លោក ហ៊ុន សែន ថា បើ​គ្មាន​ជំនួយ​ពី​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម កម្ពុជា​ក៏​គ្មាន​អ្វីៗ​ដូច​ថ្ងៃនេះ

0
150
លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា (ឆ្វេង) ប្រជុំ​តាម​អនឡាញ​ជាមួយ​លោក តូ ឡឹម (To Lam) អគ្គលេខាធិការ​មជ្ឈិម​បក្សកុម្មុយនីស្ត​វៀតណាម កាល​ពី​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា (ឆ្វេង) ប្រជុំ​តាម​អនឡាញ​ជាមួយ​លោក តូ ឡឹម (To Lam) អគ្គលេខាធិការ​មជ្ឈិម​បក្សកុម្មុយនីស្ត​វៀតណាម កាល​ពី​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

ក្រុម​អ្នកវិភាគ​លើកឡើង​ថា ជោគជ័យ​នៃ​ការ​បង្កើត​រណសិរ្ស ២​ធ្នូ និង​ជោគជ័យ​ថ្ងៃ​៧​មករា គឺជា​ជោគជ័យ​របស់​វៀតណាម ព្រោះ​វៀតណាម​ប្រើ​រចនាសម្ព័ន្ធ​២​ធ្នូ ចងក្រង​កម្លាំង​ទុក​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ខណៈ​មេដឹកនាំ​បក្ស​កាន់អំណាច ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន អះអាង​ថា បើ​គ្មាន​ថ្ងៃកំណើត​រណសិរ្ស​២​ធ្នូ និង​ថ្ងៃ​ជ័យជម្នះ ៧​មករា ក្រោម​ជំនួយ ពី​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ទេ នោះ​កម្ពុជា​ក៏​គ្មានអ្វីៗ​ដូច​ថ្ងៃ​នេះ​ដែរ។

ក្រុម​អ្នកវិភាគ​នយោបាយ​កម្ពុជា លើកឡើង​ថា ជោគជ័យ​នៃ​ការ​បង្កើត​រណសិរ្ស ២​ធ្នូ និង​ជោគជ័យ​ថ្ងៃ​៧​មករា គឺជា​ជោគជ័យ​របស់​វៀតណាម ព្រោះ​វៀតណាម​ប្រើ​រចនាសម្ព័ន្ធ​ដែល​បង្កើត​កាលពី​ថ្ងៃ២ ​ធ្នូ ១៩៧៨ នេះ ចងក្រង​កម្លាំង​ទុក​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា។

ក្រុម​អ្នកវិភាគ​អះអាង​ថា ការ​ជួយជ្រោមជ្រែង​ពី​កងទ័ព​វៀតណាម រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​ពី​របប​ប៉ុល ពត នៅ​ថ្ងៃ៧ មករា ឆ្នាំ​១៩៧៩ គឺជា​ការពិត ប៉ុន្តែ​ការ​ជួយ​នៅ​ពេល​នោះ​គឺ​បង្កប់​មហិច្ឆតា​នៅ​ពីក្រោយ​ដើម្បី​គ្រប់គ្រង​ប្រទេស​កម្ពុជា។

លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន នៅ​ថ្ងៃ​ទី២ ធ្នូ ថា រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​សព្វថ្ងៃ ត្រូវ​បាន​ប្តូរ​ឈ្មោះ​ជា «​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​» គឺជា​អង្គការ​ចាត់តាំង​មហាជន​មួយ​ឈានមុខ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវ​បាន​បដិសន្ធិ​ឡើង​នៅក្នុង​តំបន់​រំដោះ នា​ភូមិ​ជើង​ឃ្លូ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ដ​ក្រចេះ នៅ​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ ដែល​មាន​លោក ហេង សំរិន លោក ជា ស៊ីម និង​រូបលោក​ផ្ទាល់ រួម​ទាំង​វីរជន​ស្នេហា​ជាតិ​ជា​ច្រើន​រូប​ទៀត​ចូលរួម។

លោក​អះអាង​ថា ប្រជាជន​គ្រប់ទិសទី​បាន​ក្រោកឈរ​រួបរួម​គ្នា ជា​កម្លាំង​មហា​សាមគ្គី​ជាតិ ដោយ​បាន​ទទួល​ការ​ជួយឧបត្ថម្ភ​យ៉ាង​ធំធេង ពី​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម និង​ការ​គាំទ្រ​ពី​មិត្រភក្ដិ​ជិត​ឆ្ងាយ​លើ​សកលលោក ដើម្បី​ផ្ដួលរំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ រហូតដល់​ទទួល​បាន​ជ័យជម្នះ​ដ៏​ត្រចះត្រចង់​នៅ​ថ្ងៃ​៧ ខែ​មករា ឆ្នាំ​១៩៧៩។

ស្ថានទូត​វៀតណាម ប្រចាំ​នៅ​កម្ពុជា ធ្លាប់​លើកឡើង​ថា ការ​ជួយជ្រោមជ្រែង​ពី​សំណាក់​កងទ័ព​វៀតណាម​ដល់​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា កាលពី​ថ្ងៃ​២ ធ្នូ ឆ្នាំ​១៩៧៨ រហូត​ទទួល​បាន​ជ័យជម្នះ​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ គឺ​ដោយសារ​បក្ស​កុម្មុយនីស្ត​វៀតណាម ជាមួយ​កងទ័ព និង​ប្រជាជន​វៀតណាម បាន​អនុវត្ត​សិទ្ធិ​ស្របច្បាប់​ជួយ​សង្គ្រោះ​ប្រជាជន​កម្ពុជា​នៅ​ពេល​នោះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ