ក្រសួង​បញ្ជា​ឱ្យ​យោធិន​បើក​គណនី​ធនាគារ ខណៈ​អ្នកវិភាគ​ជំរុញ​ឱ្យ​ពិនិត្យ​បញ្ហា «​ទាហាន​ខ្មោច​» និង​ជីវភាព​កងទ័ព

0
55
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា។ រូប៖ ហ្វេសប៊ុកលោក ទៀ សីហា
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា។ រូប៖ ហ្វេសប៊ុកលោក ទៀ សីហា

ក្រសួងការពារជាតិ​កម្ពុជា​បាន​ដាក់​ចេញ​ផែន​ការ​ឱ្យ​យោធិន​ទាំងអស់​បើក​គណនី​ធនាគារ​សម្រាប់​ទទួល​ប្រាក់បៀវត្ស ដោយ​កំណត់​ឱ្យ​បញ្ចប់​នៅ​ខែមិថុនា ឆ្នាំ​២០២៧​។ អ្នកវិភាគ​មួយចំនួន​មើលឃើញ​ថា ការកែទម្រង់​នេះ​អាច​ជួយ​បង្កើន​តម្លាភាព និង​កាត់បន្ថយ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បើក​ប្រាក់ខែ ប៉ុន្តែ​ពួកគេ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​បញ្ហា​ទាហាន​ខ្មោច និង​ជីវភាព​កងទ័ព​កំពុង​ជួបប្រទះ​ការ​លំបាក។

អ្នកឃ្លាំមើល​ថា ការ​ផ្លាស់ប្តូរ​របៀប​បើកប្រាក់​បៀវត្ស​អាច​ជួយ​កាត់បន្ថយ​ភាព​មិន​ប្រក្រតី​មួយចំនួន ជាពិសេស​ការបង្កើត​ឈ្មោះ​មនុស្ស​ដែល​មិន​មាន​វត្តមាន​ពិតប្រាកដ​ក្នុង​កងកម្លាំង​ឬ​ឈ្មោះ​មនុស្ស​ដែល​មាន​នៅក្នុង​បញ្ជី​ប្រាក់ខែ ប៉ុន្តែ​មិនបាន​បំពេញការងារ​ជា​យោធិន​ជាក់ស្តែង។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ការ​បើកប្រាក់​តាម​ធនាគារ​អាច​ធ្វើ​ឱ្យ​ការគ្រប់គ្រង​ចំនួន​យោធិន​មាន​ភាព​ច្បាស់លាស់​ជាង​មុន និង​អាច​កាត់បន្ថយ​ឱកាស​នៃ​ការប្រើប្រាស់​ឈ្មោះ​មិន​ពិត ដើម្បី​ទទួល​ប្រាក់​ពីរ​ដ្ឋ​។ លោក​ថា ការ​បើកប្រាក់​តាម​ធនាគារ​តែមួយ​មុខ មិនអាច​ធានា​បានទេ​ថា យោធិន​ទាំងអស់​នឹង​ទទួល​បាន​ប្រាក់ខែ​ដោយ​ផ្ទាល់ និង​ពេញលេញ ព្រោះ​អាច​មាន​ករណី​យោធិន​មួយចំនួន​មានឈ្មោះ​ក្នុង​បញ្ជី និង​ទទួល​ប្រាក់ខែ ប៉ុន្តែ​មិនបាន​បំពេញភារកិច្ច​ជាក់ស្តែង ឬ​ប្រគល់​ប្រាក់ខែ​របស់​ខ្លួន​ទៅ​ឱ្យ​អ្នកគ្រប់គ្រង ហើយ​ទៅ​ប្រកបមុខរបរ​ផ្សេង​ទៀត។

លោក ស៊ឹង សែនករុណា៖ «ការកែទម្រង់​ទៅលើ​ការ​ការពារ​ជាតិ មិនមែន​ទៅលើ​តែ​រឿង​ថវិកា​មួយ​ទេ គួរតែ​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​កម្លាំង​ពិត ធនធានមនុស្ស​ដែល​បម្រើ​ទៅលើ​វិស័យ​យោធា​ហ្នឹង ពិតប្រាកដ មាន​ទាំង​សមត្ថភាព មាន​ទាំង​ចំណេះ​ជំនាញ មាន​ទាំង​ឆន្ទៈ​ខ្ពស់ ក្នុង​ការ​បម្រើ​ជាតិ​។ ជៀសវាង​គ្រាន់តែ​មានឈ្មោះ ហើយ​យក​តែ​បុណ្យស័ក្តិ យក​តែ​អំណាច​តួនាទី​ទៅ​រក​ស៊ី​ផ្សេងៗ ហើយ​ពេលខ្លះ ទៅ​យក​តួនាទី ទៅ​សម្លុត គំរាមកំហែង​ប្រជាពលរដ្ឋ ហើយ​ពេលខ្លះ យក​ទៅ​ប្រកប​នូវ​មុខរបរ​ខុសច្បាប់ កាង​មុខរបរ​ខ្លួនឯង​ទៅទៀត អាហ្នឹង សុទ្ធសឹងតែ​ត្រូវ​ពិនិត្យមើល​ឱ្យ​ច្បាស់​ផង​ដែរ»។

លោក ស៊ឹង សែនករុណា បាន​អំពាវនាវ​ឱ្យ​មាន​ការស៊ើបអង្កេត និង​កំណត់​ឱ្យ​បាន​ច្បាស់​ថា តើ​យោធិន​ណាខ្លះ​បំពេញភារកិច្ច​ពិតប្រាកដ និង​តើ​យោធិន​ណាខ្លះ​មានតែ​ឈ្មោះ ឬ​តួនាទី ប៉ុន្តែ​មិនបាន​បម្រើ​ការងារ​។ លោក​ទទូច​ថា អ្នក​ដែល​មិន​បំពេញភារកិច្ច​គួរតែ​ប្រឈម​នឹង​វិធានការ​សមស្រប ប្រសិនបើ​ការស៊ើបអង្កេត​រក​ឃើញ​ការបំពាន។

លោក​ថា យោធិន​មួយចំនួន​មាន​ជីវភាព​ខ្វះខាត ហើយ​ប្រាក់ខែ​ដែល​ទទួល​បាន​មិន​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ បង់​បំណុល​ធនាគារ និង​ចំណាយ​ផ្សេងៗ​។ លោក​ក៏​ស្នើ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យមើល​ប្រាក់បៀវត្ស​និង​អត្ថប្រយោជន៍​របស់​យោធិន​ដែល​បំពេញការងារ​ពិតប្រាកដ ដើម្បី​ធានា​ថា ពួកគេ​អាច​បំពេញ​ភារកិច្ច​នៅ​តំបន់​ជួរមុខ​ដោយ​មិន​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​អំពី​ជីវភាព​គ្រួសារ។

ការ​អះអាង​នេះ បន្ទាប់ពី​ក្រសួងការពារជាតិ កាលពី​ថ្ងៃទី​១៣ ខែសីហា បាន​ណែនាំ​ឱ្យ​គ្រប់​ស្ថាប័ន​ចំណុះ​ក្រសួង និង​កងឯកភាព​ចំណុះ​អគ្គបញ្ជាការដ្ឋាន នៃ​កងយោធពល​ខេមរភូមិន្ទ ចាប់ផ្តើម​រៀបចំ​បើក​គណនី​ធនាគារ​ជូន​យោធិន​ក្នុង​អង្គភាព​របស់​ខ្លួន។

ក្រសួង​កំណត់​ឱ្យ​បញ្ចប់​ការរៀបចំ​ជា​ស្ថាពរ​នៅ​ត្រឹម​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២៧ ដោយ​តម្រូវ​ឱ្យ​ចំនួន​យោធិន​ដែល​មាន​គណនី​ធនាគារ​កើនឡើង​យ៉ាងតិច ១០% នៃ​ចំនួន​កងទ័ព​សរុប​ជា​រៀងរាល់​ខែ ចាប់ពី​ខែកញ្ញា ឆ្នាំ​២០២៦ រហូតដល់​សម្រេច​បាន ១០០%។

ក្រសួង​បាន​ពន្យល់​ថា វិធានការ​នេះ​អនុលោម​តាម​ការសម្រេច​របស់​រា​ជ​រដ្ឋាភិបាល​ស្ដីពី​ការ​បើកប្រាក់​បៀវត្ស​យោធិន​តាម​ប្រព័ន្ធ​ធនាគារ និង​មាន​គោលបំណង​បង្កើន តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និង​សុវត្ថិភាព​ក្នុង​ការ​គ្រប់គ្រង​ប្រាក់បៀវត្ស ព្រមទាំង​ជំរុញ​ការ​ធ្វើ​បរិវត្ត​កម្ម​ឌីជីថល​នៅក្នុង​ជួរ​កងទ័ព។

ការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​បើកប្រាក់​ខែ​នេះ​កើតឡើង​ក្រោយ​មានការ​រិះគន់ និង​ការ​ព្រួយបារម្ភ​ជា​បន្ត​បន្ទាប់ពី​អ្នកឃ្លាំមើល​សង្គម​មួយចំនួន​អំពី​ការ​បើក​ប្រាក់ខែ​យឺត ការ​កាត់​ប្រាក់ខែ និង​អំពើពុករលួយ​ដែល​អាច​កើតមាន​ក្នុង​ការ​គ្រប់គ្រង​ប្រាក់បៀវត្ស​យោធិន។

ជុំវិញ​បញ្ហា​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា លោក គឹម សុខ បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ការ​បើក​ប្រាក់ខែ​តាម​ប្រព័ន្ធ​ធនាគារ​មាន​ភាព​ប្រសើរ​ជាង​ការ​ប្រគល់​ប្រាក់​ដោយ​ផ្ទាល់ ព្រោះ​វា​អាច​ជួយ​ឱ្យ​យោធិន​ទទួល​បាន​ប្រាក់ខែ​ទៀងទាត់ និង​កាត់បន្ថយ​ឱកាស​នៃ​ការ​កាត់​ប្រាក់ខែ​ដោយ​មន្ត្រី​គ្រប់គ្រង។

លោក គឹម សុខ បន្ថែម​ថា ពួក​មេៗ​ក្រសួងការពារជាតិ ហើយ​និង​មន្ត្រី​គ្រប់គ្រង​ការ​បើក​ប្រាក់ខែ អាច​បញ្ចូល​ឈ្មោះ​យុទ្ធជន​ឬក៏​ទាហាន​ក្លែងក្លាយ​ទៅ​ក្នុង​បញ្ជី​បើក​ប្រាក់ខែ ដើម្បី​យក​លុយ​ជាតិ​មក​ចាយ​ពុករលួយ​ធ្វើ​មាន​ធ្វើ​បាន​របស់​ពួក​មេៗ​ក្រសួងការពារជាតិ ដែល​ធ្វើ​ឱ្យ​ថវិកា​នៅ​ក្រសួង ចំណាយ​ច្រើន ប៉ុន្តែ​ពុំ​មាន​គុណភាព​នៅក្នុង​កា​រ​ពង្រឹងកម្លាំង​ការពារ​ជាតិ​នៅក្នុង​ប្រទេស​កម្ពុជា។

លោក គឹម សុខ៖ «​ក៏ប៉ុន្តែ​និយាយ​អំពី​នយោបាយ​ជាក់ស្តែង​វិញ ការកែទម្រង់​បើក​លុយ​ឱ្យ​យុទ្ធជន ទាហាន តាមរយៈ​ធនាគារ​នេះ គឺជា​យុទ្ធវិធី​របស់​ក្រុម​គ្រួសារ​ហ៊ុន ដើម្បី​ដក​នូវ​ឥទ្ធិពល​សេដ្ឋកិច្ច ពី​ក្រុម​គ្រួសារ​លោក ទៀ បាញ់ ដែល​ធ្លាប់តែ​យក​លុយ​ក្រសួងការពារជាតិ​ទៅ​ចាយ​ខ្ជះខ្ជាយ យក​ទៅ​ដាក់​នៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​វិញ​។ ហើយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បង្ហូរ​លុយ​ដែល​ធ្លាប់តែ​ចាយ​ខ្ជះខ្ជាយ​ដោយ​ក្រុម​គ្រួសារ​លោក ទៀ បាញ់ នោះ ទៅ​ឱ្យ​ក្រុម​គ្រួសារ​ហ៊ុន ចាយ​សម្រាប់​បម្រើការ​ពង្រីក​ឥទ្ធិពល​អំណាច​របស់​ក្រុម​គ្រួសារ​ហ៊ុន»។

កាលពី​ខែឧសភា ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន ក្រុមប្រឹក្សា​រាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាព​នានា​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន បាន​ប្រកាស​គាំទ្រ​ការសម្រេច​របស់​រដ្ឋាភិបាល និង​ចាត់ទុក​ការ​បើកប្រាក់​បៀវត្ស៍​ជូន​កងទ័ព​តាម​ប្រព័ន្ធ​ធនាគារ គឺ​បង្ហាញ​ពី​ល្បឿន​នៃ​កំណែទម្រង់​រដ្ឋ និង​ក៏​ឲ្យ​ប្រាកដ​ពី​ចំនួន​ច្បាស់លាស់ មិន​ត្រូវ​បាន​បាត់បង់ ហើយក៏​ជា​វិធានការ​លុបបំបាត់​អំពើពុករលួយ​ក្នុង​ជួរ​កងកម្លាំង។

អ្នកឃ្លាំមើល​មួយចំនួន​បាន​អះអាង​ថា វិស័យ​ការពារ​ជាតិ​កម្ពុជា​ប្រឈម​នឹង​បញ្ហា​ពុករលួយ​ជាច្រើន រួម​ទាំង​ការបង្កើត​ឈ្មោះ​យោធិន​ដែល​មិន​មាន​វត្តមាន ការ​កេងប្រវ័ញ្ច​សម្ភារៈ និង​ថវិកា និង​ការ​ផ្តល់​តួនាទី​តាម​បក្ខពួក។

អ្នកឃ្លាំមើល​សង្គម​លើកឡើង​ថា វិស័យ​ការពារ​ជាតិ​កម្ពុជា ដែល​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​គ្រួសារ​ត្រកូល​ហ៊ុន រយៈពេល​ជាង ៣០​ឆ្នាំ​មកនេះ បាន​បង្កើត​ឱ្យ​មាន​អំពើពុករលួយ​ចាក់ឫស​យ៉ាង​ជ្រៅ នៅក្នុង​ជួរ​កងទ័ព ដោយ​មេទាហាន​គ្រាក់ៗ ដែល​ស្និទ្ធ​ជាមួយ​មេដឹកនាំ​បក្ស​កាន់អំណាច បាន​យក​តួនាទី និង​អំណាច​ទៅ​កាង​មុខរបរ​រកស៊ី និង​ប្រព្រឹត្ត​អំពើពុករលួយ រហូត​ក្លាយជា​អ្នកមាន ខណៈ​កូនទាហាន ដែល​រំពឹង​លើ​ប្រាក់ខែ ដើម្បី​ចិញ្ចឹមជីវិត បាន​ធ្លាក់ខ្លួន​ក្រ រហូត​អ្នកខ្លះ កាន់​ផ្តិល​ដើរ​សុំទាន​ទៀត​ផង។

របាយការណ៍ អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) ស្តីអំពី​អំពើពុករលួយ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៥ កាលពី​ខែកុម្ភៈ ឆ្នាំ​២០២៦ បង្ហាញថា ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៦៣ ក្នុងចំណោម​ប្រទេស​សរុប​១៨២ នៅ​លើ​ពិភពលោក​។ កម្ពុជា​ត្រូវ​បាន​គេ​ចាត់​ថ្នាក់​ចូល​ទៅ​ក្នុង​ប្រទេស​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​តាំងពី​ឆ្នាំ​២០១២ មក៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ