

អតិថិជនក្រុមហ៊ុនហួយវ័ន ផេ (Huione Pay) របស់លោក ហ៊ុន តូ មួយចំនួននៅតែបន្តរក្សាភាពស្ងប់ស្ងាត់ និងរង់ចាំក្រុមហ៊ុនបើកដំណើរការឡើងវិញ ដើម្បីដកលុយចេញគណនី។ មកដល់ពេលនេះសហប្រធានក្រុមហ៊ុន ហួយវ័ន ផេ គឺលោក ហ៊ុន តូ និងអ្នកពាក់ព័ន្ធធំៗនៅតែមានសេរីភាព ទោះបីជាធនាគារជាតិនៃកម្ពុជាចោទថា ក្រុមហ៊ុន ហួយវ័ន ផេ ខុសច្បាប់ និងដកអាជ្ញាប័ណ្ណក្រុមហ៊ុននេះក៏ដោយ។
អតិថិជនក្រុមហ៊ុន ហួយវ័ន ផេ មួយចំនួនទោះបីជាជួបការពិបាកក្នុងជីវភាពប្រចាំថ្ងៃក្រោយក្រុមហ៊ុនបង្កកលុយ ពួកគាត់នៅតែបន្តរង់ចាំឱ្យក្រុមហ៊ុនដំណើរការឡើងវិញ ដើម្បីអាចដកលុយចេញពីគណនីយកប្រើប្រាស់។
អតិថិជនម្នាក់ថ្លែងសុំមិនបញ្ចេញឈ្មោះរៀបរាប់ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី១១ ខែធ្នូថា កញ្ញាជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ប៉ុន្តែកញ្ញាមិនទាន់បានយកឯកសារពាក់ព័ន្ធទៅធនាគារជាតិនៃកម្ពុជានៅឡើយ។ កញ្ញាថា មូលហេតុដែលមិនបានយកភស្តុតាង និងឯកសារនានាទៅស្វែងរកធនាគារជាតិឱ្យជួយដោះស្រាយ ដោយសារតែកញ្ញារំពឹងថា ក្រុមហ៊ុននឹងដំណើរឡើងវិញ។
ស្រដៀងគ្នានេះដែរ អតិថិជនម្នាក់ទៀតកញ្ញា លីលី ក៏រង់ចាំដោះស្រាយពីក្រុមហ៊ុន ដោយរំពឹងថា ក្រុមហ៊ុននឹងដំណើរការឡើងវិញ ហើយអាចដកលុយចេញពីគណនី។
កញ្ញា លីលី៖ «ខ្ញុំអត់បានដាក់ពាក្យបណ្ដឹងទេបងអើយ ដោយសារតែខាងក្រុមហ៊ុនគេប្រកាសថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ គេបើកដំណើរការវិញអ៊ីចឹង»។
អតិថិជនបន្តថា ពលរដ្ឋខ្មែរដែលប្រើប្រាស់សេវាកម្ម ហួយវ័ន ផេ ភាគច្រើនជាអ្នកធ្វើការជាមួយជនជាតិចិន និងជាភ្នាក់ងារដូរលុយ ហួយវ័ន ផេ។ អតិថិជន ហួយវ័ន ផេ ភាគច្រើននៅតែស្ទាក់ស្ទើរក្នុងការដូរលុយតាមភ្នាក់ងារដោយសារសេវាកម្មដូរលុយថ្លៃ ខណៈអាជីវករបរទេសភាគច្រើនជាជនជាតិចិន បានត្អូញត្អែរបញ្ហាដកលុយមិនបាន និងបារម្ភខ្លាចបាត់លុយចេញពីគណនី។
ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី៤ ខែធ្នូ ចេញសេចក្ដីប្រកាសព័ត៌មានដោយទុកពេលឱ្យអតិថិជន ១០ថ្ងៃចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៩ ខែធ្នូ ដោយស្នើឱ្យអតិថិជនដែលមិនទាន់ទទួលបានលុយ ឬមិនអាចដកប្រាក់ចេញពីគណនី ហួយវ័ន ផេ យកឯកសារភស្តុតាងនានា មកកាន់ធនាគារជាតិ។
ទោះបីជាអតិថិជនមួយចំនួនរំពឹងថា ក្រុមហ៊ុនដំណើរឡើងវិញ និងអាចដកលុយចេញពីគណនីក៏ដោយសេចក្ដីប្រកាសព័ត៌មានក្រុមហ៊ុន ហួយវ័ន ផេ កាលពីថ្ងៃទី១ ខែធ្នូ ក្រុមហ៊ុននឹងបើកដំណើរការអាជីវកម្មឡើងវិញនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ហើយប្រតិបត្តិការដកសាច់ប្រាក់របស់អតិថិជនក្រុមហ៊ុនកំណត់ឱ្យអតិថិជនដកតាមចំនួនដែលក្រុមហ៊ុនបានកំណត់។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាអ្នកស្រី ជា សិរី ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះបានទេនៅថ្ងៃទី១១ ខែធ្នូ។
មកដល់ពេលនេះសហប្រធានក្រុមហ៊ុន ហួយវ័ន គ្រុប គឺលោក ហ៊ុន តូ និងអ្នកពាក់ព័ន្ធធំៗនៃក្រុមហ៊ុននេះនៅតែមានសេរីភាព និងរស់នៅក្រៅសំណាញ់ច្បាប់។ លើសពីនេះក្រុមហ៊ុនក៏នឹងប្រកាសបើកដំណើរការអាជីវកម្មរបស់ខ្លួន បើទោះបីជាធនាគារជាតិនៃកម្ពុជាបានចោទក្រុមហ៊ុននេះថា ខុសច្បាប់ និងដកអាជ្ញាប័ណ្ណក្រុមហ៊ុន លោក ហ៊ុន តូ ជាស្ថាពរក៏ដោយ។
អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក គឹម សុខ ចោទធនាគារជាតិនៃកម្ពុជាថា ឃុបឃិតជាមួយក្រុមហ៊ុន លោក ហ៊ុន តូ ដើម្បីឱ្យបន្តអាជីវកម្មលាងលុយកខ្វក់ឱ្យក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ ដើម្បីបានលុយចិញ្ចឹមអំណាចផ្ដាច់ការរដ្ឋាភិបាលត្រកូល ហ៊ុន។
លោក គឹម សុខ៖ «ហួយវ័ន ផេ របស់ឧកញ៉ា ហ៊ុន តូ គឺជាក្រុមហ៊ុនលាងលុយកខ្វក់យ៉ាងងាយៗនៅប្រទេសកម្ពុជារហូតទល់តែសហគមន៍អន្តរជាតិ និងសហរដ្ឋអាមេរិករកឃើញអំពីឧក្រិដ្ឋកម្មលាងលុយកខ្វក់ហ្នឹង។ ក្រុមហ៊ុននេះនៅតែបន្តសកម្មភាពលាងលុយដដែល បើទោះបីជាមានការដកអាជ្ញាប័ណ្ណពីធនាគារជាតិ។ ធនាគារជាតិដកអាជ្ញាប័ណ្ណក៏ពិតមែន ប៉ុន្តែមិនចាត់ការឧក្រិដ្ឋកម្មលាងលុយកខ្វក់របស់ក្រុមហ៊ុន ហួយវ័ន ផេ ទេ។ ដូច្នេះ ហួយវ័យ ផេ គឺជាក្រុមហ៊ុន លាងលុយកខ្វក់ ឬជាឧក្រិដ្ឋកម្មឆ្លងដែនរបស់ក្រុមគ្រួសារ ហ៊ុន មិនមែនត្រឹមជាកម្មសិទ្ធិរបស់ឧកញ៉ា ហ៊ុន តូ នោះទេ»។
ក្រុមហ៊ុន ហួយវ័ន ផេ របស់លោក ហ៊ុន តូ ដែលត្រូវជាក្មួយប្រុសបង្កើតប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានប្រកាសផ្អាកអាជីវកម្មទាំងអស់របស់ខ្លួនបណ្ដោះអាសន្ន និងបង្កកលុយអតិថិជន ក្រោយសហរដ្ឋអាមេរិក (US) និងចក្រភពអង់គ្លេស (UK) បានដាក់ទណ្ឌកម្មដោយដាក់ក្នុងបញ្ជីខ្មៅមិនអនុញ្ញាតឱ្យក្រុមហ៊ុននេះមានប្រតិបត្តិការទាក់ទងនឹងប្រព័ន្ធហិរញ្ញវត្ថុរបស់អាមេរិក និងអង់គ្លេស។ ក្រុមហ៊ុន ហួយវ័ន ផេ គឺជាផ្នែកមួយនៃក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group of Cambodia) ដែលបានបង្កើតទីផ្សារអនឡាញជាច្រើនទៀត និងអនុញ្ញាតឱ្យក្រុមអ្នករកស៊ីឆបោកតាមអនឡាញ ប្រើប្រាស់នូវទិន្នន័យ បច្ចេកវិទ្យា និងសេវាកម្មលាងលុយកខ្វក់បាន។ ក្រសួងរតនាគារអាមេរិករកឃើញថា ចាប់តាំងពីខែសីហា ឆ្នាំ២០២១ មកក្រុមហ៊ុន ហួយវ័ន ផេ របស់លោក ហ៊ុន តូ និងបណ្ដាញក្រុមហ៊ុនជាបុត្រសម្ព័ន្ធបានជួយលាងលុយកខ្វក់ចំនួនយ៉ាងតិច ៤ពាន់លានដុល្លារឱ្យក្រុមឧក្រិដ្ឋជនក្រុមចោរបច្ចេកវិទ្យារបស់កូរ៉េខាងជើង (North Korea) និងក្រុមឆបោកតាមអនឡាញនៅតំបន់អាស៊ីអាគ្នេយ៍៕









