ប្រពន្ធ​លោក ភុន យុទ្ធ ទទូច​ឲ្យ​តុលាការ​ខេត្ត​តាកែវ​ដោះលែង​ប្ដី​វិញ

0
25
ភរិយាលោក ភុន យុទ្ធ លោកស្រី វ៉ិត មុំ (ស្ដាំ) និង​កូនស្រី នៅខ្ទមរបស់ខ្លួន​នៅ​ស្រុក​ទ្រាំង ខេត្ត​តាកែវ។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ភរិយាលោក ភុន យុទ្ធ លោកស្រី វ៉ិត មុំ (ស្ដាំ) និង​កូនស្រី នៅខ្ទមរបស់ខ្លួន​នៅ​ស្រុក​ទ្រាំង ខេត្ត​តាកែវ។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ប្រពន្ធ​របស់​លោក ភុន យុទ្ធ ស្នើ​ឲ្យ​តុលាការ​ដោះលែង​ប្ដី​វិញ ដោយ​ថា ការ​ចាប់ និង​ឃុំខ្លួន​ប្ដី​របស់​លោក​ស្រី​ជា​លើក​ទី​៣ នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ​និង​ការសិក្សា​របស់​កូន​។ សង្គម​ស៊ីវិល សង្ឃឹមថា តុលាការ​នឹង​ដោះលែង​លោក ភុន យុទ្ធ ឲ្យ​មាន​សេរីភាព​នៅ​ចុង​ខែមេសា​ខាងមុខ។

សាលាដំបូង​ខេត្តតាកែវ សម្រេច​ប្រកាស​សាលក្រម​សំណុំរឿង​របស់​ជនពិការ លោក ភុន យុទ្ធ នៅ​ថ្ងៃទី​២៨ ខែ​មេសា ខាងមុខ បន្ទាប់ពី​បញ្ចប់​សវនាការ សួរដេញដោល នៅ​ថ្ងៃទី​៣០ ខែ​មីនា​នេះ។

ប្រពន្ធ​របស់​លោក ភ​ន យុទ្ធ គឺ​លោកស្រី វ៉ិត មុំ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី៣០ ខែមីនា ថា គ្រួសារ​លោកស្រី​ជួប​បញ្ហា​ជីវភាព ប៉ះពាល់​ដល់​ការសិក្សា​របស់​កូន ខណៈ លោកស្រី​ក៏​ជា​ជនពិការ។ លោកស្រី​ស្នើ​ឲ្យ​តុលាការ​ដោះលែង ប្ដី​ឲ្យ​មាន​សេរីភាព​វិញ ដើម្បី​បាន​ជួបជុំ​គ្រួសារ ដោយ​ថា ប្ដី​លោកស្រី មិន​មាន កំហុស​ទេ។

លោកស្រី វ៉ិត មុំ៖ «កូន​រៀន​ផង ណាមួយ​លុយ​ប្រចាំថ្ងៃ​ប្រចាំខែ​វា​អត់​មាន​ចំណូល​ចូល​អ៊ីចឹង ហើយ​ណាមួយ​យើង​ចិញ្ចឹម​ទា ចិញ្ចឹម​មាន់ មិនបាន​លុយ​ថ្ងៃ​ណា ថ្ងៃ​ណា​បានៗ ថ្ងៃ​ណា​អត់ៗ គឺ​អត់​ខ្លាំង ណាមួយ​ប្ដី​ខ្ញុំ​ជា​ជនពិការ​ផង ខ្ញុំ​ជា​ជនពិការ​ផង វា​អត់​មាន​ជំហរ​បង្គោល បើ​ប្ដី​ខ្ញុំ​នៅ​ទៅ​វា មាន​ប្ដី​ខ្ញុំ​រក​ចំណូល គាត់​មេ​គ្រួសារ គាត់​អាច​រក​ដោះស្រាយ​បាន​ក្រុម​គ្រួសារ ដល់​អត់​ពី​គាត់​លំបាក​ខ្លាំង»។

បុរស​មាន​ពិការភាព លោក ភុន យុទ្ធ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន លើក​ទី ៣ នៅ​ថ្ងៃ ២៩ ខែតុលា ឆ្នាំ​២០២៥ ដោយ​តុលាការ​ចោទប្រកាន់​ពីបទ​«​ញុះញង់​ឱ្យ​ប្រព្រឹត្ត បទឧក្រិដ្ឋ​ជាអាទិ » ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញមតិ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។ ការ​ចាប់ខ្លួន​លើក​ទី ៣ នេះ បន្ទាប់ពី​លោក​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ នៅ​ខែកញ្ញា ឆ្នាំ ២០២៥ បន្ទាប់ពី​បាន​អនុវត្ត​ទោស រយៈពេល ១​ឆ្នាំ ៦​ខែ។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ សិទ្ធិ មនុស្ស លីកាដូ (LICAHDO) លោក អំ សំអាត សង្ឃឹមថា​តុលាការ នឹង​ដោះលែង​លោក ភុន យុទ្ធ ឲ្យ​មាន​សេរីភាព ខណៈ​តុលាការ ប្រកាស​សាលក្រម​ប​សំណុំ​រឿង​នេះ នៅ​ថ្ងៃទី​២៨ ខែមេសា ខាងមុខ។

លោក អំ សំអាត៖ «យើង​សង្ឃឹមថា តុលាការ​និង​មានការ​ដោះលែង​ឲ្យ​លោក ភុន យុទ្ធ មាន​សេរីភាព​វិញ ដោយសារតែ​លោក ភុន យុទ្ធ ជា​ជន​ពិការ ហើយ​ជីវភាព​ក្រីក្រ លោក​មាន​កូន មាន​ប្រពន្ធ​ដែល​ត្រូវ​ចិញ្ចឹម​ទៅទៀត​។ អ៊ីចឹង​ផល​លំបាក​កន្លង​មក ដែល​លោក​ជាប់ពន្ធនាគារ ២​ទៅ ៣​ដង​មកនេះ មាន​ផល​លំបាក​ខ្លាំង​ណាស់​សម្រាប់​ជីវភាព​គ្រួសារ​។ អ៊ីចឹង​សង្ឃឹម​ថា តុលាការ​លោក​នឹង​ធ្វើ​ការ​ដោះលែង​លោក ភុន យុទ្ធ ឲ្យ​មាន​សេរីភាព​ឡើងវិញ»។

លោក ភុន យុទ្ធ ជា​ជនពិការ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ចុងខែ​តុលា ឆ្នាំ​២០១៩ ដោយ​តុលាការ​ខេត្ត​សៀមរាប ផ្ដន្ទាទោស​លោក​ឲ្យ​ជាប់ពន្ធនាគារ​ចំនួន ១៨ខែ ពី​បទ​«​ញុះញង់​បង្ក​ឲ្យ​មានការ​រើសអើង​» និង បទ «​ជេរប្រមាថ​ជា​សាធារណៈ​» ខណៈ​ការ​ចាប់ ខ្លួន​លើក​ទី​២ កាលពី​ថ្ងៃទី១៩ ខែ មីនា ឆ្នាំ​២០២៤ ដោយ​តុលាការ​ខេត្ត​តាកែវ សម្រេច​ផ្ដន្ទាទោស​លោក ភុ​ន យុទ្ធ ឲ្យ​ជាប់​ពន្ធនាគា​ររ ១​ឆ្នាំ ៦​ខែ ពី​បទ​«​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​» នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ២០២៤ ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញមតិ និង​រិះគន់​រដ្ឋាភិបាល លើ​បណ្ដាញ​សង្គម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ