

នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ស្នើកងទ័ព ឬស្ថាប័នជំនាញរបស់អាមេរិក និងម៉ាឡេស៊ី អាចប្រើសមត្ថភាពប្រមូលព័ត៌មាន ដូចជារូបភាពផ្កាយរណបដើម្បីផ្ទៀងផ្ទាត់ថា តើភាគីណាបាញ់មុន។
លោក ហ៊ុន ម៉ាណែត សរសេរសារនៅព្រឹកថ្ងៃទី១៣ ធ្នូ ក្រោយបានជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump)។ លោកអះអាងថា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវជំហរក្នុងការស្វែងរកការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ។
លោកបញ្ជាក់ថា ហេតុការណ៍បាញ់ប្រហារនៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ បានបណ្ដាលឱ្យមានការផ្ទុះការប្រយុទ្ធជាថ្មីរវាងប្រទេសទាំងពីរ។ លោកផ្តល់យោបល់ថា កងទ័ព ឬស្ថាប័នជំនាញរបស់សហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ី អាចប្រើសមត្ថភាពប្រមូលព័ត៌មានរបស់ពួកគេ ដូចជារូបភាពផ្កាយរណបដែលបានថតអំឡុងពេលនោះ និងក្រោយពេលនោះរយៈពេល ២៤ ម៉ោង ដើម្បីផ្ទៀងផ្ទាត់ថា តើភាគីណាបាញ់មុន។
លោកបន្ថែមថា វិធីសាស្ត្រនេះអាចជាវិធីសាស្ត្រងាយស្រួល និងមានតម្លាភាពបំផុត ក្នុងការផ្ទៀងផ្ទាត់ហេតុការណ៍នេះ ហើយកម្ពុជាត្រៀមខ្លួនសហការ ក្នុងករណីមានតម្រូវការ។
កាលពីថ្ងៃទី៧ ធ្នូ យោធាថៃបានបើកវាយប្រហារចូលដីកម្ពុជា ក្រោមលេសទាហានខ្លួនត្រូវទាហានខ្មែរបាញ់សម្លាប់ ប៉ុន្តែពុំមានរបាយការណ៍ស៊ើបអង្កេតលម្អិតចំពោះការចោទប្រកាន់នេះទេ។ ចំណែកភាគីកម្ពុជាអះអាងថា ពុំបានវាយតបតវិញទេ រហូត ២៤ម៉ោងក្រោយការអត់ធ្មត់ ទើបកម្ពុជាបង្ខំចិត្តវាយបកដើម្បីការពារខ្លួន និងពលរដ្ឋស៊ីវិល ដែលយោធាថៃបានវាយប្រហារដោយអាវុធធុនធ្ងន់គ្រាប់ប្រភេទ ទាំងទម្លាក់គ្រាប់តាមអាកាសចូលជ្រៅក្នុងដីខ្មែរ ដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្ទះសម្បែង និងសម្លាប់ពលរដ្ឋស៊ីវិលខ្មែរជាបន្តបន្ទាប់។
គិតត្រឹមព្រឹកថ្ងៃទី១៣ ធ្នូ ពលរដ្ឋស្លូតត្រង់កម្ពុជាចំនួន ១១នាក់បានស្លាប់ ក្នុងនោះមាន ទារកម្នាក់ផង និងរបួសធ្ងន់ជិត ១០០នាក់។ ចំណែកពលរដ្ឋភៀសសឹកកើនជាង ៣០ម៉ឺននាក់។
កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ធ្នូ ពលរដ្ឋរស់នៅទីរួមខេត្តកោះកុង បានជម្លៀសខ្លួនទៅស្រុកបទុមសាគរ ក្រោយពីយោធាថៃបាញ់ផ្លោងចូលទីប្រជុំជននៃខេត្តនេះ ដោយពុំបានខ្វល់ថា ជាភូមិឋានរបស់ពលរដ្ឋស៊ីវិលនោះទេ។ នេះបើយោងការចុះផ្សាយរបស់កាសែតក្នុងស្រុក។
នៅព្រឹកថ្ងៃដដែលនេះ ក្រសួងការពារជាតិកម្ពុជាអះអាងថា យោធាថៃបន្តប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែកនៅថ្មដា និងផ្លោងគ្រាប់បែកធុនធ្ងន់លើអគារកាស៊ីណូ និងទម្លាក់គ្រាប់កម្ទេចស្ពានជ័យជំនះ ហៅស្ពានមេទឹកក្នុងខេត្តពោធិ៍សាត់ផងដែរ៕









