អង្គការ​យូណេស្កូ​​ស្នើ​ជា​បន្ទាន់​ឱ្យ​បញ្ឈប់​ការ​វាយ​ប្រហារ​តំបន់​បេតិកភណ្ឌ​វប្បធម៌

0
219

អង្គការ​យូណេស្កូ (UNESCO) ស្នើ​ជា​បន្ទាន់​ឱ្យ​មាន​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌ និង​គ្រប់​ទម្រង់​ទាំងអស់ បន្ទាប់​ពី​យោធា​ថៃ​វាយ​ប្រហារ​លើ​ប្រាសាទ​ព្រះវិហារ និង​ប្រាសាទ​តាក្របី។

អង្គការ​យូណេស្កូ​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ភាព​តានតឹង​ឡើងវិញ​រវាង​កម្ពុជា និង​ថៃ រួម​ទាំង​នៅ​តំបន់​ជុំវិញ​ប្រាសាទព្រះវិហារ ដែល​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ។

សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​យូណេស្កូ​នៅ​ថ្ងៃទី១០​ ធ្នូ រំលឹក​ដល់​គ្រប់​ភាគី​ទាំងអស់​អំពី​កាតព្វកិច្ច និង​ការ​ប្តេជ្ញា​ចិត្ត​​ក្នុង​ការគោរព​ច្បាប់​អន្តរជាតិ ជាពិសេស​អនុសញ្ញា​ទីក្រុង​ឡាអេ​ឆ្នាំ​១៩៥៤ ស្តីពី​ការ​ការពារ​ទ្រព្យសម្បត្តិ​វប្បធម៌​ក្នុងករណី​មាន​ជម្លោះ​ប្រដាប់​អាវុធ និង​អនុសញ្ញា​ឆ្នាំ​១៩៧២ ស្តីពី​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ​ពិភពលោក។

អង្គការ​យូណេស្កូ​​អះអាង​ថា នឹង​បន្ត​តាមដាន​ស្ថានភាព​បេតិកភណ្ឌ​វប្បធម៌​នៅក្នុង​តំបន់ ដើម្បី​ធានា​ការ​ការពារ​របស់​ខ្លួន​។ លើស​ពី​នេះ​អង្គការ​យូណេស្កូ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ផ្តល់​ជំនួយ​បច្ចេកទេស​ចាំបាច់ ដើម្បី​ធានា​ការ​ការពារ​ទ្រព្យសម្បត្តិ​វប្បធម៌ និង​អនុវត្ត​វិធានការ​ការពារ​ចាំបាច់​ណាមួយ​ឱ្យ​បាន​ឆាប់​តាម​ដែល​លក្ខខណ្ឌ​អនុញ្ញាត។

កាល​ពី​ថ្ងៃ​ទី​១០ ធ្នូ យោធា​ថៃ​បាន​វាយ​ប្រហារ​លើ​ប្រាសាទ​ព្រះវិហារ ត្រង់​ដង​សន្ទូច​ជួសជុល​ប្រាសាទ ហើយ​កាល​ពី​ថ្ងៃ​ទី៩ ធ្នូ យោធា​ថៃ​ក៏​បាន​វាយ​ប្រហារ​ចំ​តួ​ប្រាសាទ​តាក្របី​ផង​ដែរ។ ក្រសួង​វប្បធម៌​កម្ពុជា​បាន​ថ្កោល​ទោស​ចំពោះ​ការ​វាយ​ប្រហារ​សម្បត្តិ​វប្បធម៌​បុព្វបុរស​ខ្មែរ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ