

ក្រសួងការពារជាតិកម្ពុជាបានដាក់ចេញផែនការឱ្យយោធិនទាំងអស់បើកគណនីធនាគារសម្រាប់ទទួលប្រាក់បៀវត្ស ដោយកំណត់ឱ្យបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៧។ អ្នកវិភាគមួយចំនួនមើលឃើញថា ការកែទម្រង់នេះអាចជួយបង្កើនតម្លាភាព និងកាត់បន្ថយភាពមិនប្រក្រតីក្នុងការបើកប្រាក់ខែ ប៉ុន្តែពួកគេអំពាវនាវឱ្យរដ្ឋាភិបាលពិនិត្យបញ្ហាទាហានខ្មោច និងជីវភាពកងទ័ពកំពុងជួបប្រទះការលំបាក។
អ្នកឃ្លាំមើលថា ការផ្លាស់ប្តូររបៀបបើកប្រាក់បៀវត្សអាចជួយកាត់បន្ថយភាពមិនប្រក្រតីមួយចំនួន ជាពិសេសការបង្កើតឈ្មោះមនុស្សដែលមិនមានវត្តមានពិតប្រាកដក្នុងកងកម្លាំងឬឈ្មោះមនុស្សដែលមាននៅក្នុងបញ្ជីប្រាក់ខែ ប៉ុន្តែមិនបានបំពេញការងារជាយោធិនជាក់ស្តែង។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ការបើកប្រាក់តាមធនាគារអាចធ្វើឱ្យការគ្រប់គ្រងចំនួនយោធិនមានភាពច្បាស់លាស់ជាងមុន និងអាចកាត់បន្ថយឱកាសនៃការប្រើប្រាស់ឈ្មោះមិនពិត ដើម្បីទទួលប្រាក់ពីរដ្ឋ។ លោកថា ការបើកប្រាក់តាមធនាគារតែមួយមុខ មិនអាចធានាបានទេថា យោធិនទាំងអស់នឹងទទួលបានប្រាក់ខែដោយផ្ទាល់ និងពេញលេញ ព្រោះអាចមានករណីយោធិនមួយចំនួនមានឈ្មោះក្នុងបញ្ជី និងទទួលប្រាក់ខែ ប៉ុន្តែមិនបានបំពេញភារកិច្ចជាក់ស្តែង ឬប្រគល់ប្រាក់ខែរបស់ខ្លួនទៅឱ្យអ្នកគ្រប់គ្រង ហើយទៅប្រកបមុខរបរផ្សេងទៀត។
លោក ស៊ឹង សែនករុណា៖ «ការកែទម្រង់ទៅលើការការពារជាតិ មិនមែនទៅលើតែរឿងថវិកាមួយទេ គួរតែពាក់ព័ន្ធទៅនឹងបញ្ហាកម្លាំងពិត ធនធានមនុស្សដែលបម្រើទៅលើវិស័យយោធាហ្នឹង ពិតប្រាកដ មានទាំងសមត្ថភាព មានទាំងចំណេះជំនាញ មានទាំងឆន្ទៈខ្ពស់ ក្នុងការបម្រើជាតិ។ ជៀសវាងគ្រាន់តែមានឈ្មោះ ហើយយកតែបុណ្យស័ក្តិ យកតែអំណាចតួនាទីទៅរកស៊ីផ្សេងៗ ហើយពេលខ្លះ ទៅយកតួនាទី ទៅសម្លុត គំរាមកំហែងប្រជាពលរដ្ឋ ហើយពេលខ្លះ យកទៅប្រកបនូវមុខរបរខុសច្បាប់ កាងមុខរបរខ្លួនឯងទៅទៀត អាហ្នឹង សុទ្ធសឹងតែត្រូវពិនិត្យមើលឱ្យច្បាស់ផងដែរ»។
លោក ស៊ឹង សែនករុណា បានអំពាវនាវឱ្យមានការស៊ើបអង្កេត និងកំណត់ឱ្យបានច្បាស់ថា តើយោធិនណាខ្លះបំពេញភារកិច្ចពិតប្រាកដ និងតើយោធិនណាខ្លះមានតែឈ្មោះ ឬតួនាទី ប៉ុន្តែមិនបានបម្រើការងារ។ លោកទទូចថា អ្នកដែលមិនបំពេញភារកិច្ចគួរតែប្រឈមនឹងវិធានការសមស្រប ប្រសិនបើការស៊ើបអង្កេតរកឃើញការបំពាន។
លោកថា យោធិនមួយចំនួនមានជីវភាពខ្វះខាត ហើយប្រាក់ខែដែលទទួលបានមិនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់គ្រួសារ បង់បំណុលធនាគារ និងចំណាយផ្សេងៗ។ លោកក៏ស្នើឱ្យរដ្ឋាភិបាលពិនិត្យមើលប្រាក់បៀវត្សនិងអត្ថប្រយោជន៍របស់យោធិនដែលបំពេញការងារពិតប្រាកដ ដើម្បីធានាថា ពួកគេអាចបំពេញភារកិច្ចនៅតំបន់ជួរមុខដោយមិនមានការព្រួយបារម្ភខ្លាំងអំពីជីវភាពគ្រួសារ។
ការអះអាងនេះ បន្ទាប់ពីក្រសួងការពារជាតិ កាលពីថ្ងៃទី១៣ ខែសីហា បានណែនាំឱ្យគ្រប់ស្ថាប័នចំណុះក្រសួង និងកងឯកភាពចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ចាប់ផ្តើមរៀបចំបើកគណនីធនាគារជូនយោធិនក្នុងអង្គភាពរបស់ខ្លួន។
ក្រសួងកំណត់ឱ្យបញ្ចប់ការរៀបចំជាស្ថាពរនៅត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧ ដោយតម្រូវឱ្យចំនួនយោធិនដែលមានគណនីធនាគារកើនឡើងយ៉ាងតិច ១០% នៃចំនួនកងទ័ពសរុបជារៀងរាល់ខែ ចាប់ពីខែកញ្ញា ឆ្នាំ២០២៦ រហូតដល់សម្រេចបាន ១០០%។
ក្រសួងបានពន្យល់ថា វិធានការនេះអនុលោមតាមការសម្រេចរបស់រាជរដ្ឋាភិបាលស្ដីពីការបើកប្រាក់បៀវត្សយោធិនតាមប្រព័ន្ធធនាគារ និងមានគោលបំណងបង្កើន តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការគ្រប់គ្រងប្រាក់បៀវត្ស ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងជួរកងទ័ព។
ការផ្លាស់ប្តូរប្រព័ន្ធបើកប្រាក់ខែនេះកើតឡើងក្រោយមានការរិះគន់ និងការព្រួយបារម្ភជាបន្តបន្ទាប់ពីអ្នកឃ្លាំមើលសង្គមមួយចំនួនអំពីការបើកប្រាក់ខែយឺត ការកាត់ប្រាក់ខែ និងអំពើពុករលួយដែលអាចកើតមានក្នុងការគ្រប់គ្រងប្រាក់បៀវត្សយោធិន។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក គឹម សុខ បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា ការបើកប្រាក់ខែតាមប្រព័ន្ធធនាគារមានភាពប្រសើរជាងការប្រគល់ប្រាក់ដោយផ្ទាល់ ព្រោះវាអាចជួយឱ្យយោធិនទទួលបានប្រាក់ខែទៀងទាត់ និងកាត់បន្ថយឱកាសនៃការកាត់ប្រាក់ខែដោយមន្ត្រីគ្រប់គ្រង។
លោក គឹម សុខ បន្ថែមថា ពួកមេៗក្រសួងការពារជាតិ ហើយនិងមន្ត្រីគ្រប់គ្រងការបើកប្រាក់ខែ អាចបញ្ចូលឈ្មោះយុទ្ធជនឬក៏ទាហានក្លែងក្លាយទៅក្នុងបញ្ជីបើកប្រាក់ខែ ដើម្បីយកលុយជាតិមកចាយពុករលួយធ្វើមានធ្វើបានរបស់ពួកមេៗក្រសួងការពារជាតិ ដែលធ្វើឱ្យថវិកានៅក្រសួង ចំណាយច្រើន ប៉ុន្តែពុំមានគុណភាពនៅក្នុងការពង្រឹងកម្លាំងការពារជាតិនៅក្នុងប្រទេសកម្ពុជា។
លោក គឹម សុខ៖ «ក៏ប៉ុន្តែនិយាយអំពីនយោបាយជាក់ស្តែងវិញ ការកែទម្រង់បើកលុយឱ្យយុទ្ធជន ទាហាន តាមរយៈធនាគារនេះ គឺជាយុទ្ធវិធីរបស់ក្រុមគ្រួសារហ៊ុន ដើម្បីដកនូវឥទ្ធិពលសេដ្ឋកិច្ច ពីក្រុមគ្រួសារលោក ទៀ បាញ់ ដែលធ្លាប់តែយកលុយក្រសួងការពារជាតិទៅចាយខ្ជះខ្ជាយ យកទៅដាក់នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុវិញ។ ហើយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បង្ហូរលុយដែលធ្លាប់តែចាយខ្ជះខ្ជាយដោយក្រុមគ្រួសារលោក ទៀ បាញ់ នោះ ទៅឱ្យក្រុមគ្រួសារហ៊ុន ចាយសម្រាប់បម្រើការពង្រីកឥទ្ធិពលអំណាចរបស់ក្រុមគ្រួសារហ៊ុន»។
កាលពីខែឧសភា ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានប្រកាសគាំទ្រការសម្រេចរបស់រដ្ឋាភិបាល និងចាត់ទុកការបើកប្រាក់បៀវត្ស៍ជូនកងទ័ពតាមប្រព័ន្ធធនាគារ គឺបង្ហាញពីល្បឿននៃកំណែទម្រង់រដ្ឋ និងក៏ឲ្យប្រាកដពីចំនួនច្បាស់លាស់ មិនត្រូវបានបាត់បង់ ហើយក៏ជាវិធានការលុបបំបាត់អំពើពុករលួយក្នុងជួរកងកម្លាំង។
អ្នកឃ្លាំមើលមួយចំនួនបានអះអាងថា វិស័យការពារជាតិកម្ពុជាប្រឈមនឹងបញ្ហាពុករលួយជាច្រើន រួមទាំងការបង្កើតឈ្មោះយោធិនដែលមិនមានវត្តមាន ការកេងប្រវ័ញ្ចសម្ភារៈ និងថវិកា និងការផ្តល់តួនាទីតាមបក្ខពួក។
អ្នកឃ្លាំមើលសង្គមលើកឡើងថា វិស័យការពារជាតិកម្ពុជា ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់គ្រួសារត្រកូលហ៊ុន រយៈពេលជាង ៣០ឆ្នាំមកនេះ បានបង្កើតឱ្យមានអំពើពុករលួយចាក់ឫសយ៉ាងជ្រៅ នៅក្នុងជួរកងទ័ព ដោយមេទាហានគ្រាក់ៗ ដែលស្និទ្ធជាមួយមេដឹកនាំបក្សកាន់អំណាច បានយកតួនាទី និងអំណាចទៅកាងមុខរបររកស៊ី និងប្រព្រឹត្តអំពើពុករលួយ រហូតក្លាយជាអ្នកមាន ខណៈកូនទាហាន ដែលរំពឹងលើប្រាក់ខែ ដើម្បីចិញ្ចឹមជីវិត បានធ្លាក់ខ្លួនក្រ រហូតអ្នកខ្លះ កាន់ផ្តិលដើរសុំទានទៀតផង។
របាយការណ៍ អង្គការតម្លាភាពអន្តរជាតិ (Transparency International) ស្តីអំពីអំពើពុករលួយនៅកម្ពុជាសម្រាប់ឆ្នាំ២០២៥ កាលពីខែកុម្ភៈ ឆ្នាំ២០២៦ បង្ហាញថា ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខរៀងទី១៦៣ ក្នុងចំណោមប្រទេសសរុប១៨២ នៅលើពិភពលោក។ កម្ពុជាត្រូវបានគេចាត់ថ្នាក់ចូលទៅក្នុងប្រទេសដែលប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរតាំងពីឆ្នាំ២០១២ មក៕









