

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លែងប្រើពាក្យថៃឈ្លានពានកម្ពុជា បន្ទាប់ពីមន្ត្រីនាំពាក្យក្រសួងការបរទេសថៃព្រមានមិនឱ្យប្រើពាក្យនេះដើម្បីកុំឱ្យខូចកេរ្តិ៍ឈ្មោះប្រទេសថៃ ដែលខុសពីការថ្លែងសាររបស់លោកកាលពីពេលមុនៗ និងការប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ដែលហៅការកាន់កាប់ទឹកដីខ្មែររបស់យោធាថៃជាង ១០កន្លែង ជាការឈ្លានពាន។
លោក ហ៊ុន ម៉ាណែត បានថ្លែងសារពិសេសកាលពីយប់ថ្ងៃទី១០ មករា ដោយហៅសកម្មភាពឈ្លានពានទឹកដីកម្ពុជាពីភាគីថៃថា ជាជម្លោះប្រដាប់អាវុធ ជាជាងការឈ្លានពាន។
លោក ហ៊ុន ម៉ាណែត៖ «រាជរដ្ឋាភិបាលយល់ច្បាស់ណាស់អំពីទុក្ខលំបាក និងបញ្ហាប្រឈមនានារបស់បងប្អូនជនរួមជាតិយើង ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ដោយផ្ទាល់ពីជម្លោះព្រំដែន»។
កាលពីថ្ងៃទី៨ ខែមករា អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក នីកនដេត ផ្លាំងគូន (Nikorndej Balankura) បានទាមទារឱ្យកម្ពុជាបញ្ឈប់ការផ្សព្វផ្សាយថា ប្រទេសថៃបានឈ្លានពានទឹកដីកម្ពុជាដោយខុសច្បាប់ ដោយឈប់ធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ប្រទេសថៃ ពាក់ព័ន្ធនឹងករណីយោធាថៃ ចូលកាន់កាប់ទឹកដីកម្ពុជា នៅតំបន់ព្រំដែន។ លោកព្រមានថា ការទាមទារនេះ នឹងធ្វើឱ្យប៉ះពាល់ដល់បរិយាកាសអំណោយផលដល់ការចរចាដោយសន្តិវិធី។
កាលពីថ្ងៃទី៣ មករា ក្រសួងការបរទេសកម្ពុជាបានប្រកាសទទួលស្គាល់ជាលើកដំបូងថា យោធាថៃបានកាន់កាប់ទឹកដីខ្មែរជាច្រើនកន្លែងដោយខុសច្បាប់អន្តរជាតិ បន្ទាប់ពីរក្សាភាពស្ងៀមស្ងាត់ក្រោយយល់ព្រមទទួលយកបទឈប់បាញ់ក្រោយសង្គ្រាមឈ្លានពានរបស់ថៃ។ ក្រសួងការបរទេសកម្ពុជាចាត់ទុកទង្វើទាំងនេះជាទង្វើឈ្លានពាន ដោយយោធាថៃបានវាយសម្រុកដោយគិតទុកជាមុនចូលទន្ទ្រាន កាន់កាប់ និងឈរជើង គ្រប់គ្រងជាក់ស្តែងលើតំបន់នានា ដែលស្ថិតនៅយ៉ាងជាក់ច្បាស់ ក្នុងទឹកដីកម្ពុជាជាង ១០កន្លែងក្នុងខេត្តចំនួន ៤ រួមមានភូមិព្រៃចាន់ ភូមិជោគជ័យ ភូមិបឹងត្រកួន អូរស្មាច់ ប្រាសាទខ្នា ប្រាសាទតាក្របី ប្រាសាទតាមាន់ធំជាដើម។
កាលពីថ្ងៃទី២៩ ធ្នូ លោក ហ៊ុន ម៉ាណែត បានសរសេរសារយ៉ាងវែងអន្លាយរៀបរាប់ពីផលលំបាកនៃសង្គ្រាម ដោយលោកហៅថា ជាសោកនាដកម្មបង្កឡើងដោយសង្គ្រាមឈ្លានពានរបស់ថៃ។
ចំណែកពលរដ្ឋខ្មែរភាគច្រើនមិនគាំទ្រនឹងការឈប់ប្រើពាក្យថៃឈ្លានពានកម្ពុជានោះទេ។ អ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនបានបញ្ចេញទស្សនៈហាក់ខឹងសម្បារនឹងការព្រមានរបស់ភាគីថៃ និងបញ្ជាក់ថា ពួកគេនៅតែប្រើពាក្យថា ថៃឈ្លានពានកម្ពុជាជានិច្ច បើទោះជារដ្ឋាភិបាលលែងប្រើក៏ដោយ។ ពួកគេថា នេះជាភាពជាក់ស្ដែងដែលយោធាថៃបានឈ្លានពានកម្ពុជាយ៉ាងកម្រោល និងអមនុស្សធម៌ជាទីបំផុត។ ផ្អែកលើច្បាប់អន្តរជាតិ សកម្មភាពយោធារបស់ថៃនេះ គឺជាការវាយប្រហារឈ្លានពានកម្ពុជា មិនអាចប្រកែកបាន៕









