លោក ដូណាល់ ត្រាំ សង្ឃឹមថា លោក​នៅតែ​អាច​បញ្ឈប់​សង្គ្រាម​ខ្មែរ​ថៃ​ជា​លើក​ទី​២

0
127
(ពី​ស្ដាំ) ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ (Donald J. Trump) នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត និង​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) ក្នុង​ថ្ងៃ​ចូលរួម​ចុះ​ហត្ថលេខា​កិច្ច​ព្រមព្រៀង​រួម​សន្តិភាព នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី២៦ តុលា ២០២៥។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
(ពី​ស្ដាំ) ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ (Donald J. Trump) នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត និង​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) ក្នុង​ថ្ងៃ​ចូលរួម​ចុះ​ហត្ថលេខា​កិច្ច​ព្រមព្រៀង​រួម​សន្តិភាព នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី២៦ តុលា ២០២៥។ Photo Courtesy

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ (Donald Trump) សង្ឃឹមថា លោក​នៅតែ​អាច​បញ្ឈប់​សង្គ្រាម​ខ្មែរ​ថៃ​ជា​លើក​ទី​២។ លោក​ថ្លែង​ដូច្នេះ​ពេល​ឆ្លើយ​សំណួរ​របស់​អ្នកកាសែត​កាលពី​ថ្ងៃទី​១០ ធ្នូ។

លោក ដូណាល់ ត្រាំ អះអាង ថា លោក​នឹង​រៀបចំ​ហៅ​ទូរស័ព្ទ​ទៅ​មេដឹកនាំ​កម្ពុជា និង​ថៃ នៅ​ថ្ងៃទី​១១ ធ្នូ នេះ​។ លោក​ជឿ​ថា គ្មាន​អ្នកណា​ក្រៅពី​លោក​អាច​បញ្ឈប់​ការវាយប្រហារ​របស់​ប្រទេស​ទាំងពីរ​នេះ​ទេ​។ លោក​ក៏​សរសើរ​ថា មេដឹកនាំ​ទាំងពីរ​ជា​មនុស្ស​អស្ចារ្យ​ដែល​លោក​ធ្លាប់​បាន​ប្រាស្រ័យ​ជាមួយ។

លោក ត្រាំ ហាក់​បង្ហាញ​ការ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើ​បញ្ហា​ជម្លោះ​ប្រដាប់​អាវុធ​នៅ​កម្ពុជា និង​ថៃ។ កាលពី​សង្គ្រាម​៥​ថ្ងៃ​លើក​ទី​១ លោក ត្រាំ ក៏​ជា​តួអង្គ​សម្របសម្រួល​ឱ្យ​ថៃ​ទទួលយក​បទ​ឈប់​បាញ់ រហូត​ព្រម​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​សន្តិភាព ២៦ តុលា នៅ​ប្រទេស​ម៉ាឡេស៊ី។

ទោះជា​យ៉ាងណា ភាគី​ថៃ​នៅតែ​បង្ក​អារិភាព ដោយ​ការ​ធ្វើទុក្ខបុកម្នេញ​កម្ពុជា ដូចជា ដាក់​បន្លា​លួស​ព័ទ្ធ​យក​ផ្ទះ​ពលរដ្ឋ និង​ឈូស​ឆាយដី​ស្រែចម្ការ​ក្នុង​ដី​ខ្មែរ ព្រមទាំង​បាញ់សម្លាប់​ជន​ស៊ីវិល​កម្ពុជា​ជាដើម។

រហូតដល់​ថ្ងៃទី​៧ ធ្នូ យោធា​ថៃ​បាន​ចាប់ផ្ដើម​វាយប្រហារ​កម្ពុជា​សាជាថ្មី ទាំង​ដែល​កម្ពុជា​ពុំបាន​តបត​ទេ រហូត​ដល់ ២៤​ម៉ោង​ក្រោយ ទើប​កម្ពុជា​បង្ខំចិត្ត​វាយ​ត្រឡប់​ដើម្បី​ការពារ​ខ្លួន ខណៈ​យោធា​ថៃ​បង្កើន​សកម្មភាព​យ៉ាង​គឃ្លើន​វាយប្រហារ​ដោយ​អាវុធ​ធុន​ធំ​គ្រប់​ប្រទេស ទាំង​តាម​អាកាស ផ្លូវទឹក ដោយ​មិន​រើស​ទីតាំង​វាយប្រហារ រហូត​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ស៊ីវិល និង​សម្លាប់​ជន​ស៊ីវិល​ខ្មែរ​ចំនួន ១០​នាក់ និង​របួស​ជាង ៥០​នាក់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ