

សង្គមស៊ីវិល និងសាធារណជន រិះគន់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត រឿងបន្តចាប់ខ្លួនពលរដ្ឋ ដែលបញ្ចេញមតិលើបណ្ដាញសង្គមហ្វេសប៊ុក ទៅដាក់ពន្ធនាគារ។ ក្នុងខែមករានេះ អាជ្ញាធរបានចាប់សកម្មជនគណបក្សប្រឆាំង និងពលរដ្ឋ កើនដល់ចំនួន ៤នាក់ហើយ ពាក់ព័ន្ធនឹងការរិះគន់បញ្ហាព្រំដែន បន្ទាប់ពីសមត្ថកិច្ច ទើបចាប់ជនពិការម្នាក់ទៀត គឺលោក ហ៊ុក រ៉េន។
ក្នុងខែមករានេះ ពលរដ្ឋពិការជើង លោក ហុក រ៉េន ត្រូវបានសមត្ថកិច្ចក្រោមការដឹកនាំរបស់គ្រួសារត្រកូលហ៊ុន ចាប់ខ្លួន ពាក់ព័ន្ធនឹងការសម្ដែងមតិរបស់លោក លើបណ្ដាញសង្គមហ្វេសប៊ុក ដែលរិះគន់ថ្នាក់ដឹកនាំរដ្ឋាភិបាល ជុំវិញចំណាត់ការ ជម្លោះព្រំដែនកម្ពុជា-ថៃ។ លោក ហ៊ុក រ៉េន ដែលរស់នៅរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ខណៈលោកកំពុងបើកបរកង់បី ឬតុកតុក នៅភ្នំពេញ ប៉ុន្តែ អាជ្ញាធរបានបញ្ជូនលោក ទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ។
អង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) បានឲ្យដឹងកាលពីថ្ងៃទី២២ ខែមករាថា លោក ហុក រ៉េន ត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» និង បទ«ធ្វើឱ្យខូចទឹកចិត្តកងទ័ព» តាមមាត្រា ៤៩៤ ៤៩៥ និងមាត្រា ៤៧២ នៃក្រមព្រហ្មទណ្ឌ ។ លោក ហុក រ៉េន ដែលជាជនពិការ និងមានជំងឺប្រចាំកាយ ធ្លាប់ត្រូវបានសមត្ថកិច្ច ចាប់ដាក់ពន្ធនាគារ ១៨ខែម្ដងរួចហើយ កាលពីខែកក្កដា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៥ ដោយតុលាការចោទប្រកាន់លោកពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ទាក់ទងនឹងការបញ្ចេញមតិរិះគន់ថ្នាក់ដឹកនាំនៅអំឡុងពេលបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០២៣។
អង្គការលីកាដូរាយការណ៍បន្ថែមថា លោក ហុក រ៉េន ក៏ត្រូវបានចោទប្រកាន់ ពីបទ «ការមិនរាងចាលក្នុងបទមជ្ឈិម» បន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម តាមមាត្រា ៨៨ ដែលការចោទប្រកាន់នេះ នាំឱ្យលោកនឹងត្រូវជាប់ទោសពន្ធនាគារ ទ្វេដង ប្រសិនបើត្រូវបានផ្ដន្ទាទោស។
ប្រពន្ធរបស់លោក ហុក រ៉េន គឺលោកស្រី កែវ សំអាន ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៣ ខែមករាថា ការចាប់ខ្លួនប្ដីលោកស្រីនេះ ជារឿងអយុត្តិធម៌ ចំពោះពលរដ្ឋដែលឈឺឆ្អាលនឹងបញ្ហាសង្គមជាតិ ដូចប្ដីរបស់អ្នកស្រី។ លោកស្រី លើកឡើងថា ក្នុងសង្គមកម្ពុជាបច្ចុប្បន្ន អ្នកដែលហ៊ាននិយាយការពិត ត្រូវរងការធ្វើទុក្ខបុកម្នេញ។
លោកស្រី កែវ សំអាន បង្ហាញអារម្មណ៍ក្ដុកក្ដួលថា ប្ដីរបស់លោកស្រីពិការជើងផង មានជំងឺលើសឈាមផង មានបញ្ហាសុខភាពប្រចាំកាយច្រើនមុខផង ហើយត្រូវលេបថ្នាំសរសៃប្រសាទរាល់ថ្ងៃ បន្ទាប់ពីវះកាត់សាច់ដុះក្នុងខួរក្បាល នៅតែអាជ្ញាធរមិនលើកលែង។ លោកស្រីអំពាវនាវឲ្យលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដោះលែងប្ដីលោកស្រី ឲ្យមានសេរីភាពវិញ។
លោកស្រី កែវ សំអាន៖ «សុំឲ្យគាត់ [លោក ហ៊ុន ម៉ាណែត] ជួយដោះលែងមកវិញ។ មានតែប៉ុណ្ណឹង។ សារមុនខ្ញុំឡាយសុំទោសតើ ប៉ុនគ្មានទេ គេមិនលើកលែងឲ្យដែរ ទាល់តែដល់ខែដល់ឆ្នាំ ទើបគេដោះលែងមកវិញ។ សុំឲ្យគាត់ត្រឡប់មកវិញអ៊ីចឹង ព្រោះក្នុងក្រុមគ្រួសារបាត់គាត់ទៅពិបាកណាស់ គ្រប់ទាំងអស់ គាត់ពិការហើយ គាត់ឈឺ ថ្នាំអីហ្នឹង ដែលមិនស្រួលភ្លេចលេបហើយ ខ្ញុំសុទ្ធតែដាស់តឿន ថា ឯងភ្លេចលេបថ្នាំហើយ។ អូ!មែនអញភ្លេច តែភ្លេចលេបញ័រដៃញ័រជើង មាត់វៀចមួយចំហៀង ហើយជើងគាត់ញាក់ឡើងរង្គើគ្រែអស់ហើយ។ អាជើងកាត់ហ្នឹង ញ័រឡើងច្របាច់ទាំងយប់អ៊ីចឹងទៅ»។
អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បានសម្ដែងការអាណិតអាសូរផង និងសរសើរផង ចំពោះលោក ហុក រ៉េន ហើយបង្ហាញប្រតិកម្មមិនពេញចិត្តរដ្ឋាភិបាល។ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកខ្លះ កោតសរសើរ លោក ហុក រ៉េន ថា រូបរាងពិការ តែបេះដូងមិនពិកាទេ ហើយអ្នកខ្លះទៀតបញ្ចេញមតិរិះគន់រដ្ឋាភិបាលថា ខ្លាំងបានជាមួយខ្មែរគ្នាឯង និងអំពាវនាវឲ្យមានការផ្លាស់ប្ដូរការដឹកនាំប្រទេសដូចសព្វថ្ងៃ ទើបអាចផ្លាស់ប្ដូរជីវិតរបស់ប្រជាពលរដ្ឋ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៣ ខែមករាថា ការចាប់ខ្លួនជាបន្តបន្ទាប់ ទៅលើអ្នកបញ្ចេញមតិលើបណ្ដាញសង្គមរបស់ខ្លួន ធ្វើឲ្យសហគមន៍អន្តរជាតិ ព្រួយបារម្ភអំពីការរឹតត្បិតសិទ្ធិសេរីភាពសម្ដែងមតិ នៅក្នុងប្រទេសកម្ពុជា។ លោកថា ចំណាត់ការនេះរបស់អាជ្ញាធរ ធ្វើឲ្យប្រជាពលរដ្ឋមានការភិតភ័យ និងកម្រិតសេរីភាពនិយាយស្ដីរបស់ខ្លួន ដែលកត្តានេះធ្វើឲ្យប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យ ពីព្រោះសេរីភាពនៃការបញ្ចេញមតិ ជាមូលដ្ឋានគ្រឹះមួយ នៃប្រជាធិបតេយ្យ។
លោក អំ សំអាត៖ «តើការបញ្ចេញមតិរបៀបណា ជាបទល្មើស ហើយហ្នឹងការ បញ្ចេញមតិរបៀបណា ជាសេរីភាពក្នុងការបញ្ចេញមតិ ដើម្បីរិះគន់ និងស្ថាបនាទេ។ វាធ្វើឲ្យប៉ះពាល់ដែរ សម្រាប់សេរីភាពនៅក្នុងការបញ្ចេញមតិ ហើយវាធ្វើឲ្យអ្នកដែលចង់បញ្ចេញមតិហ្នឹង គាត់មានភាពព្រួយបារម្ភ និងភ័យខ្លាច។ កាលណាគាត់ព្រួយបារម្ភ និងភ័យខ្លាច គឺគាត់កម្រិតនៃសេរីភាព ឬក៏ការកម្រិតនៃការបញ្ចេញមតិ របស់គាត់។ អ៊ីចឹងឬក៏វាអាចនឹងមានផលប៉ះពាល់ដែរ ពីព្រោះបើសិនជាគាត់មើលឃើញ នៅចំណុចខ្វះខាត ហើយគាត់ត្រូវធ្វើការបញ្ចេញមតិ ដើម្បីស្ថាបនា ហើយបើគាត់ ភ័យខ្លាច គាត់មិនហ៊ានបញ្ចេញ អាហ្នឹងវានាំឲ្យមានការប៉ះពាល់ ហើយជាធម្មតា ការបញ្ចេញមតិវាអាចមានស្រប និងមិនស្រប។ អ៊ីចឹង ការបញ្ចេញមតិ វាតែងតែមានគំនិតខុសគ្នា»។
លោក ហុក រ៉េន មិនមែនជាជនពិការតែម្នាក់ទេ ដែលត្រូវអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចាប់ដាក់ពន្ធនាគារ ពាក់ព័ន្ធនឹងការសម្ដែងមតិ។ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោក ភុន យុទ្ធ ដែលជាជនពិការដែរនោះក៏ត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារដែរ ដោយចោទប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
ពលរដ្ឋពិការទាំងពីររូប សុទ្ធតែប្រើបណ្ដាញសង្គមហ្វេសប៊ុក រិះគន់រដ្ឋាភិបាលដូចគ្នា និង ជាប់ពន្ធនាគារលើសពីម្ដងដូចគ្នា។ រាប់ទាំងលើកនេះទៀត លោក ហុក រ៉េត ជាប់ពន្ធនាគារពីរដងហើយ ខណៈលោក ភុន យុទ្ធ ជាប់ពន្ធនាគារជាលើកទី៣៕









