កូដករ​ណាហ្គាវើលដ៍​ចាត់ទុក​ថៃ​ហាម​ប្រើ​ពាក្យ​ឈ្លានពាន ដូច​រដ្ឋាភិបាល​ខ្មែរ​រឹតត្បិត​​មិន​ឱ្យ​រក​យុត្តិធម៌

0
67
ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ (ឆ្វេង) ថ្លែងពេលធ្វើយុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហឹង្សាទាក់ទងនិងយេឌ័រ ឆ្នាំ២០២៥ កាលពីថ្ងៃទី៥ ធ្នូ ២០២៥។ រូប៖ LRSU
ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ (ឆ្វេង) ថ្លែងពេលធ្វើយុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហឹង្សាទាក់ទងនិងយេឌ័រ ឆ្នាំ២០២៥ កាលពីថ្ងៃទី៥ ធ្នូ ២០២៥។ រូប៖ LRSU

មេដឹកនាំ​សហជីព និង​ក្រុម​កូដ​ករ​ណាហ្គាវើលដ៍ (Naga World) អះអាងថា កម្ពុជា​កំពុង​តែ​ទទួលរង​នូវ​ភាព​អយុត្តិធម៌ និង​ការឈឺចាប់​ក្រោយ​ថៃ​បាន​លើកទ័ព​ចូល​ឈ្លានពាន​កម្ពុជា​ហើយ​ថែមទាំង​ព្រមាន​កម្ពុជា​មិន​ឱ្យ​និយាយ​ថា ថៃ​ឈ្លានពាន​កម្ពុជា​ទៀត។ ពួកគាត់​ថា ការព្រមាន​របស់​ថៃ​នៅ​ពេល​នេះ គឺ​ដូច​ទៅ​នឹង​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ដែល​បាន​ប្រព្រឹត្ត​អំពើ​អយុត្តិធម៌​លើ​ក្រុម​កូដករ ហើយ​រដ្ឋាភិបាល​និង​ក្រុមហ៊ុន​បែរ​ជា​បាន​ធ្វើទុក្ខបុកម្នេញ​លើ​ក្រុម​កូដករ​នៅពេល​ពួកគាត់​ចេញ​តវ៉ា​រក​យុត្តិធម៌​អស់​រយៈពេល​ជាង ៤​ឆ្នាំនេះ​ទៅវិញ។

ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី ៤​ឆ្នាំ​នៃ​កូដកម្ម​នៅ​ណាហ្កាវើលដ៍ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ បាន​អះអាង​ថា រយៈពេល​៤​ឆ្នាំ​មកនេះ វិវាទ​ការងារ​រវាង​ក្រុម​កូដ​ករ​និង​ក្រុមហ៊ុន​បន​ល្បែង​មួយ​នេះ​នៅ​មិនទាន់​ត្រូវ​បាន​ដោះស្រាយ​​ចេញ​នៅឡើយ សូម្បី​តែមួយ​ចំណុច​នៃ​ការ​ទាមទារ​របស់​កម្មករ​និយោជិត។

កញ្ញា ឈឹម ស៊ីថរ អះអាង​ថា ក្រុម​កូដ​ករ​មិន​ត្រឹមតែ​មិន​ទទួល​បាន​ដំណោះស្រាយ​សមរម្យ​ពី​ក្រសួង​ការងារ និង​រដ្ឋាភិបាល​នោះ​ទេ ក្រុម​កូដ​ករ​ដែល​ភាគច្រើន​សុទ្ធ​សឹង​ជា​ស្ត្រី តែងតែ​រង​នូវ​ការ​បង្ក្រាប​ដោយ​អំពើ​ហិង្សា និង​ការ​បៀតបៀន​ពី​សំណាក់​កងកម្លាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច ដែល​បណ្តាល​ឲ្យ​កូដ​ករ​ជាច្រើន​នាក់​បាន​រង​របួស​ស្នាម​លើ​រាងកាយ បែក​ហូរឈាម​លើ​ដងផ្លូវ​សាធារណៈ ព្រមទាំង​ធ្វើ​ឲ្យ​កូដ​ករ​ស្ត្រី​ម្នាក់​រលូត​កូន​បើ​ទោះជា​មានការ​ស្រែក​ប្រាប់​ថា គាត់​កំពុង​មាន​ផ្ទៃពោះ​ក្តី។

កញ្ញា ឈឹម ស៊ីថរ៖ «ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​១៧​លាន​នាក់​គឺ​មាន​អារម្មណ៍​អយុត្តិធម៌​បំផុត​ពី​ការឈ្លានពាន​របស់​ថៃ​មែន​ទេ? បង​ប្អូន​គេ​ឈ្លានពាន​យើង​ហើយ​គេ​មិន​ឲ្យ​យើង​និយាយ​ថា គេ​ឈ្លានពាន​យើង​ទៀត អី​ក៏​ម៉្លេះៗ ឈ្លានពាន​ក៏​ដល់​ថ្នាក់​ហ្នឹង ហើយ​ឥឡូវ​កាន់កាប់​ស្រុកភូមិ​របស់​គេ​ដល់​ថ្នាក់​ហ្នឹងហើយ មក​ហាម​មិន​ឲ្យ​និយាយ​ប្រើ​ភាសា​ថា អ្នកឯង​ឈ្លានពាន​ខ្ញុំ​ទៀត ហី​ចុះ​អ្នកឯង​ក៏​ម៉េះៗ យើង​ទទួល​អារម្មណ៍​អយុត្តិធម៌​ហ្នឹង​ទេ​អ្នក​ទាំងអស់គ្នា ទាំង​១៧​លាន​នាក់​ហ្នឹង ខ្ញុំ​ចង់​សួរ​ថា​មាន​អារម្មណ៍​អយុត្តិធម៌​ហ្នឹង​ទេ ហ្នឹងហើយ​គឺជា​អារម្មណ៍​អយុត្តិធម៌​ពួក​យើង​រយៈពេល​៤​ឆ្នាំ​ហ្នឹង»។

កញ្ញា ឈឹម ស៊ីថរ បាន​បន្ថែម​ថា អស់​រយៈពេល បួន​ឆ្នាំ​មក​ហើយ ដែល​និទ្ទណ្ឌភាព​នៅតែ​ត្រូវ​បាន​អនុវត្ត​លើ​និយោជក​ចំពោះ​ការ​រំលោភច្បាប់​ការងារ និង​ការ​បរាជ័យ​ក្នុង​ការ​អនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល​ក្នុង​ការ​ការពារ​សិទ្ធិ​ការងារ​របស់​កម្មករ​និយោជិត និង សេរីភាព​សហជីព។ កម្មករនិយោជិត​តែងតែ​រង​ការ​បំភិតបំភ័យ គម្រាម​កំហែង​តាម​គ្រប់​រូបភាព តែ​ទោះជា​យ៉ាងណា​ក្រុម​កូដ​ករ​នឹង​នៅតែ​បន្ត​ធ្វើ​កូដកម្ម​រហូត​ដល់​មាន​ដំណោះស្រាយ​សមរម្យ។

កញ្ញា ឈឹម ស៊ីថរ ដែល​ធ្លាប់​ជាប់ពន្ធនាគារ​ចំនួន​ពីរ​លើក​ដោយសារ​ចេញមុខ​ទាមទារ​រក​យុត្តិធម៌​ឱ្យ​កូដករ​បាន គូសបញ្ជាក់​បន្ថែម​ទៀត​ថា ក្រុម​កូដ​ករ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​នូវ​ដំណោះស្រាយ ដោយ​ទម្លាក់​ចោល​រាល់​បទចោទប្រកាន់ និង​ទទួលយក​ថ្នាក់ដឹកនាំ​សហជីព សកម្មជន ព្រមទាំង​សមាជិក​សហជីព​ទាំងអស់​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ឈប់​ដោយ​ខុសច្បាប់​ឱ្យ​ចូល​ធ្វើការ​វិញ និង ទូទាត់​ប្រាក់​រំលឹក​ចាប់ពី​ថ្ងៃ​បញ្ឈប់​រហូតដល់​ថ្ងៃ​ចូល​ធ្វើ​ការ​វិញ។ រដ្ឋាភិបាល​ក៏​ត្រូវ​ដាក់​កំហិត​ឲ្យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ត្រូវ​គោរព​ច្បាប់​ការងារ សេរីភាព​សហជីព និង​ចរចា​ជាមួយ​តំណាង​សហជីព​(LRSU) លើ​រាល់​បញ្ហា​របស់​កម្មករ​។ លើស​នេះ​ពី​នេះ ក្រុមហ៊ុន​ត្រូវ​បញ្ឈប់​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​សហជីព និង​ការ​គំរាមកំហែង​គ្រប់​ទម្រង់​មក​លើ​កម្មករនិយោជិត​ដែល​កំពុង​បម្រើ​ការងារ​នៅក្នុង​ក្រុមហ៊ុន​ណាហ្គាវើលដ៍។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី​លោក សឹង សែនករុណា បាន​ឲ្យ​ដឹង​ថា ក្រុម​កូដ​ករ​បាន​ធ្វើ​ការ​ទាមទារ​គឺ​ទៅតាម​ផ្លូវច្បាប់ ប៉ុន្តែ​ការទទួលខុសត្រូវ​របស់​ក្រុមហ៊ុន និង​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ទៅវិញ​ទេ ដែល​មាន​ហ៊ាន​អនុវត្ត​តួនាទី​ដើម្បី​រក​យុត្តិធម៌​ទៅដល់​ក្រុម​កូដករ ប៉ុន្តែ​បែរជា​មានការ​ចោទប្រកាន់​កូដ​ករ​ថា ជា​ក្រុម​បដិវត្តន៍​ពណ៌​ដែល​មាន​បរទេស​នៅ​ពីក្រោយ​ទៅវិញ។

​លោក សឹង សែនករុណា៖ «អ្វី​ដែល​យើង​រក​ឃើញ​ការពិត​ពីក្រោយ​ខ្នង​នោះ​គឺ​គ្រួសារ​មេដឹកនាំ​ទៅវិញ​ទេ​ដែល​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ជំនួញ​របស់​ណាហ្គាវើលដ៍ ទទួល​បាន​ផលប្រយោជន៍​ពី​ណាហ្គាវើលដ៍​ហ្នឹងឯង​ដែល​ជា​ហេតុ​មិន​រក​ដំណោះស្រាយ​ជូន​ទៅ​ដល់​ក្រុម​អ្នក​ដែល​ទាមទារ​ពី​ការ​រំលោភបំពាន​សិទ្ធិ​ការងារ​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍»។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​៣ ខែ​មិថុនា ឆ្នាំ​២០២៣ ក្នុង​ពិធី​ជួប​ជាមួយ​កម្មករ​ក្នុង​ខេត្តកណ្តាល មេដឹកនាំ​បក្ស​កាន់អំណាច​លោក ហ៊ុន សែន លើកឡើង​ថា អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ មាន​អ្នក​ជួល​នៅ​ពីក្រោយ​ខ្នង​ឱ្យ​កម្មករ​ទាំងនោះ​ធ្វើបាតុកម្ម។ លោក​អំពាវនាវ​ឱ្យ​អង្គការ​បរទេស​ដែល​ផ្តល់​លុយកាក់​សម្រាប់​កូដករ ដែល​នៅ​សេសសល់ ដកខ្លួន​ចេញ ព្រោះ​ថា លោក​បាន​ដឹង​អស់​ហើយ​។ ទោះជា​យ៉ាងណា រហូតមកដល់​ពេលនេះ ក្រៅតែ​ពី​បាន​ចាប់​ប្រធាន​សហជីព​កញ្ញា ឈឹម ស៊ីថរ ដាក់​ពន្ធនាគារ​យ៉ាង​អយុត្តិធម៌ និង​ប្តឹងផ្តល់​ក្រុម​កូដ​ករ​ផ្សេងទៀត​ទៅ​តុលាការ រដ្ឋាភិបាល​មិន​ដែល​បង្ហាញ​ឈ្មោះ ឬ​ធ្វើ​ការ​ចោទប្រកាន់​ទៅលើ​ស្ថាប័ន​បរទេស​ណាមួយ​ទៅ​តុលាការ​នោះ​ឡើយ។

រហូតដល់​ពេល​នេះ មាន​រយៈពេល​ជាង​៤ ឆ្នាំ​ហើយ​ដែល​កូដ​ករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​បាន​ចេញ​តវ៉ា​រក​យុត្តិធម៌​វិវាទ​ការងារ ប៉ុន្តែ វិវាទ​នេះ​នៅតែ​គ្មាន​ដំណោះស្រាយ​ដដែល ខណៈ​កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ខែ​មករា ឆ្នាំ ២០២២ ពី​បទ «​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» បន្ទាប់ពី​បាន​ដឹកនាំ​ការ​ធ្វើ​កូដកម្ម​អស់​រយៈពេល​ជាង​ពីរ​សប្តាហ៍ ទាមទារ​ឲ្យ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​ទទួល​យក​បុគ្គលិក​ជាច្រើន​រយ​នាក់​ចូល​ធ្វើ​ការ​វិញ និង​ផ្តល់​អត្ថប្រយោជន៍​ផ្សេងទៀត​ដល់​បុគ្គលិក ដែល​ត្រូវ​បាន​បណ្តេញ​ចេញពី​ការងារ​ទាំង​បង្ខំ។ កញ្ញា​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​កាលពី​ខែ​មីនា ឆ្នាំ​២០២២ ប៉ុន្តែ​អាជ្ញាធរ​បាន​ចាប់ខ្លួន​កញ្ញា ដាក់​ពន្ធនាគារ​ជាថ្មី​កាលពី​ថ្ងៃទី២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ពេល​កញ្ញា​ត្រឡប់​មកពី​ប្រទេស​អូស្ត្រាលី ដោយ​ចោទ​កញ្ញា​ពី​បទ​រំលោភ​លើ​លក្ខខណ្ឌ​ស្ថិតនៅ​ក្រៅ​ឃុំ​។ កញ្ញា​ត្រូវ​បាន​តុលាការ​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២៤ បន្ទាប់​ពី​បាន​អនុវត្ត​ទោស​ចប់​អស់​រយៈពេល ២​ឆ្នាំ ក្នុង​ពន្ធនាគារ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ