

អតីតជនភៀសខ្លួនជាស្ត្រីខ្មែរម្នាក់បានជាប់ឆ្នោតក្លាយជាអភិបាលក្រុងដ៏ធំមួយក្នុងប្រទេសអូស្ត្រាលី។ តំណាងសហគមន៍ខ្មែរចាត់ទុកថា នេះគឺជារឿងមោទនភាពមួយសម្រាប់ខ្មែរ ដោយសារនាងគឺជាស្ត្រីខ្មែរដំបូងគេដែលទទួលបានតួនាទីជាចៅហ្វាយក្រុងនេះ។
ពលរដ្ឋអូស្ត្រាលីដើមកំណើតខ្មែរម្នាក់ គឺកញ្ញា តាន់ សុផាណែត ឬឈ្មោះជាភាសាអង់គ្លេសថា សូហ្វី តាន់ (Sophie Tan) បានជាប់ឆ្នោតជាអភិបាលក្រុងគ្រីតធឺ ដង់ដឺណង់(Greater Dangdenong) ដែលជាទីក្រុងពហុវប្បធម៌ដ៏ធំមួយក្នុងរដ្ឋវ៉ិកតូរីយ៉ា (Victoria) ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី១៣ ខែវិច្ឆិកា។
កញ្ញា តាន់ សុផាណែត បង្ហាញក្តីត្រេកអរចំពោះការទទួលបានតួនាទីជាចៅហ្វាយក្រុងនេះ។
កញ្ញា តាន់ សុផាណែត ធ្លាប់ភៀសខ្លួនតាំងពីអាយុ ១១ឆ្នាំជាមួយម្តាយនិងបងប្អូនបង្កើតចំនួន៤នាក់ទៀត ពីខេត្តបាត់ដំបងមករស់នៅប្រទេសអូស្ត្រាលីក្នុងឆ្នាំ១៩៩៥ ក្រោយពេលឪពុករបស់នាងស្លាប់បាន៣ឆ្នាំ។ គ្រួសាររបស់កញ្ញា តាន់ សុផាណែត បានភៀសខ្លួនមករស់នៅអូស្ត្រាលី ដោយសារពុំមានសុវត្ថិភាពក្នុងការរស់នៅបន្តទៀត។ កញ្ញាអះអាងថា ពុំមានសុវត្ថិភាព ព្រោះក្នុងអំឡុងទស្សវត្សរ៍៩០ ប្រទេសកម្ពុជា នៅតែមានការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងកងទ័ពខ្មែរក្រហមដែលនៅសេសសល់ នៅតាមតំបន់ជនបទ និងតំបន់ព្រំដែន ព្រមទាំងអំពើចាប់ជំរិតជាដើម។

រូបថតគ្រួសារ មិត្តភក្តិ និងតំណាងសមាគមខ្មែរ ចូលរួមអប់អរសាទរដល់កញ្ញា តាន់ សុផាណែត ដែលជាប់ឆ្នោតជាចៅហ្វាយក្រុងគ្រីតធឺដង់ដឺណង់ (Greater of Dangdenong) កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ TFA/Tha Thai
ពេលមកដល់ប្រទេសអូស្ត្រាលី នាងបានរៀនសូត្ររហូតបញ្ចប់បរិញ្ញាប័ត្រផ្នែកធុរកិច្ច និងពាណិជ្ជកម្ម (Business and Commerce) នៅសកលវិទ្យាល័យម៉ូណាស់ (Monash Univercity) និងធ្លាប់បម្រើការងារក្នុងវិស័យធនាគារ និងក្រុមហ៊ុនទីផ្សារលំដាប់ពិភពលោកមួយ។
ក្រៅពីនេះ កញ្ញា តាន់ សុផាណែត ក៏តែងតែចូលរួមជួយដល់សមាគមខ្មែរ និងការធ្វើកិច្ចការងារសង្គមដោយស្ម័គ្រចិត្តជាច្រើនទៀត ដូចជាការធ្វើយុទ្ធនាការបញ្ចប់អំពើហិង្សាលើស្ត្រី និងការចូលរួមថែរក្សាវប្បធម៌ខ្មែរជាដើម។ បន្ថែមពីនេះ កញ្ញាចាប់ផ្តើមចូលប្រឡូកក្នុងកិច្ចការនយោបាយនៅថ្នាក់មូលដ្ឋានក្នុងប្រទេសអូស្ត្រាលីតាំងពីឆ្នាំ២០១៦ មកដោយយល់ថា ប្រទេសអូស្ត្រាលី បានផ្តល់ឱកាសជាច្រើន ដូច្នេះកញ្ញា ចង់ធ្វើអ្វីមួយដើម្បីសងត្រឡប់ទៅប្រទេសមួយនេះវិញ។
ក្រោយជាប់ឆ្នោតជាចៅហ្វាយក្រុង កញ្ញា តាន់ សុផាណែត ក៏បានប្តេជ្ញាចិត្តថា នឹងខិតខំបំពេញតួនាទីដើម្បីបម្រើដល់ប្រជាជនចម្រុះជាតិសាសន៍ក្នុងទីក្រុងគ្រីតធឺ ដង់ដឺណង់ឲ្យបានល្អ។
កញ្ញា តាន់ សុផាណែត៖ «ភាគច្រើនខ្ញុំនឹងធ្វើការលើបញ្ហាសុវត្ថិភាពក្នុងសហគមន៍ (Community safety) ធ្វើការជាមួយប៉ូលិសជាដើម ដើម្បីឲ្យក្រុងនេះ មានសេចក្តីស្ងប់ ប្រជាជន រស់បានសុខសប្បាយ ។ ជាពិសេសក្នុងរឿងសេដ្ឋកិច្ច រឿងការងារ (Employment) និងរឿងសុវត្ថិភាព (Safety)»។
សម្រាប់ពលរដ្ឋខ្មែរនៅឯនាយសមុទ្រ កញ្ញា តាន់ សុផាណែត អាចចាត់ទុកថា ជាស្ត្រីខ្មែរទី១ក្នុងពិភពលោកដែលទទួលបានតួនាទីកំរិតចៅហ្វាយក្រុងនេះ។
អតីតតំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរលោក ហុង លីម ចាត់ទុកថា នេះគឺជារឿងមោទនភាពមួយរបស់ខ្មែរ។
លោក ហុង លីម៖ «ភាគច្រើនខ្ញុំនឹងធ្វើការលើបញ្ហាសុវត្ថិភាពក្នុងសហគមន៍(Community safety) ធ្វើការជាមួយប៉ូលិសជាដើម ដើម្បីឲ្យក្រុងនេះ មានសេចក្តីស្ងប់ ប្រជាជន រស់បានសុខសប្បាយ ។ ជាពិសេសក្នុងរឿងសេដ្ឋកិច្ច រឿងការងារ និងរឿងសុវត្ថិភាព»។
មកដល់ពេលនេះ មានពលរដ្ឋអូស្ត្រាលីដើមកំណើតខ្មែរ៣នាក់ហើយដែលធ្លាប់កាន់តួនាទីជាចៅហ្វាយក្រុងគ្រីតធឺ ដង់ដឺណង់ រួមមានកញ្ញា តាន់ សុផាណែត លោក តាក់ ម៉េងហ៊ាង និងលោក ជា យូហ៊ន។
ប្រធានសមាគមខ្មែររដ្ឋវ៉ិកតូរីយ៉ា លោក ជា យូហ៊ន ថ្លែងថា កញ្ញា តាន់ សុផាណែត សមនឹងទទួលបានតួនាទីនេះ ព្រោះកញ្ញាជាក្មេងស្រីម្នាក់ដែលវៃឆ្លាត និងខិតខំបម្រើកិច្ចការងារសង្គមជាច្រើនឆ្នាំមកហើយ។
លោក ជា យូហ៊ន៖ «ខ្ញុំមានមោទនភាពណាស់ក្នុងនាមខ្ញុំជាខ្មែរម្នាក់ដែលរស់នៅសាលាក្រុងគ្រីតធឺ ដង់ដឺណង់ ហើយយើងមានស្ត្រីខ្មែរយើងច្រើនណាស់ ហើយជាពិសេសសូហ្វីតាន់ គឺជាជនភៀសខ្លួនម្នាក់ដែលឪពុករបស់គាត់ ស្លាប់ក្នុងសម័យរបបលោក ហ៊ុន សែន បញ្ជូនទៅកាប់ព្រៃ។ កញ្ញា សូហ្វីតាន់ បានខិតខំរៀនសូត្រហើយខំធ្វើការជាមួយសមាគមខ្មែរ»។
កញ្ញា តាន់ សុផាណែត ក៏មិនដែលបំភ្លេចប្រទេសកម្ពុជា ដែលជាមាតុភូមិកំណើតឡើយ។ កញ្ញា តែងតែចូលរួមធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ដើរនៅលើផ្លូវប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ កាលពីខែតុលាកន្លងទៅ ស្ត្រីខ្មែរអូស្ត្រាលីរូបនេះ ក៏បានដាក់លិខិតទៅរដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី ដើម្បីឲ្យជួយអន្តរាគមន៍ដោះស្រាយដោយសន្តិវិធីបញ្ចប់ជម្លោះព្រំដែនរវាងកម្ពុជានិងថៃ តាមច្បាប់អន្តរជាតិដែរ៕









