

អង្គការសហប្រជាជាតិ (UN) ចេញសេចក្ដីសម្រេចជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការជាបន្ទាន់ ចំពោះករណីអំពើហិង្សាផ្លូវភេទលើក្មេងស្រីម្នាក់ ដែលបានរងគ្រោះ មិនទាន់ទទួលបានយុត្តិធម៌នៅឡើយ ក្នុងរយៈពេល ១៦ឆ្នាំមកនេះ។ ក្មេងស្រីរូបនោះ រងគ្រោះដោយសារមន្ត្រីនគរបាលរំលោភសេពសន្ថវៈ។
គណៈកម្មាធិការរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកអនុសញ្ញាលុបបំបាត់រាល់ ទម្រង់នៃការរើសអើងប្រឆាំងស្ត្រីភេទ ហៅកាត់ថា «ស៊ីដរ» បានចេញសេចក្ដីសម្រេចទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ចាប់ខ្លួនមន្ត្រីនគរបាលម្នាក់ ដែលជាជនល្មើស រំលោភសេពសន្ថវៈក្មេងស្រី នៅខេត្តព្រះសីហនុ កាលពី ១៦ឆ្នាំមុន។
គណៈកម្មាធិការអង្គការសហប្រជាជាតិលើកឡើងថា រដ្ឋាភិបាលកម្ពុជាមិនត្រឹមតែបរាជ័យក្នុងការធានាឲ្យមានយុត្តិធម៌ ការការពារ និងដំណោះស្រាយ ប្រកបដោយប្រសិទ្ធភាព ចំពោះក្មេងស្រី ដែលរងគ្រោះពីអំពើ ហិង្សាផ្លូវភេទរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ថែមទាំងជំរុញឲ្យមាននិទ្ទណ្ឌភាព និងការរើសអើងទៅវិញ។
ទូរទស្សន៍អាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយជុំវិញរឿងនេះ ពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ បានទេ នៅថ្ងៃទី១៧ ខែមិថុនានេះ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៧ ខែមិថុនានេះ ថា ការសម្រេចរបស់ អង្គការសហប្រជាជាតិ ធ្វើឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីគ្រួសារក្មេងស្រី រងគ្រោះ មិនបានទទួលយុត្តិធម៌ ហើយបានដាក់ពាក្យបណ្ដឹងទៅគណៈកម្មាធិការ របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកអនុសញ្ញាលុបបំបាត់រាល់ ទម្រង់នៃការ រើសអើងប្រឆាំងស្ត្រីភេទ ហៅកាត់ថា «ស៊ីដរ»។
លោក អំ សំអាត រៀបរាប់ថា បទល្មើសរំលោភក្មេងស្រីនេះ កើតឡើងក្នុងខេត្តព្រះសីហនុ កាលពីខែវិច្ឆិកា ឆ្នាំ២០១០ ហើយដំណើរការក្ដី អូសបន្លាយរហូតដល់ ឆ្នាំ២០១៦ ទើបមានសាលដីការបស់តុលាការកំពូលផ្ដន្ទាទោសជនល្មើសដាក់ ពន្ធនាគារ ប៉ុន្តែ សមត្ថកិច្ចមិនបានចាប់ជនល្មើស ដាក់ពន្ធធនាគារតាមសេចក្ដី សម្រេច របស់តុលាការឡើយ។ លោកថា ដោយសារមានភាពអយុត្តិធម៌បែបនេះ ទើប គ្រួសារក្មេងស្រីរងគ្រោះ ប្រើយន្តការបណ្ដឹងបុគ្គល ទៅគណៈកម្មាធិការអង្គការ សហប្រជាជាតិ ដើម្បីស្វែងរកអន្តរាគមន៍រកយុត្តិធម៌។
លោក អំ សំអាត៖ «ប្រទេសកម្ពុជាយើង យើងជាសមាជិកនៃគណៈកម្មាធិការ អង្គការសហប្រជាជាតិ ទទួលបន្ទុកអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការ រើសអើងប្រឆាំងស្ត្រីភេទហៅកាត់ថា «ស៊ីដ» បានផ្ដល់សច្ចាប័នទៅលើអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងស្ត្រីភេទហ្នឹង ក៏ដូចជាការផ្ដល់សច្ចាប័នទៅលើពិធីសារបន្ថែមនៃអនុសញ្ញានេះផងដែរ។ អ៊ីចឹងរដ្ឋជាភាគីត្រូវ តែមានកាតព្វកិច្ចក្នុងការអនុវត្តទៅតាមអនុសញ្ញានេះ ឲ្យមានប្រសិទ្ធភាព ជាពិសេសគឺការការពារទៅដល់ការប្រឆាំងអំពើហិង្សាឬអំពើហិង្សាលើផ្លូវភេទទៅលើស្ត្រីនិងកុមារ»។
អង្គការសមាគមក្នុងស្រុក ចំនួន ៦១ស្ថាប័ន នៅថ្ងៃទី១៦ ខែមិថុនានេះ បានចេញសេចក្តីថ្លែងការណ៍គាំទ្រ សេចក្ដីសម្រេចរបស់គណៈកម្មាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងស្ត្រីភេទ។
សេចក្ដីថ្លែងការណ៍ របស់គណៈកម្មាធិការអង្គការសហប្រជាជាតិ ឲ្យដឹងថាជនល្មើសជាមន្ត្រីនគរបាលម្នាក់ ដែលបានរំលោភសេពសន្ថវៈជាបន្តបន្តាប់ លើក្មេងស្រីអាយុ ១១ឆ្នាំ ដែលមានពិការភាព នៅក្នុងឆ្នាំ២០១០ នៅមិនទាន់បានអនុវត្តទោសជាប់ពន្ធនាគារនៅឡើយទេ ទោះបីជាមានការផ្តន្ទាទោសជាស្ថាពរ ដោយតុលាការកំពូល តាំងពីឆ្នាំ២០១៦ក៏ដោយ។ គណៈកម្មាធិការនេះ បន្ថែមថា សំណងរដ្ឋប្បវេណី ដែលជនល្មើសត្រូវទទួលខុសត្រូវសងក្មេងស្រីរងគ្រោះ ក៏នៅមិនទាន់សងឲ្យបានត្រឹមត្រូវដែរ។
គណៈកម្មាធិការអង្គការសហប្រជាជាតិ មើលឃើញថា ដំណើរការផ្លូវច្បាប់នេះ បានអូសបន្លាយពេលយ៉ាងយូរ រីឯ ការផ្ដន្ទាទោស ក៏មិនសមទៅនឹងបទល្មើស។អង្គការសហប្រជាជាតិ ថា នេះជាបរាជ័យក្នុងការអនុវត្តសាលដីកា របស់តុលាការ កំពូល ដែលធ្វើឲ្យកុមារីរងគ្រោះ និងគ្រួសាររបស់នាង រង់ចាំយុត្តិធម៌អស់រយៈពេល ១៦ឆ្នាំ មកហើយ ខណៈជនប្រព្រឹត្តបន្តនៅក្រៅឃុំនៅឡើយ។
គណៈកម្មាធិការអង្គការសហប្រជាជាតិយល់ថា បរាជ័យរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នេះ បានធ្វើឲ្យក្មេងស្រីរងគ្រោះ ប្រឈមនឹងការយាយី និងការគំរាម កំហែងជាបន្តបន្ទាប់ ហើយស្ថានភាពបែបនេះ ធ្វើឲ្យប៉ះពាល់ផ្លូវចិត្តរបស់នាងយ៉ាង ធ្ងន់ធ្ងរ ដែលមិនអាចស្តារឡើងវិញបាន និង ក្លាយជាជនរងគ្រោះមួយជាន់ទៀត។
គណៈកម្មាធិការអង្គការសហប្រជាជាតិ បានផ្ដល់អនុសាសន៍ឲ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ឲ្យអនុវត្តសាលដីការបស់តុលាការកំពូលជាបន្ទាន់ ដែលរួមទាំង ការចាប់ខ្លួន និងឃុំខ្លួនជនប្រព្រឹត្ត រួមទាំងការសងសំណងរដ្ឋប្បវេណី ដល់ជន រងគ្រោះ និង ក្រុមគ្រួសារ ឱ្យបានពេញលេញ ដើម្បីប៉ះប៉ូវការខូចខាត។ ក្រៅពីនេះ ជនរងគ្រោះ និង គ្រួសារ ក៏ត្រូវទទួលបានសំណងការខូចខាតផ្នែកហិរញ្ញវត្ថុ ការគាំទ្រផ្នែកផ្លូវចិត្ត និងវិធានការដើម្បីស្តារសេចក្តីថ្លៃថ្នូរ ព្រមទាំងការបញ្ចូលជនរងគ្រោះទៅ ក្នុងសហគមន៍របស់នាងឡើងវិញ។
អង្គការសហប្រជាជាតិ ទាមទារឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត កែសម្រួល ក្របខណ្ឌច្បាប់ ដើម្បីធានាការអនុវត្តស្របតាមស្តង់ដារអន្តរជាតិ និងលុបបំបាត់ ស្តង់ដារប្រមូលភស្តុតាងដែលអយុត្តិធម៌។
អង្គការសហប្រជាជាតិ តម្រូវឲ្យហាមឃាត់ការប្រើប្រាស់យន្តការដោះស្រាយ ក្រៅប្រព័ន្ធតុលាការ រួមទាំងការផ្សះផ្សា ការសម្របសម្រួល និងយន្តការ ដោះស្រាយ វិវាទផ្សេងទៀត សម្រាប់រាល់ករណីអំពើហិង្សាផ្លូវភេទទាំងអស់។ លើសពីនេះទៀត រដ្ឋាភិបាលកម្ពុជា ត្រូវធានាឲ្យមានការទទួលបាននូវយុត្តិធម៌ ប្រកបដោយប្រសិទ្ធភាព ការយកចិត្តទុកដាក់ផ្អែកលើយេនឌ័រ ការផ្តោតលើជន រងគ្រោះ ឬអ្នករស់រានមានជីវិត ការយល់ដឹងពីរបួសផ្លូវចិត្ត នីតិវិធីដែលសមស្របសម្រាប់ កុមារ និងការមិនរើសអើង ក្នុងករណីអំពើហិង្សាផ្លូវភេទគ្រប់ទម្រង់៕









