

កម្ពុជាបន្តអំពាវនាវឱ្យយោធាថៃងាកមកគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព ប៉ុន្តែកម្ពុជារក្សាជំហរការពារខ្លួនយ៉ាងម៉ឺងម៉ាត់នូវការឈ្លានពានទឹកដីកម្ពុជា។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាអ្នកស្រី ម៉ាលី សុជាតា ថ្លែងនៅសន្និសីទកាសែតនៅថ្ងៃទី១១ ធ្នូ ដោយចោទភាគីថៃថា បន្តរំលោភបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព ដែលប្រទេសទាំងបានព្រមព្រៀង។ អ្នកស្រីបន្តទាមទារឱ្យយោធាថៃ បញ្ឈប់នូវរាល់ទង្វើឈ្លានពានរបស់ខ្លួនចូលទឹកដីខ្មែរ ការផ្សព្វផ្សាយព័ត៌មានបំភ្លៃ ការវាយប្រហារដោយមិនរើសគោលដៅ ជាពិសេសទៅលើប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ព្រមទាំងបញ្ឈប់ការវាយប្រហារបំផ្លិចបំផ្លាញទីតាំងប្រវត្តិសាស្ត្រ ដូចជាប្រាសាទព្រះវិហារ និងប្រាសាទតាក្របីជាដើម។
អ្នកស្រីស្នើឱ្យយោធាថៃបង្ហាញពីភាពស្មោះត្រង់ និងសុឆន្ទៈ បើថៃពិតជាចង់បានសន្តិភាពពិតប្រាកដមែន ព្រោះសន្តិភាពមិនអាចកើតមានតែតាមរយៈការនិយាយប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈសកម្មភាពជាក់ស្តែង។
មកដល់ត្រឹមព្រឹកថ្ងៃទី១១ ធ្នូ កម្ពុជាបន្តបង្ខំចិត្តវាយត្រឡប់ដើម្បីការពារខ្លួន ខណៈយោធាថៃបង្កើនសកម្មភាពវាយប្រហារដោយអាវុធធុនធំ ទាំងតាមអាកាស ផ្លូវទឹក ដោយមិនរើសទីតាំងវាយប្រហារ រហូតបំផ្លាញផ្ទះ និងបាញ់ថ្នាំពុលលើពលរដ្ឋស៊ីវិល និងសម្លាប់ជនស៊ីវិលខ្មែរចំនួន ១០នាក់ និងរបួសជាង ៥០នាក់ ខណៈពលរដ្ឋភៀសសឹកខ្មែរកើនជិត ២០ម៉ឺននាក់ ពី៥ខេត្តជាប់ព្រំដែនថៃ៕









