បក្ស​ប្រឆាំង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្ដឹង​ថៃ​ទៅ​តុលាការ​អន្តរជាតិ ប្រសើរ​ជាង​អង្គុយ​ថ្លែង​សារ​​រឿង​គេ​ឈ្លានពាន

0
2
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បង្ហោះរូប​លើ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បង្ហោះរូប​លើ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

អ្នក​នយោបាយ​ប្រឆាំង ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់វិធានការ​ច្បាប់​ប្ដឹង​យោធា​និង​រដ្ឋាភិបាល​ថៃ ទៅ​តុលាការអន្តរជាតិ បើ​មិន​ដូច្នោះ​ទេ គឺ​មិន​ខុសពី​ការ​ថ្លែង​សារ​នយោបាយ​កំដរ​បរទេស​ឈ្លានពាន​ឡើយ​។ ពួកគេ​ថា​ការ​ថ្លែង​សារ​ដដែលៗ​របស់​កម្ពុជា​គ្មាន​ប្រសិទ្ធភាព​បញ្ឈប់​ថៃ​ពី​ការ​ព័ទ្ធ​យក​ទឹកដី​ខ្មែរ​នោះ​ទេ ហើយ​រឹតតែ​ធ្វើ​ឱ្យ​យោធា​ថៃ​គឃ្លើន​ប្រមាថមើលងាយ​ខ្មែរ​បន្ត​ទៀត។

សារ​តវ៉ា​ជំទាស់​របស់​រដ្ឋាភិបាល​កម្ពុជា​ហាក់​កំពុង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្រ​កៀរ​ត្រចៀក​ទៅ​ហើយ ខណៈ​យោធា​ថៃ​នៅតែ​បន្ត​ចូល​រំលោភបំពាន​ទឹកដី​ខ្មែរ​ស្រស់ៗ​ស្ទើរ​រៀងរាល់ថ្ងៃ ហើយ​ថែមទាំង​និយាយ​ប្រមាថមើលងាយ​ទាហាន​ខ្មែរ​នៅ​តាម​តំបន់​ព្រំដែន បើ​ទោះ​ជា​ទាហាន​ខ្មែរ​ព្យាយាម​អត់ធ្មត់​យ៉ាងណាក៏ដោយ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ​កម្ពុជា ២៣ តុលា លោក គឹម សុខ បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​៥ កុម្ភៈ ថា រដ្ឋាភិបាល មិនមែន​ជា​សង្គម​ស៊ីវិល ឬ គណបក្ស​ក្រៅ​រដ្ឋាភិបាល ដែល​មាន​តួនាទី​ត្រឹមតែ​ផ្ដល់​យោបល់ និង​បង្ហាញ​ជំហរ​ថ្កោលទោស​នោះ​ទេ។ រដ្ឋាភិបាល​ត្រូវ​មាន​កាតព្វកិច្ច​តតាំង​នឹង​អ្នក​ឈ្លានពាន។

លោក គឹម សុខ បាន​បន្ថែម​ទៀត​ថា ការ​តតាំង​ដ៏​មាន​ប្រសិទ្ធភាព​នៅ​ពេល​នេះ​គឺ​ការ​ប្ដឹង​ថៃ​ទៅ​តុលាការអន្តរជាតិ មិនមែន​រង់ចាំ​តែ​ថ្លែង​សារ​នយោបាយ​កំដរ​បរទេស​ឈ្លានពាន ដែល​មើល​ទៅ​ហាក់ដូចជា​ការ​ឃោសនា​បោក​ប្រជាពលរដ្ឋ​ខ្មែរ​នោះ​ឡើយ។

លោក គឹម សុខ៖ «សារ​ថ្កោលទោស​គ្រាន់តែ​ជា​សម្លេង​នយោបាយ​ទេ ក៏ប៉ុន្តែ​បញ្ហា​ទឹកដី​គឺជា​រឿង​បច្ចេកទេស​សុទ្ធសាធ​មិន​ត្រូវ​យក​បញ្ហា​អំណាច​មក​ឡូកឡំ​ឡើយ បញ្ហា​ទឹកដី​គឺជា​រឿង​វិទ្យាសាស្ត្រ ច្បាប់ ផែនទី គោលការណ៍​អន្តរជាតិ ហើយ​ចំណាត់ការ​ដោយ​ស្ថាប័ន​អន្តរជាតិ ដូច្នេះ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ត្រូវ​បង្ហាញ​សេចក្តី​ក្លាហាន​ប្រមូល​ភស្តុតាង​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​ទើប​អាច​ការពារ​ទឹកដី​នៃ​ប្រទេស​កម្ពុជា​ពី​ការឈ្លានពាន​របស់​ថៃ​នឹង​ប្រទេសជិតខាង​ដទៃទៀត​បាន»។

ការ​យល់ឃើញ​របស់​អ្នក​នយោបាយ​ប្រឆាំង​នេះ គឺ​បន្ទាប់ពី​ក្រសួងការបរទេស​កម្ពុ​ជា​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​តវ៉ា​យ៉ាង​ដាច់អហង្ការ​ប្រឆាំង​នឹង​ការ​ដាក់​កុងតឺន័រ​ចំនួន​បី នៅ​ថ្ងៃទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០២៦ ដោយ​កងកម្លាំងប្រដាប់អាវុធ​ថៃ នៅក្នុង​ភូមិ​អានសេះ ឃុំ​ជាំក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​របស់​កម្ពុជា ដែល​រារាំង​ដល់​ការ​ចូល​ទៅកាន់​ច្រកព្រំដែន អន្តរជាតិ​អាន​សេះ។

ក្រសួង​ការបរទេស​ចាត់ទុក​សកម្មភាព​នេះ ផ្ទុយ​នឹង​វិធានការ​កាត់បន្ថយ​ភាព​តានតឹង ដែល​មាន​ចែង​ក្នុង​ចំណុច​ទី​១ នៃ សេចក្តី​ប្រកាស​រួម នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ព្រមទាំង​បំពាន​ទៅ​នឹង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​ធម្មនុញ្ញ​អាស៊ាន។

ទោះជា​យ៉ាងណា អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃ​ទី៥ កុម្ភៈ ថា សារ​ថ្កោលទោស​គឺ​គ្រាន់តែ​ឲ្យ​ប្រទេស​ថៃ​និង​អន្តរជាតិ​បានដឹង ប៉ុន្តែ ពុំ​ទាន់​មាន​ឥទ្ធិពល​គ្រប់គ្រាន់​ដើម្បី​បញ្ចប់​ទង្វើ​ឈ្លានពាន​របស់​ភាគី​ថៃ​មក​លើ​ដែន​អធិបតេយ្យភាព​កម្ពុជា​បាន​ទេ គឺ​មានតែ​វិធានការ​ផ្លូវច្បាប់​ប្តឹង​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ និង​ក្រុម​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ប៉ុណ្ណោះ។

លោក​ថា ប្រសិនបើ​កម្ពុជា​មិន​ប្តឹង​ថៃ​តាមផ្លូវ​ច្បាប់ ភាគី​ថៃ​នៅតែ​គឃ្លើន ហើយ​នឹង​មិន​ដោះស្រាយ​បញ្ហា​ទាំងឡាយ​ជាមួយ​កម្ពុជា​នោះ​ទេ។

លោក សេក សុជាតិ៖ «រូបភាព​នេះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ថ្នាក់​កិត្តិយស​ថ្នាក់ដឹកនាំ រដ្ឋាភិបាល និង​កងទ័ព​ជាតិ​របស់​យើង ចង់​និយាយ​ថា យើង​មិនអាច​ប្រើប្រាស់​កំលាំង​ដើម្បី ដណ្តើម​យក​មក​វិញ​ទេ ពីព្រោះ​វា​ជា​ដែន​អធិបតេយ្យភាព​របស់​យើង ដូច្នេះ​យើង​ត្រូវតែ​ប្រើប្រាស់​ច្បាប់​ពីព្រោះ​ពិភពលោក​គឺ​មាន​ច្បាប់​សកល​មួយ​ដែល​ប្រទេស​ទាំងអស់​នៅក្នុង​ពិភពលោក​ត្រូវតែ​គោរព​ហើយ​ចំណោម​ប្រទេស​ដែល​មិន​គោរព​គឺ​ត្រូវតែ​ប្តឹង ហើយ​និង​ឲ្យ សហគមន៍​អន្តរជាតិ​ទាំងអស់​មើលឃើញ​អំពី​ការ​រំលោភបំពាន​ទាំង​គឃ្លើន​របស់​ភាគី​ថៃ​នេះ»។

កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ ក្រសួង​ការបរទេស​កម្ពុជា ក៏បាន​ប្រកាស​តវ៉ា នឹង​ការ​ធ្វើ​ទស្សនកិច្ច​ត្រួតពិនិត្យ​ទីតាំង​សណ្ឋាគារ​ពីរ​កន្លែង នា​ច្រក​អូរ​ស្មាច់ ខេត្ត​ឧត្តរមានជ័យ ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​កម្ពុជា ពី​សំណាក់​អនុព័ន្ធយោធា​បរទេស​មួយ​ក្រុម និង​មន្ត្រី​អនុវត្ត​ច្បាប់ ដែល​ដឹកនាំ​ដោយ​ប្រធាន​ចារកម្ម​កងទ័ព​ថៃ កាលពី​ថ្ងៃទី​២ កុម្ភៈ។

នៅក្នុង​ដំណើរ​ទៅ​កាន់​អគារ​កាស៊ីណូ​នៅក្នុង​ទឹកដី​កម្ពុជា​នោះ ភាគី​ថៃ​បាន​បង្ហាញ​ភស្តុតាង​ជាច្រើន រួមមាន លិខិតឆ្លងដែន​នៃ​ជនបរទេស​ដែល​ត្រូវ​បាន​គេ​ដកហូត ស៊ីម​កាត​ទូរស័ព្ទ​សម្រាប់​ទាក់ទង​ជា​លក្ខណៈ​អន្តជាតិ​ចំនួន​ជាង ៨​រយស៊ីម​កាត (៨៧១) ឯកសារ​អត្ថបទ​សម្រាប់​ឆបោក​តាម​អនឡាញ ទូរស័ព្ទ​ដៃ​រាប់រយ​គ្រឿង រួម​ទាំង​ស្លាក​សញ្ញា និង​ឯកសណ្ឋាន​ប៉ូលិស​ក្លែងក្លាយ ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​នៅ​តំបន់​រមណីយដ្ឋាន​អូរស្មាច់​របស់​លោក លី យ៉ុងផាត់ ក្រោយ​យោធា​ថៃ​បាន​ឈ្លានពាន​កម្ពុជា និង​កំពុង​កាន់កាប់​តំបន់​នេះ។

អ្នកឃ្លាំមើល​លើកឡើង​ថា ការណ៍​ដែល​ភាគី​ថៃ​មាន​លេស​មិន​សម​ហេតុផល ដើម្បី​សម្រេច​មហិច្ឆតា​ឈ្លានពាន​កម្ពុជា​នេះ គឺ​ដោយសារតែ​រដ្ឋាភិបាល​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ដឹកនាំ​ប្រទេស​បែប​ឧក្រិដ្ឋកម្ម​ឃុបឃិត​ជាមួយ​ឧក្រិដ្ឋជន ដើម្បី​ពង្រីក​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ