តុលាការ​ផ្ដន្ទាទោស​អតីត​ព្រះសង្ឃ​លោក ជា វុទ្ធី ឲ្យ​ជាប់ពន្ធនាគារ ១៨ ខែ ពី​បទ​«​ញុះញង់»

0
39
យុវជនម្នាក់លើកបដាមានរូបអតីតភិក្ខុ ជា វុទ្ធី និងលោកស្រី ចាន់ ម៉ៅ នៅ​មុខសាលាដំបូងរាជធានីភ្នំពេញ កាល​ពីថ្ងៃទី១៩ សីហា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
យុវជនម្នាក់លើកបដាមានរូបអតីតភិក្ខុ ជា វុទ្ធី និងលោកស្រី ចាន់ ម៉ៅ នៅ​មុខសាលាដំបូងរាជធានីភ្នំពេញ កាល​ពីថ្ងៃទី១៩ សីហា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៩ ខែ​សីហា បាន​ផ្ដន្ទាទោស​អតីត​ព្រះសង្ឃ​លោក ជា វុទ្ធី ឲ្យ​ជាប់​ពន្ធនាគារ ១៨​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​២ លាន​រៀល ក្រោម​បទ «​ចោទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​»​។ ម្ដាយ​លោក ជា វុទ្ធី និង​សង្គម​ស៊ីវិល ហៅ​ការ​ផ្ដន្ទាទោស​នេះ ថា ជា​រឿង​អយុត្តិធម៌ ដែល​មិន​អាច​ទទួល​យក​បាន។

អតីត​ព្រះសង្ឃ និង​ជា​អ្នកសារព័ត៌មាន​ពលរដ្ឋ​លោក ជា វុទ្ធី នៅថ្ងៃ​នេះ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ដោយ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ១៨​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២​លាន​រៀល។

លោក ជា វុទ្ធី បាន​មានប្រសាសន៍ ក្រោយ​ប្រកាស​សាលក្រម​ថា ការ​កាត់ទោស​ឱ្យ​លោក​ជាប់​ពន្ធនាគារ​នេះ មាន​រយៈពេល​យូរ ខណៈ​លោក​មិនបាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​របស់​តុលាការ​ឡើយ។

មេធាវី​ការពារ​ក្ដី​លោក ជា វុទ្ធី គឺ​លោក អែម ចន្ថា ចាត់ទុក​សាលក្រម​របស់​តុលាការ​ជា​រឿង​អយុត្តិធម៌ ដែល​មិនអាច​ទទួល​យក​បាន​។ លោក​ថា តុលាការ​ច្រឡំ​លើ​អង្គហេតុ ដោយសារតែ​កូនក្ដី​របស់​លោក មិនបាន​ញុះញង់​ជា​សាធារណៈ​ទេ ប៉ុន្តែ គ្រាន់តែ​និយាយ​គ្នា​ក្នុង​ក្រុម​ពិភាក្សា​ឯកជន​តូច​មួយ​ប៉ុណ្ណោះ។

លោក​មេធាវី លោក អែម ចន្ថា លើកឡើង​ថា តុលាការ​មិន​មាន​ភស្តុតាង​ដាក់​បន្ទុក​គ្រប់គ្រាន់​ទេ ហើយ​សមត្ថកិច្ច ដែល​ទៅ​ឆ្លើយ​បំភ្លឺ​ក្នុង​សវនាការ ក៏​ពុំ​មាន​ភស្ដុ​ដាក់បន្ទុក នៅ​ចំពោះមុខ​អង្គ​សវនាការ​ដែរ។

មេធាវី​លោក អែម ចន្ថា៖ «កូនក្ដី​ខ្ញុំ​គឺ​ការប្រើប្រាស់ Messenger គ្រុប​ឆាត​នៅក្នុង​នោះ​។ ការប្រើប្រាស់​ឆាត Messenger គ្រុប វា​ជា​រឿង​ឯកជន ហើយ​អ្វី​ដែល​គាត់ ឆាត​នោះ គឺ​គ្មាន​ចេតនា​ពិតប្រាកដ ដោយសារ​គាត់​និយាយ​លក្ខណៈ​ឌឺដង របៀប ផ្លែផ្កា ដូចជា​កំហឹង ឬ​ការ​លេងសើច​អ៊ីចឹង​ជាដើម​។ មួយទៀត បើសិនជា​គាត់ មាន​ចេតនា​គាត់​យក​ហ្នឹង​ទៅ​បង្ហោះ​ក្នុង Profile ជា​សាធារណៈ​ហើយ គាត់​មិនមែន ឆាត​លេង​ក្នុង​គ្រុប​ទេ។ នេះហើយ វាស​បញ្ជាក់​ឱ្យឃើញ​ថា មិន​មាន​ចេតនា ក្នុង​ការ​ប្រព្រឹត្ត​ទេ​។ មិន​មាន​ចេតនា​ក្នុង​ប្រព្រឹត្តិ​នៅក្នុង​ច្បាប់​មាត្រា ៤ នៃ​ក្រមព្រហ្មទណ្ឌ គឺ មិន​មាន​បទល្មើស ដែល​ជា​ការចោទប្រកាន់ គឺ​មិនអាច​ធ្វើ​ទៅ​រួច​។ មួយទៀត មាន ច្បាប់​ណា​ដែល​កំណត់​ថា Messenger ឆាត ដែល​ជា​គ្រុប​ឯកជន​នោះ ចាត់ទុកថា លើស​ពី​ពីរ​នាក់​ទៅជា​សាធារណៈ​គឺ​មិនអាច​ទេ អត់​ទាន់​មានច្បាប់​និយាយ​ទេ»។

ម្ដាយ​លោក ជា វុទ្ធី គឺ​លោកស្រី ចាន់ ម៉ៅ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ដោយ​សំឡេង​ក្ដុកក្ដួល និង​ទ្រហោយំ ថា ជា​រឿង​អយុត្តិធម៌​ណាស់ និង​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។ លោកស្រី ទទួលយក​មិនបាន​ទេ ពីព្រោះ កូនប្រុស​លោកស្រី មិនបាន​ប្រព្រឹត្ត​កំហុស​អ្វី​ទេ ដោយ​គ្រាន់តែ​និយាយ​គ្នា​ក្នុង​ក្រុម​ឯកជន​តូច​មួយ​។ ម្យ៉ាងទៀត លោកស្រី​ថា កូនប្រុស​លោកស្រី ជា​យុវជន​ដែល​មាន​ប្រវត្តិ​ល្អ មានការ រាប់អាន​ជាមួយ​អ្នកស្រុក ចូលចិត្ត​ធ្វើបុណ្យ ជួយ​ពលរដ្ឋ​ភៀសសឹក និង​ជួយ​យុទ្ធជន ជួរមុខ​ជាដើម។

លោកស្រី ចាន់ ម៉ៅ មានប្រសាសន៍ថា លោកស្រី មិន​នឹក​បាយ មិន​នឹក​ទឹក និង​មាន​អារម្មណ៍​តានតឹង​ខ្លាំង ក្រោយពី​បានដឹង​អំពី​ការ​កាត់ទោស​របស់​តុលាការ។ លោកស្រី​ថា ពេល​កូន​ជាប់​ពន្ធនាគារ លោកស្រី​អត់​ទីពឹង មានការ​ភ័យខ្លាច និង​ពិបាក​ក្នុង​ជីវិត​ស្ទើរតែ​មិន​ចង់​រស់​។ យ៉ាងណា លោកស្រី​ធ្លាប់​ផ្ដាំផ្ញើ​ប្រាប់​កូន​ថា ត្រូវ​ចេះ​ស៊ូទ្រាំ ទោះ​ប្រឈម​នឹង​ការ​លំបាក​ដ៏​អយុត្តិធម៌​យ៉ាងណាក៏ដោយ។

លោកស្រី ចាន់ ម៉ៅ៖ «លំបាក​ខ្លាំង​ចង់តែ​បង្ហើរ​ជីវិត​ឱ្យ​ផុត​ទៅ​ចុះ ប៉ុន​អាណិតកូន​ខ្លាច​មកវិញ រក​ម៉ែ​អត់​ឃើញ មិន​ចង់​រស់​នៅទេ ពិបាក​ណាស់​ទៅមុខ​មិន​រួច»។

លោកស្រី​មានប្រសាសន៍ថា ដើម្បី​ធ្វើដំណើរ​ទៅ​សួរសុខទុក្ខ​កូន​ម្ដងៗ​ពី​ខេត្ត​កំពង់ឆ្នាំង ទៅ​ភ្នំពេញ លោកស្រី ត្រូវ​ចំណាយ​២០​ម៉ឺន​រៀល ដោយ​ថវិកា​នេះ លោកស្រី​សន្សំ​ពី​ការ​ស៊ីឈ្នួល​ចាំផ្ទះ​ឲ្យ​គេ​ម្ដងម្កាល​និង​ត្បិតត្បៀត​មិន​ហ៊ាន​ទិញ ម្ហូបអាហារ ប្រចាំថ្ងៃ​នោះ​ទេ។

លោកស្រី ចាន់ ម៉ៅ៖ «ខ្ញុំ​សុខចិត្ត​ស៊ី​បាយ​នឹង​ម្ជូរ​ក្រសាំង ខ្ញុំ​អត់​ហ៊ាន​ដក​ទិញ​អីៗ​ទេ ខ្លាច​អត់​មក​សួរ​កូន ថ្ងៃ​ណា​គេ​អាណិត​ខ្ញុំ គេ​ឱ្យ​ត្រី​ខ្ញុំ​ហូប​ខ្លះទៅ​ថ្ងៃ​ណា​អត់ ខ្ញុំ​ចិញ្ច្រាំ​ប្រហុក​ទៅ ថ្ងៃ​ណា​មក​ផ្ទះ​កូនក្មួយ​សុំ​គេ​បាន​បន្តិចបន្តួច​ទៅ ក៏​បេះ​ក្រសាំង​បេះ​អី​លក់​ស៊ី​មួយ​ពេលៗ ឱ្យ​តែ​មាន​អង្ករ​ស៊ី ខ្ញុំ​អត់​រើស​ទេ​រឿង​ម្ហូប​ធ្វើ​ម៉េច​ខ្ញុំ​វា​អត់»។

ជុំវិញ​រឿង​នេះ មន្ត្រី​គោលនយោបាយ និង​តស៊ូ​មតិ​នៃ​អង្គការ​ភាពជា ដៃគូ​ដើម្បី​បរិស្ថាន និង​ការ​អភិវឌ្ឍ ហៅ​កាត់​ថា​PED កញ្ញា ហេង គឹមសួរ លើកឡើង​ថា ករណី​សិទ្ធិ​ជជែក​ឯកជន ដែល​គ្មាន​ច្បាប់​ចោទប្រកាន់​សោះ បែរជា​តុលា​ការចាត់ ទុកជា​បទល្មើស​ដូច្នេះ គឺជា​រឿង​អយុត្តិធម៌​។ កញ្ញា​បារម្ភ​ថា ការបន្ត​គាបសង្កត់​សិទ្ធិ សេរីភាព​ពលរដ្ឋ​បែបនេះ ធ្វើឱ្យ​សង្គម​ពុំមាន​ការរីកចម្រើន​នោះទេ ពីព្រោះ​នេះ​ប្រៀប ដូចជា​ជំងឺ​មួយ ដែល​ធ្វើឱ្យ​ពលរដ្ឋ​ទូទៅ ខ្លាច​ការបញ្ចេញមតិ ស្រដៀង​នឹង​សម័យ ខ្មែរក្រហម​ដែរ។

កញ្ញា ហេង គឹមសួរ៖ «វា​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​មួយ វា​ប្រៀប​ដូចជា​ការរំលោភ​សិទ្ធិ​មនុស្ស ដែល​យក​រឿង​ឯកជន​ភាព​របស់​សាម៉ី​ខ្លួន​គេ យក​មក​ចោទប្រកាន់​ជា​ទោស​ញុះញង់​។ សម្រាប់​ខ្ញុំ ខ្ញុំ​គិតថា បើសិន​នៅតែ​បន្ត​ធ្វើ​អ៊ីចឹង​ទៀត វា​នឹង​លែង មាន​អ្នក​និយាយ​ការពិត អ្នក​ដែល​ហ៊ាន​និយាយ​ការពិត អ្នក​ដែល​ចង់ឱ្យ​សង្គម​នឹង ផ្លាស់ប្ដូរ​ពី​ភាព​អយុត្តិធម៌​មក​មាន​យុត្តិធម៌​វិញ​។ អ៊ីចឹង បើសិនជា​វា​នៅតែ​បន្ត​កើត ឡើង​ទៀត ខ្ញុំ​គិតថា​សង្គម​យើង​អត់​អាច​លូតលាស់​បានទេ»។

លោក ជា វុទ្ធី ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ខែមេសា ឆ្នាំ​២០២៦ និង​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម តាម​មាត្រា ៤៩៤ និង ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។ បទ​ចោទ ប្រកាន់​អតីត​ព្រះសង្ឃ​រូប​នេះ ធ្វើឡើង​បន្ទាប់ពី​លោក​ប្រើប្រាស់​បណ្ដាញ​សង្គម​ធ្វើ​ការរិះគន់​អំពី​រឿង​ព្រំដែន​កម្ពុជា​-​ថៃ និង បញ្ហា​ជនភៀសសឹក។ មក​ដល់​ពេល​នេះ លោក​ជាប់​ពន្ធនាគារ ប្រមាណ ៤​ខែ​ហើយ។

លោក ជា វុទ្ធី គឺជា​អ្នកទោស​មនសិការ​ម្នាក់ ក្នុងចំណោម​អ្នក​ទោសនយោបាយ និង អ្នកទោស​មនសិការ យ៉ាងតិច​១៣១​នាក់ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត ចាប់​ដាក់​ពន្ធនាគារ ដោយសារ​ការប្រើប្រាស់​សេរីភាព​បញ្ចេញមតិ​។ អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ លោក ថម អេនឌ្រូ (Tom Andrews) ក៏បាន​ដាស់តឿន លោក ហ៊ុន ម៉ាណែត ចំៗ​នៅ​ចំពោះមុខ ឱ្យ​ដោះលែង​អ្នកទោស​មនសិការ និង​អ្នក​ទោស​នយោបាយ​ទាំងអស់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ