

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា លោកនឹងហៅទូរសព្ទទៅមេដឹកនាំកម្ពុជា-ថៃ នៅថ្ងៃពុធ ដើម្បឱ្យប្រទេសទាំងពីរបញ្ចប់សង្គ្រាមជាថ្មី។ លោកបានលើកឡើងបែបនេះ អំឡុងពេលថ្លែងសុន្ទរកថាមួយនៅ រដ្ឋភែនស៊ីលវែនញ៉ា (Pennsylvania) សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ។
ការប្រកាសពីលោក ត្រាំ នេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) បានចេញសេចក្ដីថ្លែងការណ៍មួយ ជំរុញឱ្យកម្ពុជានិងថៃបញ្ឈប់ជាបន្ទាន់នូវការប្រយុទ្ធគ្នា ហើយត្រឡប់ទៅអនុវត្តតាមកិច្ចព្រមព្រៀងសន្ដិភាព ដែលបានចុះហត្ថលេខានៅក្នុងទីក្រុងកូឡាឡាំពួរ (Kuala Lumpur) កាលពីថ្ងៃទី២៦ ខែតុលា ដែលមានប្រធានប្ដូរវេនអាស៊ានលោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) និងលោកប្រធានាធិបតីសហរដ្ឋអាមេរិក ធ្វើជាសាក្សី។
ប្រធានាធិបតីសហរដ្ឋអាមេរិកបានប្រើប្រាស់វិធានការពន្ធគយ ដើម្បីដាកសម្ពាធឱ្យប្រទេសថៃ ចូលតុចរចាស្វែងរកបទឈប់បាញ់ជាមួយកម្ពុជាដើម្បីបញ្ចប់សង្គ្រាមរយៈពេល៥ថ្ងៃ ២៤- ២៨ ខែកក្កដា។ ទោះជាយ៉ាងណា នាយករដ្ឋមន្ត្រីថៃលោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) បានប្រកាសថា ប្រទេសថៃ នឹងគ្មានការចរចាជាមួយកម្ពុជាដើម្បីបញ្ចប់សង្គ្រាមជាលើកទី២នោះទេ ហើយថៃក៏លែងខ្វល់រឿងសម្ពាធពន្ធគយពីសហរដ្ឋអាមេរិកនោះដែរ៕









