហើយទាហាន និងនគរបាលមួយចំនួន ដែលឡើងបុណ្យស័ក្ដិដោយមានការសូកប៉ាន់ ដើម្បីបានឡើងតំណែង។ អ៊ីចឹងនៅពេលគាត់អត់មានការបណ្ដុះបណ្ដាល អត់មានការតស៊ូ និងមិនបានឡើងបុណ្យស័ក្ដិដោយការតស៊ូឯណា ហើយមានទ្រព្យសម្បត្តិច្រើនទៀត អ៊ីចឹងអត់ហ៊ានទៅច្បាំងជាមួយថៃ ហើយអត់ហ៊ានពលីដើម្បីជាតិនោះទេ»។
ពាក់ព័ន្ធនឹងរឿងសមរភូមិ នៅភូមិជោគជ័យ នេះដែរ ទាហានម្នាក់ បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយបារម្ភពីសុវត្ថិភាព បានអះអាងថា នៅសមរភូមិ ក្នុងតំបន់ភូមិជោគជ័យ ពិតជាមានកងកម្លាំងមួយចំនួនរត់ចោលជួរ និងខ្លះទៀត គេចទៅនៅជួរខាងក្រោយ។ លោកអះអាងថា ពួកគេទាំងនោះ ភាគច្រើនជាទាហាន ឬប៉ូលិស ដែលចូលតាមខ្សែ និងខ្លះទៀតជាអ្នកមានឋានៈ និងទ្រព្យសម្បត្តិ។ លោកបញ្ជាក់ថា ចំពោះកងកម្លាំងដែលរត់ចោលជួរ នឹងត្រូវបានថ្នាក់លើលុបឈ្មោះ ចេញពីអង្គភាព។
ទាហាន៖ «អ្នកខ្លះខ្លាច គ្រាន់តែឡើងវៃ គេចបាត់។ បើសម្រាប់មេបញ្ជាការថ្នាក់លើ ធម្មតា គេមិនចង់ឱ្យយើងរត់ទេ គ្រាន់តែថា រឿងហ្នឹង គឺជារឿងរសើបរបស់កងទ័ព ប្រសិនបើគេដឹងថា ទ័ពយើងរត់ចោលជួរ គឺធ្វើឱ្យបាក់ទឹកចិត្តកងទ័ព។ ទាំងគេទាំងខ្ញុំគឺភ័យ គេរត់ហើយ យើងមិនរត់ម៉េចកើត ហើយបើយើងនាំគ្នារត់អស់ តើបាននរណាការពារទឹកដីរបស់យើង»។
ទាហានឈរជើងនៅភូមិជោគជ័យ បានអះអាងថា ភូមិសាស្ត្រតំបន់ភូមិជោគជ័យ ព្រៃចាន់ និងតំបន់បឹងត្រកួន គឺជាតំបន់សមរភូមិប្រយុទ្ធក្ដៅ និងមានការប្រទាញប្រទង់គ្នាខ្លាំង រវាងកងទ័ពខ្មែរ និងកងទ័ពថៃ ដោយតំបន់នេះ ត្រូវកងទ័ពថៃបាញ់ផ្លោង ដោយកាំភ្លើងធំ កាំភ្លើងយន្ត និងរថក្រោះ ចូលកាន់កាប់ជាច្រើនដង ប៉ុន្តែត្រូវកងទ័ពខ្មែរវាយបក និងដណ្ដើមកាន់កាប់វិញជាច្រើនលើក រហូតដល់កងទ័ពថៃ បានប្រើយន្តហោះទម្លាក់គ្រាប់បែក រាប់សិបគ្រាប់ ដែលបណ្ដាលឱ្យទាហានខ្មែរបានបាក់ទ័ព និងរត់គេចពីការតាមបាញ់ប្រហាររបស់សត្រូវ។ ប្រភពបានអះអាងទៀតថា មូលហេតុដែលទ័ពខ្មែរបាក់ទ័ព នៅតំបន់ភូមិជោគជ័យ គឺដោយសារកម្លាំងជំនួយត្រូវទ័ពថៃកាត់ផ្ដាច់ និងការចាញ់ប្រៀបលើយុទ្ធោបករណ៍៕









