ធនាគារ​ជាតិ​កម្ពុជា​ណែនាំ​ឱ្យ​ម្ចាស់បំណុល​អនុគ្រោះ​ដល់​កូនបំណុល​ជា​យោធិន​នៅ​សមរភូមិ និង​អ្នក​ភៀស​សឹក

0
127
ពលរដ្ឋជាជនភៀសសឹកខ្មែរ ជិះតាមគោយន្តដឹកសមាជិកគ្រួសារ និងសម្ភារៈប្រើប្រាស់គេចពីការឈ្លានរបស់យោធាថៃ នៅក្នុង​ខេត្ត​ឧត្ដរមានជ័យ នៅថ្ងៃទី១០ ធ្នូ ២០២៥។ រូប៖ ​ហ្វេសប៊ុកលោក ម៉េត មាសភក្ដី
ពលរដ្ឋជាជនភៀសសឹកខ្មែរ ជិះតាមគោយន្តដឹកសមាជិកគ្រួសារ និងសម្ភារៈប្រើប្រាស់គេចពីការឈ្លានរបស់យោធាថៃ នៅក្នុង​ខេត្ត​ឧត្ដរមានជ័យ នៅថ្ងៃទី១០ ធ្នូ ២០២៥។ រូប៖ ​ហ្វេសប៊ុកលោក ម៉េត មាសភក្ដី

ធនាគារជាតិ​នៃ​កម្ពុជា​នៅ​ថ្ងៃទី​១០ ខែ​ធ្នូ ប្រកាស​ប្រាប់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ឬ​ម្ចាស់​បំណុល​នានា ឱ្យ​ផ្ដល់​ការ​អនុគ្រោះ​មួយចំនួន​ដល់​អ្នក​ខ្ចីប្រាក់ ឬ​កូនបំណុល​ជា​គ្រួសារ​យោធិន និង​អ្នក​ភៀស​សឹក។

ក្នុង​នោះ​មាន​ដូចជា ការលើកលែង​រាល់​កម្រៃ និង​ការ​ផាកពិន័យ​ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២៦ និង​ការលើកលែង​ការ​ទូទាត់​សង​ការប្រាក់ និង​ពន្យារពេល​ទូទាត់​សង​ប្រាក់​ដើម ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២៦ ទៅដល់​ជនភៀសសឹក និង​យោធិន ដែល​ជាប់ដៃ​នៅ​សមរភូមិ​ប្រយុទ្ធ។

ជាមួយ​គ្នា​នេះ​ធនាគារជាតិ​នៃ​កម្ពុជា​នាំ​ឱ្យ​ម្ចាស់បំណុល​លុបចោល​ឥណទាន​រហូតដល់​៨០​លាន​រៀល​របស់​អតិថិជន ឬ​អ្នក​រួម​ខ្ចី​ជា​យោធិន​ពលី។ រីឯ​យោធិន​ពិការ​ក្នុង​ការ​ប្រយុទ្ធ​អាច​ទទួល​បាន​ការ​លុបចោល​បំណុល​រហូត​ដល់ ១០​លាន​រៀល (២,៤៩៥​ដុល្លារ)។

ធនាគារជាតិ​នៃ​កម្ពុជា​ក៏​លើកទឹកចិត្ត​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ផ្តល់​ការ​អនុគ្រោះ​ពិសេស​បន្ថែម​ទៀត តាម​លទ្ធភាព​ជាក់ស្តែង​ដល់​ប្រជាពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់​ពី​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ និង​យោធិន ដែល​ធ្វើ​ប្រតិបត្តិការ​ដោយ​ផ្ទាល់​ក្នុង​សមរភូមិ​ប្រយុទ្ធ។

របាយការណ៍​របស់ Credit Bureau Cambodia (CBC) ឱ្យ​ដឹង​ថា គិត​ត្រឹម​ចុងឆ្នាំ​២០២៤ មាន​ពលរដ្ឋ​ខ្មែរ ជាង​៥​លាន​នាក់​ជំពាក់​បំណុល​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ក្នុង​ទំហំ​ទឹកប្រាក់​ជិត ៦០​ពាន់​លាន​ដុល្លារ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ