

កម្លាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបង្ក្រាបជនសង្ស័យជនជាតិកូរ៉េខាងត្បូង (South Korea) ចំនួន ៣២នាក់ ពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ។ គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិឱ្យដឹងនៅថ្ងៃទី៦ ខែធ្នូថា ប្រតិបត្តិការបង្ក្រាបជនសង្ស័យទាំងនេះធ្វើឡើងនៅចំណុច ៤ទីតាំងផ្សេងៗគ្នា កាលពីថ្ងៃទី៥ ខែមករា ស្ថិតនៅភូមិសាស្ត្របុរីប៉េងហួតបឹងស្នោរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
កម្លាំងនគរបាលរកឃើញថា ជនសង្ស័យទាំងនោះបានក្លែងខ្លួនជាសមត្ថកិច្ចនគរបាល និងរដ្ឋអាជ្ញាកូរ៉េ ដើម្បីចាប់ជំរិត គំរាមទារប្រាក់ពីជនរងគ្រោះជាជនជាតិកូរ៉េខាងត្បូងដូចគ្នា។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចក៏រឹបអូសបានសម្ភារៈវត្ថុតាងកុំព្យូទ័រលើតុ និងទូរស័ព្ទដៃមួយចំនួនធំ។
កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ សមត្ថកិច្ចកម្ពុជា និងកូរ៉េខាងត្បូងបានសហការគ្នាបង្ក្រាបទីតាំងអគារឆបោកតាមអនឡាញមួយកន្លែងនៅខេត្តមណ្ឌលគិរី ហើយក្នុងប្រតិបត្តិការនោះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិកូរ៉េ ២៦នាក់ និងជួយសង្គ្រោះជនរងគ្រោះម្នាក់ដែលរងការបង្ខាំងធ្វើទារុណកម្មនៅខាងក្នុងអគារអនឡាញ។
រដ្ឋាភិបាលកូរ៉េខាងត្បូងបានបញ្ជូនក្រុមទីភ្នាក់ងារនគរបាលជាតិឱ្យមកសហការជាមួយសមត្ថកិច្ចកម្ពុជា តាមរយៈកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលកម្ពុជា កាលពីខែតុលា ឆ្នាំ២០២៥ ដើម្បីប្រឆាំងនឹងអំពើឆបោកតាមអនឡាញនៅលើទឹកដីកម្ពុជា ក្រោយមានករណីស្លាប់និស្សិតជនជាតិកូរ៉េខាងត្បូងម្នាក់ដោយការបង្ខាំងធ្វើទារុណកម្មនៅភ្នំបូកគោ ខេត្តកំពត៕









