
ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន ប្រាប់ទៅមេបញ្ជាការឱ្យប្រាប់នាយទាហាន ពលទាហានទាំងអស់ ពីបន្ទាត់ក្រហមដែលត្រូវវាយបកទៅថៃវិញ ដែលលោកអះអាងថា បានកំណត់រួចហើយ។ បទបញ្ជារបស់លោក ហ៊ុន សែន ធ្វើឡើងនៅព្រឹកថ្ងៃទី៨ ធ្នូ នេះ បន្ទាប់យោធាថៃបានបើកការវាយប្រហារលើកម្ពុជាដោយប្រើប្រាស់អាវុធធន់ធ្ងន់ និងយន្តហោះចម្បាំងទម្លាក់គ្រាប់។
ទោះជាយ៉ាងណា លោក ហ៊ុន សែន នៅតែអំពាវនាវដល់កម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់។ លោកចោទថា ថៃជាអ្នកឈ្លានពាន និងកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើកម្ពុជា ដើម្បីទាញឲ្យកម្ពុជាតបត និងបំផ្លាញចោលបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍សន្តិភាពកម្ពុជា-ថៃ។
ក្រសួងការពារជាតិអះអាងថា យោធាថៃបានបើកការបាញ់ប្រហារយ៉ាងខ្លាំងមកលើកងកម្លាំងកម្ពុជាតាំងពីម៉ោង ៥ព្រឹក នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ ប្រាសាទតាមាន់ធំ ខេត្តឧត្ដរមានជ័យ ដោយប្រើប្រាស់រថក្រោះបាញ់ចូលជាច្រើនកន្លែងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និងនៅចំការចេកជាដើម។
សារព័ត៌មានថៃ The Nation រាយការណ៍ ថា កងទ័ព អាកាសថៃ បានប្រើយន្តហោះចម្បាំងវាយប្រហារ លើទីតាំងកងទ័ពកម្ពុជា ចំណែក កាសែតខៅសុត (Khaosod) រាយការណ៍ដោយចោទយោធាខ្មែរថា បានបាញ់ទាហានថៃ ១នាក់ឱ្យស្លាប់ និងរបួស ២នាក់។










