អ្នកឃ្លាំមើល​ថា ត្រកូល ហ៊ុន ពឹង​ផ្អែកលើ​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​​ពង្រឹង​អំណាច តែ​បំផ្លាញ​សេដ្ឋកិច្ចជាតិ​ទាំងមូល

0
143
អតីតនាយករដ្ឋមន្ដ្រីលោក ហ៊ុន សែន (ស្ដាំ) ជួបលោក ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅវិមានសន្ដិភាព។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
អតីតនាយករដ្ឋមន្ដ្រីលោក ហ៊ុន សែន (ស្ដាំ) ជួបលោក ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅវិមានសន្ដិភាព។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

ពលរដ្ឋ និង​អ្នកឃ្លាំមើល​លើកឡើង​ថា អំពើ​ឆបោក​តាម​អនឡាញ (Online Scam) មិនអាច​ធានា​ស្ថិរភាព​សេដ្ឋកិច្ច និង​ជីវភាព​ពលរដ្ឋ​បាន​ឡើយ និង​រិះគន់​ថា រដ្ឋាភិបាល​ត្រកូល ហ៊ុន អនុញ្ញាត​ឧក្រិដ្ឋកម្ម​នេះ​រីក​រាលដាល គឺ​ដើម្បី​ប្រមូល​លុយ​ពង្រឹង​អំណាច។ ទន្ទឹម​គ្នា​នេះ អ្នកធ្វើការ​លើ​វិស័យ​នេះ​ទទួលស្គាល់​ថា ទោះ​ការ​ឆបោក​តាម​អនឡាញ​អាច​រក​ចំណូល​បាន​ខ្ពស់ ប៉ុន្តែ​វា​ជា​ប្រភេទ​ការងារ​ខុសច្បាប់ និង​មាន​ហានិភ័យ​ខ្ពស់។

អ្នក​កំពុង​បម្រើការ​ឆបោក​តាម​អនឡាញ​ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ​ថ្លែង​សុំ​លាក់​អត្តសញ្ញាណ​ព្រោះ​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព​ឱ្យ​ទូរទស្សន៍​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃទី​៥ ខែធ្នូ​ថា ការងារ​ឆបោក​តាម​អនឡាញ​ពិតជា​បាន​ផ្ដល់​ចំណូល​ខ្ពស់​ដល់​បុគ្គលិក​ខ្មែរ និង​បាន​រួម​ចំណែក​ខ្លះ​ជួយ​ដល់​អ្នក​រកស៊ី​លក់ដូរ​តូចតាច​ក្បែរៗ​អគារ​។ យ៉ាងណា បុគ្គលិក​រូប​នេះ​ថា វា​ជា​ការងារ​ខុសច្បាប់​ទាំងស្រុង ដោយសារតែ​ជា​ប្រភេទ​ការងារ​ឆបោក​ជនបរទេស​ជុំវិញ​ពិភពលោក។

បុគ្គលិក​រូប​នេះ​បាន​ប្រលូក​ចូល​ធ្វើ​ការងារ​ឆបោក​តាម​អនឡាញ​នៅ​ខេត្ត​ព្រះសីហនុ​ជាង ៣​ឆ្នាំ​មក​ហើយ​។ ប្រភព​ដដែល​ទម្លាយ​ឱ្យ​ដឹង​ថា ស្ទើរតែ​គ្រប់​អគារ​នៅ​ក្រុងព្រះសីហនុ​គឺ​សុទ្ធ​តែ​មាន​ជនជាតិ​ចិន​គ្រប់គ្រង ដើម្បី​បង្ខាំង​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ជាច្រើន​នាក់​បង្ខំ​ឱ្យ​បម្រើ​ការងារ​ឆបោក​តាម​អនឡាញ។ បុគ្គលិក​ដដែល​អះអាង​ថា អំពើ​ឧក្រិដ្ឋកម្ម​ជាច្រើន​ទៀត​ដូចជា ការ​សម្លាប់​មនុស្ស​បំបិទមាត់ ការ​ធ្វើ​ទារុណកម្ម​ជនបរទេស និង​ជួញដូរ​គ្រឿងញៀន​នៅ​តាម​អគារ​អនឡាញ​ក៏​ធ្លាប់​ឃើញ​កើតមាន​ជារឿយៗ ប៉ុន្តែ​ព័ត៌មាន​ទាំងនេះ​គឺ​អាជ្ញាធរ​តែងតែ​ព្យាយាម​បំបិទ និង​មិន​ឱ្យ​បែកធ្លាយ​ទៅ​ខាង​ក្រៅ​ឡើយ។

ម្ចាស់​ធនាគារ​ព្រីនស៍ គឺ លោក ចេន ហ្ស៊ី (Chen Zhi) ដែលជាទីប្រឹក្សា​លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត។ RFA

ពលរដ្ឋ​លាក់​ឈ្មោះ៖ «ពួក​អាចិន​ហ្នឹង ជួនកាល​វា​ទិញ​គ្នា​វា​មក​វា​លក់​មនុស្ស បើ​យើង​អត់​ស្ដាប់​តាម​គេ​ដឹង​តែ​ត្រូវ​ហើយ បើ​មិន​ឆក់​ខ្សែភ្លើង​គឺ​សម្លាប់ចោល បើ​ថា បន្ទប់ដេក​បន្លា​លួស​ចាក់​ពេញ​ហ្នឹង​អត់ឱ្យ​ចេញ​ទេ ខ្ញុំ​ឃើញ​ហ្មង ខ្ញុំ​ធ្វើ​អនឡាញ​ខ្ញុំ​ឃើញ​ទាំងអស់។ អគារ​វា​សុទ្ធ​តែ​មាន​កញ្ចក់ មាន​បន្លា​លួស​បាំង​ទាំងអស់​អត់​ឱ្យ​ចេញ​បណ្ដោយ។ ដូច​ពួក​ប៉ាគីស្ថាន​ធ្វើ​នៅ​ឆៃណាថោន (China Town) ចិន​មាន​បើក​លុយ​ឱ្យ​ឯណា​កាល​ចូល​ប៉ុន្មាន​ខែ​ចិន​អត់​បើក​លុយ​ឱ្យ​បោក​កុំព្យូទ័រ។ ពួក​ប៉ាគីស្ថាន​ហ្នឹង​វា​មក​ពួក​អាចិន​ហ្នឹង​ដក​លិខិតឆ្លងដែន​វា ភាគច្រើន​វា​ដក​លិខិតឆ្លងដែន​បណ្ដោយ។ អ្នកខ្លះ​វា​មាន​សម្ពាធ​ផ្សេងៗ ដូច​ថា បន្ត​ធ្វើ​ទៀត​ដូច​ជាប់គុក បើ​គេ​ទារុណកម្ម​គ្នា​ផង អី​ផង ដូច​ថា គ្នា​ងាប់​ទៅ​វា​ផុត​ហើយ​មនុស្ស ពួក​ខ្លះ​ណា​ហក់​ពី​លើ​អគារ​បើ​ថា អត់​សម្ពាធ​ក៏​អត់​ហក់​ដែរ»។

បច្ចុប្បន្ន​នេះ ខេត្ត​ព្រះសីហនុ​មាន​អគារ​ខ្ពស់​ស្កឹមស្កៃ​ជាច្រើន និង​មាន​ភ្លើង​ចម្រុះ​ពណ៌​ដូចជា​ទីក្រុង​ទំនើប ប៉ុន្តែ​អ្នក​កំពុងធ្វើការ​លើ​វិស័យ​ឆបោក​តាម​អនឡាញ​ឱ្យ​ដឹង​ថា អគារ​ទាំងអស់​នោះ ល្អមើល​តែ​ពី​ខាងក្រៅ ចំណែក​នៅ​ខាងក្នុង​អគារ​ភាគច្រើន​ពោរពេញ​ដោយ​រូបភាព​ខ្មៅ​ងងឹត និង​អំពើ​ឧក្រិដ្ឋកម្ម​ជាច្រើន​ដែល​មិន​សូវ​មាន​អ្នក​ដឹង។

យ៉ាងណាក៏ដោយ នៅ​ក្បែរ​អគារ​ខ្ពស់ៗ​ដែល​ភាគច្រើន​ជា​អគារ​កាស៊ីណូ និង​អនឡាញ គេ​ឃើញ​មាន​ពលរដ្ឋ​ខ្មែរ​ក្រីក្រ​ជាច្រើន​បាន​ខិតខំ​ប្រកប​របរ​លក់ដូរ​បន្តិច​បន្តួច​តាមរយៈ​ការរៀបចំ​តូប និង​រទេះ​តូចៗ​ដើម្បី​ចិញ្ចឹមជីវិត​។ ចំណែក អ្នក​រត់​តាក់ស៊ី​ខ្លះ​តែង​ចត​ឡាន​ក្បែរៗ​អគារ​ទាំងនោះ ដើម្បី​អាច​រក​ចំណូល​បាន​ខ្លះ​តាមរយៈ​ការ​ដឹក​ជនបរទេស​ចេញចូល​ក្នុង​អគារ​អនឡាញ។

អ្នក​រត់​ឡាន​តាក់ស៊ី​ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ​គឺ​លោក កេត ពេជ្រ លើកឡើង​ថា ការ​រីក​រាលដាល​នៃ​អំពើ​ឆបោក​តាម​អនឡាញ​នៅ​ខេត្ត​ព្រះសីហនុ​មិនបាន​ជួយ​ជំរុញ​សេដ្ឋកិច្ច​ពលរដ្ឋ​ឱ្យ​បាន​ល្អ​ប្រសើរ​នោះ​ទេ ហើយ​អ្នក​ដែល​រក​ចំណូល​បាន​តាម​រយៈ​ការលក់ដូរ​នៅ​ក្បែរៗ​អគារ​អនឡាញ​ក៏​មិនបាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ពួកគាត់​មាន​ស្ថិរភាព​ដែរ។ លោក​បញ្ជាក់​ថា កន្លង​មក​លោក​ក៏​ធ្លាប់​ធ្វើជា​អ្នក​បើកឡាន​ឱ្យ​ចិន​ដើម្បី​ដឹក​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ចេញចូល​ខាង​អគារ​អនឡាញ​ដែរ ប៉ុន្តែ​ក្រោយ​មក​លោក​បាន​បោះបង់​ការងារ​នេះ​ចោល​ដោយសារ​តែ​មាន​ហានិភ័យ​ខ្ពស់ និង​រក​ចំណូល​គ្មាន​ស្ថិរភាព។

លោក កេត ពេជ្រ៖ «តាមពិត​សម្រាប់​ខ្មែរ​យើង ចិន​អត់​មាន​ឱ្យ​ប៉ះពាល់​ធ្វើ​អី​សម្រាប់​ខ្មែរ​យើង​ទេ មុខរបរ​យើង​ដែល​លក់ដូរ​តាម​រទេះ​ហ្នឹង​គឺ​យើង​លក់​ឱ្យ​ខ្មែរ​គ្នាឯង​ទេ ព្រោះ​អី​ចិន​គេ​ទិញ​តែ​ចិន​គ្នា​វា​ទេ វា​មិនដែល​ជួយ​ខ្មែរ​ទេ។ ខ្ញុំ​បើកឡាន​ដឹក​តែ​បុគ្គលិក​ខ្មែរ​អ៊ីចឹង​ទៅ ហើយ​អ្នកធ្វើការ​ខ្លះ​ជនជាតិ​បង់ក្លាដេស ជនជាតិ​ឥណ្ឌា​ខ្លះ​អ៊ីចឹង​ទៅ ហើយ​មុខរបរ​តាក់ស៊ី​ពួក​ខ្ញុំ​វា​មាន​ប្រឈមមុខ ហើយ​កាលណា​តម្លៃ​កក់ (Boxing) ទាប​វា​ប៉ះពាល់​។ កំពង់សោម​យើង​បើ​ភ្ញៀវ​ទេសចរ​អឺរ៉ុប​មានតែ​ខែប្រាំង​ទេ ខែវស្សា​ចូលឆ្នាំ​ហើយ​គឺ​ស្ងាត់​ហើយ ជួនណា​ខ្ញុំ​ដើរ​ធ្វើ​សំណង់ ដើម្បី​ដោះស្រាយ​គ្រួសារ​ដែរ​ហ្នឹង​រក​អី​មិន​បាន»។

ទាក់ទង​នឹង​បញ្ហា​នេះ ទូរទស្សន៍​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឡុង ឌីម៉ង និង​ស្នងការ​នគរបាល​ខេត្ត​នេះ​គឺ​លោក ស រដ្ឋា ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បានទេ​នៅ​ថ្ងៃទី​៥ ខែ​មករា។

ជុំវិញ​រឿង​នេះ អ្នក​អត្ថាធិប្បាយ​នយោបាយ និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា លោក គឹម សុខ លើកឡើង​ថា មកដល់ពេលនេះ រដ្ឋាភិបាល​ត្រកូល ហ៊ុន មិនមែន​គ្មាន​សមត្ថភាព​លុបបំបាត់​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ឡើយ ប៉ុន្តែ​ពួកគេ​គឺជា​អ្នក​នៅ​ក្រោយ​ខ្នង​ក្រុម​ឧក្រិដ្ឋជន​ឱ្យ​បន្ត​ប្រតិបត្តិការ​អំពើ​ខុសច្បាប់​ទាំងនេះ ដើម្បី​ទទួល​បាន​លុយ​យក​មក​ពង្រឹង​អំណាច​ខ្លួន។

លោក គឹម សុខ ជំរុញ​ឱ្យ​យុវជន​ខ្មែរ​ដកខ្លួន​ឱ្យ​ឆ្ងាយ​ពី​ការងារ​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អនឡាញ។

លោក គឹម សុខ៖ «ការផ្លាស់ប្ដូរ​ប្រទេស​ទៅ​ភាព​ប្រសើរ​ឡើង​បាន លុះត្រាតែ​យុវជន​មានការ​ផ្លាស់ប្ដូរ​ផ្នត់គំនិត​របស់​ខ្លួន​ដែរ កុំ​នាំគ្នា​លង់​នឹង​អន្ទាក់​នៃ​ឧក្រិដ្ឋកម្ម​របស់​អ្នកដឹកនាំ​ប្រទេស​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អន​ឡាញ​នៅ​ពេល​ដែល​យុវជន​ដឹង​ថា ការងារ​ទាំងអស់​នោះ​ដែល​ពួកគាត់​ធ្វើ​នោះ​គឺជា​ការងារ​បោកប្រាស់​គេ​ទៅ​ហើយ​។ ដូច្នេះ កែប្រែ​គំនិត​ឡើង​ផ្លាស់ប្ដូរ​អ្នកដឹកនាំ​ប្រទេស​ដែល​កំពុងតែ​បង្ក​នូវ​វិនាសកម្ម សម្រាប់​ជនជាតិ​ខ្មែរ ហើយ​ផ្លាស់ប្ដូរ​អ្នកដឹកនាំ​ហ្នឹង​ចេញ ទើប​អាច​ផ្លាស់ប្ដូរ​សង្គម​យើង​ឱ្យទៅ​កាន់​ភាព​ប្រសើរ​បាន»។

ក្រុងព្រះសីហនុ​ត្រូវ​បាន​អន្តរជាតិ​សម្លឹង​ឃើញថា ជា​មជ្ឈមណ្ឌល​ធ្វើ​សកម្មភាព​ឧក្រិដ្ឋកម្ម​របស់​ក្រុម​ម៉ាហ្វីយ៉ា (Mafia) ចិន​រួម​មានការ​ឆបោក​តាម​អនឡាញ លាងលុយកខ្វក់ អំពើ​ចាប់ជំរិត ការ​ជួញដូរ​មនុស្ស អាវុធ និង​ការ​ជួញដូរ​គ្រឿងញៀន ជាដើម​។ អ្នកធ្វើការ​វិស័យ​អនឡាញ​ឱ្យ​ដឹង​ថា នៅ​តាម​កាស៊ីណូ​ភាគច្រើន​ក៏​មាន​ការរៀបចំ​លាងលុយកខ្វក់​ជា​ប្រព័ន្ធ ដោយ​ជនជាតិ​ចិន​ជួល​ឱ្យ​ជនជាតិ​ខ្មែរ​ភ្នាល់​លេង​ជំនួស​ក្នុង​ទំហំ​ទឹកប្រាក់​រាប់​លាន​ដុល្លារ​ទៀត​ផង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ