
អ្នកតាមដានសង្គម ជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បង្រួមក្រសួងមួយចំនួននិងកាត់បន្ថយមន្ត្រីក្របខណ្ឌនយោបាយពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈលោក ហ៊ុន ម៉ានី ប្រកាសថា ក្រសួងមុខងារសាធារណៈ និងក្រសួងស្ថាប័នចំនួន១២ បានលុបអគ្គនាយកដ្ឋានចំនួន៣ និងនាយកដ្ឋាន ចំនួន២៦ ដើម្បីបង្កើនប្រសិទ្ធភាពការងារ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលីលោក សឹង សែនករុណា បានឲ្យដឹងថា សមាជិករដ្ឋាភិបាលអាណត្តិទី៧ របស់លោក ហ៊ុន ម៉ាណែត គឺមានទំហំធំជ្រុលហួស បើប្រៀបធៀបជាមួយប្រទេសជិតខាង ហើយមន្ត្រីនៅក្នុងស្ថាប័នទាំងអស់នោះ គឺបក្ខពួកនិយម ពួកគេយកតួនាទីរបស់ខ្លួនទៅប្រព្រឹត្តអំពើពុករលួយ ដែលបង្កទៅជាការាំងស្ទះមិនអាចធ្វើកំណែទម្រង់បានល្អ។
លោក សឹង សែនករុណា បន្ថែមទៀតថា ការធ្វើកំណែទម្រង់របស់លោក ហ៊ុន ម៉ានី ត្រឹមតែលុបអគ្គនាយកដ្ឋាន និងនាយកដ្ឋាន មិនទាន់អាចឆ្លើយតបទៅនឹងការចង់បានរបស់រាស្ត្រនោះទេ គឺត្រូវធ្វើកំណែទម្រង់ពីថ្នាក់លើរហូតមកដល់ថ្នាក់ក្រោម ព្រោះចំនួនមន្ត្រីដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត មានការកើនឡើងទ្វេដង បើប្រៀបធៀបនឹងរដ្ឋាភិបាលកាលពីអាណត្តិទី៦ កន្លងទៅ គឺចំនួនមានហើមប៉ោងដល់ទៅ៧០៨នាក់។
លោក សឹង សែនករុណា៖ «ការកំណែទម្រង់នេះមិនមែនកំណែទម្រង់ត្រឹមតែជួរមន្ត្រីខាងក្រោមនោះទេ ត្រូវកំណែទម្រង់តាំងពីមេដំបូលដឹកនាំប្រទេសយើងពិនិត្យមើលការដឹកនាំប្រទេសរបៀបហ្នឹង យើងទីកំណែទម្រង់របៀបម៉េច ជាឧទាហរណ៍ប្រធានព្រឹទ្ធសភាជាឪពុក នាយករដ្ឋមន្ត្រីជាកូន ឧបនាយករដ្ឋមន្ត្រីមួយរូបទៀតជាកូន ហើយមានកូនបន្តបន្ទាប់ទៀតកាន់តួនាទីផ្សេងអីចឹងទៅ អីចឹងវាជាការបង្ហាញនូវគ្រួសារនិយម បក្សពួកនិយមចង់ស្ទើរគ្រប់ក្រសួងស្ថាប័នទៅហើយ អីចឹងថាតើការកំណែទម្រង់ត្រឹមលុបស្ថាប័នអស់នេះខ្ញុំគិតថា ធ្វើឡើងមិនទាន់អាចឆ្លើយតបទៅបានទេ»។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែររូបនេះ បន្ថែមថា ប្រទេសអូស្ត្រាលីមានប្រជាជន ២៦លាននាក់ ប៉ុន្តែមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលរបស់ប្រទេសនេះមានចំនួនតិចជាងកម្ពុជាឆ្ងាយណាស់ គឺសមាជិករដ្ឋាភិបាលមានត្រឹមតែ ៣១នាក់ប៉ុណ្ណោះ គឺមាននាយករដ្ឋមន្ត្រីម្នាក់ រដ្ឋមន្ត្រី ១៨នាក់ និងអនុរដ្ឋមន្ត្រី ១២នាក់ ខណៈឧបនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការ ជំនួយការ និងទីប្រឹក្សា មិនត្រូវបានតែងតាំងនោះទេ។
ការអះអាងនេះបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី បានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងដាក់ទិសដៅអនុវត្តការងារឆ្នាំ២០២៦ ថា ការរៀបចំរចនាសម្ព័ន្ធឡើងវិញ, ក្រសួងមុខងារសាធារណៈ និងក្រសួងស្ថាប័នមួយចំនួន (សរុប ១២ ក្រសួងស្ថាប័ន គិតត្រឹមបច្ចុប្បន្ន) មិនត្រឹមតែមិនមានការពង្រីកនោះទេ តែបានកាត់បន្ថយអគ្គនាយកដ្ឋាន ចំនួន ៣ និងនាយកដ្ឋាន ចំនួន ២៦ និងការិយាល័យមួយចំនួនទៀត ហើយធនធានមនុស្សរបស់ក្រសួងក៏មិនមានកំណើននោះទេ តែទទួលបានការពង្រឹងសមត្ថភាព និងការទទួលខុសត្រូវបន្ថែម ដើម្បីបង្កើនប្រសិទ្ធភាពការងារ។
ជុំវិញបញ្ហានេះអ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតនិងការស្រាវជ្រាវលោក សេក សុជាតិ បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា តាមការសង្កេតរបស់លោកគឺឃើញថា ការងារនៅតាមក្រសួង រឺស្ថាប័នមួយចំនួនគឺមានភារកិច្ចជាន់គ្នាដែលធ្វើឲ្យរាំងស្ទះដល់ការសម្រេចចិត្តរបស់រដ្ឋាភិបាល។
លោក សេក សុជាតិ៖ «កត្តាទាំងអស់នេះទាមទារឲ្យមានការគិតគូរហើយនិងការយកចិត្តទុកដាក់ស៊ីជម្រៅនិងច្បាស់លាស់ពីសំណាក់គណៈរដ្ឋមន្ត្រី ពីរាជរដ្ឋាភិបាលដែលគិតគូរដើម្បីស្វែងរកនូវលទ្ធភាពមួយដើម្បីកុំឲ្យមានការថ្នាំងថ្នាក់ពីមន្ត្រីថ្នាក់ក្រោមហើយក៏ដើម្បីបំពេញចិត្តប្រជាពលរដ្ឋដែលជាម្ចាស់អំណាចនឹងដើម្បីកាត់បន្ថយក្បាលម៉ាស៊ីនដឹកនាំរបស់រដ្ឋាភិបាលដែលមានការស្ទួនគ្នាធ្វើឲ្យរាំងស្ទះនូវការធ្វើសេចក្តីសម្រេចចិត្តចុងក្រោយរបស់រដ្ឋាភិបាល»។
សមាជិករដ្ឋាភិបាលអាណត្តិទី៧ សម្រាប់ដឹកនាំប្រទេស ត្រូវគេមើលឃើញថា មានទំហំច្រើនលើសលប់ ក្នុងនោះមាននាយករដ្ឋមន្ត្រីម្នាក់ ឧបនាយករដ្ឋមន្ត្រី ១០នាក់ ទេសរដ្ឋមន្ត្រី ២១នាក់ រដ្ឋមន្ត្រី ៣០នាក់ មន្ត្រីខុទ្ទកាល័យ ២៤នាក់ ក្រុមអ្នកពិធីការនាយករដ្ឋមន្ត្រី ៥នាក់ ប្រតិភូអមនាយករដ្ឋមន្ត្រី ២៩នាក់ រដ្ឋលេខាធិការ ៧៣៧នាក់ និងអនុរដ្ឋលេខាធិការ ៦៨៩នាក់ ដែលគិតជាសរុបគឺមានចំនួន ១៥៤៦នាក់។ ចំនួននេះមានការកើនឡើងទ្វេដង បើប្រៀបធៀបនឹងរដ្ឋាភិបាល ដែលដឹកនាំដោយលោក ហ៊ុន សែន កាលពីអាណត្តិទី៦ កន្លងទៅ។
ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយលោក ហ៊ុន ម៉ាណែត គឺជាអ្នកបន្តវេនជំនាន់ក្រោយរបស់គណបក្សប្រជាជនកម្ពុជា ដែលភាគច្រើនជាកូនរបស់ថ្នាក់ដឹកនាំកំពូលៗរបស់គណបក្សប្រជាជនកម្ពុជា។
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា សមាជិករដ្ឋាភិបាលអាណត្តិទី៧ សម្រាប់ដឹកនាំប្រទេស ត្រូវគេមើលឃើញថា មានទំហំច្រើនលើសលប់ កំពុងក្លាយជាបន្ទុកធ្ងន់ធ្ងរសម្រាប់ពលរដ្ឋដែលត្រូវបង់ពន្ធជូនរដ្ឋ ដើម្បីផ្តល់ជាប្រាក់បៀវត្សដល់មន្ត្រីទាំងនោះ ស្របពេលដែលពលរដ្ឋកំពុងជំពាក់បំណុលធនាគារវ័ណ្ឌក៕









