

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនអះអាងថា ការងារវាស់វែង និងបោះបង្គោលបណ្ដោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ ៤២-៤៧ ស្ថិតនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ក្រុមការងារបច្ចេកទេសភាគីកម្ពុជានិងថៃ កំពុងចុះវាស់វែងនិងបង្កើតផែនទីរូបភាព ដោយឈរលើមូលដ្ឋាននៃឯកសារគតិយុត្តិដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ខណៈក្រុមអ្នកតាមដានស្ថានការណ៍ព្រំដែនអះអាងថា ការបោះបង្គោលព្រំដែននេះធ្វើឲ្យខ្មែរបាត់ទឹកដីជាច្រើន។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនអះអាងថា ការងារវាស់វែង និងបោះបង្គោលបណ្ដោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ ៤២-៤៧ ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាតំបន់សមរភូមិក្តៅ គឺធ្វើឡើងដោយឈរលើមូលដ្ឋាននៃឯកសារគតិយុត្តិដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ប៉ុន្តែក្រុមអ្នកតាមដានស្ថានការណ៍ព្រំដែនអះអាងថា ការបោះបង្គោលព្រំដែននេះធ្វើឲ្យខ្មែរបាត់ទឹកដីជាច្រើន។
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលបានចេញនៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអះអាងថា ទាក់ទងនឹងបញ្ហាព្រំដែន ជាពិសេសនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ក្រុមការងារបច្ចេកទេសភាគីកម្ពុជានិងថៃ កំពុងចុះវាស់វែងនិងបង្កើតផែនទីរូបភាព ព្រមទាំងការបោះបង្គោលបណ្ដោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ ៤២ និង៤៧ ស្របតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC) កម្ពុជា-ថៃ កាលពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ។
ប្រភពដដែលបានថ្លែងថា ការងារវាស់វែង និងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនទាំងនេះដែលក្នុង នោះរួមទាំងបង្គោលព្រំដែនលេខ៤២ ដល់ ៤៧ គឺធ្វើឡើងយ៉ាងហ្មត់ចត់ និងទទួលខុសត្រូវខ្ពស់បំផុតដោយឈរលើមូលដ្ឋាននៃឯកសារគតិយុត្តិដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ (Procès Verbaux) បោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨-១៩០៩ និងគណៈកម្មការ បោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន បានឲ្យដឹងថា បើតាមការបោះបង្គោលព្រំដែននេះគឺធ្វើឡើងតាមបែបផែននយោបាយដែលបានធ្វើឲ្យខ្មែរបាត់បង់ទឹកដីតែប៉ុណ្ណោះ។ លោកថា ដើម្បីធ្វើឲ្យត្រឹមត្រូវគឺត្រូវយកបង្គោលដែលសល់ពីបារាំងយកទៅដាក់នៅទីតាំងចាស់វិញទើបមិនបាត់បង់ទឹកដីខ្មែរ។

លោក អ៊ុំ សំអាន៖ «យើងឃើញថា ការបោះបង្គោលនៅភូមិព្រៃចាន់ដែលជាការបោះបង្គោលបណ្ដោះអាសន្ន នោះគឺបានធ្វើឲ្យបាត់បង់ទឹកដីខ្មែរយើងយ៉ាងច្រើន ពីចន្លោះ២គីឡូម៉ែត្រកន្លះទៅ៣គីឡូម៉ែត្រកន្លះ បើតាមអះអាងប្រជាពលរដ្ឋដែលរស់នៅភូមិព្រៃចាន់ ហើយនិងការអះអាងរបស់លោក ញឹក ប៊ុនឆៃ»។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី២៧ ខែតុលា កាសែតខាវស៊ុត (Khaosod) បានស្រង់សម្ដីនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចាន់វីរៈគុល អះអាងថា នៅក្នុងតំបន់ត្រួតស៊ីគ្នា កម្ពុជាបានរំលោភចូលដីថៃ ចំណែកឯ ថៃក៏បានរំលោភចូលដីកម្ពុជាដែរ ក្នុងខេត្តស្រះកែវ ដែលជាប់នឹងខេត្តបន្ទាយមានជ័យរបស់កម្ពុជា ហើយបញ្ហានេះ ត្រូវតែមានការគ្រប់គ្រងដោយយុត្តិធម៌សម្រាប់ភាគីទាំងពីរ។
ប្រភពដដែលអះអាងថា ការគ្រប់គ្រងតំបន់ត្រួតស៊ីគ្នាក្នុងពេលបច្ចុប្បន្ននេះ គឺថៃកំពុងផ្ដោតលើតំបន់បានណងចាន់ (Ban Nong Chan) និងបានណងយ៉ាកែវ (Ban Nong Ya Kaew) ខេត្តស្រះកែវ (Sa Kaeo) ព្រោះ មានផ្នែកខ្លះរបស់កម្ពុជាបានរំលោភចូលមកលើថៃ ប៉ុន្តែ ក៏មានផ្នែកខ្លះរបស់ថៃបានរំលោភចូលទៅលើកម្ពុជាដូចគ្នាដែរ។
ពលរដ្ឋកម្ពុជានៅភូមិជោគជ័យ និងភូមិព្រៃចាន់ បានប្រឈមនឹងបញ្ហាជាច្រើនដែលបង្កឡើងដោយភាគីថៃដែលបានយកលួសបន្លា និងសំបកកង់ឡានទៅព័ទ្ធយកដី ផ្ទះដែលជាទ្រព្យសម្បតិ្តរបស់ពលរដ្ឋកម្ពុជានៅក្នុងភូមិទាំងពីរនេះ ដោយភាគីថៃបានគំរាមយកច្បាប់របស់ខ្លួនទៅអនុវត្តលើពលរដ្ឋកម្ពុជា បើសិនពួកគេហ៊ានចេញមុខមកបង្កហិង្សា ឬតទល់នឹងវិធានការរបស់កងកម្លាំងថៃ។
រីឯរដ្ឋាភិបាលកម្ពុជាវិញ បានប្រកាសឱ្យពលរដ្ឋ យោធា រក្សាការអត់ធ្មត់ និងស្ងៀមស្ងាត់ ទោះបីជាទាហានថៃបានបាញ់សម្លាប់ពលរដ្ឋខ្មែរក៏ដោយ៕









