អ្នក​សារព័ត៌មាន​ស្នើ​រដ្ឋាភិបាល​សម្រួល​ដល់​កាសែត​អន្តរជាតិ​ឱ្យ​ទទួល​បាន​ព័ត៌មាន​ពី​កម្ពុជា​រឿង​ជម្លោះព្រំដែន​ជាមួយ​ថៃ

0
185
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក នេត្រ ភក្ត្រា។ រូប៖ ហ្វេសប៊ុកលោក នេត្រ ភក្ត្រា
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក នេត្រ ភក្ត្រា។ រូប៖ ហ្វេសប៊ុកលោក នេត្រ ភក្ត្រា

អ្នកសារព័ត៌មាន​ឯករាជ្យ​ស្នើ​រដ្ឋាភិបាល​បង្កើត​ភាព​ងាយស្រួល ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ និង​ក្នុង​ស្រុក ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ពី​ខាង​ភាគី​កម្ពុជា ឱ្យ​បាន​ឆាប់រហ័ស និង​បើក​លំហ​សេរីភាព​សារព័ត៌មាន ក្នុង​កាលៈទេសៈ ដែល​កម្ពុជា កំពុង​មាន​ជម្លោះព្រំដែន​ជាមួយ​ថៃ។ សំណើ​នេះ ធ្វើឡើង​បន្ទាប់​ពី​ពួកគាត់​សង្កេតឃើញ​អំពី​ការ​ចាញ់​ប្រៀប​របស់​កម្ពុជា ចំពោះ​ប្រទេស​ថៃ ទៅ​លើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន អំពី​ជម្លោះ​នៅ​តាម​បណ្ដោយ​ព្រំដែន ដោយសារតែ​ថៃ​មាន​ទីស្នាក់ការ​របស់​សារព័ត៌មាន​អន្តរជាតិ​ច្រើនជាង​កម្ពុជា។

នៅក្នុង​ជម្លោះ​នៅ​តំបន់​ព្រំដែន​រវាង​កម្ពុជា​-​ថៃ ក្រៅពី​ការវាយប្រហារ​គ្នា​ដោយ​អាវុធ ភាគី​ទាំងពីរ ក៏​ប្រជែង​គ្នា​លើ​យុទ្ធសាស្ត្រ​ការទូត និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ផង​ដែរ។

អ្នករាយការណ៍​ព័ត៌មាន​ឯករាជ្យ​ម្នាក់ គឺ​កញ្ញា វ៉ាន់ សុម៉ាលី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១០ ខែធ្នូ ថា នៅក្នុង​ជម្លោះ​រឿង​ព្រំដែន កម្ពុជា​បាន​ចាញ់​ប្រៀប​ភាគី​ថៃ ទៅលើ​ការ​បញ្ជូន និង​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ព្រឹត្តិការណ៍​នៅ​តំបន់​ព្រំដែន ទៅកាន់​ពិភពលោក តាមរយៈ​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ល្បីៗ​មួយចំនួន​។ កញ្ញា​បន្ត​ថា ចំណុច​ដែល​ធ្វើ​ឱ្យ​កម្ពុជា​ចាញ់​ប្រៀប​ថៃ លើ​សមរភូមិ​សារព័ត៌មាន​នោះ គឺ​ដោយសារតែ​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ល្បីៗ របស់​អន្តរជាតិ​ភាគច្រើន បាន​តាំង​ការិយាល័យ​នៅក្នុង​ប្រទេស​ថៃ ខណៈ​រដ្ឋាភិបាល​ថៃ ថែមទាំង​បាន បង្ក​ភាព​ងាយស្រួល ដល់​ស្ថាប័ន​ទាំងនោះ ក្នុង​ការ​ទទួល​បាន​ប្រភព និង​ព័ត៌មាន​ផ្សេងៗ ដែល​ផ្ទុយ​ពី​កម្ពុជា រដ្ឋាភិបាល បាន​រឹតត្បិត និង​ធ្វើទុក្ខបុកម្នេញ​លើ​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ រហូត​បិទ​ការិយាល័យ និង​ដកហូត​អាជ្ញាប័ណ្ណ​ទៀត​ផង។

កញ្ញ៉ា វ៉ាន់ សុម៉ាលី​៖ «បទពិសោធន៍​លើក​នេះ វា​ជា​បទពិសោធន៍​ថ្មី ដ៏​ធំ​មួយ​ដែល​អាច​យក​ទៅ​សិក្សា ថា​តើ​វិស័យ​សារព័ត៌មាន មាន​សារសំខាន់​ប៉ុណ្ណា ហើយ​ការ​បំបិទ​សារព័ត៌មាន​ហ្នឹង គឺ​មិនមែន​ជា​ជម្រើស​ល្អ​ទេ ព្រោះថា​ថ្ងៃ​ណាមួយ យើង​នឹង​ត្រូវ​ប្រើប្រាស់​វា ហើយ​ពេល​ហ្នឹង វា​អាច​នឹង​ហួសពេល​។ ជាក់ស្ដែង​ដូចជា​បច្ចុប្បន្ន​នេះ​អ៊ីចឹង យើង​សឹងតែ​គ្មាន​បណ្ដាញសារព័ត៌មាន​ធំៗ​ទាល់តែសោះ នៅក្នុង​ប្រទេស​របស់​យើង»។

ការ​ថ្លែង​របស់​អ្នកសារព័ត៌មាន​រូប​នេះ ធ្វើឡើង​បន្ទាប់ពី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​ក្រុម​អ្នកនាំពាក្យ​យោធា​ថៃ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ កាលពី​ថ្ងៃទី​៩ ខែធ្នូ ដោយ​ផ្ដល់​បទសម្ភាសន៍​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ ល្បីៗ​មួយចំនួន រួមមាន BBC CNN Reuters Al Jazeera និង​CNA​ជាដើម ដើម្បី​រៀបរាប់​អំពី​ស្ថានភាព​នៃ​ជម្លោះ​រវាង​កម្ពុជា និង​ថៃ នៅ​តាម​តំបន់​ព្រំដែន ដោយ​ក្រុម​អ្នកនាំពាក្យ​ថៃ បាន​ចោទ​កម្ពុជា ថា​ផ្សាយ​ព័ត៌មាន​មិន​ពិត​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ក្នុង​វិវាទ​ព្រំដែន​នេះ។

ក្រៅ​ពី​នេះ ថៃ​ប្រាប់​ទៅកាន់​ក្រុម​សារព័ត៌មាន និង​អង្គការ​អន្តរជាតិ អំពី​វិវាទ​នៅ​តំបន់​ព្រំដែន ដោយ​ភាគី​ថៃ បាន​តាំង​ខ្លួនឯង​ជា​ជនរងគ្រោះ ដែល​ប្រើប្រាស់​សិទ្ធិ​ការពារ​ខ្លួន និង​ចោទប្រកាន់​មក​លើ​ភាគី​កម្ពុជា​ថា បាន​វាយប្រហារ​មក​លើ​តំបន់​មួយចំនួន និង​ទីតាំង​ប្រាសាទ​នៅ​លើ​ភ្នំ​ដងរែក។ ទោះជា​យ៉ាងណា ទីតាំង​បុរាណ​ស្ថាន ដែល​ថៃ​យក​មក​ចោទប្រកាន់​កម្ពុជា​នោះ គឺជា​ប្រាសាទបុរាណ​របស់​ខ្មែរ ខណៈ​យោធា​ថៃ​ខ្លួនឯង​ទៅវិញ​ទេ ដែល​ជា​អ្នក​វាយប្រហារ បណ្ដាល​ឱ្យ​បែកបាក់​តួ​ប្រាសាទ​ជាច្រើន​កន្លែង​នោះ។

ងាក​មក​បញ្ហា​នៅក្នុង​វិស័យ​សារព័ត៌មាន​របស់​កម្ពុ​ជា​វិញ អ្នកឆ្លើយឆ្លង​ព័ត៌មាន ព្រំដែន​អាស៊ាន (The ASEAN Frontier) លោក សំបាន ច័ន្ទដារ៉ា យល់​ឃើញ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ ហាក់​កំពុង​មានប្រៀប​លើ​កម្ពុជា ក្នុង​ការបញ្ជូនសារ​ទៅកាន់​ពិភពលោក ពាក់ព័ន្ធ​នឹង​ជម្លោះព្រំដែន ខណៈ​សំឡេង​ឯករាជ្យ​នៅ​កម្ពុជា ត្រូវ​បាន​រដ្ឋាភិបាល​បំបិទ​ចោល​ភាគច្រើន​ទៅ​ហើយ​។ លោក​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា​គួរតែ​ផ្ដល់​ភ្លើង​ខៀវ និង​ជួយ​សម្រួល​ដល់​អ្នកស្រាវជ្រាវ​ឯករាជ្យ និង​អ្នកកាសែត​អន្តរជាតិ ក្នុង​ការ​ចុះ​យក​ព័ត៌មាន ព្រោះ​ការ​ចុះផ្សាយ​ទាំងអស់​នោះ នឹង​ក្លាយជា​ឯកសារយោង និង​ជា​ប្រភព​សម្រាប់​ការវាយតម្លៃ របស់​ស្ថាប័ន​អន្តរជាតិ នៅពេល​បន្ទាប់។

លោក សំបាន ច័ន្ទដារ៉ា៖ «នេះ​ជា​ហេតុផល​មួយ ដែល​បាងកក​មាន​សំឡេង​ច្រើនជាង​ភ្នំពេញ បាងកក​អាច​ផ្សាយ​ព័ត៌មាន​ជាច្រើន​ទៅកាន់​អន្តរជាតិ ហើយ​កាសែត​ធំៗ ដែល​គេ​យោង​ត​ហ្នឹង ហើយ​ប្រភព​ផ្សេងៗ​ទៀត ដូចជា​ស្ថាប័ន​ស្រាវជ្រាវ និង​ក្រុមហ៊ុន​ស្រាវជ្រាវ​ផ្សេងៗ ហ្នឹង គឺ​គេ​យោង​ពី​កាសែត​ធំៗ ដែល​មាន​ការិយាល័យ​នៅ​ទីក្រុង​បាងកក​ហ្នឹងឯង»។

ក្នុង​ការ​ចុះផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​រឿង​ជម្លោះព្រំដែន រវាង​កម្ពុជា និង​ថៃ នៅ​រយៈកាល​ថ្មីៗ​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ធំៗ​មួយចំនួន បាន​សរសេរ​ឈ្មោះ​តំបន់​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា គឺជា​សំនៀង​ភាសា​ថៃ ខណៈ​អ្នកសារព័ត៌មាន​ឯករាជ្យ​យល់ថា បញ្ហា​នេះ ទំនង​កើតឡើង​ដោយសារ​អ្នករាយការណ៍​ព័ត៌មាន​ទាំងនោះ មាន​ការិយាល័យ​នៅក្នុង​ប្រទេស​ថៃ និង​ទទួល​បាន​ប្រភព​ពី​ខាង​ភាគី​ថៃ លឿន​ជាង​កម្ពុជា។

ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​១០ ខែ​ធ្នូ។

ពាក់ព័ន្ធ​នឹង​សេចក្ដីរាយការណ៍​ព័ត៌មាន​នេះ​ដែរ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ប្ដឹង​ទៅ​ស្ថានទូត​បារាំង ពាក់ព័ន្ធ​នឹង​ករណី​អ្នករាយការណ៍​ព័ត៌មាន​ម្នាក់ របស់ TV France 24 ដែល​ធ្វើការ​នៅ​ក្រុង​បាងកក ដែល​កម្ពុជា​អះអាង​ថា បាន​ផ្សាយ​ខុសពី​ការ​ពិតជា​ច្រើនដង និង​លម្អៀង​ទៅ​ភាគី​ថៃ នៅក្នុង​រឿង​ជម្លោះព្រំដែន​នៃ​ប្រទេស​ទាំង​២ ជាពិសេស​ទៅលើ​អត្ថបទ​មួយ ដែល​មាន​ចំណងជើង​ថា «​ប្រទេស​ថៃ ធ្វើការ​វាយប្រហារ​តាម អាកាស​ដើម្បី​ការពារ​ខ្លួន​បន្ទាប់ពី​ការ​ប៉ះទង្គិច​គ្នា​នៅ​តាម​ព្រំដែន ដែល​បាន​សម្លាប់​ទាហាន​ថៃ»។

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេមបូចា​(Camboja) លោក ណុប វី ស្នើ​ឱ្យ​រដ្ឋាភិបាល បង្កើត​ភាព​ងាយស្រួល ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក និង​អន្តរជាតិ ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ពី​ខាង​ភាគី​កម្ពុជា ឱ្យ​បាន​ឆាប់រហ័ស និង​បើកចំហ​សេរីភាព​សារព័ត៌មាន ឱ្យ​បាន​ទូលាយ​ជាង​នេះ។

លោក ណុប វី៖ «ក្នុង​កំឡុង​ពេល​កម្ពុជា មាន​សង្គ្រាម​ជាមួយ​ថៃ​នេះ យើង​ប្រាកដ​ត្រូវការ​នូវ​វត្តមាន​របស់​សារព័ត៌មាន​អន្តរជាតិ​ធំៗ ឱ្យ​នៅ​ជាមួយ​យើង ដើម្បី​គេ​អាច​រាយការណ៍ ជាពិសេស​ការ​ស្ដាប់​បាត់បង់​ជីវិត​របស់​ជ​ន​ស៊ីវិល ការ​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅដល់​អ្នកសារព័ត៌មាន​ហ្នឹង ទៅដល់​ពិភពលោក​ទាំងមូល ដើម្បី​ឱ្យ​គេ​មាន​អន្តរាគមន៍ ឆាប់​មាន​ប្រតិកម្ម ហើយ​និង​ចូលរួម​ចំណែក​ទប់ស្កាត់​កុំ​ឱ្យ​មាន​ការ​រីក​រាលដាល​លឿន​ចំពោះ​សង្គ្រាម​ហ្នឹង»។

របាយការណ៍​របស់​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន ចេញផ្សាយ​កាលពី​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០២៥​នេះ បាន​ទម្លាក់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​របស់​កម្ពុជា ចំនួន​១០​លេខ ពោល​ធ្លាក់​ពី​ចំណាត់ថ្នាក់​ទី​១៥១ នៅ​ឆ្នាំ​២០២៤ មក​ទី​១៦១ នៅ​ឆ្នាំ​២០២៥។ មូលហេតុ​ដែល​អង្គការ​នេះ ទម្លាក់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​របស់​កម្ពុ​ជា គឺ​ដោយ​យោង​លើ​ចំណុច​សំខាន់ៗ​មួយចំនួន ដូចជា បរិយាកាស​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ បរិបទ​នយោបាយ ក្របខ័ណ្ឌ​ច្បាប់ បរិបទ​សេដ្ឋកិច្ច បរិបទ​សង្គម វប្បធម៌ និង​បញ្ហា​សុវត្ថិភាព។

យ៉ាងណា​ក៏​ដោយ​ចុះ អ្នករាយការណ៍​ព័ត៌មាន​ឯករាជ្យ ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា សម្រួល​ឱ្យ​ពួកគាត់​ចុះ​យក​ព័ត៌មាន​នៅ​ទីតាំង​ផ្ទាល់ ដោយ​មិន​គួរ​កំណត់​ឱ្យ​ពួកគាត់ ចាំ​ត្រង​យក​ព័ត៌មាន​តែ​ពី​ប្រភព​របស់​ស្ថាប័នរដ្ឋ​តែ​ម្យ៉ាង​នោះ​ឡើយ ដែល​កត្តា​នេះ នឹង​ធ្វើ​ឱ្យ​ឥទ្ធិពល​សារព័ត៌មាន​របស់​កម្ពុជា កាន់តែ​ចាញ់​ប្រៀប​ប្រទេស​ជិតខាង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ