តុលាការ​តម្កល់​សាលក្រម​ផ្ដន្ទាទោស​អ្នក​សារព័ត៌មាន​ពីរ​រូប​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ ១៤​ឆ្នាំ​ករណី​ផ្សាយ​រឿង​ព្រំដែន

0
36
​អ្នកសារព័ត៌មាន​បាត់ដំបង​ប៉ុស្តិ៍ លោក ផន សុភាព (ឆ្វេង) និង​អ្នកសារព័ត៌មាន TSP68 TV Online លោក ភាព ភារ៉ា ។ រូប៖ បណ្ដាញសង្គម

សាលាឧទ្ធរណ៍​បាត់ដំបង​បាន​ប្រកាស​សាលដីកា​តម្កល់​សាលក្រម​ផ្ដន្ទាទោស​របស់​សាលាដំបូង​ខេត្ត​សៀមរាប ទៅលើ​អ្នកសារព័ត៌មាន​អនឡាញ​គឺ លោក ផន សុភាព និង​លោក ភាព ភារ៉ា ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ ១៤ ឆ្នាំ ពី​បទ​« ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍ ដែល​អាច​ធ្វើឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ​» ។ អ្នកជំនាញ​សារព័ត៌មាន និង​សង្គម​ស៊ីវិល សោកស្ដាយ ដែល​ការសម្រេច​នេះ គឺជា​ការរារាំង និង​គំរាមកំហែង​ដល់​អ្នកសារព័ត៌មាន​ដទៃ។

អ្នកជំនាញ​សារព័ត៌មាន និង​សង្គម​ស៊ីវិល ចាត់ទុក​ការ​ផ្ដន្ទាទោស​លើ​អ្នក​សារព័ត៌ មាន​ពីរ​រូប​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ ១៤​ឆ្នាំ របស់​សាលាឧទ្ធរណ៍​ប្រចាំ​តំបន់​ដែល តាំងនៅ​ខេត្តបាត់ដំបង ថា ជា​ការ​កាត់ទោស​ធ្ងន់ធ្ងរ​ហួសហេតុ។

ការ​លើកឡើង​នេះ បន្ទាប់​ពី​ចៅក្រម​សាលាឧទ្ធរណ៍​បាត់ដំបង​នៅ​ថ្ងៃទី​២៦ ខែមីនា បាន​ផ្ដន្ទាទោស​អ្នក​សារព័ត៌មាន​បាត់ដំបង​ប៉ុស្តិ៍ លោក ផន សុភាព និង​អ្នកសារព័ត៌មាន TSP68 TV Online លោក ភាព ភារ៉ា ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ ១៤​ឆ្នាំ ដូច​ការ​សម្រេច​របស់​សាលាដំបូង​ខេត្តសៀមរាប​ដដែល។

នាយក​ប្រតិបត្តិ នៃ​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅ​កាត់ ខេមបូចា លោក ណុប វី សោកស្ដាយ​ចំពោះ​ការសម្រេច​របស់​សាលាឧទ្ធរណ៍​ខេត្តបាត់ដំបង ។ លោក​បន្ត​ថា តុលាការ​មិនបាន​ពិចារណា ការ​លើកឡើង​របស់​អ្នក​សារព័ត៌មាន​ទាំង​ពីររូប អំឡុង​ពេល​សវនាការ​កន្លងមក ដែល​អះអាង​នៅ​ចំពោះមុខ​ចៅក្រម​ថា ពួកគាត់​គ្មាន​ចេតនា​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ទៅ​ឲ្យ​រដ្ឋ​ផ្សេង និង​បញ្ចេញ​ព័ត៌មាន​ទាក់ទង​នឹង​ការ​សម្ងាត់​របស់​យោធា​ដូច​ការចោទប្រកាន់​ឡើយ។

លោក ណុប វី យល់​ថា ការ​សម្រេច​របស់​តុលាការ​នេះ គឺជា​ការ​គំរាមកំហែង និង​បំភិតបំភ័យ​អ្នក​សារព័ត៌មាន​ផ្សេងៗ ដែល​ចង់​រាយការណ៍​រឿង​វីរភាព​កងទ័ព និង​ទឹកដី ហើយ​ករណីនេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្ពុជា​ទៅវិញ​ទេ។

លោក ណុប វី៖ «មែនទែន​ទៅជា​ការ​ឈឺ​ឆ្អាល ចំពោះ​ជាតិ​របស់​គាត់ ការ​ចង់​ផ្សព្វផ្សាយ ការ​ចង់​បង្ហាញ អំពី​វីរភាព​របស់​កងទ័ព​កម្ពុជា​ទៅវិញ។ បើ​នៅក្នុង​ស្ថានភាព​បែបនេះ តុលាការ​លោក​មិន​បាន​យក​មក​ពិចារណា សម្រាប់​ខ្ញុំ ខ្ញុំ​ថា វា​ជា​ការ​គំរាមកំហែង​ទៅដល់​អ្នកសារព័ត៌មាន​ផ្សេងៗ​ទៀត​ដែរ ដែល​គាត់​ចង់​ចូលរួម​ចង់​ផ្សព្វផ្សាយ​អំពី​វីរភាព​កងទ័ព អំពី​ការ​ស្រឡាញ់​ទឹកដី​របស់​យើង​ហ្នឹង គឺថា​ពួកគាត់​ត្រូវ​រួញរា​មានការ​ភ័យខ្លាច ខ្លាច​មានការ​ប្ដឹងផ្ដល់ ការចោទប្រកាន់ ហើយ ការ​ដាក់ទោស​នេះ ដូច​យើង​ដឹង​ហើយ ការ​ដាក់ទោស​រហូត​ទៅ​ដល់​កម្រិត ដែល​គេ​ហៅថា ខ្ពស់​បំផុត​នៃ​ទោស​ទៅ​ហើយ។ អ៊ីចឹង​មានន័យថា ធ្ងន់ធ្ងរ​ណាស់»។

អ្នកសារព័ត៌មាន​លោក ផន សុភាព និង​លោក ភាព ភារ៉ា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ដាច់ដោយឡែក​ពី​គ្នា​នៅក្នុង​ខែកក្កដា ឆ្នាំ​២០២៥ បន្ទាប់ពី​វិលត្រឡប់​ពី​រាយការណ៍​ព័ត៌មាន នៅ​ខេត្ត​ឧត្តរមានជ័យ​។ ពួកគាត់ ត្រូវ​បាន​តុលាការ​ខេត្តសៀមរាប ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ម្នាក់ៗ ១៤ ឆ្នាំ ពី​បទ​«​ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន ជាអាទិ៍ ដែល​អាច​ធ្វើ​ឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ​» កាលពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២៥។

តាម​មាត្រា ៤៤៥ នៃ​ក្រមព្រហ្មទណ្ឌ ដែល​ជា​កម្រិត​ទោស​ខ្ពស់​ជិត​ដល់​កម្រិត​អតិបរមា​នៃ​ទោស​សម្រាប់​បទល្មើស​នេះ គឺ ១៥ ឆ្នាំ។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICAHDO) លោក អំ សំអាត យល់​ថា ការ​ផ្ដន្ទាទោស​លើ​អ្នកសារព័ត៌មាន​ធ្ងន់ធ្ងរ​នេះ នឹង​ប៉ះពាល់​ដល់​សេរី​សារព័ត៌មាន និង​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ ហើយក៏​ជា​ការ​រឹតត្បិត​លំហ​សេរីភាព​សារព័ត៌មាន។

លោក​បន្ត​ថា អ្នកសារព័ត៌មាន​ដែល​បំពេញការងារ​វិជ្ជាជីវៈ​សារព័ត៌មាន​បើ​មាន​កំហុស​ឆ្គង ត្រូវ​ប្រើប្រាស់​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន ដោយ​មិន​គួរ​ប្រើប្រាស់​ច្បាប់ក្រម​ព្រហ្មទណ្ឌ​សម្រាប់​ចោទប្រកាន់ និង​ផ្ដន្ទាទោស​នោះ​ទេ។

ស្រដៀង​គ្នា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី សោកស្ដាយ និង​ទទូច ឲ្យ​តុលា​ការប្រើ​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន ពីព្រោះ​ច្បាប់​នេះ គឺជា​ច្បាប់​ពិសេស ដែល​ត្រូវ​យក​មក​អនុវត្ត​លើ​អ្នកសារព័ត៌មាន បើ​ពួកគេ​ធ្វើ​ខុស ខណៈ​ច្បាប់ក្រម ព្រហ្មទណ្ឌ​ជា​ច្បាប់​ធម្មតា។ ប៉ុន្តែ ប្រសិនបើ​តុលាការ​បន្ត​យក​ច្បាប់ក្រម​ព្រហ្មទណ្ឌ​មក​ចោទប្រកាន់​លើ​អ្នកសារព័ត៌មាន​នោះ លោក​ស្នើ​ឲ្យ​យក​មាត្រា ៤៧៩ មក​អនុវត្ត។

លោក យិន ម៉េងលី៖ «តុលាការ បើសិនជា​យក​ក្រមព្រហ្មទណ្ឌ​សូម​ឲ្យ​យក​ទៅលើ​មាត្រា ៤៧៩ ដែល​ជួយ​ដល់​អ្នកសារព័ត៌មាន​នេះ​។ មាត្រា ៤៧៩ និយាយ​ពី​រឿង​ប៉ះពាល់​ដល់​ការសម្ងាត់​របស់​ប្រទេសជាតិ​ដែរ តែ​នៅក្នុង​វាក្យខណ្ឌ​ទី​២ នៃ​មាត្រា ៤៧៩ ហ្នឹង និយាយ​អំពី​ការ​ខ្ជះខ្ជាយ ការ​ធ្វេស​ប្រហែស​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ហ្នឹង​។ អ៊ីចឹង​នេះ ជា​បទមជ្ឈិម អាច​ជួយ​ដល់​អ្នកសារព័ត៌មាន ហើយ​អាច​បន្ធូរបន្ថយ​គាត់»។

ក្រៅពី​សំណុំរឿង​អ្នកសារព័ត៌មាន​លោក ផន សុភាព និង លោក ភាព ភារ៉ា នៅ​ថ្ងៃទី​២៦ ខែមីនា សាលាឧទ្ធរណ៍​បាត់ដំបង បាន​បើក​វនា​ការ​បណ្ដឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នកកាសែត HVNN លោក ហែម វណ្ណា ពាក់ព័ន្ធ​នឹង​ការផ្សាយ​រឿង​ឆបោក​អនឡាញ។ លោក​ត្រូវ​បាន​តុលាការខេត្ត​បន្ទាយមានជ័យ​ឃុំខ្លួន​នៅ​ពន្ធនាគារ កាលពី​ថ្ងៃទី​០៤ ខែកុម្ភៈ ក្រោម​បទ​ចោទ «​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​»​និង​បទ «​ស្តាប់ ឫ ថត​ពាក្យ​សម្ងាត់​ឯកជន​» បន្ទាប់ពី​លោក​ចុះផ្សាយ​ព័ត៌មាន​ថា ជនជាតិ​បរទេស ៤ ទៅ​៥​នាក់ រង​នូវ​អំពើ​ហិង្សា​ពី​សំណាក់​មនុស្ស​មួយ ក្រុម​ផ្សេងទៀត ដែល​គេ​ដឹង​ថា ជា​អ្នក​បម្រើការ​នៅក្នុង​បរិវេណ​អាគារ​បិទ​ខ្ទប់​ជាទី​អាថ៌កំបាំង នៅ​ខាងក្រោយ​បន្ទាយ​កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត។

លោក ហែម វណ្ណា ចាងហ្វាង​កាសែត​HVNN TV Online។ រូប៖ បណ្ដាញសង្គម

បន្ទាប់ពី​បញ្ចប់​សវនាការ តុលាការ​សម្រេច​ប្រកាស​ដីកា​បណ្ដឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នកសារព័ត៌មាន​លោក ហែម វណ្ណា នៅ​ថ្ងៃទី​០២ ខែ​មេសា ខាងមុខ។

របាយការណ៍​ប្រចាំត្រីមាស របស់​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅ​កាត់ ខេមបូចា​ដែល​ទើប ចេញផ្សាយ​នៅ​ថ្ងៃទី​១៩​កុម្ភៈ បាន​រក​ឃើញ​ថា ចន្លោះ​ពី​ខែតុលា​ដល់​ខែធ្នូ ឆ្នាំ​២០២៥ មាន​អ្នកសារព័ត៌មាន ចំនួន ១៤​នាក់ បាន​រង​ការ​ធ្វើទុក្ខបុកម្នេញ និង​ចាប់ខ្លួន​។ ទន្ទឹមគ្នា​នេះ ការ​បៀតបៀន និង​បំពាន​សិទ្ធិ អ្នកសារព័ត៌មាន​ភាគ​ច្រើន កើតមាន​នៅក្នុង​ខេត្ត​ឧត្តរមានជ័យ នៅពេល​ចុះ​រាយការណ៍ ស្ដីពី​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ