

យុវជននិងប្រជាពលរដ្ឋស្នើឲ្យគណបក្សកាន់អំណាចគណបក្សប្រឆាំង និងអ្នកនយោបាយក្រៅប្រទេស បើកការចរចាគ្នារកការផ្សះផ្សាជាតិឲ្យរឹងមាំ ដើម្បីតតាំងនឹងបរទេសឈ្លានពាន ដោះស្រាយបញ្ហាជាតិ និងជួយប្រជាពលរដ្ឋរងគ្រោះក្នុងពេលយោធាថៃកំពុងវាយប្រហារឈ្លានពានកម្ពុជា។
ស្របពេលភាគីថៃកំពុងបើកការវាយប្រហារដោយកងទ័ពថ្មើរជើង និងកងទ័ព អាកាស ប្រើប្រាស់អាវុធធនធ្ងន់ និងយន្តហោះចំបាំងចូលឈ្លានពាន បូរណភាព ទឹកដីកម្ពុជាយុវជន និងពលរដ្ឋខ្មែរទូទៅ បានអំពាវនាវឲ្យមានការផ្សះផ្សាបង្រួប បង្រួមជាតិនិងរួមគ្នាដោះស្រាយវិបត្តិជាតិ។
យុវជនម្នាក់ថ្លែងសុំមិនបញ្ចេញឈ្មោះសំណូមពរឲ្យគណបក្សកាន់អំណាច ជជែកជាមួយអ្នកនយោបាយក្រៅប្រទេស បើកសេរីភាពឲ្យគណបក្សប្រឆាំង និង ដោះលែងអ្នកទោសមនសិការ និងអ្នកទោសនយោបាយ ដើម្បីបើកផ្លូវរកការ ផ្សះផ្សាជាតិតទល់នឹងបរទេសឈ្លានពាន។
ពលរដ្ឋលាក់ឈ្មោះ៖ «រដ្ឋាភិបាលទីក្រុងភ្នំពេញគាត់ថយក្រោយមួយជំហានក្នុងការទទួលយក ឬក្នុងការសម្របសម្រួលបង្រួបបង្រួមបក្សប្រឆាំង ឬក៏អ្នកដែលនៅក្រៅប្រទេសដែលគាត់មានឆន្ទៈក្នុងការជួយ ដើម្បីតស៊ូប្រឆាំងជាមួយសត្រូវ។ ចំពោះខ្ញុំក្នុងកាលៈទេសៈនេះ យើងគួរតែដោះលែងសកម្មជនទាំងសកម្មជនបរិស្ថាន សកម្មជននយោបាយនិងសកម្មជនដីធ្លី»។
យោធាថៃបានចាប់ផ្ដើមវាយប្រហារឈ្លានពានកម្ពុជាជាថ្មីទៀតចាប់ពីរសៀលថ្ងៃទី៧ ខែធ្នូ។ ការប្រយុទ្ធគ្នានេះ កំពុងបន្តក្ដៅគគុក។
ពលរដ្ឋម្នាក់ទៀតសុំមិនបញ្ចេញឈ្មោះដែរនោះ ប្រាប់ទូរទស្សន៍អាស៊ីសេរីថា កាលណាគណបក្សកាន់អំណាច នៅតែប្រកាន់នយោបាយកម្ចាត់គណបក្សប្រឆាំង និងអ្នកនយោបាយប្រជាធិបតេយ្យ នោះប្រទេសកម្ពុជាគ្មានកម្លាំងរឹងមាំ ក្នុងការទប់ទល់នឹងការឈ្លានពានរបស់បរទេសឡើយ។
ពលរដ្ឋលាក់ឈ្មោះ៖ «ខ្ញុំគិតថាមានតែការរួបរួមគ្នាទេ ដែលអាចរួមចំណែកក្នុងការជួយជាតិខ្លួនឯងបាន ទាក់ទងនឹងការឈ្លានពានពីប្រទេសខាងក្រៅហ្នឹង។ ប្រសិនបើយើងនៅតែបន្តចាប់ខ្លួន ឬក៏បន្តនៅក្នុងបណ្ដេញចេញឬក៏ធ្វើអីផ្សេងៗ ដែលប៉ះពាល់ដល់អ្នកនយោបាយផ្សេងៗ ខ្ញុំគិតថា វាមិនមានប្រយោជន៍អីទេ ទាំងអ្នកនយោបាយក្រៅប្រទេសទាំងគ្រប់គណបក្ស មានតែការរួបរួមគ្នារវាងគណបក្សកាន់អំណាច ឬគណបក្សប្រឆាំង ឬក៏គណបក្សផ្សេងៗទៀត យើងអាចរួមគ្នាបាន រកយុទ្ធសាស្ត្រក្នុងការជួយជាតិខ្លួនឯងវិញល្អជាង»។
នៅក្នុងសារប្រកាសវាយតបតទៅលើយោធាថៃនៅព្រឹកថ្ងៃទី៩ ខែធ្នូ ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន មិនបានភ្លេចនិយាយឌឺដងទៅកាន់មនុស្ស ដែលធ្លាប់រិះគន់លោក ថា ជាជនល្មោភសង្គ្រាម ឬមិនហ៊ានតបតជាមួយថៃ ឬក៏ដោះដូរដីឱ្យថៃ ដើម្បីសន្តិភាពជាដើមនោះ ថាពួកគេនឹងរិះគន់លោកបែបណាទៀត នៅពេល លោកសម្រេចវាយតបតទៅលើយោធាថៃវិញនៅពេលនេះ។
ពលរដ្ឋម្នាក់កត់សម្គាល់ថា គណបក្សកាន់អំណាច នៅតែមិនព្រមបោះបង់ចោល ចរិតនយោបាយ ដែលចាត់ទុកគណបក្សប្រកួតប្រជែងជាសត្រូវ ហើយនេះ ជាឧបសគ្គនៃការផ្សះផ្សាជាតិ។
ពលរដ្ឋលាក់ឈ្មោះ៖ «អ្នកដែលកំពុងកាន់អំណាចធ្វើម៉េចឲ្យតែរក្សាអំណាចខ្លួនឯងបាន ដោយអត់ចង់ឲ្យមានគណបក្សប្រឆាំងមកជាមួយទេ។ អាហ្នឹងជាអ្វីដែលគាត់ព្យាយាមធ្វើកន្លងមក។ ខ្ញុំគិតថា អត់មានចំណេញអ្វីដល់ជាតិទេ ក្រៅពីបែកបាក់សាមគ្គីជាតិ ហើយនឹងចាត់ទុកគ្នាជាសត្រូវ»។
លោកថា ដើម្បីអាចផ្សះផ្សាជាតិបានគណបក្សកាន់អំណាច ក៏ត្រូវបើកឱកាស ឲ្យអ្នកនយោបាយបក្សប្រឆាំង អាចបង្ហាញសមត្ថភាពជួយជាតិនិងប្រជាពលរដ្ឋដែរ ពីព្រោះជាតិ គឺជាកម្មសិទ្ធិសម្រាប់ខ្មែរទាំងអស់គ្នា មិនមែនសម្រាប់តែគណបក្សកាន់អំណាចផ្ដាច់មុខនោះទេ។
ពលរដ្ឋលាក់ឈ្មោះ៖ «អ៊ីចឹងអ្វីដែលខ្ញុំសំណូមពរខ្ញុំសង្ឃឹមថា គណបក្សកាន់អំណាចគាត់បើកឱកាសឲ្យអ្នកដែលមាននិន្នាការប្រឆាំងឬក៏អ្នកដែលមានមនសិការស្នេហាជាតិបើកឱកាសឲ្យគាត់បង្ហាញពីអ្វីដែលជាវិធីសាស្ត្រក្នុងការផ្សះផ្សាជាតិ»។
ចាប់តាំងពីពេលកម្ពុជា-ថៃមានជម្លោះព្រំដែនពលរដ្ឋមួយចំនួន បានអំពាវនាវឲ្យរដ្ឋាភិបាលពង្រឹងការឯកភាពផ្ទៃក្នុងឱ្យរឹងមាំ ជាពិសេសត្រូវដោះលែងសកម្មជន នយោបាយប្រឆាំង បរិស្ថាន និងអ្នកទោសមនសិការ ដើម្បីពួកគេមានឱកាសរួម ចំណែកក្នុងការដោះស្រាយបញ្ហាជាតិ។
ពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះលើកឡើងថា គណបក្សកាន់អំណាចគួរតែបោះបង់ចោលប្រព័ន្ធដឹកនាំផ្ដាច់ការ និងគ្រួសារបក្ខពួកនិយម។ លោកថា ប្រព័ន្ធនេះ ហើយដែលធ្វើឲ្យខ្មែរបែកបាក់គ្នា ឥតល្ហែនាំឲ្យខ្មែរខ្សោយ ហើយបរទេសមិនខ្លាច ឈ្លានពានដូចសព្វថ្ងៃ។
ពលរដ្ឋលាក់ឈ្មោះ៖ «អ្វីដែលសំណូមពរឲ្យរដ្ឋាភិបាលចាប់អារម្មណ៍ តម្កល់ជាតិជាធំ ជាងប្រើអំណាចឬគេហៅថា អំណាចផ្ដាច់ការ ពឹងផ្អែកទៅលើកណ្ដាប់ដៃដែក ពឹងផ្អែកទៅលើបក្ខពួកគ្រួសារនិយមពេក ធ្វើឲ្យបាត់បង់អធិបតេយ្យភាព ដែលពេលនេះ សៀមកំពុងតែឈ្លានពាន ឬក៏បាញ់វាយប្រហារមកលើប្រជាពលរដ្ឋខ្មែរ ធ្វើឲ្យខ្មែរខាតបង់ប្រយោជន៍ហើយនឹងឈឺចាប់ឥតល្ហែរហូតលុះគ្មានថ្ងៃស្រាកស្រាន្ត។ គណបក្សកាន់អំណាចគាត់ដឹងថា ពេលដែលបក្សប្រឆាំងមានប្រជាប្រិយភាពខ្លាំង ប្រជាពលរដ្ឋមានការគាំទ្រច្រើនធ្វើឲ្យគាត់ [គណបក្សកាន់អំណាច] ហ្នឹង បាត់បង់អំណាចរបស់គាត់។ ក្នុងដំណាលកាលនេះ គណបក្សកាន់អំណាចតែងតែយល់ខុសយល់ច្រឡំទៅលើ គណបក្សប្រឆាំង។ គណបក្សប្រឆាំងគឺ អ្វីៗគឺគិតពីផលប្រយោជន៍ជាតិជាធំ។ គណបក្សប្រជាជនគាត់គិតតែក្រុមគ្រួសារ បក្ខពួករបស់គាត់ទៅយូរៗ ទៅបាត់បង់ប្រជាប្រិយភាពខ្លួនគាត់។ អ៊ីចឹងគាត់មានតែម្យ៉ាងប្រើឥទ្ធិពលនយោបាយអំណាចអញ ក្រុមអញ ដើម្បីបង្ក្រាបបន្សាបទៅលើឥទ្ធិពលគណបក្សប្រឆាំង។ ខ្ញុំសំណូមពរឲ្យរដ្ឋាភិបាលក្នុងអំឡុងពេលសង្គ្រាមខ្មែរ-ថៃ សូមឲ្យគាត់ងាយមកចាប់អារម្មណ៍ផ្ដល់សិទ្ធិនយោបាយទៅលើគណបក្សប្រឆាំង ហើយផ្សះផ្សាជាតិជាធំ ដើម្បីបុព្វហេតុជាធំ ដើម្បីផលប្រយោជន៍ជាតិជាធំ»។
អ្នកឃ្លាំមើលលើកឡើងថា ការផ្សះផ្សាជាតិ មិនអាចកើតឡើងពីការត្រឹមតែសូត្រ ទ្រឹស្ដីផ្សះផ្សាឲ្យប្រជាពលរដ្ឋឮនោះទេ លុះត្រាតែអ្នកកាន់អំណាចចេះចាប់ផ្ដើម បង្ហាញចេតនារកការជជែកគ្នាជាក់ស្ដែង និងជាពិសេសដោះលែងអ្នកទោស នយោបាយ អ្នកទោសមនសិការ ជាបឋម ធ្វើជាមូលដ្ឋានបង្ហាញជំហានទៅរកការផ្សះផ្សាជាតិពិតប្រាកដ៕









