អ្នកឃ្លាំមើល​រិះគន់​ការតែងតាំង​កូនប្រសា​របស់ លោក អូន ព័ន្ធមុនីរ័ត្ន នឹង​មាន​អំពើពុករលួយ និង​បក្ខពួក​និយម

0
74
រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន។ រូប៖ CPP
រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន។ រូប៖ CPP

អ្នកឃ្លាំមើល​រិះគន់​ថា ការតែងតាំង​កូនប្រសា​របស់ លោក អូន ព័ន្ធមុនីរ័ត្ន ជាទី​ប្រឹក្សា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​ធ្វើ​ឲ្យ​មាន​អំពើពុករលួយ និង​បក្ខពួក​និយម កាន់តែ​ច្រើនឡើង​។ ការ​លើកឡើង​នេះ គឺ​បន្ទាប់ពី លោក ហ៊ុន ម៉ាណែត ស្នើ​ព្រះមហាក្សត្រ​តែងតាំង​កូនប្រសា​របស់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ជាទី​ប្រឹក្សា​អម​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

ការតែងតាំង​កូនចៅ ឬ​សាច់ញាតិ​របស់​អ្នកធំ ឱ្យ​ធ្វើការ​នៅក្នុង​ស្ថាប័ន​តែមួយ​ជាមួយ​ឪពុកម្ដាយ​ជា​រដ្ឋមន្ត្រី ឬ​មាន​តួនាទី​ខ្ពស់ សឹង​ក្លាយជា​រឿង​ធម្មតា​ទៅ​ហើយ​នៅ​កម្ពុជា បើទោះបីជា​រង​ការរិះគន់​យ៉ាង​ណា​ក្តី​។​

ជាក់ស្ដែង​អ្នកឃ្លាំមើល​លើកឡើង​ថា ការតែងតាំង លោក ឡាំ ជុងហាវ ដែល​ជា​កូនប្រសា​របស់ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ជាទី​ប្រឹក្សា​អម​របស់​ក្រសួង​សេដ្ឋកិច្ច នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុចរិត​ភាព និង​ធនធានមនុស្ស​សម្រាប់​ការ​អភិវឌ្ឍ​ជាតិ និង​ប្រទេសជាតិ​ដើរ​ថយក្រោយ​ផ្នែក​លទ្ធិប្រជាធិបតេយ្យ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន និង​ជា​អ្នកវិភាគ លោក ប៉ោ មករា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​៦ ខែកុម្ភៈ​ថា ការតែងតាំង​ដោយ​ផ្តោត​ទៅ​លើ​កូនចៅ និង​សែស្រឡាយ ដោយ​មិន​មាន​ឆ្លងកាត់​ការប្រកួតប្រជែង​សមត្ថភាព​បទពិសោធន៍ នៅ​តាម​ក្រសួង​ស្ថាប័ន​ជាតិ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុចរិត​ភាព និង​ធនធានមនុស្ស​សម្រាប់​ការ​អភិវឌ្ឍ​ជាតិ​។ លើស​ពី​នោះ នឹង​ធ្វើ​ឲ្យ​កូនចៅ​របស់​កសិករ និង​អ្នក​ដែល​មាន​សមត្ថភាព តែ​គ្មាន​អំណាច ឬ​បក្ខពួក សែស្រឡាយ មិន​មាន​ឱកាស​ក្នុង​ការ​បម្រើ​ជាតិ​។ លោក​ថា ការតែងតាំង​តែ​សាច់ញាតិ​របស់​ខ្លួនឯង​ឱ្យធ្វើ​ការ​នេះ គឺជា​ឧបសគ្គ​រារាំង​ដល់​ការ​លុបបំបាត់​អំពើ បក្ខពួក​និយម និង​អំពើពុករលួយ​នៅ​កម្ពុជា។

លោក ប៉ោ មករា៖ «អ្វី​ដែល​រដ្ឋាភិបាល​គួរតែ​បោះបង់ចោល​នោះ គឺ​វប្បធម៌​តែងតាំង សាច់ញាតិ ឬក៏​បក្ខពួក​របស់​ខ្លួន គួរតែ​បោះចោល គួរតែ​មក​មើល​ការតែងតាំង​មួយ​ដែល​មាន​ការប្រកួតប្រជែង​ពិតប្រាកដ ការប្រកួតប្រជែង​មួយ​ដែល​ប្រើ​សមត្ថភាព មិន​ប្រើ​បក្ខពួក ជា​កត្តា​មួយ​សំខាន់ ជា​កត្តា​មួយ​រុញ​ឲ្យ​ស្ថាប័នរដ្ឋ ដែល​រស់​ដោយ​ជាតិ​ទាំងមូល​មាន​ភាពរឹងមាំ មាន​សុខដុមរមនា​ប្រជាជាតិ​ទាំងមូល»។

កាលពី​ចុងឆ្នាំ​២០២៥ លោក ហ៊ុន ម៉ាណែត បាន​ស្នើ​ឲ្យ​ព្រះមហាក្សត្រ​តែងតាំង លោក ឡាំ ជុងហាវ ដែល​ជា​កូនប្រសា​របស់ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ជាទី​ប្រឹក្សា​អម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​មាន​ឋានៈ​ស្មើ​អគ្គនាយក​។ នេះ​បើ​តាម​ព្រះរាជក្រឹត្យ ដែល​ទូរទស្សន៍​អាស៊ីសេរី​ទទួល​បាន​នៅ​ថ្ងៃទី៦ ខែកុម្ភៈ។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​នាយករដ្ឋមន្ត្រី លោក មាស សោភ័ណ្ឌ និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បានទេ នៅ​ថ្ងៃទី​០៦ ខែកុម្ភៈ​នេះ។

ការតែងតាំង​កូនចៅ ឬ​សាច់ញាតិ​ខ្លួន​ឱ្យធ្វើ​ការ ឬ​កាន់​តួនាទី​ធំៗ បាន​កើត​ឡើង​សឹង​គ្រប់កន្លែង​នៅ​តាម​ស្ថាប័នរដ្ឋ តាំងពី​ថ្នាក់ក្រោម​រហូតដល់​ថ្នាក់​កំពូល​របស់​ជាតិ រាប់ទាំង​កូនចៅ និង​សាច់ញាតិ​របស់​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ផង​។ ទង្វើ​ទាំងនេះ បាន​បង្កើត​ជា​គំរូ​អាក្រក់​នៅក្នុង​សង្គម និង​បំផ្លាញ​ប្រសិទ្ធភាព​ការងារ​នៅ​តាម​ក្រសួង​ស្ថាប័នរដ្ឋ និង​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ នយោបាយ លោក សេង វណ្ណលី លើកឡើង​ថា សង្គម​ប្រជាធិបតេយ្យ​របស់​កម្ពុជា កំពុង​ដើរ​ថយក្រោយ និង​ធ្វើ​ឲ្យ​ជះឥទ្ធិពល​អាក្រក់​ដល់​សង្គមជាតិ​មួយ​នេះ​។ លោក​បន្ថែម​ថា ស្ថាប័នរដ្ឋ​ដែល​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​ជាតិ ត្រូវ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន ប្រែក្លាយ​ជា​ទ្រព្យសម្បត្តិ​ឯកជន ឬ​យក​ធ្វើជា​អាជីវកម្ម​គ្រួសារ ដោយ​ធ្វើ​ឲ្យ​អំពើពុករលួយ​រីក​រាលដាល។

លោក សេង វណ្ណលី៖ «ពីព្រោះ​គ្មាន​នរណា​ហ៊ាន​រិះគន់ និង​ដាក់​ទោសទណ្ឌ​ទៅលើ​សមាជិកគ្រួសារ​របស់​ខ្លួនឯង​នោះ​ទេ នេះ​គឺជា​សកម្មភាព​ដ៏​អាក្រក់ ដែល​ធ្វើ​ឲ្យ​ប្រសិទ្ធភាព​ការងារ​រដ្ឋបាល​សាធារណៈ​ធ្លាប់​ចុះ​ដុនដាប ធ្វើ​ឲ្យ​មាន​គម្លាត​សង្គម​កាន់តែ​ខ្លាំង នឹង​អាច​ដឹកនាំ​ប្រទេស​ទៅ​រក​ភាព​វឹកវរ ប្រសិនបើ​ការចាត់ចែង​អំណាច​ធ្វើឡើង​តាម​ផលប្រយោជន៍ ឬក៏​ការពារ​ក្រុម​គ្រួសារ»។

អ្នកឃ្លាំមើល​ព្រមាន​ថា អំពើ​បក្ខពួក​និយម អាច​ជះ​ផលវិបាក​ធ្ងន់ធ្ងរ និង​យូរអង្វែង ដល់​អភិបាលកិច្ច និង​ប្រសិទ្ធភាព​ការងារ​នៅក្នុង​ស្ថាប័នរដ្ឋ និង​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​នូវ​ការទទួលខុសត្រូវ​របស់​មន្ត្រី ជំរុញ​ឱ្យ​មាន​អំពើពុករលួយ និង​ធ្វើ​ឱ្យ​ខូច​ដល់​ប្រព័ន្ធ​នីតិរដ្ឋ​នៅ​កម្ពុជា​ជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ