

នៅថ្ងៃទី១១ ធ្នូ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជាចេញលិខិតថ្កោលទោសចំពោះទង្វើរបស់យោធាថៃ ដែលបានវាយប្រហារដោយគ្រាប់បែកបំផ្លាញប្រាង្គប្រាសាទតាក្របីទាំងស្រុង។ កម្ពុជាចាត់ទុកទង្វើនេះថា ជាអំពើអសីលធម៌បំផុតរបស់យោធាថៃ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសំដែងការសោកស្ដាយ និងកាន់ទុក្ខនូវការខូចខាតប្រាង្គប្រាសាទដែលជាសម្បត្តិមរតកដូនតាខ្មែរ។ កាលពីថ្ងៃទី៩ ធ្នូ យោធាថៃបានវាយប្រហារប្រាសាទតាក្របីម្ដងហើយ ដោយទម្លាក់គ្រាប់បែកចំកំពូល និងខ្លួនប្រាសាទ ខូចខាតយ៉ាងដំណំ។ ក្រសួងបន្តថា នៅថ្ងៃទី១០ ធ្នូ យោធាថៃបន្តវាយប្រហារទម្លាក់គ្រាប់បែកទៀត រហូតបង្កការខូចខាតទាំងស្រុង។
ប្រាសាទតាក្របី ត្រូវបានសាងសង់នៅអំឡុងសតវត្សទី១១ ក្នុងសម័យព្រះបាទ សូរ្យវរ្ម័នទី១ និងព្រះបាទ ឧទ័យទិត្យ វរ្ម័នទី២ ស្ថិតនៅភូមិសែនមនោរម្យ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។ ប្រាសាទបុរាណនេះជាទីបុរាណដ្ឋានអភិរក្សយ៉ាងខ្ជាប់ខ្ជួនរបស់ស្ថាប័នវប្បធម៌កម្ពុជា និងជាទីសក្ការៈ តាមជំនឿ ប្រពៃណី ទំនៀមទំលាប់របស់ខ្មែរ។
ក្រសួងវប្បធម៌អំពាវនាវប្រទេសលើពិភពលោក អ្នកជំនាញអន្តរជាតិចូលរួមថ្កោលទោសទង្វើឧក្រិដ្ឋកម្មរបស់យោធាថៃ។ កម្ពុជាស្នើជាបន្ទាន់ដល់យោធាថៃឱ្យបញ្ឈប់សកម្មភាពបំផ្លាញវប្បធម៌កម្ពុជា និងការឈ្លានពានទឹកដីខ្មែរ៕









