

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនលុបចោលពិធីសម្ពោធច្រកព្រំដែន ជាមួយនាយករដ្ឋមន្ត្រី វៀតណាមលោក ផាម មិញជីញ (Pham Minh Chinh) នោះទេ នៅថ្ងៃទី០៨ ខែធ្នូ បើទោះជាពេល ទាហានថៃបើកការបាញ់ប្រហារទ្រង់ទ្រាយធំមកលើកម្ពុជាជាថ្មី នៅតាមបន្ទាត់ព្រំដែន បណ្ដាលឱ្យជនស៊ីវិលខ្មែរមួយចំនួនបាត់បង់ជីវិត និងរងរបួស។ អ្នកវិភាគថា លោក ហ៊ុន ម៉ាណែត មិនហ៊ានលុបកម្មវិធីជាមួយមេដឹកនាំវៀតណាម ក៏ព្រោះតែខ្លាចវៀតណាមមិនសប្បាយចិត្ត។
ខណៈដែលពលរដ្ឋរាប់ម៉ឺននាក់ នៅខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ បាននាំគ្នាជម្លៀសពីលំនៅឋានទាំងប្រញាប់ប្រញាល់ នៅថ្ងៃទី៨ ខែធ្នូ ដើម្បីរកទីសុវត្ថិភាព ក្រោយពីទាហានថៃ បានបើកការបាញ់ប្រហារមកលើកងទ័ពខ្មែរ នោះនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានទៅចូលរួមកម្មវិធីសម្ពោធដាក់ឲ្យដំណើរការច្រកទ្វារអន្តរជាតិម៉ឺនជ័យ-តឹនណាម នាខេត្តព្រៃវែង ជាមួយនឹងនាយករដ្ឋមន្ត្រី វៀតណាម លោក ផាម មិញជីញ។
ក្នុងពិធីសម្ពោធនោះ លោក ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះមេដឹកនាំវៀតណាម ដែលបានប្រឹងប្រែងយកចិត្តទុកដាក់ និងរក្សាទាក់ទំនងល្អជាមួយកម្ពុជា។ ក្នុងនោះ លោក ហ៊ុន ម៉ាណែត ចាត់ទុកសមិទ្ធផលបើកដំណើរការ ច្រកទ្វារអន្តរជាតិម៉ឺនជ័យ-តឹនណាម គឺការឆ្លុះបញ្ចាំង អំពីភាពរីកចម្រើន ផ្នែកទំនាក់ទំនងរវាងប្រទេសទាំងពីរ។ បន្ថែមពីនោះ លោករំពឹងថា ព្រំដែនកម្ពុជា-វៀតណាម នឹងប្រែក្លាយជាតំបន់ មានសុខសន្តិភាពសម្រាប់ទីផ្សារដោះដូរ ទំនិញសេវា និងជាព្រំដែនជួយដល់ជីវភាពរបស់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ។
លោក ហ៊ុន ម៉ាណែត៖ «ពិធីសម្ពោធដាក់ឱ្យដំណើរការច្រកទ្វាអន្តរជាតិនេះ បញ្ជាក់ពីភាពជិតស្និតនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ក្នុងបរិយាកាសពោរពេញដោយសាមគ្គីភាព មិត្តភាពជាប្រពៃណី ការជឿទុកចិត្តគ្នាទៅវិញទៅមកដើម្បីឱ្យក្លាយព្រំដែននេះ ក្លាយទៅជាសុខសន្តិភាព»។
ជាមួយគ្នានោះ ក្នុងសុន្ទរកថាជិត២០នាទី នៅចំពោះមុខមេដឹកនាំ វៀតណាមមន្ត្រីរាជការ និងគណៈប្រតិភូ សិស្សានុសិស្សរាប់រយនាក់នោះ គេពុំឮលោក ហ៊ុន ម៉ាណែត និយាយអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នោះទេ បើទោះជាពេលនេះ ទាហានថៃបានបើកការបាញ់ប្រហារមកលើកម្ពុជាជាថ្មីក្ដី។ ករណីនេះ អ្នកតាមដានបញ្ហាសង្គម និងនយោបាយ លើកឡើងថា លោក ហ៊ុន ម៉ាណែត មិនហ៊ានលុបកម្មវិធីជាមួយមេដឹកនាំវៀតណាម និងមិនហ៊ាននិយាយពីការឈ្លានពានទឹកដីរបស់ថៃ មកលើកម្ពុជា នៅចំពោះមុខមេដឹកនាំវៀតណាម ក៏ព្រោះតែលោកខ្លាចវៀតណាមមិនពេញចិត្ត ដែលជាហេតុធ្វើឱ្យលោកហ៊ុន ម៉ាណែត ថ្លែងសារដោយប្រុងប្រយ័ត្ន។
បន្ថែមពីនោះ គេសង្កេតឃើញថា ការថ្លែងសាររបស់ លោក ហ៊ុន ម៉ាណែត គឺពុំបាននិយាយតាមអ្វីដែលលោកគិតឃើញ ហើយនិយាយនោះទេ គឺលោកបានអានលើក្រដាស ដែលបានសរសេរទុក គឺមិនដូចកាលដែលលោកមានវេទិកាជាមួយនិស្សិត និងកម្មកររោងចក្រនោះទេ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក គឹម សុខ ប្រាប់អាស៊ីសេរី នៅថ្ងៃទី៨ ខែធ្នូថា ការណ៍ដែល លោក ហ៊ុន ម៉ាណែត មិនលុបកម្មវិធីជាមួយមួយមេដឹកនាំវៀតណាម ព្រោះថា បក្សកាន់អំណាច គឺស្ថិតក្រោមការត្រួតត្រា និងដឹកនាំដោយមេដឹកនាំវៀតណាម ដូចនេះនៅពេលមានកម្មវិធីអ្វីមួយ លោក ហ៊ុន ម៉ាណែត មិនហ៊ានបដិសេធនោះទេ បើទោះជា លោកដឹងថា ពលរដ្ឋ ជួបទុក្ខលំបាក ព្រោះត្រូវទាហានថៃបាញ់ប្រហារ ដូចពេលនេះក្ដី ក៏លោក ហ៊ុន ម៉ាណែត ចាត់ទុកជំនួបនឹងមេដឹកនាំវៀតណាម ជារឿងសំខាន់។
លោក គឹម សុខ៖ «គ្រប់ដំណាក់កាលនៃការឈ្លានពានរបស់ប្រទេសជិតខាង ជាពិសេសថៃនឹងវៀតណាមនេះ អត់មានវិធីចេញទេ អត់មានច្រកចេញទេ ប្រសិនបើគ្រួសារ ហ៊ុន នៅតែកាន់អំណាច។ ម្ល៉េះហើយ មេរៀននឹងធ្វើឱ្យលោកហ៊ុន ម៉ាណែត ដឹងច្បាស់ថា នៅចំពោះវៀតណាម ហ៊ុន ម៉ាណែត មិនហ៊ាននិយាយពាក្យឈ្លានពានឡើងបើទោះជាថៃ បានឈ្លានពានទឹកដីកម្ពុជា បានឃើញជាក់ស្ដែងក៏ដោយ»។
ទោះជាយ៉ាងនេះក្ដី ក្រោយចប់កម្មវិធីសម្ពោធច្រកទ្វាព្រំដែន កម្ពុជា-វៀតណាម បានប្រហែលជាង៥ម៉ោង លោក ហ៊ុន ម៉ាណែត បានបង្ហោះសារលើគណនីហ្វេសប៊ុក របស់លោកថា ភារកិច្ចចម្បង និងចំពោះមុខរបស់រដ្ឋាភិបាលគឺ ការពារប្រជាជន និងបូរណភាពទឹកដីកម្ពុជា។ លោកស្នើឱ្យក្រសួងស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងពលរដ្ឋទាំងអស់ រួមសាមគ្គីគ្នា ដើម្បីបុព្វហេតុជាតិ មាតុភូមិក្នុងដំណាក់កាលដ៏លំបាកនេះ។ ប៉ុន្តែ អ្នកវិភាគមើលឃើញថា ការថ្លែងសាររបស់ លោក ហ៊ុន ម៉ាណែត ពេលនេះ គឺគ្រាន់តែជា សារប្រជាភិថុតិ ព្រោះថា កន្លងមកនេះ លោក ហ៊ុន ម៉ាណែត មិនបានខ្វល់ខ្វាយពីទុក្ខលំបាករបស់ពលរដ្ឋពិតប្រាកដនោះទេ ជាក់ស្ដែង លោក ហ៊ុន ម៉ាណែត បានគេចវេះមិនយកសំណុំរឿង ថៃឈ្លានពានទឹកដី និងធ្វើបាបពលរដ្ឋខ្មែរ ជាច្រើន ទៅប្ដឹងតុលាការយុត្តិធម៌អន្តរជាតិនោះឡើយ ទើបធ្វើឱ្យថៃ បន្តធ្វើបាបពលរដ្ឋម្ដងហើយ ម្ដងទៀត។
គិតត្រឹម ម៉ោង ៣:៥០ រសៀល នៅថ្ងៃទី៨ ខែធ្នូ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ជនស៊ីវិលកម្ពុជាចំនួន ៤នាក់បានស្លាប់ និង ៩នាក់រងរបួស នៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ក្រោយពីថៃបានបើកការបាញ់ប្រហារដោយអាវុធ ធុនធ្ងន់ ហើយក្នុងនោះ មានប្រជាជនរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញពីលំនៅឋាន ទៅរកទីសុវត្ថិភាពបណ្ដោះអាសន្ន៕









